អតីត​តារា​ភាពយន្ត​ខ្មែរ លោក ខៃ ប្រសិទ្ធ សាងសង់​អណ្តូង​ទឹកស្អាត ជូន​អ្នក​សៀមរាប

 
 

ភ្នំពេញ: អតីត​តារា​ភាពយន្ត​ខ្មែរ​ដ៏​ល្បីល្បាញ​នៅ​ក្នុង​អំឡុង​ទសវត្ស​ទី​៨០ និង​៩០ លោក ខៃ ប្រសិទ្ធ បាន​ផ្តល់​ថវិកា​ផ្ទាល់ខ្លួន​មួយចំនួន ក្នុង​ការចូលរួម​សាងសង់​អណ្តូង​ទឹកស្អាត​មួយកន្លែង នៅក្នុង​បរិវេណ​សាលាបឋមសិក្សា​ប្រា​ដាក ដែល​មាន​ទីតាំង​នៅក្នុង​ស្រុក​បន្ទាយស្រី ខេត្តសៀមរាប ដើម្បី​ជួយ​សម្រួល​ដល់​ការលំបាក​របស់​ប្រជាជន និង​សិស្សានុសិស្ស​ក្រីក្រ​ជា​ច្រើន ដែល​កំពុង​មាន​តម្រូវការ​ទឹកស្អាត​សម្រាប់​ប្រើប្រាស់​ជា​ចាំបាច់ ។
​ថវិការ​ឧបត្ថម្ភ​របស់​តារាភាពយន្ត​ថ្ពាល់​ខួច​រូបនេះ ត្រូវបាន​ផ្តល់​តាមរយៈ​គម្រោង​សប្បុរសធម៌ “​សាវិន​កម្ពុជា​” ដើម្បី​ជួយ​កុមារ និង​ជនពិការ​។​
ម្ចាស់​គម្រោង​បាន​អោយដឹងថា អណ្តូង​ទឹកស្អាត ដែល​ជា​ការឧបត្ថម្ភរ​បស់​អតីត​តារា​ភាពយន្ត​ល្បី​ឈ្មោះ​លោក ខៃ ប្រសិទ្ធ ត្រូវបាន​ធ្វើ​ការសាងសង់​សម្រេច​ជា​ស្ថាពរ​ហើយ​នៅក្នុង​មូលដ្ឋាន​ខាងលើ​។
​ម្ចាស់​គម្រោង​អះអាងថា អណ្តូង​ទឹកស្អាត​មួយ​នេះ​មិន​មាន​ការ​បែក​ចែក​អ្វី​នោះ​ទេ ពោល​គឺ​លោកគ្រូ​អ្នកគ្រូ និង​សិស្សានុសិស្ស ក៏ដូចជា​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​ទីតាំង​នេះ សុទ្ធសឹងតែ​អាច​ទាញ​ផលប្រយោជន៍​ពី​អណ្តូង​ទឹកស្អាត​បាន​ដូចៗ​គ្នា​។​
​ម្ចាស់​គម្រោង​ដដែល បាន​ធ្វើ​ការបញ្ជាក់​ថា បច្ចុប្បន្ន​មាន​សិស្សានុសិស្ស​ជា​ច្រើន​នាក់ បាន និង​កំពុង​មាន​តម្រូវការ​ទឹកស្អាត​សម្រាប់​ប្រើប្រាស់​។ ដូច្នេះ​កាយវិការ​សប្បុរសធម៌​របស់លោក ខៃ ប្រសិទ្ធ នៅពេលនេះ​ចាត់ទុក​ជា​ការឆ្លើយតប​ដ៏​ត្រឹមត្រូវ​បំផុត​។​
​សូមបញ្ជាក់​ថា អតីត​តារា​ភាពយន្ត​រូប​សង្ហា ដែល​ធ្លាប់​មាន​ឈ្មោះ​បោះ​សំឡេង​មួយរូប ក្នុងប្រទេស​កម្ពុជា​កាល​ពី​អំឡុង​ទសវត្ស​ឆ្នាំ​៩០ លោក ខៃ ប្រសិទ្ធ បាន​ចាកចេញ​ពី​ទឹកដី​កំណើត​ទៅ​រស់នៅ​ប្រទេស​អូស្ត្រាលី អស់​រយៈពេល​ជាង ១០ ឆ្នាំ​មកហើយ​។ ក្នុង​ការផ្ញើរ​ប្រាណ​លើ​ទឹកដី​ស៊ីវីល័យ​មួយ​នេះ លោក​បាន​បញ្ចប់​អាជីព​សិល្បៈ​ទាំងស្រុង​ហើយ គឺ​លោក​ធ្វើការ​នៅ​ក្នុង​ក្រុមហ៊ុនអគ្គីសនី​មួយ​នៅ​ទីនោះ​។​
​លោក​ធ្លាប់​ធ្វើដំណើរ​មក​លេង​ស្រុក​កាលពី​ឆ្នាំ​២០០៨ ម្តង ដើម្បី​លក់​ផ្ទះ ហើយ​នៅ​ឆ្នាំ​២០១៣ ត្រឡប់​មក​ម្តង​ទៀត ដើម្បី​ចូលរួម​ជា​ភ្ញៀវកិត្តិយស​ក្នុង​ពិធី​មង្គលការ​កូន​របស់​តារា​កំប្លែង​ជើង​ចាស់​នាយ ត្រដ​ក់ និង​អ្នកនាង ជុំ រស្មី ហៅ ស្រី​ទូច តែ​មិន​បាន​បង្ហាញ​វត្តមាន​យូរ​នោះទេ​។
​លោក ខៃ ប្រសិទ្ធ ជា​ស្វាមី​របស់​តួកុន និង​ជា​នាថ​ការិនី ពិ​សិទ្ធ ពិលិ​ការ ដែល​ត្រូវ​គេ​បាញ់សម្លាប់ នៅ​ឆ្នាំ​១៩៩៩ ជារឿយៗ នៅពេលដែល​លោក​ត្រឡប់​មក​លេង​ស្រុកកំណើត​ម្តងៗ តែងតែ​មាន​ការ​លាក់បាំង មិន​ចង់អោយ​គេ​ដឹង​ពី​ដំណើរ​របស់​លោក​ឡើយ​៕ ប្រភព ៖ CEN

1234

1232


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម