ធី សុវណ្ណថា ត្រូវឪពុកម្តាយទម្លាយរឿងពិត
ផ្ទះចាក់បេតុងទំហំប្រមាណ៣គុណនឹង៤ម៉ែត្រដ៏កញ្ចាស់មួយដែលមើលទៅមានស្ថានភាពបាក់បែកជាអន្លើ ទ្វារឈើកាន់តែទ្រុឌទ្រោម ស្ថិតនៅក្នុងប្លុកផ្សារត្រីនៃផ្សារក្រុងសួង ខេត្តត្បូងឃ្មុំ (ពីមុនខេត្តកំពង់ចាម) ត្រូវបានបុរសម្នាក់ រួមជាមួយនឹងអ្នកលក់ដូរមួយចំនួនទៀតបានធ្វើការអះអាងថា ផ្ទះដ៏តូចចង្អៀតមួយនោះហើយជាកន្លែងដែលតារានយោបាយរះថ្មី នាង ធី សុវណ្ណថា បានចាប់កំណើត។
កំពុងអង្គុយធ្វើគ្រឿងអលង្ការកាឡៃ ដែលមានជញ្ជាំងជាប់ៗគ្នានឹងអតីតផ្ទះរបស់ ធី សុវណ្ណថា បុរសសម្បុរស្រគាំម្នាក់ឈ្មោះ រ៉េត សុខម៉េង ដែលគេគ្រប់គ្នាដឹងថាជាពូបង្កើតរបស់ ធី សុវណ្ណថា បាននិយាយទាំងអារម្មណ៍ភ្ញាក់ផ្អើលនៅពេល ភ្នំពេញ ប៉ុស្តិ៍ សុំធ្វើបទសម្ភាសភ្លាមៗថា៖«ផ្ទះនេះជាកន្លែងដែល សុវណ្ណថា បានកើត ព្រោះកាលពីមុនឪពុកម្តាយរបស់នាងជាអ្នករកស៊ីលក់ដូរគ្រឿងមាស គ្រឿងប្រាក់ ប្លាទីន និងប្តូរលុយនៅទីនេះ»។
តាមលោក រ៉េត សុខម៉េង និងប្រជាពលរដ្ឋនៅទីនោះ បានឲ្យដឹងថា ពីមុនគ្រួសាររបស់ ធី សុវណ្ណថា មានផ្ទះពីរកន្លែងស្ថិតនៅក្នុងភូមិសួងលិច ឃុំសួង ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម(បច្ចុប្បន្នក្រុងសួង ខេត្តត្បូងឃ្មុំ)។
លោក សុខម៉េង បន្តថា៖«តាមពិតគាត់មានផ្ទះពីរ។ នៅក្រៅផ្សារគាត់មានផ្ទះឈើមួយល្វែង(ទំហំ៥គុណ១៨) ប៉ុន្តែនៅពេលនេះលក់ឲ្យគេ គេធ្វើផ្ទះថ្មបាត់ទៅហើយ ហើយផ្ទះមួយនេះ បងស្រីខ្ញុំជាអ្នកគ្រប់គ្រង តែបានដាក់ជួលឲ្យគេ»។
ទោះបីជាទាំងគ្រួសារ ធី សុវណ្ណថា និងអ្នកផ្សារមួយចំនួនអះអាងថា ធី សុវណ្ណថា ពិតជាមានកំណើតនៅទឹកដីផ្សារសួងក៏ដោយ ប៉ុន្តែអាជ្ញាធរភូមិឃុំ រួមទាំងមន្ត្រីប៉ូលិសនៅក្រុងសួងហាក់មិនបានដឹងរឿងនោះទេ។
លោក សុខ ឈាន អធិការស្តីទីក្រុងសួង បាននិយាយថា៖«ទេចំពោះប្រវត្តិក្មេងស្រី និងគ្រួសារគេ ខ្ញុំដូចជាមិនដឹងទេ ហើយខ្ញុំក៏បានបោះដៃសួរគ្រប់កន្លែងដែរ ប៉ុន្តែដូចជាគ្មានអ្នកណាដឹង»។
ទោះយ៉ាងណា លោកអធិការរង រួមជាមួយនឹងមេភូមិទាំង១៥រូបស្ថិតនៅក្នុងសង្កាត់សួង ព្រមទាំងប្រជាពលរដ្ឋបានលើកឡើងថា ការបាត់ព័ត៌មានពីគ្រួសារមួយនេះ ទំនងដោយសារតែគ្រួសារពួកគេបានធ្វើចំណាកស្រុកទៅរស់នៅភ្នំពេញយូរឆ្នាំពេក ស្របពេលអាជ្ញាធរគ្រប់គ្រងខេត្តបានផ្លាស់ប្តូរតំណែងជាបន្តបន្ទាប់។
លោក រ៉េត សុខម៉េង បាននិយាយថា៖«បើតាមខ្ញុំចាំគឺបងស្រីខ្ញុំ សុគុណ និងគ្រួសារគាត់បានលក់ផ្ទះសម្បែង និងបានចាកចេញពីសួងតាំងពីឆ្នាំ២០០៣មកម្ល៉េះ នៅពេលនោះ សុវណ្ណថា ទើបតែមានអាយុ៧-៨ ឆ្នាំប៉ុណ្ណឹង»។ នៅក្នុងអំឡុងពេលរស់នៅក្រុងសួងលោក សុខម៉េង បានកត់សម្គាល់ឃើញថា កុមារី ធី សុវណ្ណថា ដែលពេលនេះមានអាយុ១៩ឆ្នាំ ហើយនោះ គឺជាក្មេងវៃឆ្លាត តែច្រឡឺម ហើយគេជាក្មេងដែលចង់ដឹង ចង់ឮ ប៉ិនឆ្ងល់ និងពូកែសួរនាំច្រើន។
ជាមួយគ្នានោះ ក្មេងស្រីដែលមានចរិតក្លាហានតាំងពីតូចនាង ធី សុវណ្ណថា បានឲ្យដឹងថា ដោយសារតែឪពុកម្តាយនាងមានបងប្អូន ពិសេសយាយតានៅភ្នំពេញច្រើន ដូច្នេះឪពុកម្តាយនាងក៏បោះបង់អាជីពជាអ្នកលក់ប្លាទីន មាស ប្រាក់ ហើយសម្រេចចិត្តវេចសម្ពាយមកស្វែងរករបរថ្មីនៅភ្នំពេញ ក្នុងនាមជាជាងដេរ បោះដុំសម្លៀកបំពាក់ និងផ្គត់ផ្គង់អំបោះសម្រាប់រោងចក្រកាត់ដេរនាពេលបច្ចុប្បន្ន។
សព្វថ្ងៃនេះ គ្រួសាររបស់ ធី សុវណ្ណថា បានផ្លាស់ប្តូរជីវភាពកាន់តែប្រសើរជាមួយនឹងផ្ទះវីឡាល្វែងមួយកន្លែងមាន៤ជាន់ មានដីឡូត៍ធំគួរសមស្ថិតនៅផ្ទះលេខ២៧០ ផ្លូវ៥៩៨ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ភ្នំពេញ។ ផ្ទះរបស់អ្នកនយោបាយវ័យក្មេងរូបនេះ មានរថយន្តពីរគ្រឿង និងម៉ូតូ២គ្រឿង។ រថយន្តឡិចស៊ីស ៣៣០ និងរថយន្តដឹកអីវ៉ាន់មួយគ្រឿង ។
ធី សុវណ្ណថា មានឪពុកឈ្មោះ រុំ សុទ្ធី អាយុ៥០ឆ្នាំ និងម្តាយឈ្មោះ រ៉េត សុគុណ អាយុ ៤៨ឆ្នាំ ដែលអ្នកទាំងពីរជាអ្នកកំពង់ចាមដូចគ្នា។ សុវណ្ណថា មានបងប្អូន៤នាក់ ប្រុស៣នាក់ ស្រីតែរូបនាងម្នាក់ជាកូនច្បងគេ ហើយរូបនាង និងប្អូនប្រុសម្នាក់ទៀតកើតនៅសួង និងប្អូនប្រុសពីរនាក់ទៀតកើតនៅភ្នំពេញ។ សព្វថ្ងៃនាងរៀនថ្នាក់ទី១២ នៅសាលាឯកជន Cambodia Aventist។
សុវណ្ណថា បានបញ្ជាក់ថា៖«បងប្អូនសាច់ញាតិឪពុកម្តាយរបស់ខ្ញុំភាគច្រើនជាអ្នករកស៊ី ហើយគ្មានអ្នកណាម្នាក់ជាប់សែស្រឡាយជាអ្នកនយោបាយនោះទេ»។
ស្ងាត់ៗស្រាប់តែក្មេងស្រីស្រស់សោភាដែលកើតជានៅក្នុងគ្រួសារអ្នករកស៊ីធម្មតានាង ធី សុវណ្ណថា បានលេចមុខខ្ពស់ត្រដែតនៅក្នុងឆាកនយោបាយកាលពីឆ្នាំ២០១៣ ដែលនាំឲ្យមហាជនយល់ច្រឡំថា តារានយោបាយស្រីវ័យក្មេងរូបនេះជាកូនស្រីរបស់លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ ។
នាង ធី សុវណ្ណថា បានឲ្យដឹងថា ដំបូងឡើយ នាងគ្រាន់តែជាអ្នកគាំទ្រផ្នែកនយោបាយម្នាក់ប៉ុណ្ណោះ ប៉ុន្តែក្រោយមកនាងបានសុំឪពុកម្តាយដើម្បីចូលខ្លួនក្នុងការប្រឆាំងតវ៉ាផ្សេងៗ រហូតនាងបានក្លាយជាយុវជនឆ្នើមម្នាក់របស់គណបក្សសង្គ្រោះជាតិ ហើយក៏ត្រូវបានគេស្គាល់ជាហូរហែ។
យុវតីវ័យ១៩ឆ្នាំ ដែលហ៊ានប្រឈមមុខរិះគន់មិនសំចៃមាត់ចំៗលើរដ្ឋាភិបាលរូបនេះនិយាយថា៖«ខ្ញុំចូលនយោបាយនេះ ព្រោះខ្ញុំមើលឃើញនូវភាពអយុត្តិធម៌ជាច្រើនបានកើតឡើងក្នុងសង្គមដូចជា វិបត្តិដីធ្លី អំពើពុករលួយគ្រប់រូបភាព ការនិយមបក្ខពួក បញ្ហាផ្នែកផ្លូវច្បាប់ ពិសេសនោះគឺលំហូរចូលនៃអន្តោប្រវេសន៍យួនជាដើម។ ខ្ញុំតែងគិតថា បើសិនគ្រប់គ្នានៅតែខ្លាចបន្តទៀត នោះសង្គមយើងនឹងទៅជាយ៉ាងណា? ដូច្នេះខ្ញុំសម្រេចចិត្តក្រោកឈរឡើង ដើម្បីជាស្មារតីឲ្យយុវជនយើងទាំងអស់ហ៊ានប្រឆាំងនឹងភាពអសកម្មក្នុងសង្គម»។
នាងបញ្ជាក់ថា៖«ខ្ញុំធ្លាប់ទទួលរងការគំរាមគ្រប់រូបភាពពីបក្សប្រជាជន និងជនមិនស្គាល់មុខ តែខ្ញុំត្រូវតែប្រឹងទៅមុខ ដើម្បីប្រទេសជាតិ»។
ក្រោយការចុះអង្កេតដល់ទីកន្លែងស្នាក់នៅរបស់ក្រុមសាច់ញាតិរបស់ ធី សុវណ្ណថា ជាលទ្ធផលបានឲ្យដឹងថា មិនមែនតែ ធី សុវណ្ណថា តែម្នាក់នោះទេ ដែលគាំទ្រចលនាបក្សសង្គ្រោះជាតិ ហើយហ៊ានចេញមុខប្រឆាំងនឹងការដឹកនាំរបស់រដ្ឋាភិបាលនោះ តាមពិតក្នុងចង្កោមសាច់ញាតិរបស់នាងភាគច្រើនបានចូលរួមក្នុងសកម្មភាពផ្សេងៗរបស់បក្សសង្គ្រោះជាតិ ហើយពួកគេក៏បានរួមចំណែកជាថវិកា និងរបស់របរផ្សេងៗជួយបក្សសង្គ្រោះជាតិដែរ។
សូម្បីតែលោកតាលោកយាយរបស់ ធី សុវណ្ណថា ដែលកំពុងរស់នៅផ្ទះទំនើបក្នុងបុរីប៉េង ហួត ក៏បានលើកទឹកចិត្តឲ្យ ធី សុវណ្ណថា ចេញមុខប្រឆាំងនឹងរដ្ឋាភិបាលដែរ ដើម្បីសង្គមមានការផ្លាស់ប្តូរ។
ស្ថិតក្នុងវ័យ ៤៨ឆ្នាំ អ្នកស្រី រ៉េត សុគុណ ដែលមមាញឹកនឹងរបររកស៊ីបោះដុំក្រណាត់ និងអំបោះ ត្រូវជាម្តាយបង្កើតរបស់ ធី សុវណ្ណថា បាននិយាយទាំងទឹកមុខមុតមាំថា អ្នកស្រីគ្រាន់តែជាអ្នកគាំទ្រម្នាក់ ហើយក៏បានចូលរួមការតវ៉ាប្រឆាំងនានាផងដែរ តែមានតែកូនស្រីរបស់អ្នកស្រីម្នាក់គត់បានចូលរួមជោគជាំក្នុងឆាកនយោបាយ។
អ្នកស្រី រ៉េត សុគុណ និយាយថា៖«ខ្ញុំមានតែកូនស្រីម្នាក់គត់ ពេលកូនស្រីធ្វើនយោបាយបែបនេះ ខ្ញុំក៏ព្រួយបារម្ភ ខ្លាចកូនស្រីមានគ្រោះថ្នាក់ដែរ ប៉ុន្តែកូនខ្ញុំបានព្យាយាមពន្យល់ខ្ញុំថា បើយើងមិនក្រោកឈរទេ ប្រទេសយើងគ្មានការរីកចម្រើនទេ»។
អ្នកស្រីពន្យល់ថា៖«វាប្រៀបបាននឹងក្របី ដែលតោប្រុងខាំត្របាក់អ៊ីចឹង បើក្របីនោះកំពុងត្រូវតោព្យាយាមខាំស៊ីហើយ បើក្របីមួយទៀតចូលជួយនោះ តោនឹងខ្លាចរត់មិនខាន»។
អ្នកស្រីបញ្ជាក់ថា៖«លោក សម រង្ស៊ី ជាវីរបុរសរបស់ខ្ញុំ គាត់តស៊ូ គាត់ត្រូវគេប៉ុនប៉ងជីវិតជាច្រើនលើក តែគាត់ប្រឹងដើម្បីជាតិ ហើយខ្ញុំចង់ឲ្យកូនស្រីខ្ញុំធ្វើដូចជាលោកស្រី មូរ សុខហួរ»។ អ្នកស្រីបញ្ជាក់បន្ថែមថា៖«ខ្ញុំលះបង់ទ្រព្យអស់ជាច្រើន ដើម្បីជាតិ ទោះបីក្នុងកាលៈទេសៈណាក៏ខ្ញុំមិនបោះបង់ការគាំទ្រនេះដែរ»។
ជាមួយគ្នានោះ លោក រុំ សុទ្ធី ដែលជាឪពុកបង្កើតរបស់ ធី សុវណ្ណថា បានឲ្យដឹងថា គ្រួសារលោកមួយពូជ បានគាំទ្រចលនាបក្សសង្គ្រោះជាតិ ហើយលោកបានលះបង់ទ្រព្យសម្បត្តិជាច្រើនម៉ឺនដុល្លារនៅក្នុងរយៈពេលប្រមាណជាង ១ឆ្នាំកន្លងមកនេះ។
លោកនិយាយថា៖«កូនស្រីខ្ញុំគេមានឆន្ទៈស្រាប់ ហើយខ្ញុំបានជួយគេពីក្រោយ ខ្ញុំបានទិញរថយន្តឡិចស៊ីស ៣៣០ ឲ្យគេជិះសម្រាប់ទៅរៀន និងធ្វើការងារនេះ ខ្ញុំបានផ្តល់ប្រាក់ឲ្យគេពេលចុះធ្វើសកម្មភាពផ្សេងៗ ហើយខ្ញុំបានជួយឧបត្ថម្ភនានាកន្លងមកទាំងការតវ៉ាប្រឆាំង ការទិញសម្ភារ ម្ហូបអាហារជាដើម អស់មិនតិចនោះទេ»។
លោក សុទ្ធី បញ្ជាក់ថា៖«ខ្ញុំមិនខ្លាចការគំរាមទេ កើតមកជីវិតមានតែមួយដូចគ្នា ខ្ញុំធ្វើអ្វីៗដើម្បីជាតិរបស់ខ្ញុំ ហើយខ្ញុំគិតថា នៅពេលនេះសន្ទុះប្រជាជនកាន់តែខ្លាំង គេនឹងក្រោកឈរការពារគ្នា»។
លោកបានបន្ថែមថា៖«ការផ្តល់លទ្ធភាពឲ្យកូនស្រីចូលរួមបក្សនយោបាយនេះ មិនមែនខ្ញុំសម្លឹងឃើញតំណែងតួនាទី ឬដើម្បីកិបកេងអ្វីនោះទេ ការចំណាយប្រាក់រាប់ម៉ឺនដុល្លាររបស់ខ្ញុំ គឺដើម្បីជាតិមានការផ្លាស់ប្តូរតែមួយមុខគត់»។
ទោះបីជាមួយពូជនៃគ្រួសារគាំទ្រពេញទំហឹងចំពោះគោលនយោបាយរបស់គណបក្សសង្គ្រោះជាតិ តែ ធី សុវណ្ណថា បញ្ជាក់ថា៖«សម្រាប់ខ្ញុំ និងគ្រួសារ មិនមែនគាំទ្រផ្កាប់មុខនោះទេ បើពួកគាត់ធ្វើការបម្រើជាតិបានល្អ យើងនឹងបន្តគាំទ្រ តែបើគាត់មានចំណុចអាក្រក់ យើងនឹងតវ៉ាភ្លាម»៕ ប្រភព ៖ ភ្នំពេញប៉ុស្តិ៍
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!