អគ្គិភ័យឆេះផ្ទះពលរដ្ឋនៅក្បែរផ្សារស្នួល បំផ្លាញផ្ទះអស់៤ខ្នង និងមិនរាដាលដល់ផ្សារទេ

 
 

(ក្រចេះ)៖ អគ្គិភ័យដែលបានឆាបឆេះផ្ទះប្រជាពលរដ្ឋ នៅក្បែរផ្សារស្នួល ស្រុកស្នួល ខេត្តក្រចេះ បានរលត់ទាំងស្រុងហើយ នៅវេលាម៉ោង៩៖៤៥នាទីយប់ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។

លោកឧត្តមសេនីយ៍ទោ លន់ សុផាត ស្នងការនគរបាលខេត្តក្រចេះ ដែលបានដឹកនាំប្រតិបត្តិការនេះផ្ទាល់ បានបញ្ជាក់ថា អគ្គិភ័យនេះបានបំផ្លាញផ្ទះតូចៗរបស់ពលរដ្ឋចំនួន៤ខ្នង ប៉ុន្ដែមិនបានរីករាដាលដល់ផ្សារស្នួល ក៏ដូចជាផ្ទះពលរដ្ឋផ្សេងទៀត​នោះទេ ដោយសារមានការជួយអន្ដរាគមន៍ទាន់ពេលវេលា។

ជាមួយគ្នានោះ លោកស្នងការបន្ថែមថា ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញរបស់លោក បានប្រើប្រាស់រថយន្ដពន្លត់​អគ្គិភ័យអស់៣គ្រឿង មកពីស្នងការដ្ឋាននគរបាលស្រុកស្នួល និងស្នងការដ្ឋាននគរបាលខេត្ត ប៉ុន្ដែទោះជាយ៉ាងណា លោកមិនទាន់បានឲ្យដឹងពីមូលហេតុពិតប្រាកដនោះទេ ព្រោះពេលនេះជំនាញកំពុងសួរនាំ និងស្រាវជ្រាវបន្ដ៕

ប្រភព ៖ Fresh News

ដោយឡែករំលឹកព័ត៌មានមួយផ្សេងទៀត៖ រងារខ្លាំងពេក បង្កាត់ភ្លើង​អាំងកំដៅខ្លួន ស្រាប់តែ​រីករាលដាលឆេះ ដើមត្នោត​១៤ដើម សំណាង​ល្អជួយពន្លត់ទាន់ កុំអីបន្តឆេះផ្ទះថែមទៀត

(ព្រះវិហារ)៖ រឿងមិនគួរឲ្យកើត និងបង្កការភ្ញាក់ផ្អើលទាំងព្រឹក គឺដើមត្នោតចំនួន១៤ដើម ត្រូវបានភ្លើងឆេះ ដោយមូលហេតុ ប្រជាពលរដ្ឋ រងារខ្លាំងពេកដោយសារតែអាធាតុចុះត្រជាក់ ក៏បង្កាត់ភ្លើងអាំងកុំឲ្យរងារ ស្រាប់តែត្រូវភ្លើងរាលឆេះតែម្តងទៅ។ ហេតុការណ៍នេះ បានកើតឡើងនៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅភូមិប្រធតុ ឃុំចំរើន ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។

លោក រស់ ហេង អភិបាលស្រុកសង្គមថ្មី បានឲ្យដឹងថា មុនពេលហេតុការណ៍កើតឡើង ប្រជាពលរដ្ឋរងារ ក៏នាំគ្នាបង្កាត់ភ្លើងអាំងកុំឲ្យរងារ ស្របពេលនោះ ភ្លើងបានរាលឆេះដើមត្នោតបន្តគ្នា យ៉ាងសន្ធោសន្ធៅ ហើយភ្លាមៗ អ្នកភូមិក៏ដងទឹកពន្លត់តែពន្លត់មិនឈ្នះ ក៏ហៅឡានទឹករបស់អធិការដ្ឋានស្រុកសង្គមថ្មី មកជួយពន្លត់ទើបភ្លើងនោះរលត់។

លោក រស់ ហេង បានបន្តថា ការជួយអន្តរាគមន៍ពន្លត់ភ្លើងនេះ កម្លាំងនគរបាលប្រើទឹកអស់២ឡាន ចំពោះដើមត្នោតដែល​ឆេះសរុបចំនួន១៤ដើម រួមនិងរបងខ្លះផងដែរតែបើកុំឡានទឹកមកជួយពន្លត់ទាន់ អាចនិងបន្តឆេះផ្ទះទៀត។

ក្នុងនាមគណៈបញ្ជាការឯកភាពស្រុក លោកសូមថ្លែងនូវការកោតសរសើរ ដល់កម្លាំងនគរបាលស្រុក ដែលជួយអន្តរាគមន៍បាន​ទាន់ពេលវេលា ហើយលោកក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ គួរធ្វើការប្រុងប្រយ័ត្ន ចំពោះភ្លើងក្នុងផ្ទះក៏ដូចភ្លើង​ព្រៃព្រោះអាចបណ្តាលឲ្យ មានករណីគ្រោះអគ្គិភ័យបានគ្រប់ពេលវេលាបំផ្លាញទ្រព្យសម្បត្តិរបស់យើង៕ 


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម