ពាក្យ​រិះគន់​ដែល​គ្រប់​ដណ្ដប់​​​​​​​ក្រោយ​ការ​ប្រលង​បាក់​ឌុប​​ ​ពេល​​នេះ​​ដូច​ជា​ស្ងាត់

 
 

ដំណើរ​ការ​​សំណេរ​​សម្រាប់​​ការ​ប្រលង​សញ្ញាបត្រ​​មធ្យម​សិក្សា​ទុតិយភូមិ​ (បាក់​ឌុប​) ​បាន​​​បិទ​បញ្ចប់​ជា​ស្ថាពរ​ហើយនៅ​ថ្ងៃ​នេះ​​​​ ​​ជា​​មួយ​នឹង​ពាក្យ​​គាំទ្រ​រាល់​​សកម្មភាព​ទាំង​ឡាយ​​​​​ក្នុង​រយៈ​ពេល​ពីរ​ថ្ងៃ​មក​នេះ​​​​​​ ​​​​​ពី​អង្គការ​សង្គម​ស៊ីវិល​ ឪពុក​ម្ដាយ​ និង​​អាណាព្យាបាល​​​ ​​​ច្រើន​​ជាង​​ពាក្យ​​​​រិះ​គន់​ ដែល​តែង​តែ​​​គ្រប​ដណ្ដប់​នៅ​ក្រោយ​ចប់​​ការ​ប្រលង​ម្ដង​ៗ។​

លោក​ រ៉ុង​ ឈុន​ ប្រធាន​​សមាគម​គ្រូ​បង្រៀន​​​កម្ពុជា​ឯករាជ្យ​ បាន​​​​ចាត់​ទុក​ការ​ប្រលង​ឆ្នាំ​​នេះ​​មាន​​ភាព​​ល្អ​ប្រសើរ​ បើ​ប្រៀប​ធៀប​នឹង​ឆ្នាំ​មុន។​​​​ ក្នុង​នោះ​​​មាន​ការ​លុប​​បំបាត់​ការ​​រ៉ៃ​លុយ​ឲ្យ​គ្រូ​​ ការ​យក​​សំណៅ​​ឯកសារ​ និង​ឧបករណ៍​អេឡិច​ត្រូ​និច​ចូល​​​​បន្ទប់​ប្រលង​ជា​ដើម​។​​ ប៉ុន្តែ​​​ទន្ទឹម​គ្នា​នោះ​ភាព​មិន​ប្រក្រតី​មួយ​ចំនួន​​ក៏​​កើត​មាន​ឡើង​ដែរ​ ដូច​ជា​មន្ត្រី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​​អនុវត្ត​​តួនាទី​ខ្លួន​​ហួស​ដែន​​សមត្ថកិច្ច​​ ការ​​មើល​គ្នា​ ក្នុង​ពេល​ប្រលង​ ការ​រក​ឃើញ​​បេក្ខជន​ប្រលង​ជំនួស​ និង​ការ​វាយ​អ្នក​សង្កេត​ការមក​​ពី​អង្គភាព​ប្រឆាំង​​អំពើ​ពុក​​រលួយ​។​

លោក​បាន​បន្ថែម​ទៀត​​​​ថា​ សមាគម​កំពុង​ធ្វើ​ការ​​​ស៊ើប​អង្កេត​​​​​ ​លើ​មុខ​វិជ្ជា​​គីមី​វិទ្យា​ និង​ប្រវត្តិ​វិទ្យា​ ដែល​​មាន​​ការ​អះអាង​​ពី​ប្រភព​ខ្លះ​ថា​​ បែក​ធ្លាយ​។​ “សមាគម​កំពុង​​ធ្វើ​​ការ​ផ្ទៀង​ផ្ទាត់​លើ​មុខ​វិជ្ជា​ ដែល​​សង្ស័យ​ថា​បែក​ធ្លាយ​។ ហើយ​ប្រសិន​បើ​រក​ឃើញ​​បែក​​មែន​ យើង​​នឹង​​ធ្វើ​សំណើ​ទៅ​​ក្រសួង​អប់រំ​”​។

ទន្ទឹម​​គ្នា​​នេះ​ដែរ​ លោក សន ជ័យ​ មន្ត្រី​សម្រប​សម្រួល​បណ្ដាញ​រួបរួម ​ដើម្បី​គណនេយ្យភាព​សង្គម ​ប្រចាំ​អាស៊ី​បូព៌ា​ ក៏​បាន​​​​​​​មើល​​ឃើញ​​ពី​ភាព​ល្អ​ប្រសើរ​​​ជាង​ឆ្នាំ​មុន​ផង​ដែរ​​ បើ​ទោះ​ជា​​​ភាព​អសកម្ម​តិច​តួច​​​បាន​កើត​ឡើង​អំឡុង​ពេល​ប្រលង​ខ្លះៗ​ក្ដី​​​។​ ប៉ុន្តែ​លោក​ សន​ ជ័យ​ បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​ពី​ភាព​មិន​ប្រក្រតី​​អាច​កើត​​មាន​ឡើង​ ក្នុង​អំឡុង​ការ​​ធ្វើ​កំណែ​វិញ្ញាសា​ និង​​ការ​បូក​ពិន្ទុ​ ខណៈ​ដំណើរ​ទាំង​នេះ​អាច​​​គ្មាន​​អ្នក​សង្កេត​ការ​​ចូល​រួម​ច្រើន​។ “​បើ​សិន​ជា​ករណី​នេះ​អាច​កើត​​មាន​​ឡើង​មែន​​នោះ​​ វា​​នឹង​​​ធ្វើ​​ឲ្យ​ការ​ប្រឹង​ប្រែង​ពីរ​ថ្ងៃ​កន្លង​មក​នេះ​ ទទួល​បរាជ័យ​។ដូច្នេះ​ការ​​ត្រួត​ពិនិត្យ​​ជាក់​លាក់​មួយ​ត្រូវ​​តែ​​​អនុវត្ត​​ឲ្យ​មាន​​ប្រសិទ្ធភាព​​”។

លោក​ រស់​  សាលី​ អ្នក​​នាំ​ពាក្យ​ក្រសួង​អប់រំ​យុវជន​ និង​កីឡា​បាន​​​ប្រាប់​ Sabay នៅ​មុន​នេះ​ថា​​ ដំណើរ​​ការ​ប្រលង​ ទាំង​បេក្ខជន ​និង​មន្ត្រី​អប់រំ​ បាន​អនុវត្ត​​តាម​បទ​បញ្ជា​​យ៉ាង​ល្អ​ប្រសើរ​​​​​ ទាំង​​ផ្នែក​​បច្ចេកទេស​ និង​ផ្នែក​​រដ្ឋបាល។ លោក​ថា ​​ភាព​ជោគជ័យ​​ទាំង​នេះ​ទទួល​បាន​ការ​ស្វាគមន៍​ពី​អង្គការ​សង្គម​ស៊ីវិល​ ឪពុក​ម្តាយ​​ និង​​អាណាព្យាបាល​សិស្ស​យ៉ាង​ច្រើន​កុះករ​។​

បើ​តាម​លោក រស់​ សាលីន ជា​បឋម​មាន​បេក្ខជន​​ចំនួន​៤​នាក់ត្រូវ​បាន​ឃាត់​ខ្លួន​ ក្នុង​​ខេត្ត​ចំនួន​ពីរ​ មាន​ខេត្ត​ស្វាយរៀង​ ​ពីរ​នាក់​និង​ខេត្ត​កណ្តាល​ចំនួន​ពីរ​នាក់​ ទាក់​ទង​នឹង​ការ​បន្លំ​ខ្លួន​ប្រលង​ជំនួស​។ ចំណែក​ម្នាក់​ទៀត​ក៏​ត្រូវ​បាន​​សមត្ថកិច្ច​ចាប់​ខ្លួន​ដែរ​​ ពាក់​ព័ន្ធ​នឹង​ការ​វាយ​តប់​ទៅ​លើ​អ្នក​សង្កេត​ការ​​​មក​ពី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​។

ឆ្លើយ​តប​ទៅ​​នឹង​ការ​ព្រួយ​បារម្ភ ​របស់​មន្ត្រី​អង្គការ​សង្គម​​ស៊ីវិល​​ទាក់​ទង​នឹង​​ដំណើរ​​ការ​នៃ​ការ​កែ​ និង​ដាក់​​​ពិន្ទុ​ ដែល​អាច​មាន​​ការ​ប្រព្រឹត្តិ​អំពើ​ពុក​​រលួយ ​ត្រូវ​បាន​លោក​ រស់​ សាលីន​ បញ្ជាក់​ថា នឹង​មិន​អាច​កើត​មាន​​ឡើង​បាន​ឡើយ​ ព្រោះ​ក្នុង​ដំណើរ​នេះ​ក៏​មាន​​មន្រ្តី​មក​ពី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​តាម​ដាន​​ផង​ដែរ។ ម្យ៉ាង​​ក្រសួង​អប់រំ​បាន​ជ្រើស​រើស​សាស្ត្រាចារ្យ ដែល​មាន​ក្រម​សីលធម៌​ និង​វិជ្ជាជីវៈ​ខ្ពស់​ចូល​​រួម​​ក្នុង​ដំណើរ​ការ​ខាង​លើ​នេះ ខណៈ​​គ្រូ​មក​ធ្វើ​កំណែ​លើ​វិញ្ញាសា​​ជា​មនុស្ស​ផេ្សង​​គ្នា​​ ព្រម​​ទាំង​​គ្រប់​​សន្លឹក​​កិច្ច​ការ​សិស្ស​​ត្រូវ​បាន​កាត់​ក្បាល​ចេញ​ទាំង​អស់​​​ ដូច្នេះ​គ្មាន​ជា​ដាច់​ខាត​​ការ​ប្រព្រឹត្តិ​អំពើ​ពុក​រលួយ​៕

ប្រភព​:sabay


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម