ពង្រឹង​ការិយាល័យ​ទំនាក់ទំនង​ព្រំដែន កម្ពុជា​-​ថៃ ឲ្យ​កាន់តែ​ប្រសើរ​

 
 

បន្ទាយមានជ័យ: នាយករង​ទីចាត់ការ ការងារ​ព្រំដែន អគ្គបញ្ជាការ បាន​ជំរុញ​មន្ត្រី​ការិយាល័យ និង​ក្រុមការងារ​ទំនាក់ទំនង​ព្រំដែន កម្ពុជា​-​ថៃ ទាំង​២៤​ច្រក ដែល​ស្ថិតនៅតាម​ខ្សែបន្ទាត់​ព្រំដែន​ជាមួយ​ថៃ ត្រូវ​បន្ត​ធ្វើជា​អ្នកការទូត បង្កើន​ទំនាក់ទំនង​ល្អ នៅ​មូលដ្ឋាន​ព្រំដែន ទោះជា​សភាពការណ៍​ផ្ទៃក្នុង​ថៃ និង​នៅ​ព្រំដែន​ថៃ​-​កម្ពុជា ប្រែប្រួល​ក្រឡាប់ចាក់​យ៉ាងណាក្តី​។​   
​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ពេជ្រ វណ្ណា នាយករង​ទីចាត់ការ ការងារ​ព្រំដែន អគ្គបញ្ជាការ និង​ជា​ប្រធានការិយាល័យ​ទំនាក់ទំនង​ព្រំដែន កម្ពុជា​-​ថៃ បានលើកឡើង​បែបនេះ កាលពី​ថ្ងៃទី​១ ខែសីហា ឆ្នាំ​២០១៤ ខណៈពេល​លោក​បាន​ចូលរួម ក្នុង​កិច្ចប្រជុំ​បូកសរុប លទ្ធផល​ការងារ ឆមាស​ទី​១ និង​ទិសដៅ​ឆមាស​ទី​២ ឆ្នាំ​២០១៤ របស់​ការិយាល័យ​ទំនាក់ទំនង​ព្រំដែន កម្ពុជា​-​ថៃ​។​
​លោក​បាន​និយាយថា​: ទោះ​សភាពការណ៍ ក្នុងប្រទេស​ថៃ និង​នៅតាម​ព្រំដែន​មិនល្អ មិន​អំណោយផល​យ៉ាងណាក្តី ក៏​តួនាទី​មន្ត្រី​ការិយាល័យ និង​ក្រុមការងារ​ទំនាក់ទំនង​ព្រំដែន កម្ពុជា​-​ថៃ បន្តធ្វើ​អោយ​ល្អ និង​រឹតតែ​ជិតស្និទ្ធ​។ នេះ​ជាការ​ណែនាំ​របស់​ថ្នាក់លើ​។ ពោលគឺ​ទំនាក់ទំនង សម្របសម្រួល ដោះស្រាយ​ជូន​ពលរដ្ឋ និង​បម្រើ​ផល ប្រយោជន៍​យើង​។​
​យោង​របាយ​តាម​ការណ៍ ប្រចាំឆមាស​ទី​១ ឆ្នាំ​២០១៤ របស់​ការិយាល័យ​ទំនាក់ទំនង​ព្រំដែន កម្ពុជា​-​ថៃ អាន​ដោយ​លោក​វរសេនីយ៍ នេ​ត សំអាត អនុប្រធាន​ការិយាល័យ​នេះ បានអោយដឹងថា​: ទោះជា​ស្ថានការណ៍​នយោបាយ ក្នុងប្រទេស​ថៃ ត្រូវ​យោធា​ធ្វើ​រដ្ឋប្រហារ និង​ដាក់​អោយប្រើ ច្បាប់អាជ្ញាសឹក​ក្តី ក៏​ជារួម​សភាពការណ៍​ព្រំដែន ស្ងប់ស្ងាត់ សន្តិភាព ។ ប៉ុន្តែ​ភាគី​ថៃ នៅតែ​បន្ត​បង្កបញ្ហា ដូចជា ការរំលោភបំពាន ដាក់​មីន ដោះមីន ដាំ​របង រាយ​លួស​បន្លា (​នៅ​ជប់​គគីរ ថ្ម​ដូន ប្រាសាទ​តា​ក្របី អានសេះ ..) ទាមទារ​អោយ​ពលរដ្ឋ​ថៃ ធ្វើស្រែ​ក្បែរ​បង្គោល ព្រំដែន​លេខ​៤៣ ការហ្វឹកហ្វឺន កម្លាំង ប្រដាប់អាវុធ ដោយ​យន្តហោះ រថក្រោះ កាំភ្លើង​តូចធំ និង​បាញ់​គ្រាប់​ពិត នៅតាម​ព្រំដែន ហោះ ហើរ​រំលោភ​ដែនអាកាស និង​ឈ្លបយកការណ៍ តម្លើង​ផ្កាយ រណប​ចាប់​រូបភាព បាញ់​លើ​ទាហាន និង​បាញ់សម្លាប់ ឬ​បង្ក​ឲ្យ​របួស ពលរដ្ឋ​ស៊ីវិល គ្មាន​អាវុធ សាងសង់​លេណដ្ឋាន និង​សំណង់ រំលោភ​តំបន់​ព្រំដែន បិទ​ព្រំដែន​ជា​ឯកតោភាគី​...​។​ល​។​
​កិច្ចប្រជុំ​នោះ ក៏មាន​ការធ្វើ​បទ​អន្តរាគមន៍ ដោយ​លោក​ប្រធាន ក្រុមការងារ​ច្រក​ចាំ​យាម ច្រក​អានសេះ ច្រក​ជាំ និង​ច្រក​ម៉ាឡៃ​, លោក​អនុប្រធាន​ការិយាល័យ​ទិស​ទី​១ ព្រំដែន​ប្រាសាទព្រះវិហារ , លោក អាន វ​ណ្ណះ ប្រធាន​ទីស្នាក់ការ​ត្រួត​ពិនិត្យ ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត និង​លោក​វរសេនីយ៍​ស៊ឹម សំអាត នាយប៉ុស្តិ៍​នគរបាល​ច្រកទ្វារ អន្តរជាតិ​ប៉ោយប៉ែត ដែល​បង្ហាញ​ពី​ការលំបាក និង​ភាពងាយស្រួល ភាព​ឆ្លាត​វៃ​បត់បែន និង​ទទួលខុសត្រូវ សម្រេច​លទ្ធផល​ការងារ ។​ ​នៅក្នុង​ពិធី​នោះដែរ ក៏មាន​ការតែងតាំង ផ្លាស់ប្តូរ​ភារកិច្ច និង​តម្លើង​ឋានន្តរស័ក្តិ មន្ត្រី​ការិយាល័យ និង​ក្រុមការងារ ទំនាក់ទំនង​ព្រំដែន កម្ពុជា​-​ថៃ​មួយចំនួន​។​
​ចុងក្រោយ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ពេជ្រ វណ្ណា បាន​ផ្តាំផ្ញើ​ថា​: មន្ត្រី​ទាំងអស់ ត្រូវ​បង្កើន​ប្រពៃណី សាមគ្គីភាព​ផ្ទៃក្នុង ឯកភាព សហការ និង​ទទួលខុសត្រូវ អនុវត្តន៍​ការងារ អោយ​កាន់តែ​បាន​លទ្ធផល និង​ប្រសិទ្ធភាព​ថែមទៀត ពិសេស​គឺ​សហ​ការល្អ​នឹង​មន្ត្រី​ស៊ីវិល កងកម្លាំង និង​អ្នកពាក់ព័ន្ធ ក្នុងភូមិ​សាស្ត្រ​ប្រទេស​កម្ពុជា និង​សហប្រតិបត្តិការ​ជិតស្និទ្ធ​នឹង​ភាគី​ថៃ​៕
ប្រភពៈ everyday.com.kh

 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម