វៀតណាម​ថ្កោល​ទោស​ខ្មែរ​កម្ពុជា​ក្រោម​ដែល​ដុត​ទង់​ជាតិ​របស់​ខ្លួន​

 
 

លោក ឡេ ហៃ​បី​ញ (Le Hai Binh) អ្នកនាំពាក្យ​ក្រសួងការបរទេស​វៀត​ណា​ម កាលពី​ពុធ បាន​ចេញមុខ​ថ្កោលទោស​ចំពោះ​បាតុកម្ម​របស់​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​រហូតដល់មាន​ការដុត​ទង់ជាតិវៀតណាម​ទាមទារ​ឲ្យ​អ្នកនាំពាក្យ​ស្ថានទូត​វៀតណាម​នៅ​កម្ពុជា​សុំទោស​រឿង​ទឹកដី​កម្ពុជា​ក្រោម។ នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន Vietnamnet របស់​វៀតណាម​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី ១៤ សីហា​នេះ។
អ្នកនាំពាក្យ​ក្រសួងការបរទេស​វៀត​ណា​ម បាន​ហៅ​ការធ្វើ​បាតុកម្ម​នោះ​ថា ជា​សកម្មភាព​គឃ្លើន​ប៉ះពាល់​ដល់​អារម្មណ៍​របស់​ប្រជាជន​វៀតណាម​ដែល​វា​មិន​ស្របទៅនឹង​ទំនាក់ទំនង​រឹងមាំ និង មិត្តភាព​យូរ​អ​ង្វែ​រ​រវាង​វៀតណាម និង កម្ពុជា។ បន្ថែម​លើ​នេះ លោក ឡេ ហៃ​បី​ញ បានស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​នាំ​ខ្លូន​អ្នក​តវ៉ា​ទាំងនោះ​ទៅ​កាត់ទោស​តាមច្បាប់ និង ចាត់វិធានការ​មាន​ប្រសិទ្ធភាព ដើម្បី​ការពារ​កុំ​កើតមាន​ហេតុការណ៍​បែប​នេះម្តងទៀត។
 សូមបញ្ជាក់ថា ការ​ថ្កោលទោស​របស់​ក្រសួងការបរទេស​វៀត​ណា​ម​នៅពេលនេះ បានកើត​ឡើង​ក្រោយពី​សមាគម​ខ្មែរ​កម្ពុជា​បាន​ដឹកនាំ​ក្រុមយុវជន​ធ្វើ​ការតវ៉ា​រយៈពេល​បី​ថ្ងៃ ដើម្បី​ទាមទារ​ឲ្យ​អ្នកនាំពាក្យ​ស្ថានទូត​វៀតណាម​ប្រចាំ​កម្ពុជា​សុំទោស​ចំពោះ​ការលើកឡើង​របស់ខ្លួន​ដែលថា ទឹកដី​កម្ពុជា​ក្រោម​ជា​របស់​វៀតណាម​តាំងពី​យូរយារ​ណាស់​មកហើយ​នោះ ។
 ជាការ​ឆ្លើយតប លោក ថាច់ សេដ្ឋា ប្រធាន​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ដែល​បាន​ដឹកនាំ​ការតវ៉ា​នេះ បាន​ហៅ​ការ​ថ្កោលទោស​របស់​ក្រសួងការបរទេស​វៀត​ណា​ម​ថា កំពុង​លូកលាន់​ចូល​កិច្ចការ​ផ្ទៃក្នុង និង ចង់​ប្រើប្រាស់​ឥទ្ធិពល​របស់ខ្លួន​មកលើ​កម្ពុជា។ លោក ថាច់ សេដ្ឋា បាន​លើកឡើងថា អ្វីដែល​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​បានធ្វើ​ គឺ​ស្ថិតនៅក្នុង​ក្របខណ្ឌ​នៅក្នុង​ប្រទេស​កម្ពុជា ដើម្បី​ឲ្យ​អ្នកនាំពាក្យ​ស្ថានទូត​វៀតណាម​ដែល​បាន​និយាយ​បំភ្លៃ​ប្រវត្តិសាស្ត្រ​ខ្មែ​នៅលើ​ទឹកដី​កម្ពុជា​នោះ សូម​ឲ្យ​ទទួល​ខុសត្រូវ​ចំពោះ​ការនិយាយ​របស់ខ្លួន ។
 យ៉ាងណាក៏ដោយ មកដល់ពេលនេះ ក្រសួងការបរទេស​ក​ម្ពុ​ជា​មិនទាន់មាន​ប្រតិកម្ម​អ្វី​នៅឡើយ​ទេ ។ ហើយ​ចំណែក លោក កុយ គួ​ង អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា ក៏​មិនអាច​ទាក់ទង​សុំ​ការអត្ថាធិប្បាយ​បាន​នៅឡើយ​ដែរ នៅ​ព្រឹក​ថ្ងៃ​ព្រ​ហ​ស្ប​តី៍​នេះ។
 គួរ​កត់សម្គាល់ថា លោក ហេង សំរិន ប្រធានរដ្ឋសភា​កម្ពុជា គ្រោង​នឹង​អញ្ជើញ​ទៅធ្វើ​ទស្សនកិច្ច​ចំនួន​បី​ថ្ងៃ​នៅ​ប្រទេស​វៀតណាម ចាប់បី​ថ្ងៃទី ១៨ ដល់ ថ្ងៃ ២០ សីហា​ខាងមុខនេះ​តាម​ការអញ្ជើញ​របស់​ប្រធានសភា​វៀតណាម។ លោក ថាច់ សេដ្ឋា បាន​ឲ្យ​ដឹងថា លោក គ្រោង​នឹង​សរសេរ​លិខិត​មួយច្បាប់​ទៅ​លោក ហេង សំរិន ដើម្បី​ឲ្យ​លោក​លើកយក​បញ្ហា​បំ​ផ្លៃ​ប្រ​វត្តិ​សាស្ត្រ​នេះ ទៅ​និយាយ​ជាមួយ​ភាគី​វៀតណាម​ផងដែរ ដើម្បី​បញ្ចប់​ការធ្វើ​បាតុកម្ម​ប្រឆាំង​ស្ថានទូត​វៀតណាម​តទៅទៀត៕ ប្រភពៈ RFI

 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម