មហាសេដ្ឋី​សាំងហ្គាពួរ​ ម្ចាស់​ក្រុង​ហ៊ុន​៨​សាខា​ ធ្លាក់​ខ្លួន​មក​​ជា​អ្នក​​រត់​តុ

 
 

មហាសេដ្ឋី​សាំងហ្គាពួរ​​ម្នាក់​បាន​ធ្វើ​ឲ្យ​កាសែត​ក្នុង​ស្រុក​មាន​ការ​ផ្អើល​ជា​ខ្លាំង​ដោយ​លោក​​មានការ​ផ្លាស់ប្ដូរ​យ៉ាង​លឿន​ពី​ម្ចាស់​ក្រុម​ហ៊ុន​លំដាប់​​ផ្កាយ ​មក​ធ្វើ​ការ​អ្នក​រត់​តុ​ក្នុង​ភោជនីយដ្ឋាន។
លោកKen Lim Cheng Chuan​ វ័យ​៥៥​ឆ្នាំ​ ជា​ម្ចាស់​ក្រុម​​ហ៊ុន​ទេសចរណ៍​​​ដឹក​អ្នក​ដំណើរ​លំដាប់​ផ្កាយ​មួយ​របស់​សាំងហ្គាពួរ​​​ឈ្មោះ​ Five Star Tours ដែល​មាន​សាខា​ចំនួន​៨​នៅ​ក្នុង​ប្រទេស ត្រូវ​បាន​កាសែត​​​សិង្ហបុរី​ចុះ​ផ្សាយយ៉ាង​គគ្រឹកគគ្រេង​បន្ទាប់​ពី​លោក​បាន​ធ្លាក់​​ខ្លួន​យ៉ាង​ខ្លាំង​មក​ធ្វើ​ជា​អ្នក​រត់​តុ​នៅ​ក្នុង​ហាង​លក់​កាហ្វេ​មួយ​នៅ​ក្នុង​ក្រុង។
យោង​តាម​កាសែត​មួយ​ឈ្មោះ​My Paper បាន​ដឹង​ថា​ បុរស​វ័យ​ចំណាស់​​រូបនេះ​ ជា​មហាសេដ្ឋី មាន​​​ទ្រព្យ​សម្បត្តិ​ស្ដុកស្ដម្ភ នៅ​សាំងហ្គាពួរ​ ប៉ុន្តែ​គាត់​មាន​ខ្សែ​ជីវិត​ជា​​កម្មករ​រោង​ចក្រ​ផលិត​ចំណី​អាហារ​តាំង​ពី​អាយុ​១៣​ឆ្នាំ​មក​ម្ល៉េះ ហើយ​ការ​ត្រឡប់​បក​ក្រោយ​​របស់​គាត់​នៅ​ពេល​នេះ​ហាក់​ដូច​ជា​ ​វដ្ដ​នៃខ្សែ​ជីវិត​ដ៏​គួរ​ឲ្យ​គួរ​ភ្ញាក់​ផ្អើល។
អតីត​ម្ចាស់​ក្រុមហ៊ុន​រូប​នេះ​បាន​ឲ្យ​កាសែត​​មួយ​ទៀត​ឈ្មោះ The Real Singapore ដឹង​ថា​ លោក​បាន​​អស់​ប្រាក់​ពី​ខ្លួន​តែ​ម្ដង​ បន្ទាប់​ពី​ក្រុមហ៊ុន​របស់​លោក​បាន​ដួល​រលំ​​ទាំង​ស្រុង​កាលពី​​ប៉ុន្មានខែ​មុន​នេះ។ ​លោក​បន្ត​ថា ការ​ខាត់​ឡុងចុង​អស់​គ្មាន​សល់​នេះ ​ដោយ​សារ​ក្រុមហ៊ុន​របស់​លោក​រង​ការ​ប្រកួតប្រជែង​ និង ការវាយ​ប្រហារ​ខ្លាំង​ពេក​ដោយ​ក្រុមហ៊ុន​Resort​ពីរ​ឈ្មោះ Resorts World Sentosa និង Marina Bay Sands  នៅ​ក្នុង​ប្រទេស​សាំងហ្គាពួរ​​ដែល​បាន​បើក​កាល​ពី​ឆ្នាំ​២០១០​។
​ការណ៍​នេះ​បាន​ធ្វើ​ឲ្យ​ដំណើរ​ការ​ក្រុមហ៊ុន​ដឹក​ជញ្ជួន​របស់​លោក​មាន​ការ​អាក់រអួល​ជា​ខ្លាំង និង ធ្វើ​ឲ្យ​កំណើន​អតិថិជន​បាន​ធ្លាក់​ចុះ​ជា​គំហុក​ដល់​ទៅ​៧០​%​តាំង​ពី​ដើម​ទី។ ការធ្លាក់ចុះ​យ៉ាងខ្លាំង​ជាលំដាប់​នេះ ​បាន​​ប៉ះពាល់​ដល់​កញ្ចប់​ថវិកា​របស់​ក្រុមហ៊ុន​យ៉ាង​ខ្លាំង​ ដល់​ថ្នាក់​ងើប​លែង​រួច​។
លោក​ Lim បន្ត​ថា លោក​មិនបាន​​នៅ​ស្ងៀម​ទេ បន្ទាប់​ពី​ជួប​បញ្ហា​ដូច​នេះ​ លោក​​ក៏​បាន​​ផ្លាស់​ទៅ​បើក​ដំណើរ​ការ​​ក្រុមហ៊ុន​ថ្មី​ ក្រោម​ស្លាក​យីហោ​ដដែល​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​ ប៉ុន្តែ​ជា​រឿយ​ៗ​ក្រុមហ៊ុន​ជួប​វិបត្តិ​ហិរញ្ញវត្ថុ​យ៉ាង​ធ្ងន់ធ្ងរ​សឹង​ទប់​មិន​ឈ្នះ​ ម្យ៉ាង​វិញ​ទៀត​មាន​បញ្ហា​ជុំវិញ​លំហូរ​សាច់​ប្រាក់​ជា​មួយ​នឹង​ធនាគារ​ផង​ ហេតុ​ដូច​នៅ​ខែ មករា​ ដើម​ឆ្នាំ​២០១៤​ ក្រុមហ៊ុន​ក៏​ត្រូវ​បាន​បិទ​ទ្វារ​តែ​ម្ដង។​
ជុំវិញ​ការ​ដួល​រលំ​នេះ ​បាន​ធ្វើ​ឲ្យ​លោក​បាន​ជំពាក់​លុយ​ធនាគារ​យ៉ាង​ច្រើន​ដែល​លោក​ត្រូវ​សង​អស់​ពី​ខ្លួន​ ហើយ​នេះ​មូលហេតុ​តែ​មួយ​គត់​​​ដែល​ធ្វើ​ឲ្យ​លោក​ធ្លាក់​ខ្លួន​មក​​ជា​អ្នក​រត់​តុ​ដូច​សព្វ​ថ្ងៃ។
លោក​ Lim បាន​បញ្ជាក់​ថា ​ក្រុមហ៊ុន​ Five Star Tours របស់​លោក​បាន​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ ១៩៩០ មក​ម្ល៉េះ​ ដោយ​លោក​ផ្ទាល់ និង បងប្អូន​ប្រុស​៤​នាក់​ទៀត​របស់​លោក​ ហើយ វា​បាន​រីក​ចម្រើន​ជា​លំដាប់​រហូត​ដល់​មាន​សាខា​ចំនួន​៨​នៅ​ក្នុង​ប្រទេស​សាំងហ្គាពួរ​ តែ​គួរ​ឲ្យ​ស្ដាយ​ពេល​នេះវា​ត្រូវ​បិទ​ទ្វារ។
ទោះ​យ៉ាង​នេះ​ក្ដី​ អតីតម្ចាស់​ក្រុមហ៊ុន​រូបនេះ​បាន​និយាយ​ថា លោក​នឹង​មិន​បោះ​ចោល​ទេ ​លោក​នឹង​រក​ឱកាស​ដើម្បី​ត្រឡប់​ទៅ​បើក​ក្រុមហ៊ុន​របស់​លោក​​វិញនៅ​ថ្ងៃ​ណា​មួយ​។​ ប៉ុន្តែ​ជា​ចុងក្រោយ​លោក​និយាយថា ការ​ប្រកួត​ប្រជែង​លើ​ទីផ្សារសេរី ជា​ចំនុចដ៏​គួរ​ឲ្យ​ខ្លាច​ជាង​គេ​ដែលអ្នក​ជំនួញគួរត្រូវគិត​មុន​គេបង្អស់ ​មុន​នឹង​បើក​អាជីវកម្មអ្វីមួយ​។​ ប្រភពwww.kqube.net

 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម