មន្ត្រីកសិកម្ម៖ ក្រសួងមិនចង់ឲ្យពលរដ្ឋបាញ់ថ្នាំគីមីពុល លើបន្លែឡើយ
សារធាតុគីមីលើបន្លែបានក្លាយជាប្រធានបទមួយដែលមានការឆ្លើយឆ្លងជាហូរហែពីសំណាក់អ្នកលក់បន្លែ អ្នកទិញ ក៏ដូចជាស្ថាប័នពាក់ព័ន្ធ។ ឆ្លើយឆ្លងព្រោះថា ភាគច្រើនពលរដ្ឋតែងតែចង់បរិភោគបន្លែផ្លែឈើ ដែលពុំមានសារធាតុពុល ខណៈអ្នកដាំអាចនឹងប្រើប្រាស់បរិមាណថ្នាំគីមីពុលតិច ឬច្រើនដើម្បីកុំឲ្យមានសត្វល្អិតលើដំណាំ និងបន្លែបង្ការរបស់ខ្លួន។
ប្រាប់Khmerload នាថ្ងៃទី០៩មករា លោកស្រី ពុទ្ធី អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបកស្រាយថាក្រសួងមិនចង់ឲ្យកសិករប្រើប្រាស់ថ្នាំគីមីលើបន្លែឡើយ។ មិនចង់ព្រោះថា វិធីសាស្រ្តដើម្បីកុំឲ្យមានសត្វល្អិតលើពពួកបន្លែទាំងនោះ គេអាចមានបច្ចេកទេសដោយប្រើលក្ខណៈធម្មជាតិ។ លោកថា ក្រសួងកំពុងណែនាំបណ្តើរៗពីវិធានទំនើបដូចជា ដូចជាការប្រើប្រាស់ផ្ទះសំណាញ់លើបន្លែស្ពៃជាដើម ដោយមិនចាំបាច់ប្រើប្រាស់ថ្នាំគីមីពុលច្រើនឡើយ។ ហើយមន្ត្រីជំនាញ នឹងជួយពន្យល់ពីរបៀបការពារសត្វល្អិត និងដង្កូវផងដែរ។
បើទោះជាបែបនេះក្តី អ្នកនាំពាក្យរូបនេះបន្ថែមថា៖ «ក្រសួងទទួលស្គាល់ថា ខ្លួននៅតែមានបញ្ហាប្រឈមខ្លះៗ ក្នុងការជួយដល់កសិករព្រោះថា កន្លងមកក្រសួងមានសមាសភាពដែលអាចឆ្លើយតបទៅនឹងតម្រូវការរបស់កសិករបានតែ១/៤(មួយភាគបួន) នៃចំនួនកសិករសរុបប៉ុណ្ណោះ ព្រោះលទ្ធភាពក្រុមការងារ និងថវិការបស់ក្រសួងនៅមានកម្រិត»។
ហើយថាការពិតទៅ កន្លងមករដ្ឋាភិបាលបានផ្តល់ថវិកាជាតិមកឲ្យក្រសួងច្រើនដែរតែមិនទាន់ឆ្លើយតបទៅនឹងចំនួនកសិករដែលមានប្រហែលជាង៤លាននាក់នៅឡើយ ដែលជាហេតុធ្វើឲ្យក្រសួងជួយអន្តរាគមន៍ជួយកសិករបានមិនទាន់គ្រប់។
លោកស្រី ពុទ្ធីបង្ហើបថា តាមផែនការរបស់ក្រសួងពីឆ្នាំ២០១៩ - ២០២៣ ក្រុមការងារក៏កំពុងរៀបចំប្រព័ន្ធគម្រោងជួយបច្ចេកទេសទំនើបដល់កសិករផងដែរ។លើសពីនេះ ក្រសួងមានគម្រោងដោះស្រាយបញ្ហារបស់កសិករក្នុងវិស័យកសិកម្ម ដាំដុះ ព្រៃឈើជលផល និងចិញ្ចឹមសត្វជាដើម ដោយប្រើធនធានរបស់រដ្ឋ និងដៃគូរអភិវឌ្ឍ ដែលអាចមានជាជំនួយបច្ចេកទេសដាំដុះទំនើប ធននឹងអាកាសធាតុ កាត់បន្ថយការប្រើថ្នាំពុល។
ជាការកត់សម្គាល់ បន្លែបង្ការមិនតិចជាង៦០% ត្រូវបានគេមើលឃើញថាបន្តនាំចូលពីប្រទេសជិតខាងដើម្បីមកបំពេញតម្រូវការឲ្យប្រជាពលរដ្ឋក្នុងស្រុក។ ក្នុងនោះ ពលរដ្ឋបន្តរិះគន់ថាបន្លែផ្លែឈើទាំងនោះសម្បូរទៅដោយសារធាតុគីមី ប៉ុន្តែពួកគេនៅតែបន្តបរិភោគដោយសំអាងថាគ្មានជម្រើស។ ចំណែកកសិករមួយចំនួនអះអាងថា បន្លែផ្លែឈើដាំបែបធម្មជាតិ ពេលបានផលបែរជាគ្មានទីផ្សារ។
គួររំឭកថា រយៈកាលកន្លងមកមានព័ត៌មានរិះគន់ច្រើនគួរឲ្យកត់សម្គាល់ដែរ ទៅលើក្រសួងកសិកម្មថាមានភាពស្ពឹកស្រពន់រឿងជំនួយបច្ចេកទេស និងការណែនាំនានាដល់កសិករនៅតាមបណ្តាខេត្ត។ដោយការរិះគន់មួយចំនួនបានធ្វើការប្រៀបធៀបថារដ្ឋាភិបាលកម្ពុជា មានកម្រិតនៃការគាំទ្រលើកសិករមិនទាន់ពេញលេញដូចប្រទេសជិតខាងនៅឡើយ។ យ៉ាងណា មន្ត្រីរដ្ឋាភិបាលបានចេញមុខបកស្រាយជាបន្តបន្ទាប់អំពីការប្រឹងប្រែងរបស់ខ្លួន ដើម្បីឲ្យមានតុល្យភាពរវាងតម្រូវការពលរដ្ឋ និងលទ្ធភាពរបស់ស្ថាប័ន៕
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!