កូនកសិករមានជីវិតតស៊ូធ្លាប់ដេកក្នុងចេតិយ នឹកឃើញអាជីវកម្មថ្មី រកចំណូលមិនក្រោម១ពាន់ដុល្លារ ក្នុងមួយថ្ងៃ
ផ្សាយក្នុងផ្នែក រសជីវិត ដោយ yinsambo កាលពី 23 hours ago 0 Comment(s)
កំពុងអង្គុយលើកៅអី ពាក់វែនតា ភ្នែកសម្លឹងទៅកាន់កញ្ចក់កុំព្យូទ័រយ៉ាងយកចិត្តទុកដាក់ ឯដៃមិនទំនេរទេ អស់ពីលើកនិយាយទូរសព្ទហៅចូលមួយមិនទាន់ទាំងចប់ស្រួលបួលផង សម្លេងទូរសព្ទក៏បានបន្លឺឡើងបន្តបន្ទាប់ជាហូរហែឥតឈប់ឈរ។ បើស្ដាប់មិនច្រឡំទេ រាល់សម្លេងទូរសព្ទដែលខលចូលមកទាំងអស់នោះ គ្មានរឿងអ្វីផ្សេង ក្រៅតែពីការកុម្ម៉ង់ឲ្យខ្ចប់កាហ្វេទៅឲ្យគេទេ។ បុរសវ័យក្មេងដែលរវល់ដកឃ្លាសឹងមិនទាន់រូបនោះ ត្រូវបានបុគ្គលិកប្រមាណជាជាង៤០នាក់ស្គាល់ឈ្មោះថា យ៉ែម ឈីម មានអាយុ២៦ឆ្នាំ និងមានសម្បុរសណ្ដែកបាយ។
ត្បិតតែវ័យក្មេងមែនពិត តែខ្សែជីវិតរបស់យុវជនរូបនេះ ធ្លាប់ហែលឆ្លងកាត់នូវទុក្ខលំបាកគ្រប់បែបយ៉ាងតាំងពីកុមារ ទម្រាំបានក្លាយខ្លួនទៅជាថៅកែលក់កាហ្វេចល័តមួយ មានចំណូលមិនក្រោម១ពាន់ដុល្លារក្នុងមួយថ្ងៃនោះទេ។
តើដំណើរជីវិតពិតរបស់យុវជនខ្លួនមួយ គ្មានទីពឹងមកពីជនបទរូបនេះ មានការតស៊ូលំបាកយ៉ាងណាខ្លះទម្រាំមានថ្ងៃនេះ?
លោក យ៉ែម ឈីម
មានដើមកំណើតជាកូនកសិករសុទ្ធសាធ នៅស្រុកអូរាំងឳ ខេត្តកំពង់ចាម យុវជន យ៉ែម ឈីម គ្មានបងប្អូនណាផ្សេងទេនៅក្នុងគ្រួសារ ក្រៅពីម្ដាយឪពុកទាំងពីរ ដោយសារតែខ្លួនជាកូនទោល។ រស់នៅកម្សត់ក្រោមដំបូលផ្ទះតែមួយ បីនាក់ម្ដាយឪពុក និងកូន តែខ្សែជីវិតនៅតែរុញច្រានឲ្យយុវជនរូបនេះចាកចេញពីផ្ទះ ឃ្លាតឆ្ងាយពីអ្នកមានគុណទាំងពីរ ដើម្បីទៅរៀនបន្តថ្នាក់វិទ្យាល័យ ក្រោយពេលខ្លួនប្រលងជាប់ថ្នាក់ទី៩។
ដោយសារតែនៅស្រុករបស់ខ្លួនមានសាលារៀនត្រឹមថ្នាក់អនុវិទ្យាល័យ ទើបកាលណោះ យុវជនរូបនេះត្រូវឡើងទៅរៀនបន្តថ្នាក់ទី១០ និងទី១១ នៅស្រុកត្បូងឃ្មុំ (ខេត្តត្បូងឃ្មុំបច្ចុប្បន្ន) ២ឆ្នាំបន្ថែមទៀត ដោយស្នាក់នៅក្នុងសាលារៀន ព្រោះគ្រួសារគ្មានលទ្ធភាពជួលផ្ទះឲ្យនោះទេ។
រៀនបានត្រឹមតែ២ឆ្នាំ យុវជន ឈីម ក៏បានសម្រេចចិត្តធ្វើការផ្លាស់ប្ដូរទៅសិក្សាថ្នាក់ទី១២ នៅទីរួមខេត្តកំពង់ចាមវិញម្ដង។
ឡើងមករៀនទីរួមខេត្តគ្មានលុយជួលផ្ទះ មានតែស្នាក់នៅចេតិយជាមួយព្រះសង្ឃ
មនុស្សមួយចំនួនគ្រាន់តែឮពាក្យថា “ចេតិយ” ប្រហែលជាមានការខ្លាចរអា គ្មានអ្នកណាហ៊ានដើរកាត់នៅពេលយប់ផងក៏មិនដឹង។ ផ្ទុយទៅវិញ សម្រាប់យុវជន ឈីម ដែលមានប្រភពពីកូនកសិករ ធ្លាប់លំបាក និងឆ្លងកាត់ការងារអ្នកស្រែចម្ការសព្វបែបយ៉ាងនោះ បានក្រាបថ្វាយបង្គំសុំផ្ញើខ្លួន ស្នាក់នៅក្នុងចេតិយជាមួយព្រះសង្ឃ គឺនៅវត្តជ្រោយថ្ម ហើយបន្តរៀនរហូតប្រលងជាប់ថ្នាក់ទី១២ ស្ទើរមិនគួរឲ្យជឿ។
ទើបតែជាប់ថ្នាក់ទី១២សោះ តែមានសមត្ថភាពអាចរកការងារបានធ្វើយ៉ាងឡូយ
ដោយសារតែជីវភាពគ្រួសារនៅតែខ្វះខាត ក្រោយចប់ថ្នាក់ទី១២ យុវជនដែលមានស្រុកកំណើតនៅស្រុកអូររាំងឳរូបនេះ បានដើរស្វែងរកការងារនៅក្នុងខេត្តកំពង់ចាមរហូតជាប់ជាបុគ្គលិកនៅក្រុមហ៊ុនឯកជនមួយ ដោយទទួលបានប្រាក់ខែជាង១០០ដុល្លារក្នុងមួយខែ។
លុយប្រាក់ខែដែលបើកបាននោះ រូបគេត្រូវចាយវាយខ្លួនឯងផង និងសន្សំទុកបង់ថ្លៃសាលាផង មួយខែៗចាយផិតផើយៗ ស្ទើរតែមិនគ្រប់។ ទោះបីជាបានការងារធ្វើ ទាំងមិនទាន់រៀនចប់សាកលវិទ្យាល័យមែន តែយុវជនមានឆន្ទៈតស៊ូក្នុងការសិក្សារូបនេះមិនបានបោះបង់ការសិក្សារបស់ខ្លួនទេ។ រូបគេក៏បានចូលរៀនបន្តនៅសាកលវិទ្យាល័យមួយនៅខេត្តកំពង់ចាមផងដែរ។
លើកទី១ឡើងមកទីក្រុង ព្រោះចង់ស្គាល់ភ្នំពេញ
និយាយដល់ចំណុចនេះ យុវជន ឈីម បានរៀបរាប់ទាំងអស់សំណើចថា៖ “កាលហ្នឹង ហេតុតែចង់ស្គាល់ទីក្រុងភ្នំពេញពេក ខ្ញុំក៏បានជិះឡានឈ្នួលឡើងមកតែម្នាក់ឯង។ ភ្នំពេញពិតជាឡូយដូចជាគេថាមែន តែពេលនោះ ខ្ញុំមិនបានជាន់ដីភ្នំពេញបានយូរទេ។ ប៉ុន្មានម៉ោងក្រោយបន្ទាប់ពីទៅដល់ ខ្ញុំក៏ជិះឡានទៅខេត្តខ្ញុំវិញទៅ” ។
យុវជនរូបនេះបន្ថែមថា នៅចំពោះមុខបញ្ហាប្រឈមទាំងអស់នេះ “លុយជាប់ខ្លួនក៏គ្មានច្រើន បងប្អូននៅភ្នំពេញក៏គ្មាន ហើយទិដ្ឋភាពក្រុងភ្នំពេញ ដែលខ្ញុំស្រមៃចង់ឃើញនោះ ក៏បានសម្រេចដូចបំណងដែរ អញ្ចឹងហើយមានតែឡើងឡានឈ្នួលទៅវិញហ្មងទៅ”។
មានតែលុយ៧០ដុល្លារ និងម៉ូតូ Smash មួយគ្រឿង ដាច់ចិត្តផ្សងព្រេងមកភ្នំពេញ
ធ្វើការងារផង រៀនផងបានត្រឹមឆ្នាំទី៣ នៅឯខេត្តកំពង់ចាម យុវជនដែលមានក្ដីស្រមៃមោះមុតរូបនេះ បានសម្រេចចិត្តថា នឹងឡើងមកស្វែងរកការងារធ្វើ ហើយរៀនបន្តនៅទីក្រុងភ្នំពេញ ក្នុងឆ្នាំទី៤ ឯសាកលវិទ្យាល័យន័រតុន។
ទីបំផុតខ្សែជីវិតរបស់យុវជន ឈីម ត្រូវបានរសាត់អណ្ដែតមកដល់ទីក្រុងភ្នំពេញ ជាមួយនឹងលុយជាប់ខ្លួនចំនួនតែ៧០ដុល្លារ ខោអាវមួយបង្វេច និងម៉ូតូមួយគ្រឿងតែប៉ុណ្ណោះ។ “គួរឲ្យអាណិតជីវិតក្មេងវត្ត មកពីជនបទ កម្សត់ទ្រព្យា…” នេះជាឃ្លាមួយក្នុងបទចម្រៀង “ជីវិតក្មេងវត្ត” ប៉ុន្តែវាក៏បានឆ្លុះបញ្ចាំងពីតថភាពពិតនៃជីវិតរបស់ ឈីម ដែលធ្លាប់បានឆ្លងកាត់នូវរសជាតិនៃការស្នាក់នៅវត្ត ហូបបាយវត្ត ផ្ញើខ្លួនជាមួយព្រះសង្ឃស្រដៀងទៅនឹងអត្ថន័យ នៅក្នុងបទចម្រៀងដ៏កម្សត់មួយបទនេះដែរ។
ខ្លួនមួយម្នាក់ឯង មានលុយត្រឹម៧០ដុល្លារជាប់ខ្លួន មានលុយឯណាទៅជួលផ្ទះនៅដូចគេ ហេតុនេះហើយ ទើបពេលចូលមកដល់ទីក្រុងភ្នំពេញលើកនេះ រូបគេនៅតែគ្មានជម្រើសអ្វី ក្រៅពីស្នាក់នៅវត្តបណ្ដោះអាសន្នសិនតែប៉ុណ្ណោះ។
ពេលយប់ដេកនៅវត្ត ពេលថ្ងៃសម្រុកដើរដាក់ CV គ្រប់កន្លែងជាប់មូយណាធ្វើមួយហ្នឹង
លុយ ៧០ដុល្លារកាន់តែខើចទៅហើយ បើមិនដើរស្វែងរកការងារឲ្យទាន់ពេលវេលាទេ ច្បាស់ជាដាច់បាយជាមិនខានឡើយ។ ហេតុនេះហើយ ខណៈពេលដែលស្នាក់នៅវត្ត មួយថ្ងៃៗ យុវជនរូបនេះគ្មានគិតអ្វី ក្រៅតែពីកាន់ CV ដើរដាក់តាមក្រុមហ៊ុនដែលគេកំពុងតែត្រូវការបុគ្គលិកនោះទេ។ ឈីម បាននិយាយថា៖ “កាលហ្នឹង ខ្ញុំយក CV ទៅដាក់តាមក្រុមហ៊ុនផ្សេងៗ ក្នុងមួយថ្ងៃៗ មិនក្រោម១០កន្លែងទេ លៃយ៉ាងណាឲ្យតែបានការងារធ្វើ ខ្ញុំលែងគិតអីហើយ”។
ទីបំផុត យុវជនកម្សត់ តស៊ូមិនរុញរារូបនេះ ក៏ត្រូវបានគេជ្រើសរើសឲ្យចូលបម្រើការងារនៅក្នុងក្រុមហ៊ុនឯកជនមួយដោយជោគជ័យ។
ផ្លាស់ប្ដូរកន្លែងការងារជាបន្តបន្ទាប់ដើម្បីបានបទពិសោធន៍ថ្មីៗ និងប្រាក់ខែខ្ពស់ជាងមុន
ការធ្វើការងារនៅមួយកន្លែង មិនមែនជាអ្វីដែល យុវជន ឈីម ចង់បានទេ។ ហេតុនេះហើយ ទើបរូបគេបានផ្លាស់ប្ដូរកន្លែងការងារពីមួយទៅមួយ ទាំងគ្មានការស្ទាក់ស្ទើរ បំណងគឺដើម្បីទទួលបាននូវបទពិសោធន៍ថ្មីៗ រួមទាំងប្រាក់ខែបានច្រើនជាងមុនផង។ ជាក់ស្ដែងក្នុងរយៈពេលជិត២ឆ្នាំតែប៉ុណ្ណោះ រូបគេបានផ្លាស់ប្ដូរការងារពីរ បីកន្លែង។ ជាការកត់សម្គាល់ជាក់ស្ដែង អ្វីដែលទទួលបាន ពីការបោះជំហានទៅមុខជាលំដាប់ឥតឈប់ឈររបស់ខ្លួននេះ គឺរូបគេបានទទួលនូវបទពិសោធន៍កាន់តែច្រើន ចំណែកឯប្រាក់ខែវិញក៏មិនអន់ដែរ។
ឆ្លងកាត់របត់ការងារប៉ុន្មានកន្លែងនោះមក ឈីម អាចក្ដាប់បាននូវតួនាទីខ្ពស់ៗ នៅក្នុងក្រុមហ៊ុនដែលខ្លួនធ្វើការ ជាមួយនឹងប្រាក់ខែសមរម្យមួយចន្លោះពី ៧០០ដុល្លារ ទៅ៨០០ដុល្លារឯណោះក្នុងមួយខែ។
គំនិតអាជីវកម្មផុសឡើង ខណៈដែលខំសន្សំលុយពីធ្វើការបានខ្លះ
បន្ទាប់ពីការខិតខំប្រឹងប្រែង ធ្វើការងារយ៉ាងលំបាក និងសន្សំលុយយ៉ាងត្បិតត្បៀត យុវជនដែលមានសមត្ថភាពរូបនេះ បានកំណត់គោលដៅដែលត្រូវដើរយ៉ាងច្បាស់ថា នឹងត្រៀមខ្លួនបើកអាជីវកម្មផ្ទាល់ខ្លួនមួយ។ មិនបង្អង់យូរ គ្រាន់តែគិតភ្លាម ក៏ចាប់ផ្ដើមធ្វើភ្លែតតែម្ដង ដូចអ្វីដែលបានគ្រោងទុកមែន។ បទពិសោធន៍ធ្វើការងារបួនប្រាំឆ្នាំ បូករួមទាំងចំណេះដឹងដែលខ្លួនទទួលបានពីសាលាផង ទីបំផុតផែនការអាជីវកម្មដែល ឈីម គិតនោះបានផុសឡើងចេញជារូបរាងពិតមែន នោះគឺការបើកអាជីវកម្មលក់កាហ្វេចល័តឈ្មោះថា “Mobile Coffee” ដែលជាការច្នៃប្រឌិតថ្មី និងមិនធ្លាប់មានអ្នកណានឹកឃើញធ្វើពីមុនមកឡើយ។
សព្វថ្ងៃលោក ឈីម គឺជាអ្នកគ្រប់គ្រង និងជាអ្នកដែលរកឃើញគំនិតបើកលក់ Mobile Coffee (Founder & Head of Business Development) ដែលមានបុគ្គលិកធ្វើការចំនួន៤៥នាក់ និងរ៉ឺម៉កកង់បីចល័តចំនួន២០គ្រឿង កំពុងតែប្រតិបត្តិការលក់កាហ្វេចល័តរបស់ខ្លួនយ៉ាងមមាញឹក រៀងរាល់ថ្ងៃសឹងរកពេលទំនេរគ្មាន។ ហើយបុគ្គលិកដែលធ្វើការនៅទីនោះ ភាគច្រើនពួកគាត់ គឺជានិស្សិតឆ្នាំទី១ ទី២ ដែលមានជីវភាពខ្វះខាត និងអ្នកដែលកំពុងតែស្វែងរកការងារធ្វើ។
សព្វថ្ងៃ កាហ្វេដែលច្នៃប្រឌិតក្រោមស្នាដៃកូនខ្មែរ រសជាតិឈ្ងុយឆ្ងាញ់ និងមានការតុបតែងគួរឲ្យទាក់ទាញបែបខ្មែរនេះ កំពុងតែត្រូវបានអតិថិជន ទាំងភ្ញៀវខ្មែរ និងបរទេស គាំទ្រយ៉ាងខ្លាំង។ អតិថិជនខ្លះ ក៏ចូលមកទិញផ្ទាល់ ខ្លះទៀតក៏ធ្វើការកុម្ម៉ង់ទៅញ៉ាំដល់កន្លែងធ្វើការ មិនដែលលស់ថ្ងៃទេ ជាហេតុធ្វើឲ្យកាហ្វេរបស់លោក ឈីម លក់ដាច់ក្នុងមួយថ្ងៃៗ មិនក្រោម១ពាន់កែវទេ ដោយក្នុងមួយកែវមានតម្លៃចាប់ពី៣០០០ពាន់រៀល ទៅ៣៥០០រៀល។
បើទោះបីជាអាជីវកម្មរបស់ខ្លួនមានការរីកចម្រើនយ៉ាងឆាប់រហ័សក្នុងរយៈពេលដ៏ខ្លីក៏ដោយ តែយុវជន ឈីម និយាយថា អាជីវកម្មលក់កាហ្វេនេះ ដំណើរការបានរហូតមកដល់សព្វថ្ងៃ គឺដោយសារតែមានការគាំទ្រពីអតិថិជនទាំងអស់។ នេះពិតជាធ្វើឲ្យលោកសប្បាយចិត្តខ្លាំងណាស់ ប៉ុន្តែជោគជ័យមួយទៀតដែលវិសេសវិសាលបំផុតក្នុងជីវិតរបស់ខ្លួននោះ ឈីម បែរជាថ្លែងថា៖ ”កាលដែលខ្ញុំអាចនាំម្ដាយឪពុករបស់ខ្ញុំពីស្រុកកំណើតមករស់នៅជុំគ្នានៅភ្នំពេញនេះ ទើបជាមោទនៈភាពពិតប្រាកដរបស់ខ្ញុំ រកអ្វីប្រៀបផ្ទឹមពុំបានឡើយ”។
ហេតុអ្វីបានជា Mobile Coffee វាយលុកទីផ្សារបានលឿនយ៉ាងនេះ?
លើកឡើងពីចំណុចមួយនេះ លោក ឈីម បានគូសបញ្ជាក់ប្រាប់ថា កាហ្វេចល័តរបស់លោក ទើបតែចាប់ផ្ដើមនៅដើមឆ្នាំ២០១៤នេះតែប៉ុណ្ណោះ ប៉ុន្តែមុននឹងសម្រេចចិត្តចោលការងារ ហើយមកបើកអាជីវកម្មខ្លួនឯងនេះ លោកបានថ្លឹងថ្លែង ក៏ដូចជាសរសេរគម្រោងអាជីវកម្ម និងធ្វើការសិក្សាទៅលើទីផ្សារលក់កាហ្វេទៅឃើញថា គំនិតអាជីវកម្មច្នៃប្រឌិតមួយនេះអាចនឹងទទួលបានជោគជ័យ ខណៈពេលដែលប្រជាពលរដ្ឋខ្មែរ ពួកគាត់ក៏ចូលចិត្តនូវអ្វីដែលជាការច្នៃប្រឌិតថ្មី ហើយមិនចម្លងពីគេ។ ផ្ទុយទៅវិញ លោកបន្ថែមទៀតថា៖ “ខ្ញុំជឿថា រាល់អាជីវកម្មដែលព្យាយាមចម្លងពីគេ ហើយយកមកធ្វើជារបស់ខ្លួនឯង ច្បាស់ជាមិនអាចឈរជើងបានយូរនោះទេ”។
មួយវិញទៀត ម្ចាស់កាហ្វេវ័យក្មេងដដែលរូបនេះ បានចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនថា៖ “បើសិនជាចង់បើកអាជីវកម្មមួយឲ្យទទួលបានជោគជ័យ ទាមទារឲ្យមានការរៀបចំគម្រោងអាជីវកម្ម (Business Plan) ទុកជាមុន។ ត្រូវសិក្សាទៅលើទីផ្សារ ដើមទុន គោលដៅអតិថិជន ផលិតផលត្រូវចិត្តអតិថិជន រួមផ្សំទាំងទីតាំងផងដែរ។ ជាពិសេស លោកសង្កត់ធ្ងន់ទៀតថា៖ “មិនត្រូវធ្វើអ្វីដែលចម្លងពីគេមកទាំងដុលនោះទេ ព្រោះការដែលធ្វើបែបនេះ អ្នកអាចយកបានតែសម្បកក្រៅប៉ុណ្ណោះ តែមិនអាចចម្លងរសជាតិឲ្យដូចគេបានទេ”៕
តើមិត្តអ្នកអាន យល់យ៉ាងណាដែរ ចំពោះខ្សែជីវិតតស៊ូរបស់សហគ្រិនវ័យក្មេងរូបនេះ?
ប្រភព: sabay
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!