មាស សុខ​សោភា បដិសេធ​មិន​​លេង Ice Bucket Challenge មាន​មូលហេតុ​ដ៏​សំខាន់​មួយ

 
 

ចាប់​ផ្ដើម​ដោយ​ការ​ថ្លែង​អំណរ​គុណ​ចំពោះ​ប្រិយមិត្ត​ដែល​បាន​ស្នើ​ឲ្យ​នាង​លេង​ល្បែង​ចាក់​ទឹកកក ឬ “Ice Bucket Challenge” ដើម្បី​អង្គាស​ថវិកា​ជួយ​មន្ទីរ​ពេទ្យ​គន្ធបុប្ផា តារា​ចម្រៀង មាស សុខ​សោភា បាន​បដិសេធ​មិន​ចូល​រួម​លេង​ល្បែង​នេះ​នោះ​ទេ ព្រោះ​នាង​ត្រូវ​ការ​សន្សំ​សំចៃ​ទឹក។

បដិសេធ​មិន​ចូល​លេង​ល្បែង​ចាក់​ទឹក​កក ប៉ុន្តែ មាស សុខ​សោភា បញ្ជាក់​ថា នាង​នៅ​តែ​ចូល​រួម​បរិច្ចាគ​ថវិកា​ទៅ​កាន់​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា​ដដែល។ វិល​មក​មូលហេតុ​ចំពោះ​ការ​មិន​ចូល​លេង​ល្បែង​ដែល​កំពុង​មាន​ប្រជាប្រិយភាព​នេះ សោភា ប្រាប់​ថា នាង​មិន​ចង់​ខ្ជះខ្ជាយ​ទឹក ក្នុង​ខណៈ​កូន​ឈើ​១០០០០​ដើម​របស់​នាង​នៅ​កំពុង​ស្ពឺ កំពុង​ត្រូវ​ការ​ទឹក​សង្គ្រោះ​ជា​បន្ទាន់។


ដំណឹង​នេះ សោភា ទទួល​បាន​ពី​ព្រះ​តេជ​គុណ ដែល​ទទួល​មើល​ថែ​កូន​ឈើ ទាំង ១០,០០០​ដើម​របស់​នាង ដែល​បាន​ប្រាប់​ថា អណ្តូង​មាន​សភាព​រីង​ស្ងួត​ដោយ​កត្តា​អាកាសធាតុ ធ្វើ​ឲ្យ​ការ​ស្វះស្វែង​រក​ទឹក​មក​ស្រោចស្រព​កូន​ឈើ​ទាំង​នោះ មាន​ការ​លំបាក​មែន​ទែន​ក្នុង​រយៈ​ពេល​១​សប្ដាហ៍​កន្លង​ទៅ​។ បន្ថែម​ពី​លើ​នេះ ការ​ធ្វើ​ដំណើរ​ទៅ​យក​ទឹក​ពី​ទន្លេ​មក​ស្រោច​ស្រព​សង្គ្រោះ​ជីវិត​កូន​ឈើ​ទាំង​នោះ គឺ​ត្រូវ​ចំណាយ​ខ្ពស់​ដែរ គឺ​រហូត​ដល់​ទៅ ១០,៥០០រៀល​ឯណោះ ក្នុង​ការ​ធ្វើ​ដំណើរ​ម្តង​ៗ។


មាស សុខ​សោភា ថ្លែង​ទៀត​ថា “នាង​ខ្ញុំ​ផ្ទាល់​សូម​សម្ដែង​នូវ​សេចក្តី​គោរព​ដល់​ព្រះ​តេជគុណ ដែល​បាន​ប្រឹង​ប្រែង​អស់​ពី​កម្លាំង​កាយ​ចិត្ត ក្នុង​ការងារ​ជួយ​សហគមន៍ភ្នំ​ឱរ៉ាល់ និង​ថែ​រក្សា​កូន​ឈើ​ទាំង​នោះ។ អាស្រ័យ​ហេតុ​នេះ​ហើយ​នាង​ខ្ញុំ​នឹង​មាន​អារម្មណ៍​ខុស​ឆ្គង​ក្នុង​ខ្ជះខ្ជាយ​ទឹក ដូច្នេះ នាង​ខ្ញុំ​សង្ឃឹម​ថា អ្នក​រាល់​គ្នា​នឹង​មាន​ការ​អធ្យាស្រ័យ។ នាង​ខ្ញុំ​នឹង​បរិច្ចាគ​ទៅ​ជូន​ដល់​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​តែ​ម្តង“៕

ប្រភព: sabay


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម