ឯកអគ្គរាជទូត​ខ្មែរ បញ្ជាក់ថា មាន​ពលករ​កម្ពុជា ខុសច្បាប់​ប្រមាណ​ជាង ១៣ ម៉ឺន​នាក់ បាន​ទៅ​ចុះឈ្មោះ

 
 

ភ្នំពេញ​: ឯកអគ្គរាជទូត​កម្ពុ​ជា ប្រចាំ​ប្រទេស​ថៃ បាន​អះអាងថា បច្ចុប្បន្ននេះ មាន​ពលករ​កម្ពុជា ខុសច្បាប់​ចំនួន ប្រមាណ​ជាង ១៣ ម៉ឺន​នាក់ កំពុងតែ​ស្ថិតនៅ​ក្នុងប្រទេស​ថៃ ហើយ​បានមក​ចុះឈ្មោះ ធ្វើ​ប័ណ្ណ ស្នាក់នៅ និង​ធ្វើការ​បណ្តោះអាសន្ន នៅតាម​ការ​រិ​យា​ល័យ ច្រកចេញចូល​តែមួយ ដែលមាន​ចំនួន ៣០ កន្លែង នៅក្នុង​ទីក្រុង​បាងកក ចំនួន ៦ និង ខេត្ត​ចំនួន ២៤​។ នេះ​មិនទាន់​រាប់​ពលករ ខុសច្បាប់​របស់​ខ្មែរ ដែល​កំពុងធ្វើការ នៅក្នុង​ខេត្ត​ចំនួន ៥៣ ខេត្ត​ទៀត នៅឡើយ​ទេ ។​   ​
​លោកស្រី អិត សុភា ឯកអគ្គ​រាជ​ទូត​កម្ពុជា ប្រចាំ​ប្រទេស​ថៃ បាន​ប្រាប់​អ្នកសារព័ត៌មាន នៅក្នុង ជំនួប​មួយ កាលពី​រសៀល​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០១៤ នៅ​ស្ថានទូត​កម្ពុជា ប្រចាំ​ទីក្រុង​បាងកក ។​ ​លោកស្រី ឯកអគ្គរដ្ឋទូត បាន​ប្រាប់​អ្នកសារព័ត៌មាន ឲ្យ​ដឹង​អំពី​ស្ថានភាព ពលករ​កម្ពុជា បន្ទាប់ពី មានការ​បណ្តេញចេញ នូវ​ពលករ​ខុសច្បាប់​កម្ពុជា ពី​សំណាក់​យោធា​ថៃ ដែល​បានចាប់ផ្តើម កាលពី ពាក់កណ្តាល​ខែមិថុនា ដែល​បានធ្វើ​ឲ្យ​ពលករ ខុសច្បាប់​របស់​កម្ពុជា ប្រមាណ ២០ ម៉ឺន​នាក់ ត្រូវបាន ចាកចេញ​ទាំង​បង្ខំ​។​ ​
​បើ​យោងតាម​ប្រសាសន៍ របស់លោក​ស្រី បាន​ឲ្យ​ដឹងថា​៖ ពលករ​ស្របច្បាប់ របស់​កម្ពុជា​ដែល បាន​ចុះ​អនុស្សរណៈ រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​រាជរដ្ឋាភិបាល​ថៃ គឺមាន​ចំនួន ២៤ ម៉ឺន​នាក់ ដែល កំពុងធ្វើការ​ងារ នៅក្នុង​ប្រទេស​ថៃ ហើយ​តាមរយៈ​នៃ​ការចុះឈ្មោះ ពលករ​ខុសច្បាប់ របស់​កម្ពុ​ជានា ពេល​កន្លងទៅនេះ នៅក្នុង​ប្រទេស​ថៃ ដែល​មកដល់ពេលនេះ មាន​ប្រមាណ ១៣ ម៉ឺន​នាក់ ។​  ​
​លោកស្រី​ទូត បាន​បន្តថាៈ វា​ជាការ​លំបាក​ណាស់ ដែល​ពលករ​កម្ពុជា បាន​ចូលមក​ធ្វើការ ដោយ​ខុសច្បាប់ នៅក្នុង​ប្រទេស​ថៃ ។ ពលករ​កម្ពុជា​ភាគច្រើន លោក​មិនចេះ​អក្សរ និង​មិនបាន​ស្គាល់ ទាំង​ទីតាំង​កន្លែងធ្វើការ របស់ខ្លួន​រស់នៅ​ផង ដូចនេះ នៅ ពេល​មានការ​ធ្វើបាប ឬ រំលោភ​លើ​រាងកាយ ពេល​គាត់​ទូរស័ព្ទ មក​ស្ថានទូត​ឲ្យ​ជួយ យើង​សួរ​គាត់​ថា នៅ​ខេត្ត​ណា ស្រុក​ណា គឺ​គាត់​អត់​ស្គាល់ នេះ​ជាការ​លំបាក​ណាស់ ។ ម្យ៉ាងទៀត​ពួគគាត់ ចូលមក​ធ្វើការ ដោយ​ខុសច្បាប់​មួយចំនួន គឺ​មក​តាមរយៈ​អ្នក ម៉ៅការ បន្ត​ពី​ថៅកែ ដូចនេះ​ពួកគាត់​ដឹង​តែ ពី​ធ្វើការ​យកប្រាក់​កម្រៃ​ប៉ុណ្ណោះ ។   ​
​ជាមួយគ្នានេះ លោកស្រី​ក៏បាន​ឲ្យ​ដឹង ផងដែរ​ថាៈ បន្ទាប់ពី​មានការ​បណ្តេញចេញ នូវ​ពលករ កម្ពុជា​ខុសច្បាប់ កាល​ពី​ពាក់កណ្តាល ខែមិថុនា​មក រាជរដ្ឋាភិបាល​កម្ពុជា និង​ថៃ បាន​បង្កើត កន្លែង​ធ្វើលិខិត​ឆ្លងដែន និង​ច្រកចេញចូល​តែមួយ នៅតាម​ព្រំដែន នៅ​ប្រទេស​ទាំងពីរ ក្នុង​ខេត្ត​ចំនួន​៤ ដែល​ក្នុងនោះ មាន​ខេត្តបន្ទាយមានជ័យ ប៉ៃលិន ឧ​ត្ត​រ​មានជ័យ និង កោះកុង  ហើយ​តាម​តួលេខ​ផ្លូវការ បាន​ឲ្យ​ដឹងថាៈ មាន​ពលករ​ប្រមាណ ៥០០ នាក់​ហើយ ដែល​បាន​វិល​ចូល មក​ធ្វើការ​ដោយ​ស្របច្បាប់ នៅក្នុង​ប្រទេស​ថៃ ។​
​ពាក់ព័ន្ធ​សំណូមពរ របស់​ភាគី​ថៃ ដែល​បាន​ស្នើសុំ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បញ្ជូន​ជំនាញ​មក​ធ្វើការ បញ្ជាក់​សញ្ជាតិ ដល់​ពលករ​កម្ពុជា ដែល​កំពុងធ្វើការ​ងារ ដោយ​ខុសច្បាប់ នៅក្នុង​ប្រទេស​ថៃ​នោះ លោក ស្រី​ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​ប្រទេស​ថៃ បាន​អះអាងថា​៖ លោកស្រី​បាន​បញ្ជូន​សំណើ​នេះ ទៅកាន់ រាជរដ្ឋាភិបាល​ហើយ តាមរយៈ​ក្រសួងការ​បរទេស និង​សហ​ប្រតិ​ប​ត្ត​ការ​អន្តរជាតិ  តែ​នៅ​ពុំបាន​ទទួល ការឆ្លើយតប​មកវិញ នៅឡើយ​ទេ ។
តាម​ការណែនាំ​របស់​ក្រសួង គឺ​ឲ្យ​អនុវត្ត​ទៅតាម​សេចក្តី សម្រេច អន្តរក្រសួង​របស់ ក្រសួងមហាផ្ទៃ និង​ក្រសួង​ការ​ងារ ដែល​បាន​បង្កើត​ការិយាល័យ ធ្វើលិខិត​ឆ្លងដែន នៅ​មាត់ច្រក​ព្រំ​ដែល នៃ​ខេត្ត​ទាំង ៤ បានសេចក្តីថា ពលករ​កម្ពុជា ដែល​បានទទួល​ការបញ្ជាក់ និង​ចុះ ឈ្មោះ នៅក្នុង​ប្រទេស​ថៃ ហើយ​អាចមក​ធ្វើលិខិត​ឆ្លងដែន នៅតាម​ការិយាល័យ​ទាំង​៤​នោះ ដើម្បី​ទទួលបាន​នូវ​ភាពស្របច្បាប់ ក្នុង​ការធ្វើការងារ នៅក្នុង​ប្រទេស​ថៃ ។​ ​
​លោក PICHIT NITHONGKUM ប្រធាន​នាយកដ្ឋាន គ្រប់គ្រង​ពលករ​បរទេស នៃ​ក្រសួង​ការងារ​ថៃ បាន​អះអាងថា ភាគី​ថៃ​នឹង​ជួយ​សម្រួល​ឲ្យ​មន្ត្រី​កម្ពុជា អាច​ចូលមក​ធ្វើលិខិត​ឆ្លងដែន ជូន​ដល់​ពលករ​របស់ខ្លួន ដែល​កំពុងធ្វើការ​ងារ នៅក្នុង​ប្រទេស​ថៃ ព្រោះ​បន្ទាប់ពី​មានការ​ចុះឈ្មោះ ពលករ​ខុសច្បាប់ ដែល​កំពុង ធ្វើ​ការងារ នៅក្នុង​ប្រទេស​ថៃ​ចប់ គឺ​វា​មានការ​ងាយស្រួល ក្នុងការ​ឲ្យ​មន្ត្រី​កម្ពុជា ចូលមក​ធ្វើការ​បញ្ជាក់ សញ្ជាតិ​ជូន​ពលករ បាន​ស្រួល​ដោយសារ​ថា ភាគី​ថៃ​មាន​បញ្ជី​ឈ្មោះ​ពលករ​កម្ពុជា នៅតាម​បណ្តា​ខេត្ត និង កន្លែង​ស្នាក់នៅ​របស់​ពួកគេ គ្រប់គ្រាន់ ។​   ​
​លោកស្រី អ៊ិត សុភា បាន​យល់ស្រប​ចំពោះ​សំណើ របស់​ភាគី​ថៃ លើកឡើង ដោយ​លោកស្រី បាន​មានប្រសាសន៍​ថាៈ វា​ពិតជា​មានការ​លំបាក​ណា​ស់ ក្នុងការ​ឲ្យ​ពលករ រាប់សែន​នាក់ ត្រូវធ្វើ​ដំណើរ​មក ធ្វើលិខិត​ឆ្លងដែន នៅតាម​ខេត្ត​ទាំង ៤ ព្រោះ​ពួកគាត់​ត្រូវ​ចំណាយ​ប្រាក់ ក្នុងការ​ធ្វើដំណើរ និង​ហូបចុក ហើយ​បើ​ថៅកែ​ជូនទៅ គឺ​គេ​ត្រូវ​កាត់កង​ថ្លៃ​ចាយវាយ ហើយ​ម្យ៉ាងទៀត ខាង​ភាគី​ថៃ ក៏​គេ​ពិបាក​ដែរ ដោយសារ​ថា ពេល​ពលករ​ចាកចេញ ផលិតកម្ម​របស់គេ នឹងត្រូវ​ផ្អាក​ទៀត តែ​យើង​រង់ចាំ​ការសម្រេច របស់​រាជរដ្ឋាភិបាល ព្រោះថា​នៅ​ថ្ងៃទី ១៦ និង ១៧ ខែសីហា ខាងមុខ ក្រសួង​ការងារ​ថៃ នឹងមាន រៀបចំ​កិច្ចប្រជុំ​មួយ ដោយមាន​ការអញ្ជើញ​ខាង​ភាគី​កម្ពុជា មក​ចូលរួម​ផងដែរ ។​   ​
​លោកស្រី ឯកអគ្គរាជទូត បាន​ឲ្យ​ដឹងផង​ដែរ​ថាៈ កាលពី​ឆ្នាំ ២០១០ កម្ពុជា​ក៏​ធ្លាប់បាន​បញ្ជូន​មន្ត្រី របស់ខ្លួន ឲ្យ​ចូល​ទៅ​ធ្វើការ​បញ្ជា​ក់ស​ញ្ជា​ជាតិ ជូន​ពលករ​កម្ពុជា ដែល​ធ្វើការ​ដោយ​ខុសច្បាប់ នៅក្នុង​ប្រទេស​ថៃ ផងដែរ​៕
ប្រភពeveryday.com.kh

 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម