ពេជ្រ ថាវរ៉ា បាក់បែក​គូ​ដណ្ដឹង​ប្រកាស​ឈប់​ទៅ​អាមេរិក

 
 

“ខ្ញុំ​ឈប់​ចេញ​ទៅ​រស់​នៅ​អាមេរិក​ហើយ​បង ខ្ញុំ​លែង​នឹក​នា​ទៀត​ហើយ” នេះ​ជា​ការ​បញ្ជាក់​ថ្មី និង​ចុង​ក្រោយ​មួយ​របស់ តារា​សម្ដែង និង​ដើរ​ម៉ូដ កញ្ញា ពេជ្រ ថាវរ៉ា បន្ទាប់​ពី​មាន​ព័ត៌មាន​ថា នាង​គ្រោង​ទៅ​រស់​នៅ​សហរដ្ឋ​អាមេរិក​ជាមួយ​គូ​ដណ្ដឹង​ក្នុង​ពេល​ឆាប់​ៗ។

ចំពោះ​មូលហេតុ​នៃ​ការ​បោះ​បង់​ចោល​ផែន​ការ​នេះ ថាវរ៉ា បាន​បញ្ចេញ​ឲ្យ​ដឹង​ថា ព្រោះ​តែ នាង និង​គូ​ដណ្ដឹង​ដែល​ស្គាល់​គ្នា​ជិត​១​ឆ្នាំ​នោះ បាន​បែក​បាក់​គ្នា​ហើយ។ “ខ្ញុំ​ផ្ដាច់​ពាក្យ​ពី​គេ ព្រោះ​តែ​យូរ​ៗ​ទៅ ក៏​អស់​ចិត្ត​នឹង​គ្នា ដោយ​សារ​មាន​រឿង​រកាំរកូស​មួយ​ចំនួន។ ខ្ញុំ​​មើល​ទៅ​ទំនង​មិន​អាច​រស់​នៅ​ជាមួយ​គ្នា​បាន ក៏​សម្រេច​ថា​ផ្ដាច់​ទៅ ហើយ​ខ្ញុំ​ក៏​អត់​ចូល​ទូត​សម្ភាសន៍​អី​ទៀត​ដែរ”។

ស្រឡាញ់​ខ្លាំង ទើប​ឈាន​ដល់ “ប្រចណ្ឌ” ហើយ​បាន​ក្លាយ​ជា​ដើម​ហេតុ​ដំបូង​បំផុត​ដែល​នាំ​ឲ្យ​ចំណង​ស្នេហ៍​មួយ​នេះ​ត្រូវ​បាក់​បែក ហើយ​គម្រោង​ផ្សេង​ទៀត​ត្រូវ​អាក់​ខាន។ ថាវរ៉ា ថ្លែង​ថា “គាត់​ប្រចណ្ឌ​ពេក គាត់​ហាម​គ្រប់​យ៉ាង មិន​ឲ្យ​យើង​ធ្វើ​នេះ មិន​ឲ្យ​ធ្វើ​នោះ​ទាំង​គាត់​មិន​ទាន់​អាច​ទទួល​ខុស​ត្រូវ​បាន​ល្អ​ផង យើង​ជា​អ្នក​សិល្បៈ​ធ្វើ​អីចឹង​ម៉េច​បាន​បង… គាត់​ប្រចណ្ឌ​តាំង​ពី​ភ្ជាប់​ពាក្យ​ដំបូង​ម្ល៉េះ ខ្ញុំ​ចេះ​តែ​ទ្រាំ តែ​ឥឡូវ​ដល់​ពេល​ដែល​ទ្រាំ​លែង​បាន​ហើយ!”។

តារា​ដែល​ទើប​ឆក់​បាន​តំណែង​ក្នុង​រឿង “សាកលវិទ្យាល័យ​កំណើត​ស្នេហ៍” រូប​នេះ បាន​ប្រាប់​បន្ថែម​ថា គូ​ដណ្ដឹង​របស់​នាង នៅ​តែ​ព្យាយាម​សុំ​ជានា​នឹង​គ្នា​វិញ​ទៀត ប៉ុន្តែ​នាង​អត់​ព្រម។ ” ខ្ញុំ​បាន​សម្រេច​ចិត្ត​ច្បាស់​១០០%​ហើយ យើង​មិន​អាច​រស់​នៅ​ជាមួយ​គ្នា​បាន​ទេ ខ្ញុំ​ក៏​អត់​ចង់​ទៅ​ណា​ទៀត​ដែរ គ្មាន​អី​ល្អ​ជាង​ស្រុក​កំណើត​យើង​ទេ​មែន​ទេ​បង នៅ​ទី​នេះ​យើង​មាន​មុខ​របរ មាន​ការងារ​ល្មម​អាច​រស់​បាន​ស្រួល​ហើយ ហើយ​នៅ​ជិត​ក្រុម​គ្រួសារ​ទៀត អីចឹង​អត់​ចាំ​បាច់​ទៅ​ទេ”។


តាម​គម្រោង​កញ្ញា ពេជ្រ ថាវរ៉ា ត្រូវ​ចូល​សម្ភាសន៍​នៅ​ទូត​អាមេរិក​តាំង​ពី​ចុង​ខែ​កក្កដា ២០១៤ ប៉ុន្តែ​ផ្អែក​លើ​ការ​សម្រេច​ចិត្ត​ខាង​លើ កញ្ញា​បាន​គេច​មិន​ទៅ​ម្ដង​ជា​ពីរ​ដង។ “ខ្ញុំ​ត្រូវ​ចូល​សម្ភាសន៍​លើក​ទី​នៅ​ថ្ងៃ​ទី ២៨ ខែកក្កដា តែ​ខ្ញុំ​អត់​ទៅ ក្រោយ​មក​គេ​ទូរសព្ទ​ហៅ​ឲ្យ​ទៅ​សម្ភាសន៍​នៅ​ថ្ងៃ​ទី០៤ ខែ​សីហា​នេះ​ទៀត ខ្ញុំ​ក៏​អត់​ទៅ ព្រោះ​ខ្ញុំ​សម្រេច​ចិត្ត​ច្បាស់​ហើយ”។


កញ្ញា ពេជ្រ ថាវរ៉ា និង​គូ​ដណ្ដឹង​ដែល​ជា​អាណិកជន​ខ្មែរ​រស់​នៅ​អាមេរិក ដំបូង​ឡើយ​បាន​ស្គាល់​គ្នា​តាម​រយៈ​ការ​ណែនាំ​ពី​បង​ប្អូន​ក្រុម​គ្រួសារ ហើយ​ក្រោយ​មក​នៅ​ថ្ងៃ​ទី ២៥ ខែ​សីហា ២០១៣ ពួក​នាង ក៏​បាន​ភ្ជាប់​ពាក្យ​នឹង​គ្នា។

ក្រោយ​ប្រកាស​បែក​បាក់​គូ​ដណ្ដឹង​នា​ពេល​នេះ កញ្ញា ថាវរ៉ា បញ្ជាក់​ថា​នាង​នឹង​ផ្ដោត​លើ​ការងារ​សិល្បៈ ក្រោយ​ទើប​ទទួល​បាន​កុង​ត្រា​សម្ដែង​ក្នុង​រឿង “សាកលវិទ្យាល័យ​កំណើត​ស្នេហ៍” របស់​ផលិតកម្ម Rock។ ក្រៅ​ពី​នេះ នាង​មាន​ហាង​សំលៀក​បំពាក់​មួយ​ស្ថិត​ក្នុង​ផ្សារ​ទំនើប​ស្ទឹង​មាន​ជ័យ ព្រម​ទាំង​គ្រោង​ពង្រីក​អាជីព​មួយ​ផ្សេង​ទៀត​ក្នុង​ពេល​ឆាប់ៗ”៕

ប្រភព:sabay


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម