អីយ៉ាស!…នាយ យ៉ាន ងាក​មក​ផលិតកម្ម​វិធី​ទុក​លក់​ឲ្យ​ប៉ុស្តិ៍​ទូរទស្សន៍​វិញ

 
 

នាយ យ៉ាន ងាក​មក​ផលិត​កម្មវិធី​ ទុក​សម្រាប់​លក់​ឲ្យ​ស្ថានីយ​ទូរទស្សន៍​នានា​វិញ​ម្ដង បន្ថែម​លើ​អាជីព​ជា​តារា​សម្ដែង​លក្ខណៈ​បណ្ដែត​នៅ​ប៉ុស្តិ៍ CTN។

នាយ យ៉ាន និយាយ​ថា “មិន​ចំពោះ​តែ​ទូរទស្សន៍​ណា​ទេ ប៉ុន្តែ​បើ CTN ទទួល​យក​កម្មវិធី​ទាំង​នោះ​ទៅ​ចាក់​ផ្សាយ​មែន​នោះ ខ្ញុំ​សប្បាយ​ចិត្ត​ណាស់ ព្រោះ​មិន​ដែល​ចង់​ចេញ​ពី​ទី​នោះ​ម្ដង​ណា​ទេ។ តែ​បើ​មិន​ទទួល​យក​ទេ ក៏​មិន​ដឹង​ធ្វើ​យ៉ាង​ម៉េច​ដែរ”។

បុរស​សញ្ជាតិ​បារាំង​ខាង​លើ​នេះ​ បាន​ប្រាប់​ថា បច្ចុប្បន្ន​នាយ​បាន​ចូលរួម​ជាមួយ​តារា​កំប្លែង​នាយ គ្រលេងគ្រលោង និង​ ក្រុម​ការងារ​មួយ​ចំនួន​ទៀត ក្នុង​ដំណើរ​ការ​ផលិត និង ​សម្ដែង​ក្នុង​កម្មវិធី​ចំនួន ​៣ ​ដូច​ជា “ដំណើរ​សំណើច”, “Wantha & Friend” និង​ កម្មវិធី “Wantha wacky challenges”។


​កម្មវិធី​ទាំង​អស់​មិន​មែន​ជា​ផ្នែក​ណាមួយ​របស់ CTN ទេ និង ​មិន​បាន​ចំណុះ​ឲ្យ​ផលិតកម្ម​ណា​មួយ​ឡើយ។ ម្យ៉ាង​ទៀត នាយ យ៉ាន អះអាង​ថា នៅ​មិន​ទាន់​មាន​អ្នក​ផលិត​​កម្មវិធី​បែប​នោះ​ដែរ ធ្វើ​ឲ្យ​ពូក​គេ​សង្ឃឹម​ ១០០ ​ភាគរយ​ លើ​ភាព​ជោគជ័យ ស្រប​ពេល​ដែល​មាន​ការ​ផលិត​ដោយ​យក​ចិត្ត​ទុក​ដាក់​ផង​ដែរ។


បន្ថែម​លើ​នេះ នាយ​យ៉ាន ក៏​ធ្លាប់​មាន​បទ​ពិសោធន៍​ផលិត​កម្មវិធី នៅ​​​​ទូរទស្សន៍​ប៉ុស្តិ៍​លេខ ​៥ ខ្លះ​ដែរ  មុន​ពេល​ឈាន​ជើង​ចូល ​CTN​ តាម​រយៈ​ លោកតា វ៉ិចទ័រ។

” ប្រសិន​បើ​ទូរទស្សន៍​មិន​ទិញ​ទេ ពូក​គេ​ប្រហែល​ត្រូវ​ស្ដាយ​ក្រោយ​មិន​ខាន ព្រោះ​​មិន​ទាន់​មាន​នរណា​បង្កើត​វា​ទេ ពិត​ជា​ប្លែក​ពី​គេ ខ្ញុំ​ធានា!”។ នាយ យ៉ាន អះអាង​ថា នៅ​មាន​មធ្យោបាយ​មួយ​ចំនួន​ទៀត ដើម្បី​ផ្សព្វផ្សាយ​ពី​ស្នាដៃ​របស់​ពូក​គេ​ឲ្យ​ទស្សនិកជន​បាន​ស្គាល់ ដូច​ជា ​បង្ហោះ​លើ​Youtube ជា​ដើម។

គួរ​រំលឹក​ថា នាយ យ៉ាន ទើប​តែ​បាន​បង្ហាញ​មុខ​ជា​ថ្មី​នៅ ​CTN ក្រោយ​ពី​បាន​ឃ្លាត​ឆ្ងាយ​ពី​ទស្សនិកជន​ជិត​ ១​ ឆ្នាំ​ កន្លង​មក​នេះ។ នាយ​បាន​​ថត​ចប់​​មួយ​ឈុត​ហើយ ខណៈ​រូប​គេ​មាន​ចំណែក​ថត​ចំនួន​ពីរ​ឈុត​ប៉ុណ្ណោះ​នៅ​ក្នុង​រឿង “ល្បិច​ស្រី​សម័យ ​Internet”សម្រាប់​ចាក់​ផ្សាយ​ក្នុង​កម្មវិធី​”រាត្រី​សំណព្វ​ចិត្ត” របស់​​ស្ថានីយ​ទូរទស្សន៍​មួយ​នេះ។ នាយ​បាន​ប្រាប់​ថា នៅ​មិន​ទាន់​មាន​ឈុត​តម្រូវ​ឲ្យ​រូប​គេ​សម្ដែង​ទៀត​ទេ ហើយ​ត្រូវ​រង់ចាំ​សិន ប៉ុន្តែ​មិន​ដឹង​ថា ដល់​ពេល​ណា​នោះ​ទេ៕

ប្រភព: sabay


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម