ពិការ​​ជើង​ទាំង​​គូ​តែ​មិន​​​ពិការ​​ចិត្ត​តស៊ូ​​ មួយ​ថ្ងៃៗ​​​ដើរ​លក់​ខ្សែ​ដៃ​បាន​មិន​ក្រោម​១០​ម៉ឺន ​​

 
 

ក្រោយ​​​​ញ៉ាំ​អាហារ​ថ្ងៃ​ត្រង់​​រួច ភ្ញៀវ​​​ទាំង​ឡាយ​​​​ខ្លះ​អង្គុយ ខ្លះ​ទម្រេត​ខ្លួន​​​​សម្រាក​លើ​ប៉ៅអ៊ី​​​នៅ​តាម​តូប​បណ្ដោយ​ឆ្នេរ​អូឈើទាល​។ ​យុវជន​​​​​មួយ​​​​ក្រុម​​​ជជែក​គ្នា​ ​​ស្រាប់​តែ​​​​​​បាន​រេ​ភ្មែក​សំដៅ​បុរស​​ម្នាក់​ ដែល​កំពុង​​ប្រើ​​ដៃ​ទាំង​ពីរ​ជំនួស​ជើង​​​ទាំង​សង​ខាង​ដែល​ស្វិត​​ពិការ ​​​ច្រត់​ដី​អូស​ខ្លួន​​​យ៉ាង​យឺត​​ៗ ដើរ​​លក់​ខ្សែ​ដៃ​ធ្វើ​​​​ពី​​​​អំបោះ ​ធ្វើ​ពី​សំបក​ខ្យង​​សមុទ្រ​តូច​ៗ​​​​​​ នៅ​​តាម​ប្រលោះ​​បៅអ៊ី​​​​​រៀប​ ជា​ជូរ​ៗ​​។ ​​ការ​តាម​សម្លឹង​​មើល​មិន​ដាក់​ភ្នែក​​​​ហាក់​ប្រាប់​ថា​​ពួក​គេ​កំពុង​អាណិត​​​អ្នក​លក់​​ដែល​គ្មាន​ឱកាស​អាច​ឈរ​បាន​រូប​នោះ ប៉ុន្តែ​ពួក​​​គេ​បែរ​ជា​ភ្ញាក់​ផ្អើល​ទៅ​វិញ នៅ​ពេល​បុរស​​ដើរ​ដោយ​ដៃ​​​​​​​​ បាន​​បដិសេធន៍​​មិន​យក​លុយ​​ដែល​​​យុវជន​​ម្នាក់​​​អាសូរ​​​ហុច​ទៅ​ឲ្យ​​​គាត់​​​។

ចាស់​អាយុ ៨៦​ឆ្នាំ​ហើយ​នៅ​ដើរ​សុំ​ទាន​ចិញ្ចឹម​ចៅ ​​ម្ដាយ​គេ​ម្ដាយ​ឯង​​នរណា​មិន​​ស្រណោះ​នោះ​​?

l

លោក ជី ពៅ កំពុង​ដើរ​លក់​ខ្សែ​ដៃ​ធ្វើ​​ពី​​ខ្សែ​អំបោះ និង សំបក​ខខ្យង (រូបភាព​ថត​ដោយ​ទូរសព្ទ)

​​​កាយ​វិការ​អូស​​ខ្លួន​​​​​ដោយ​ដៃ​តាម​អាហារដ្ឋាន​​ទេសចរណ៍​របស់​គាត់ ​អាច​ឲ្យ​​គេ​​​អាណិត​​​​និង​ចង់​ដាក់​ទាន​ជា​លុយ​ឲ្យ​គាត់​។ ​តែ​ផ្ទុយ​ទៅ​វិញ​ ឆ្លើយឆ្លង​មក​ Sabay ​​បុរស​វ័យ​​​ជាង​៤០​ឆ្នាំ​រូប​នេះ​​ថា​គាត់​​មិន​ដែល​ទទួល​​ទទួល​ការ​​ផ្ដល់​ទាន​ដោយ​លុយ​​ពី​នរណា​ទេ។ ​បុរស​ដែល​មាន​​ថង់​ក្រណាត់​ដាក់​លុយ ​នំ​ចំណី​ ​និង​​ថង់​​ប្លាស្ទិក​ច្រក​​​ខ្សែ​ដៃ​ ​​ពាក់​​ភ្ជាប់​ក​​របស់​គាត់​មើល​ទៅ​​​​សំពីងសំពោង​ផង​​ ថា​​ទោះ​ពិការ​តែ​ថា​គាត់​អាច​រក​ប្រាក់​ដោយ​ញើសឈាម​គាត់ ​មិន​ត្រូវ​ការ​​​ទាន​ទេ។​ ​ បុរស​​រូប​នេះ​រៀបរាប់​ថា​៖​ “​​ខ្ញុំ​គិត​ថា​ខ្ញុំ​រក​ដោយ​​កម្លាំង​ខ្ញុំ។ ជួន​អី​គេ​អាណិត​គេ​ខ្ញុំ​ ៥​ពាន់ មួយ​ម៉ឺន តែ​ខ្ញុំ​អត់​យក​ទេ ខ្ញុំ​​​ចង់​ឲ្យ​គេ​ទិញ​ខ្សែ​ដៃ ខ្ញុំ​វិញ​”។ ​

​គាត់​ឈ្មោះ​ ជី ពៅ។ មក​ទាល់​ពេល​នេះ​ គឺ​ជាង​​១០​ឆ្នាំ​ហើយ​​ដែល​គាត់​ដើរ​លក់​​ខ្សែ​ដៃ​នៅ​​តាម​ឆ្នេរ​សមុទ្រ​។ ​នៅ​ខែ​ប្រាំង​​​លោក ជី ពៅ លក់​នៅ​ឆ្នេរ​អូត្រេស​ ព្រោះ​សម្បូរ​ជន​បរទេស​ និង​​លក់​បាន​​​ថ្លៃ​។ ខែ​វស្សា​ប្ដូរ​មក​​លក់​តាម​ឆ្នេរ​​អូឈើទាល​វិញ ព្រោះ​ភាគ​ច្រើន​សម្បូរ​ភ្ញៀវ​ខ្មែរ​មក​លេង​ទី​នេះ។ ​

ត្បិត​តែ​​មិន​មាន​​កាយ​សម្បទា​គ្រប់​​គ្រាន់​ តែ​បុរស​​វ័យ​​កណ្ដាល​រូប​នេះ​​​ ថា​​ការ​តស៊ូ​លក់​របស់​​គាត់​អាច​រក​ប្រាក់​​បាន​គ្រាន់​បើ​ដែរ​ មិន​បាច់​សុំ​ទាន​គេ​ ដូច​ជន​ពិការ​ជា​ច្រើន​ទៀត​នោះ​ឡើយ​​។ ​លក់​ដាច់​មិន​ដាច់​​អស្រ័យ​ថា​ភ្ញៀវ​ច្រើន​ឬ​អត់​ តែ​​ខ្សត់​ណាស់​ក៏​បាន​១០​ម៉ឺន​រៀល​ដែរ​ក្នុង​​មួយ​ថ្ងៃៗ ​បើ​​គិត​​​ទាំង​ដើម​ ទាំង​​ចំណេញ។ គាត់​ប្រាប់​ទៀត​ថា៖​ “​​​​ខ្ញុំ​និង​ប្រពន្ធ​ធ្វើ​ខ្លួន​ឯង​ មិន​អស់​ដើម​ច្រើន​ទេ។ ពិបាក​ត្រង់​ថា​​វា​ហត់ ចុក​ខ្នង​​ចង្កេះ​ណាស់​។ ប៉ុន្តែ​​​ខ្ញុំ​អាច​រក​លុយ​​​ខ្លួន​ឯង ខ្ញុំ​​គិតថា​​គួរ​រក​លុយ​ខ្លួន​ឯង​អីចឹង​វិញ​​​​​​”​។

អ្នក​ទេសចរណ៍​កំពុង​មើល​ខ្សែ​ដៃ​ដែល​លោក ជី ពៅ លក់ (រូបភាព​ថត​ដោយ​ទូរសព្ទ)

បុរស​ដែល​​​ជើង​ទាំង​គូ​ស្វិត​ដោយ​ការ​ចាក់​ថ្នាំ​ចំ​សសៃ​តាំង​ពី​​អាយុ​​ពីរ​​​​ខួប​ ​រៀបរាប់​ទៀត​​ថា​គាត់​​​មាន​ប្រភព​ពី​​ខ្មែរ​កម្ពុជា​​ក្រោម។ ​គាត់​បាន​ចូល​មក​នៅ​កម្ពុជា​តាំង​ពី​​ទសវត្ស​​​ឆ្នាំ​៨០​ម៉្លេះ។ សម្ដី​​​​​​​ស្មើ​​មួយ​ៗ​បាន​លាន់​ចេញ​ពី​​​បុរស​សម្បុរ​ខ្មៅ​ស្រអាប់ ​​ដែល​​ទាំង​ផ្ទៃ​មុខ​និង​ខ្លួន​របស់​គាត់​ដាម​អើបៗ​ដោយ​​ញើស​​ទោះ​កំពុង​​អង្គុយ​ក្រោម​ដំបូង​អាហារដ្ឋាន​​ដែល​សម្បូរ​​ភ្ញៀវ​កំពុង​ញ៉ាំ​អាហារ​ថ្ងៃ​ត្រង់​យ៉ាង​ដូច្នេះ៖ “​ខ្ញុំ​មក​​​តាំង​ពី​គេ​ចាយ​លុយ​៥​កាក់​។ ខ្ញុំ​ធ្លាប់​ទៅ​​លក់​ផ្កា​​កុលាប​នៅ​ថៃ​បី​បួន​ឆ្នាំ តែ​ពិបាក​ណាស់​។ ប៉ូលិស​ថៃ​គេ​​​ចាប់​រហូត​ ហើយ​ខ្ញុំ​ក៏​មក​​ខ្មែរ​វិញ មក​លក់​​ខ្សែ​ដៃ​នេះ​វិញ​​វា​ស្រួល​​។ លក់​ទី​នេះ លក់​ឲ្យ​ជន​បរទេស ​យើង​លក់​បាន​ថ្លៃ​​។ ខ្សែ​ដៃ​ក្រណាត់​នេះ​អី​ ​បើ​​លក់​ឲ្យ​ខ្មែរ​យើង​៣​ខ្សែ​៥​ពាន់​រៀល តែ​បរទេស​បាន​ដល់​៥​ដុល្លារ​ឯណោះ​”។

​ជីវិត​របស់​បុរស​​ដើរ​ដោយ​ដៃ​ពេល​នេះ ​​មិន​ឯកោ​ដូច​​​កាល​ពី​គាត់​មក​រស់​នៅ​កម្ពុជា​ដំបូង​ៗ​នោះ​ទេ។ ​ឥឡូវ​នេះ​គាត់​មាន​ប្រពន្ធ និង​​មាន​កូន​ស្រី​ម្នាក់​ ប្រុស​ម្នាក់​​។ បើ​ទោះ​ជា​ប្រពន្ធ​របស់​គាត់​ជា​ជន​ពិការ​គ​និង​ថ្លង់ តែ​ថា​គ្រួសារ​គាត់​​​អាច​រស់​នៅ​បាន ​ដោយ​សារ​​​​របរ​​​​​លក់​ខ្សែ​ដៃ​អស់​​នេះ ​​ មិន​ចាំ​បាច់​​សុំ​ទាន​គេ​៕

ប្រភព:sabay


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម