សហព័ន្ធ​កីឡា​ប្រដាល់​កំពុង​ចាត់​ការ​​រឿង សេន ប៊ុនថេន​ទៅ​ប្រកួត​នៅ Thai Fight

 
 

សហព័ន្ធ​កីឡា​ប្រដាល់​កម្ពុជា​បាន​កំពុង​​ទាក់​ទង​ទៅ​ក្លិប​ក្រសួង​​មហា​ផ្ទៃ​​ដែល​ជា​ទ្រនំ​របស់ សេន ប៊ុនថេន ហ្វឹកហាត់ និង​រង់​ចាំ​របាយការណ៍​ដើម្បី​ចាត់​វិធាន​ការ​ជា​ចុង​ក្រោយ​លើ​កីឡាករ​រូប​នេះ​ដែល​បាន​ចេញ​ទៅ​ប្រកួត​នៅ​ប្រទេស​ថៃ​ដោយ​លាក់​លៀម និង​ពាក់​ខ្សែ​លើ​ក្បាល​តាម​វប្បធម៌​ថៃ។

លោក​ តែម​ ម៉ឺន​ ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់​កម្ពុជា​បាន​ឲ្យ​ដឹង​ថា សេន ប៊ុនថេន​ចេញ​ទៅ​ប្រកួត​នៅ​ប្រទេស​ថៃ​នេះ​មិន​បាន​ផ្តល់​ដំណឹង​ដល់​សហព័ន្ធ​កីឡា​ប្រដាល់​កម្ពុជា​ទេ ហើយ​ក្លិប​ដែល​ជា​អ្នក​គ្រប់​គ្រង​ផ្ទាល់​ក៏​មិន​ដឹង​ដែរ។ ដូច្នេះ​សហព័ន្ធ​កំពុង​ទាក់​ទង​ទៅ​ក្លិប​​ដើម្បី​ឲ្យ​ផ្តល់​របាយការណ៍​មុន​នឹង​សហព័ន្ធ​ធ្វើ​ការ​សម្រេច​យ៉ាង​ណា។


សេន ប៊ុនថេន (ស្តាំ) លោក តែម ម៉ឺន (កណ្តាល) និង កីឡាករ​បារាំង (ឆ្វេង) នៅ​សង្វៀន SEA TV

លោក​បាន​សង្កត់​ធ្ងន់​ថា៖ «បុគ្គល​ណា​ប្រព្រឹត្ត​ខុស​ បុគ្គល​នោះ​ជា​អ្នក​ទទួល​ខុស​ត្រូវ។ កីឡាករ​គ្រប់​រូប​ត្រូវ​គិត​ពី​មុខ​មាត់​ប្រទេស​ជាតិ​ជា​ធំ​ មិន​ត្រូវ​គិត​រឿង​លុយ​កាក់​ជា​ធំ​នោះ​ទេ»។

លោក​បន្ថែម​ថា ៖«ករណី​ស្វែង​រក​ឃើញ​កំហុស​ឆ្គង​មែន​នោះ យើង​នឹង​ចាត់​វិធាន​ការ​តាម​បទ​បញ្ជា​ផ្ទៃ​ក្នុង​របស់​សហព័ន្ធ ដូច​ជា​ត្រូវ​បញ្ឈរ​ជើង ត្រូវ​ពិន័យ ឬ​ត្រូវ​បញ្ឈប់​ពី​សហព័ន្ធ ឬ​ក៏​ពី​ក្លិប​ជា​ដើម​ដែល​ធ្វើ​ទៅ​តាម​កំហុស​ដែល​រក​ឃើញ»។

កាល​ពី​ថ្ងៃ​សៅរ៍ សប្តាហ៍​មុន សេន​ ប៊ុនថេន​ បាន​ប្រកួត​នៅ​កម្មវិធី​ Thai Fight ​ដោយ​ចាញ់​ពិន្ទុ​កីឡាករ​បារាំង Antoine Pinto។ លទ្ធផល​ចាញ់​ ឬ​ឈ្នះ​មិន​មែន​ជា​បញ្ហា​ទេ ប៉ុន្តែ​អ្វី​ដែល​គេ​ចាប់​អារម្មណ៍​នោះ​គឺ កីឡាករ​កម្ពុជា​រូប​នេះ​បាន​ពាក់​ខ្សែ​នៅ​លើ​ក្បាល​ដែល​ជា​និម្មិត​សញ្ញា​មួយ​របស់​ក្បាច់​គុន​ថៃ​ ខណៈ​ប្រទេស​កម្ពុជា​និង​ថៃ​កំពុង​ប្រជែង​គ្នា​ដាក់​បញ្ចូល​ក្បាច់​គុន​មួយ​នេះ​ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភព​លោក។



ករណី​នេះ​ហើយ​ដែល​បណ្ដាល​ឲ្យ​មាន​ការ​រិះ​គន់​យ៉ាង​ខ្លាំង​ពី​អ្នក​ស្នេហា​ប្រដាល់​កម្ពុជា ហើយ​សហព័ន្ធ​ក៏​មិន​ទទួល​ស្គាល់​ការ​ចេញ​ទៅ​ប្រកួត​របស់​គេ​ទេ​ដោយ​សារ​ទៅ​ដោយ​លាក់​លៀម។

ទោះ​បី​ជា​យ៉ាង​ណា នេះ​មិន​មែន​ជា​លើក​ទី​មួយ​ទេ​សម្រាប់​កីឡាករ​កម្ពុជា​ចេញ​ទៅ​ប្រកួត​នៅ​ប្រទេស​ថៃ​ហើយ​ពាក់​ខ្សែ​ក្បាល​ដូច​កីឡាករ​ថៃ។ ជា​ច្រើន​ឆ្នាំ​កន្លង​មក​មិន​ថា​កីឡាករ​ខ្មែរ​ទៅ​ប្រកួត​ក្នុង​កម្មវិធី Thai Fight ឬ​សង្វៀន​ផ្សេង​នោះ​ទេ​គឺ​សុទ្ធ​តែ​ពាក់​ខ្សែ​ក្បាល​ដូច​កីឡាករ​ថៃ​ដែរ លើក​លែង​តែ កែវ រំចង់​ត្រូវ​បាន​គេ​មើល​ឃើញ​ចង​ក្រណាត់​ទង់​ជាតិ​ខ្មែរ៕


សេន ប៊ុនថេន ប្រកួត​នៅ Thai Fight

ប្រភព​: sabay


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម