ព្រឹទ្ធាចារ្យ ឈិន ឈៀង ញាំញីដោយជំងឺនៅតែផ្ទះចាំដាក់បាត្រលោក
រាជធានីភ្នំពេញ ៖ ព្រឹទ្ធាចារ្យសិល្បៈបុរាណ ឈិន ឈៀង បានបោះបង់អាជីពរបស់ខ្លួន បន្ទាប់ពីធ្លាក់ខ្លួនឈឺអស់រយៈពេលប្រមាណជាង១៣ឆ្នាំមកហើយ ។ គាត់ទើបតែធ្លាក់ខ្លួនទ្រុឌទ្រោមមិនអាចដើរបាននៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ។
អ្នកស្រីអ៊ុក សុផា ជាភរិយាដែលជាអ្នកចម្រៀងអាយ៉ៃដូចគ្នា កាលពីថ្ងៃទី៣ មេសា ២០១៧ បញ្ជាក់ថា ស្វាមីរបស់អ្នកស្រីជួបនឹងបញ្ហាសុខភាពនេះអស់រយៈពេលជាង១៣ឆ្នាំមកហើយ ដោយសារតែជំងឺក្រួសក្នុងប្រមាត់ និងជំងឺ ផ្សេងៗមួយចំនួនទៀត ។
ចាប់តាំងពីស្វាមីអ្នកស្រីឈឺមក ក្រុមគ្រួសារបាត់បង់ចំណូលស្ទើរតែទាំងស្រុង ក្នុងនោះការចំណាយព្យាបាលជំងឺស្វាមីអ្នកស្រី និងការផ្គត់ផ្គង់គ្រួសារគឺបានមកពីការដោះដូររបស់របរ ផ្សេងៗ ។
លោកព្រឹទ្ធាចារ្យឈិន ឈៀង ពើបប្រទះជំងឺក្រួសក្នុងប្រមាត់នៅឆ្នាំ២០១៥ ហើយធ្លាប់ចេញទៅព្យាបាលនៅប្រទេសថៃ និងវៀតណាម តែមិនបានទទួលលទ្ធផលជាវិជ្ជមានទេ ។ លុះដល់ដំណាក់កាលមួយ ក្រុមគ្រួសារបានបញ្ជូនលោកឈិន ឈៀង ទៅទទួលការពិនិត្យ ដើម្បីសម្រេចវះកាត់ នៅមន្ទីរពេទ្យជោរៃនាទីក្រុងភ្នំពេញ ប៉ុន្តែក្រុមគ្រូពេទ្យនៅទីនោះមិនអនុញ្ញាត្តឲ្យវះកាត់ទេ ដោយសំអាងថាអាការរបស់គាត់មានសភាពធ្ងន់ទៅហើយ និងមិនអាចរស់នៅបានយូរអង្វែងទៀតទេ ។
ដោយសារមិនអស់ចិត្ត ក្រុមគ្រួសារបានបញ្ជូនលោកឈិន ឈៀង ទៅពិនិត្យ និងព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ។ នៅទីនោះហើយដែលក្រុមវេជ្ជបណ្ឌិតសម្រេចវះកាត់ ខណៈពេលអ្នកស្រីសម្តែងក្តីបារម្ភ និងមិនចង់ឲ្យវះកាត់ទេ ដោយសារតែអ្នកស្រីគិតថា អាណិតស្វាមីព្រោះមិនអាចរស់បានច្រើនឆ្នាំទៀតទេ ។
ជាការកត់សម្គាល់បន្ទាប់ពីវះកាត់រួចមក បច្ចុប្បន្នស្វាមីរបស់អ្នកស្រីហាក់មានអាការធូរស្បើយបន្តិច និងអាចដើរទៅធ្វើបុណ្យនៅវត្តបានខ្លះ និងចាំដាក់បាត្រលោករៀងរាល់ព្រឹកនៅឯផ្ទះ ។
បើតាមការអះអាងរបស់អ្នកស្រីអ៊ុក សុផា បន្ទាប់ពីស្វាមីអ្នកស្រីធ្លាក់ខ្លួនឈឺ និងបាត់បង់សមត្ថភាពសម្តែងមក មានផ្នែកពាក់ព័ន្ធមួយចំនួនចូលរួមឧបត្ថម្ភដល់ក្រុមគ្រួសាររបស់អ្នកស្រីផងដែរ ក្នុងនោះទទួលការឧបត្ថម្ភជាបន្តបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុន សែន ។ បន្ទាប់ពីជំងឺធ្វើឱ្យសម្តែងលែងកើតនេះ រាជរដ្ឋាភិបាលបានផ្តល់តួនាទីជាទីប្រឹក្សាក្រសួង គ្រាន់ទទួលប្រាក់បៀវត្សន៍រួមទាំងប្រាក់ចូលនិវត្តន៍ចំនួន១លានរៀលក្នុងមួយខែសម្រាប់ព្រឹទ្ធាចារ្យឈិន ឈៀង ។
ប្រាក់ចំណូលនេះមិនគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់គ្រួសារឲ្យបានធូរស្បើយទេ ព្រោះអ្នកស្រីអ៊ុក សុជា ត្រូវរ៉ាប់រងបីបាច់ថែរក្សា និងចិញ្ចឹមចៅកំព្រាចំនួន៤នាក់ក្នុងបន្ទុក ។
ព្រឹទ្ធាចារ្យ ឈិន ឈៀង ដែលបច្ចុប្បន្នមានវ័យ៧២ឆ្នាំនេះបានចូលប្រឡូកក្នុងអាជីពសិល្បៈបុរាណតាំងពីអំឡុងទសវត្សទី៦០មកពោលក្នុងពេលមានអាយុ១៨-១៩ឆ្នាំ ។ គាត់បានរៀបអាពាហ៍ពិពាហ៍ជាមួយភរិយាមុន និងមានកូនចំនួន៥នាក់ មុនពេលរៀបអាពាហ៍ពិពាហ៍ជាមួយអ្នកស្រី អ៊ុក សុផា មានកូន២នាក់ទៀត ។ កូនទាំងអស់របស់លោកព្រឹទ្ធាចារ្យពុំមានអ្នកណាម្នាក់មាននិស្ស័យសិល្បៈទេ ។
លោកព្រឹទ្ធាចារ្យឈិន ឈៀង និងអ្នកស្រី អ៊ុក សុផា ជាសិល្បករ-សិល្បការិនីបុរាណប្រចាំវិទ្យុជាតិ ហើយពួកគាត់ជាគ្រូនៅសាលាវិចិត្រសិល្បៈផងដែរ ៕



ប្រភព : កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!