មតិយោបល់មួយចំនួនជុំវិញជម្លោះរវាងអ្នកសិល្បៈ
រាជធានីភ្នំពេញ ៖ មួយរយៈចុងក្រោយនេះជម្លោះក្នុងចង្កោមអ្នកសិល្បៈបានកើតមានឡើងជាបន្តបន្ទាប់ ដោយប្រើប្រាស់ហ្វេសប៊ុកជាវេទិកាវាយប្រហារគ្នាជាសាធារណៈ ។
ជម្លោះទាំងនោះត្រូវគេមើលឃើញថា ធ្វើឲ្យសង្គមសិល្បៈមានភាពស្រអាប់ពណ៌ ក្នុងពេលដែលអ្នកសិល្បៈខ្មែរទាំងនោះប្រើប្រាស់ពាក្យសម្តីមិនសមគួរ បូករួមជាមួយពាក្យអសុរោះហែកកេរ្តិ៍គ្នាជាសាធារណៈដោយមិនមានការលាក់លៀម ។
ចំណុចមួយនេះត្រូវភាគីពាក់ព័ន្ធ និងមហាជនមួយចំនួនស្តីបន្ទោស និងណែនាំឱ្យគ្រប់ភាគីជម្លោះគួរតែមានការអត់ធ្មត់ឱ្យបានច្រើន និងត្រូវរកវិធីដោះស្រាយតាមសន្តិវិធីក្នុងនាមខ្លួនជាបុគ្គលសាធារណៈ ។
អតីតប្រធានសមាគមសិល្បករខ្មែរលោកសុះ ម៉ាច កាលពីពេល ថ្មីកន្លងមកលើកឡើងថា ជម្លោះរវាងអ្នកសិល្បៈដែលបានកើតមានកន្លងមកនេះគឺបង្ហាញពីភាពបែកបាក់មួយដែលធ្វើឱ្យមហាជនមើលមកក្នុងផ្លូវអវិជ្ជមាន ។ អ្នកសិល្បៈមួយចំនួនយកហ្វេសប៊ុកធ្វើជាវេទិកាសាធារណៈក្នុងការឈ្លោះគ្នា ឬការប្តឹងផ្តល់គ្នានោះ គឺជាការបង្ហាញពីការបែកបាក់និងអាប់អួ ខណៈពេលដែលកន្លងមកមានអ្នកសិល្បៈមួយចំនួនទៀតខិតខំធ្វើ ល្អៗ និងជួយដល់សង្គមជាតិ ។
បើតាមលោកសុះ ម៉ាច តាមរយៈអំពើទាំងអស់នោះ អ្នកសិល្បៈចាស់ ថ្មីមួយចំនួនបានបង្ហាញនូវភាពអស់ជំងឿ ក្នុងពេលដែលអ្នកសិល្បៈអស់ទាំងនោះធ្វើឱ្យមានឈ្មោះអាក្រក់ដល់ពួកគាត់ដែលមិនពាក់ព័ន្ធ ។
លោកសុះ ម៉ាច អះអាងថា «យើងមិនចង់ឃើញអ្នកទាំងសិល្បៈបង្កជម្លោះជាមួយអ្នកសិល្បៈដូចគ្នា និងជាមួយមហាជនណាមួយដោយប្រើពាក្យពេចន៍អសុរោះនោះឡើយ ព្រោះវាបានធ្វើឱ្យបាត់បង់នូវតម្លៃសិល្បៈទាំងមូល ។
ខ្ញុំសូមស្នើឱ្យអ្នកសិល្បៈទាំងអស់ កុំយកបញ្ហាជម្លោះដោយប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាវេទិកាសាធារណៈ បើមានរឿងអ្វីគួររកវិធីដោះស្រាយតាមសន្តិវិធី ព្រោះយើងសុទ្ធតែស្ថិតនៅក្នុងចង្កោមតែមួយ» ។
ជាផលិតករជើងចាស់លោកមុត ថារី និយាយថា សង្គ្រាមពាក្យសំដីរបស់លោកអ្នកសិល្បៈកន្លងមកអាចថាជាការយល់ច្រឡំដោយស្តាប់គ្នាមិនបាន ហើយលោតតាមចង្វាក់ញាក់នៃការcomment តាមហ្វេសប៊ុក ។
លោកមុត ថារី និយាយថា «ខ្ញុំមិនសូវបានដឹងពីជម្រៅនៃជម្លោះនោះទេ តែខ្ញុំគ្រាន់តែសុំអំពាវនាវថា បើយើងមានសាមគ្គីភាព យើងអាចសម្រេចការងារគ្រប់យ៉ាងបាន ។ សូមទុករឿងផ្ទាល់ខ្លួនមួយឡែក ឈប់ហែកហួរគ្នាទៅមិនចំណេញទេ ។ ប្រសិនបើភាគីទាំងអស់នោះនៅតែបន្តការហែកហួរគ្នាទៀតនោះ វាអាចនឹងជះឥទ្ធិពលមួយយ៉ាងអាក្រក់ ដែលមហាជននឹងយល់ថា សង្គមសិល្បៈគឺប្រកបដោយភាពច្រណែនឈ្នានីសគ្នាជាមិនខានឡើយ» ។
រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈលោកថៃ នរៈសត្យា លើកឡើងថា ជម្លោះអ្នកសិល្បៈ និងអ្នកសិល្បៈនោះគឺមិនអាចប៉ះពាល់ដល់សិល្បៈទាំងមូលទេ ប៉ុន្តែវាប៉ះពាល់ដល់អ្នកសិល្បៈខ្លួនឯងផ្ទាល់ ។ នៅពេលដែលពួកគាត់យកបណ្តាញសង្គមហ្វេសប៊ុកធ្វើជាវេទិកាវាយបកតបតគ្នានោះ គឺច្បាស់ណាស់ ពួកគាត់ទាំងនោះបានយករឿងអាស្រូវទៅលាតត្រដាងប្រាប់មហាជនទូទៅដោយស្វ័យប្រវត្តិ នោះគឺជាកត្តាមួយមិនល្អឡើយ ។
បើតាមលោកថៃ នរៈសត្យា ថា«ហ្វេសប៊ុក គឺល្អហើយបើយើងចេះប្រើវា តែវាមិនល្អទេបើយើងមិនចេះប្រើវា វាអាចធ្វើឱ្យគេបែកបាក់ អាម៉ាស់មុខ តែអាចលើកមុខមាត់យើង ហើយវាក៏អាចទម្លាក់យើងបានដូចគ្នា ។
ខ្ញុំសូមឱ្យអ្នកសិល្បៈទាំងអស់កុំយល់ថា ហ្វេសប៊ុកគឺជាហ្វេសប៊ុក ត្រូវគិតថាហ្វេសប៊ុកមានតួនាទីជាអ្នកសារព័ត៌មាន ផ្សេងៗ ដូច្នេះអ្វីដែលយើងបានផ្សាយទៅនោះមិនមែនឃើញតែបុគ្គលតែម្នាក់នោះឡើយ គឺវារត់ទៅលើលំហអាកាសដែលមនុស្សទូទាំងពិភពលោកទទួលបានទាំងអស់ អ៊ីចឹងសូមប្រុងប្រយ័ត្ន ។
បើទោះបីជាបុគ្គម្នាក់ហ្នឹងយើងថាគាត់អាក្រក់ណាស់ ប៉ុន្តែមហាជនរាប់រយនាក់ក៏មិនយល់ស្របស្អប់ទៅតាមយើងដែរ ហើយបើបុគ្គលហ្នឹងយើងថាល្អ ក៏មនុស្សរាប់រយនាក់ទៀតក៏មិនយល់ថាល្អតាមយើងមួយរយភាគរយដែរ ។
ខ្ញុំសូមអំពាវនាវដល់អ្នកសិល្បៈទាំងអស់ឱ្យយល់បញ្ហានេះស៊ីជម្រៅ កុំយកបណ្តាញសង្គមហ្វេសប៊ុកជាវេទិកាហែកហួរគ្នា វាយប្រហារគ្នាដោយរឿងអាស្រូវ ព្រោះនោះមិនមែនជាវិធីដោះស្រាយដោយល្អនោះឡើយ» ។
ជាអ្នកតាមដានសិល្បៈម្នាក់លោកកែវ សំបូរ ផ្តល់យោបល់ថាមួយរយៈចុងក្រោយនេះលោកឃើញបញ្ហាជម្លោះអ្នកសិល្បៈកើតមានជាបន្តបន្ទាប់ តែលោកមិនអះអាងថា អ្នកណាខុស អ្នកណាត្រូវនោះឡើយ ។ ប៉ុន្តែយ៉ាងណាក៏ដោយក្នុងនាមលោកជាមហាជនមួយរូប លោកយល់ថា អ្នកសិល្បៈមិនគួរបង្កជម្លោះជាមួយគ្នា ដោយបើកចំហជាសាធារណៈឡើយ ព្រោះជាបុគ្គលសាធារណៈដែលមហាជនចាប់អារម្មណ៍ ។
អ្នកសិល្បៈគួរតែដើរតួនាទីជាអ្នកផ្តល់ការអប់រំ ការកម្សាន្ត ផ្សេងៗ និងអាចជាអ្នកជួយដល់សង្គមដើម្បីបំផុសមហាជនឱ្យយកធ្វើគំរូ ជាជាងបង្ក និងធ្វើសកម្មភាពមិនល្អ ផ្សេងៗនាំឱ្យជះឥទ្ធិពលមិនល្អដល់សង្គមសិល្បៈនិងសង្គមជាតិទាំងមូល ។
ការប្រើប្រាស់ពាក្យអសុរោះ បើជាអ្នកសិល្បៈដែលមានការគាំទ្រខ្លាំងនោះ គឺមិនត្រូវប្រើជាសាធារណៈឡើយ ព្រោះជាជនគំរូដល់មហាជនរាប់ម៉ឺននាក់ ។
ក្នុងនាមលោកជាអ្នកគាំទ្រសិល្បៈខ្មែរមួយរូប លោកកែវ សំបូរ សំណូមពរដល់អ្នកសិល្បៈមួយចំនួនដែលចូលចិត្តបង្កជម្លោះនោះឱ្យបញ្ឈប់ ឬក៏អាចប្រើប្រាស់វិធីណាមួយក្នុងការសម្របសម្រួលគ្នាពេលកើតមានជម្លោះចៀសវាងយកហ្វេសប៊ុកធ្វើជាវេទិកាឆ្លើយឆ្លងគ្នា ។
ជាការកត់សម្គាល់ក្នុងរយៈពេលចុងក្រោយនេះអ្នកសិល្បៈមួយចំនួនប្រើប្រាស់វេទិកាហ្វេសប៊ុកបង្កើតជាពាក្យឌឺដង ផ្លែផ្កាសំដីដាក់គ្នាទៅវិញទៅមក ក្នុងនោះគេសង្កេតឃើញអ្នកនាង ចន ច័ន្ទលក្ខិណា និងលោកហេង ឡុង ជាគូស្នេហ៍កើតមានជម្លោះរហូតឈានទៅដល់ការប្តឹងផ្តល់គ្នាជាមួយលោកសុវណ្ណ មករា ។ អ្នកទាំងពីរបានយកហ្វេសប៊ុកវាយប្រហារដោយពាក្យសម្តីដាក់គ្នាទៅវិញទៅមក។
ដោយឡែកតារាចម្រៀងវ័យក្មេងលោកជី ដេវីដ បានកើតទុក្ខមិនសុខចិត្តជាមួយនឹងការនិយាយអាក្រក់ពីខ្លួនដោយអ្នកសិល្បៈម្នាក់ ហើយទាស់ទែងគ្នាផងដែរ ។ តារាចម្រៀងរូបនេះបានបង្ហោះបទរ៉េបឌឺដង ឆ្លើយតបទៅកាន់ក្រុមតារាចម្រៀងOriginalក្មេងខ្មែរ ខ្មែរមួយជីវិត និងឌីជេអាចារ្យធំ ហើយពួកគេទាំងនោះបន្តឆ្លើយឆ្លងគ្នាបន្តបន្ទាប់ ៕



មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!