អង្គុយលើម៉ូតូចាំគូដណ្ដឹងបត់ជើងតូច ស្រាប់តែ...
រាជធានីភ្នំពេញ ៖ នារីម្នាក់ខណៈអង្គុយលើម៉ូតូចាំគូដណ្ដឹងចុះបត់ជើងតូច ស្រាប់តែជនសង្ស័យ២នាក់ជិះម៉ូតូមកពីក្រោយឆក់កាបូបស្ពាយយកទៅបាត់បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩ និង៥០នាទីយប់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦ ត្រង់ចំណុចផ្លូវលេខ១៨២ កែងផ្លូវលេខ២៧១ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
នារីរងគ្រោះឈ្មោះ ជាតិ ចំរុង អាយុ២៦ឆ្នាំ មុខរបរធ្វើការនៅស្ថានីយ៍ទូរទស្សន៍ជាតិកម្ពុជា ស្នាក់នៅក្រោយស្ថានទូតចិន ខណ្ឌចំការមន និងគូដណ្ដឹងឈ្មោះ ម៉េង សែល អាយុ២៤ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅម្ដុំបឹងសាឡាង សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។
ប្រភពព័ត៌មានពីនារីរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុរូបគេ និងគូដណ្ដឹងបានជិះម៉ូតូម៉ាកធូដេ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FP-2045 ឌុបគ្នាមកពីញុំាបង្អែមនៅម្ដុំផ្សារដេប៉ូក្នុងគោលបំណងត្រឡប់ទៅផ្ទះវិញ ខណៈពេលធ្វើដំណើរមកដល់ចំណុចកើតហេតុបានឈប់ម៉ូតូព្រោះគូដណ្ដឹងរបស់នាងឈឺបត់ជើងតូច ។ ខណៈពេលឈប់ម៉ូតូចាំគូដណ្ដឹងដើរទៅបត់ជើងតូច នាងអង្គុយចាំលើម៉ូតូ ស្រាប់តែជនសង្ស័យ២នាក់ជិះម៉ូតូម៉ាកហុងដា ឌ្រីម ពណ៌ខ្មៅ មិនចាំស្លាកលេខ ជិះមកពីក្រោយបានធ្វើសកម្មភាពឆក់កាបូបស្ពាយចំហៀងខាងស្ដាំដែលនាងស្ពាយជាប់នៅនឹងស្មារួចជិះគេចខ្លួនបាត់ស្រមោលទោះបីជាពួកនាងព្យាយាមជិះដេញតាមក៏ដោយតែតាមមិនទាន់សោះ ។
នារីរងគ្រោះបានឲ្យដឹងទៀតថា នៅក្នុងកាបូបដែលត្រូវចោរឆក់យកទៅបាត់នោះមានដូចជា អត្តសញ្ញាណបណ្ណ កាតបុគ្គលិក និងកាតអេធីអឹម ចំណែកកាបូបលុយ និងទូរស័ព្ទដាក់នៅក្នុងកែបម៉ូតូមិនបានបាត់បង់ទេ ។
ក្រោយពេលកើតហេតុ នារីរងគ្រោះ និងគូដណ្ដឹងបាននាំគ្នាទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលទឹកថ្លា ដើម្បីស្វែងរករបស់ដែលបាត់បង់ និងកំណត់មុខសញ្ញាជនសង្ស័យយកមកផ្តន្ទាទោសតាមច្បាប់ ៕




ប្រភព ៖ កោះសន្តិភាព
កំណត់ហេតុខ្មែរឡូត៖ មួយករណីផ្សេងទៀតកាលពីលើកមុន
កម្មការិនីរោងចក្រកាត់ដេរ ២នាក់បងប្អូនបង្កើត បានជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ យកគ្រឿងអលង្កាមាសទម្ងន់២ជី ទៅលក់នៅផ្សារទួលពង្រ ដើម្បីយកលុយផ្ញើទៅម្ដាយ នៅឯខេត្តតាកែវ សងបំណុលធនាគារ។
លុះក្រោយពេល លក់មាសរួចបានលុយ បាននាំគ្នាដាក់លុយនោះរួមនឹងលុយមានស្រាប់ សរុបចំនួន៣៥០ដុល្លារ នៅក្នុងកាបូបដៃមួយ បន្ទាប់មកពួកនាងបានជិះម៉ូតូឌុបគ្នាចេញពីក្នុងផ្សារទួលពង្រ ត្រឡប់ទៅកាន់ផ្ទះជួល ដែលពួកនាងជួលស្នាក់នៅវិញ ដោយនាងប្អូនបានកាន់កាបូបលុយនោះ នៅក្នុងដៃជាមួយម្ហូបដាក់លើភ្លៅ ឯនាងបងជាអ្នកឌុប។
ពេលនោះបានឃើញជនសង្ស័យ ជិះម៉ូតូ១គ្រឿងម៉ាកហុងដា MSX ពណ៌ខៀវ តាមពីក្រោយដែរ ប៉ុន្តែពួកនាងនឹកស្មានថា ជាអ្នកដំណើរធម្មតាមិន បានចាប់អារម្មណ៍ថាជាចោរនោះទេ លុះពេលជិះទៅដល់ត្រង់ចំណុចកើតហេតុខាងលើ ស្រាប់តែជនសង្ស័យម្នាក់នោះ ធ្វើសកម្មភាពឆក់យកកាបូបនោះបានសម្រេច។ បន្ទាប់ជនសង្ស័យបានជិះម៉ូតូយ៉ាងលឿន គេចខ្លួនចូលទៅប្លុកផ្ទះជួលមួយកន្លែង ចម្ងាយពីកន្លែងកើតហេតុជាង ១០០ម៉ែត្រ ក៏បានផ្ដួលម៉ូតូចោល ហើយរត់គេចខ្លួនបាត់ស្រមោល។
ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង ៣និង១៥នាទី រសៀលថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៦ នៅតាមផ្លូវភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ នារីរងគ្រោះខាងលើ នាងបងមានឈ្មោះ អេង រចនា អាយុ២១ឆ្នាំ និងនាងប្អូនមានឈ្មោះ អេង ចន្ថា អាយុ១៨ឆ្នាំ ពួកនាងគឺជាកម្មការិនីរោងចក្រកាត់ដេរយីហោ ហុង វ័ន្ត និងមានស្រុកកំណើតក្នុងភូមិក្រាំងដៃ ឃុំធ្លក ស្រុកទ្រាំង ខេត្តតាកែវ។ ស្នាក់នៅផ្ទះជួលនៅក្នុងភូមិកើតហេតុខាងលើ បាត់បង់កាបូបមួយ ដែលនៅក្នុងនោះមានលុយចំនួន៣៥០ដុល្លារ រួមនឹងរបស់មួយចំនួនទៀតផងដែរ។
ពួកនាងទាំងពីរនាក់ ជិះម៉ូតូ ១គ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១១ ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ1AT-9286 ដោយឡែកយុវជនម្នាក់ ដែលអះអាងថាខ្លួន គឺជាម្ចាស់ម៉ូតូម៉ាកហុងMSX ឲ្យគេខ្ចីជិះធ្វើសកម្មភាពឆក់ កាបូបនោះ ឈ្មោះ ភឿន ឆាង អាយុ១៨ឆ្នាំ មុខរបរកម្មករកាត់កញ្ចក់ មានស្រុកកំណើតនៅក្នុងភូមិត្រពាំងលើក ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ និងស្នាក់នៅផ្ទះជួលនៅក្នុងភូមិកើតហេតុនោះដែរ។ ដោយឡែកម៉ូតូម៉ាកហុងដា MSX របស់គេពណ៌ខៀវ ពាក់ស្លាកលេខកំពង់ស្ពឺ1H-2462 ។
តាមប្រភពព័ត៌មាន បានឲ្យដឹងថា បន្ទាប់ពីជនសង្ស័យ ផ្ដួលម៉ូតូនោះហើយរត់ចោល កម្លាំងនគរបាលរួមជាមួយ ប្រជាការពារភូមិ និងប្រជាពលរដ្ឋ បាននាំគ្នាទៅឡើមព័ទ្ធទីនោះ ប៉ុន្តែមិនបានឃើញជនសង្ស័យនោះទេ ទើបយកម៉ូតូនោះទៅរក្សាទុក។ ខណៈនោះស្រាប់តែលេចមុខយុវជនឈ្មោះ ភឿន ឆាង បានទៅដល់ និងបានអះអាងថា ម៉ូតូនោះជារបស់ខ្លួន ដែលបានឲ្យមិត្តភក្ដិម្នាក់ខ្ចីជិះ ដោយមិនបានដឹងថាមិត្តភក្ដិនោះ ជិះដើរធ្វើសកម្មភាពឆក់កាបូបបែបនេះទេ។
មិនតែប៉ុណ្ណោះពួកគេបានរាប់អានគ្នាខ្លាំងណាស់ កន្លងមកជនសង្ស័យ ធ្លាប់បានប៉ាវខ្លួនផឹកស៊ីជាញឹកញាប់មកហើយ ដោយសារតែបែបនេះ នៅពេលដែលមិត្តភក្ដិម្នាក់នោះ គ្មានលុយត្រូវការលុយ ខ្លួនបានឲ្យខ្ចីកាតគ្រីម៉ូតូទៅដាក់បញ្ចាំថែមទៀតផង ដែលរហូតមកទល់នឹងពេលនេះ នៅមិនទាន់បានលោះយកមកវិញនៅឡើយទេ។
ក្រោយពេលជននោះ ទៅអះអាងថាខ្លួនជាម្ចាស់ម៉ូតូ កម្លាំងនគរបាលក៏បានឃាត់ខ្លួនជននោះតែម្ដង ព្រោះជាអ្នកផ្ដល់មធ្យោបាយ សម្រាប់ឲ្យអ្នកដទៃជិះធ្វើសកម្មភាពឆក់ ហើយក្រោយពេលឃាត់ខ្លួនជននោះ បានស្រែកយំយ៉ាងខ្លាំង និងសុំឲ្យនគរបាលប៉ុស្ដិ៍ចោមចៅជួយធ្វើការសម្របសម្រួល ដោយខ្លួនសុខចិត្តចេញសំណងដល់ជនរងគ្រោះ។ ប៉ុន្តែនគរបាលប៉ុស្ដិ៍ចោមចៅមិនហ៊ាន និងបានបញ្ជូនជននោះទៅកាន់ផ្នែក ព្រហ្មទណ្ឌនគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការបន្តទៀត៕
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!