ប្រាសាទទាំង ១០ ដែលមានភាពស្រស់ស្អាត ជាងគេបំផុត នៅលើពិភពលោក!

 
 

ចាប់តាំងពីយូរលង់ណាស់មកហើយ ដែលបុព្វបុរសសម័យដើម តែងតែធ្វើការសាងសង់នូវបណ្តាប្រាសាទបុរាណទាំងឡាយ ដើម្បីជាការគោរពទៅដល់ព្រះជាម្ចាស់ ដែលជាជំនឿរបស់ពួកគេ។ លើសពីនេះទៅទៀត ប្រាសាទទាំងនោះ ជាកន្លែងឧទ្ទិសដល់ អាទិទេព ពេលវេលា ប្រាក់កាក់ និងការខិតខំប្រឹងប្រែង របស់បុព្វបុរស ក្នុងការសាងសង់ប្រាសាទសម្រាប់គោរពបូជានេះ។ ប្រាសាទ ដែលបានសាងសង់ទាំងឡាយ សុទ្ធតែមាននូវចំនុចពិសេសផ្សេងៗគ្នា មិនថារចនាបទស្រស់ស្អាតដាច់គេ ឬមានការសាងសង់ខុសប្លែកពីគេទេ។

ខាងក្រោមនេះ គឺជាបញ្ជីនៃ កំពូលប្រាសាទទាំង ១០ ដែលមានលក្ខណៈអស្ចារ្យផ្តាច់គេ នៅលើពិភពលោក ៖ 

១០. ប្រាសាទ Jetavanaramaya (ប្រទេស ស្រីលង្កា)

Jetavanaramaya គឺជាប្រាសាទចេតីយ៍ ដែលមានទីតាំងនៅកន្លែងបាក់បែកនៃ Jetavana ក្នុងទីក្រុង Anuradhapura ដ៏ពិសិដ្ឋ របស់ប្រទេស ស្រីលង្កា។ ប្រាសាទនេះមាន វិមាត្រ ២៣៣,០០០ ម៉ែត្រការ៉េ កម្ពស់ ១២២ ម៉ែត្រ (ជាប្រាសាទចេតីយ៍ ដែលមានកម្ពស់ខ្ពស់ជាងគេក្នុងសម័យបុរាណ) និងមានបាតប្រាសាទទំហំ ៥.៦ ហិចតា។ ប្រាសាទនេះតំណាងឲ្យភាពមិនចុះសំរុងគ្នារវាង និកាយថេរវាទ និងព្រះសង្ឃមហាយាន។ អ្វីដែលកាន់តែពិសេសនោះគឺ ខ្សែរឆៀង ដែលបានប្រើប្រាស់ ដោយព្រះពុទ្ធ ត្រូវបានតម្កល់ទុក នៅក្នុងប្រាសាទនេះ។ 

៩. Temple of Heaven (ប្រទេស ចិន)

Temple of Heaven គឺជាសំណង់ប្រាសាទ ដ៏កម្រមួយ ស្ថិតក្នុងភាគអាគ្នេយ៍ កណ្តាលទីក្រុងប៉េកាំង។ ផ្ទៃដីរបស់ប្រាសាទនេះ មានទំហំប្រមាណ ២.៧ លានម៉ែត្រការ៉េ។ ប្រាសាទនេះ ត្រូវបានសាងសង់ជាង ៥ សត្សវត្សមកហើយ ដោយរាជវង្សម៉េង ដើម្បីជាការគោរពដល់មេឃា។ ជាក់ស្តែង អធិរាជ Jiajing ក្នុងសត្សវត្សទី ១៦ បានសាងសង់ប្រាសាទបន្ថែម ៣ ទៀត នៅជុំវិញ Temple of Heaven រួមមាន Temple of Sun នៅទិសខាងកើត Temple of Earth នៅទិសខាងជើង និង Temple of Moon នៅទិសខាងលិច។ ប្រាសាទនេះ ត្រូវបានចាត់ទុកជាវប្បធម៌ និងប្រវត្តិសាស្រ្ត របស់ប្រទេសចិន។ 

៨. ប្រាសាទ Borobudur (ប្រទេស ឥណ្ឌូណេស៊ី)

Borobudur ឬ Barabudur គឹជាប្រាសាទរបស់ព្រះពុទ្ធសាសនាមហាយាន ប្រចាំសត្សវត្សទី ៩ ក្នុងតំបន់ Magelang ខេត្ត Central Java ប្រទេសឥណ្ឌូណេស៊ី។ ប្រាសាទនេះ ត្រូវបានគេបោះបង់ចោលជាច្រើនពាន់ឆ្នាំ រហូតដល់ឆ្នាំ ១៨១៤ ទើបត្រូវបានគេរកឃើញ។ ប្រាសាទនេះ សាងសង់ឡើងក្នុងទម្រង់ដូចជា ផ្កាឈូក ដែលអណ្តែត នៅលើបឹងដ៏ធំមួយ ដូចទៅនឹងពេលដែលព្រះពុទ្ធ ទ្រង់បានប្រសូត្រមក ជាពិសេស នៅក្នុងប្រាសាទនោះ មានរូបចម្លាក់របស់ ព្រះពុទ្ធចំនួន ៥០៤ អង្គទៀតផង។ ប្រាសាទនេះ ត្រូវបានគេចាត់ទុកជាប្រាសាទដែលធំជាងគេ និងចាស់ជាងគេបង្អស់ ក្នុងពិភពលោក។ 

៧. ប្រាសាទ Tigers Nest Monastery (ប្រទេស ប៊ូតង់)

ប្រាសាទ Taktsang Palphug Monastery ត្រូវបានគេនិយមហៅថា ប្រាសាទ Paro Taktsang (គេស្គាល់ថាជាប្រាសាទ Tiger’s Nest) គឺជាតំបន់សម្រាប់អ្នកកាន់ពុទ្ធសាសនាហិមាល័យ និងជាប្រាសាទដែលមានភាពលេចធ្លោខ្លាំង ព្រោះតែវាមានទីតាំង នៅលើជ្រលងភ្នំ Paro ប្រទេសប៊ូតង់។ ប្រាសាទពុទ្ធសាសនានេះ ជាប្រាសាទដែល Guru Rinpoche (ត្រូវបានគេស្គាល់ថាជាព្រះពុទ្ធទីពីរ) មកធ្វើការសមាធិ។ ប្រាសាទនេះ ត្រូវបានចាត់ទុកជា កន្លែងដ៏ប្រណីតបំផុត ប្រចាំប្រទេសប៊ូតង់ ដោយសារតែមានទេសភាពជុំវិញ គយគន់ដ៏ស្អាតអស្ចារ្យ។ 

៦. ទីសក្ការៈ Shwedagon (ប្រទេស មីយ៉ាន់ម៉ា)

Shwedagon (ឬត្រូវបានគេស្គាល់ថាជា Golden Pagoda) គឺជាប្រាសាទចេតិយ៍ស្រោបមាស ដែលមានទីតាំងនៅក្នុង ទីក្រុង Yangon ប្រទេសមីយ៉ាន់ម៉ា។ វាមានកម្ពស់ ប្រមាណ ៩៩ ម៉ែត្រ ស្ថិតនៅលើភ្នំ Singuttara Hill ភាគខាងលិចជាប់នឹងបឹង Kandawgyi ។ ប្រាសាទនេះ មានលក្ខណៈពិសេស ដែលមានរចនាបទតុបតែង ដោយមាស មានទម្ងន់ជាង ៩ តោន។ ក្នុងនោះមានគំនូរ តួអង្គពីទេវកថា និងរូបចម្លាក់គួរឲ្យទាក់ទាញជាច្រើន។ កាន់តែពិសេសជាងនេះទៅទៀតនោះ ព្រះសារីរិកធាតុ របស់ព្រះពុទ្ធចំនួនបួន រួមជាមួយ ព្រះកេសាប្រាំបីសរសៃពីព្រះកេស របស់ព្រះពុទ្ធ មានតម្កល់ទុកក្នុងទីសក្ការៈនេះ។ 

៥. ប្រាសាទ Sri Ranganathaswamy (ប្រទេស ឥណ្ឌា)

ប្រាសាទ Sri Ranganathaswamy ឬប្រាសាទ Thiruvarangam គឺជាប្រាសាទសាសនាហិណ្ឌូ សម្រាប់ឧទ្ទិសដល់ ព្រះ Ranganatha អាទិទេពសាសនាហិណ្ឌូ និងព្រះវិស្ណុ សម្រាប់អធិដ្ឋាន និងទទួលពរ ដល់អ្នកគោរពប្រណិប័តអាទិទេព។ ប្រាសាទនេះ ស្ថិតនៅលើដីធំល្វឹងល្វើយ មានទំហំប្រមាណ ៦៣១,៣១០ ម៉ែត្រការ៉េ និងមានកំពូលកម្ពស់ប្រមាណ ៧២ ម៉ែត្រ។ ប្រាសាទមានទីតាំងស្ថិតនៅក្នុងស្រុក Srirangam ទីក្រុង Tiruchirapalli (Trichy) ប្រទេសឥណ្ឌា។ ទន្ទឹមនឹងនោះដែរ ប្រាសាទនេះ មានការតាក់តែងជាពណ៌ចម្រុះ ដ៏ស្រស់ស្អាតទៀតផង។ 

៤. ប្រាសាទ Prambanan (ប្រទេស ឥណ្ឌូណេស៊ី)

ប្រាសាទ Candi Prambanan គឺជាប្រាសាទសាសនាហិណ្ឌូ សាងសង់ឡើង ក្នុងសត្សវត្សទី ១០ ស្ថិតនៅកណ្តាលកោះជ្វា ប្រទេសឥណ្ឌូណេស៊ី ឧទ្ទិសដល់ព្រះព្រហ្ម ព្រះវិស្ណុ ព្រះសិវៈ និងបង្ហាញពីជ័យជំនះ នៃសាសនាហិណ្ឌូ លើកោះជ្វា។ ប្រាសាទនេះមានកម្ពស់ ៤៧ ម៉ែត្រ ទំហំផ្ទៃដីប្រមាណ ១៧ គីឡូម៉ែត្រ និងមានបែងចែកជាបីផ្នែក សម្រាប់ព្រះនីមួយៗ ដែលបានរៀបរាប់ខាងលើ។ ជុំវិញប្រាសាទនេះ មានការរចនាដោយចេតិយតូចៗចំនួន ២៥០ ផងដែរ។ 

៣. ប្រាសាទ Sri Harmandir Sahib (ប្រទេស ឥណ្ឌា)

ប្រាសាទ Sri Harmandir Sahib (ត្រូវបានគេស្គាល់ថាជា Golden Temple) ជាទីសក្ការៈរបស់អ្នកកាន់សាសនា Sikh ដែលស្ថិតនៅក្នុងទីក្រុង Amritsar រដ្ឋ Punjab ប្រទេសឥណ្ឌា។ ប្រាសាទនេះមានលក្ខណៈពិសេស ដោយមាន “បន្ទប់កញ្ចក់” ដែលរចនាបទរបស់បន្ទប់នោះ មានរាងដូចជាឆ័ត្រ យ៉ាងអញ្ចឹងដែរ។ ក្នុងនោះក៏មាន ព្រះគម្ពីរ Sikh ឈ្មោះ “Grant Sahib” តម្កល់ទុកនៅក្រោម កម្រាលមាស ដែលតុបតែងដោយត្បូងមានតម្លៃជាច្រើន។ 

២. ប្រាសាទ អង្គរវត្ត (ប្រទេស កម្ពុជា)

អង្គរវត្ត គឺជាប្រាសាទតំណាង ឲ្យប្រទេសកម្ពុជា និងជាវិមានសាសនាធំជាងគេបំផុត នៅលើពិភពលោក ដែលមានទំហំប្រមាណ ១,៦២៦,០០០ ម៉ែត្រការ៉េ។ ដើមឡើយ ប្រាសាទនេះសាងសង់ឡើងសម្រាប់ ព្រះវិស្ណុ នៃអាណាចក្រខ្មែរ បន្ទាប់មកបានប្រែក្លាយជា ទីសក្ការៈព្រះពុទ្ធសាសនាវិញ នៅចុងសត្សវត្សទី ១២។ ប្រាសាទអង្គរវត្ត ត្រូវបានសាងសង់ឡើងដោយ ព្រះបាទសូរ្យវរ្ម័នទី ២ នៅក្នុងរាជធានី យសោធបុរៈ (ទឹកដីអង្គរបច្ចុប្បន្ន) នៅដើមសត្សវត្សទី ១២។ ប្រាសាទអង្គរវត្ត ជាស្នាដៃស្ថាបត្យកម្ម ដែលមានរចនាបថបុរាណ ដ៏កំពូល ជាពិសេស ប្រាសាទនេះរំលេចនៅលើទង់ជាតិ របស់ប្រទេសទៀតផង។ ប្រាសាទអង្គរវត្ត បានក្លាយជាកន្លែងទេសចរណ៍ ដ៏ពេញនិយមបំផុត របស់កម្ពុជា។ 

១. Wat Rong Khun (ប្រទេស ថៃ)

Wat Rong Khun ត្រូវបានជនបរទេសជាច្រើនស្គាល់រួចមកហើយថាជា White Temple (ប្រាសាទ ស) ស្ថិតនៅក្នុងខេត្ត ឈៀងម៉ៃ ប្រទេសថៃ។ ប្រាសាទនេះគ្រប់គ្រងដោយលោក Chalermchai Kositpipat ដែលជាអ្នករៀបចំ សាងសង់ និងបើកទទួលភ្ញៀវចូលទស្សនា តាំងពីឆ្នាំ ១៩៩៧ ដោយមិនគិតថ្លៃឡើយ។ ប្រាសាទទាំងមូល ត្រូវបានលាបពណ៌ស ដែលពណ៌នេះតំណាងឲ្យភាពបរិសុទ្ធរបស់ព្រះពុទ្ធ។ ប្រាសាទនេះមានលក្ខណៈពិសេស ត្រង់ផ្ទាំងកញ្ចក់មួយចំនួន ដែលតំណាងឲ្យ គតិបណ្ឌិតរបស់ព្រះពុទ្ធ ដែលបានបំភ្លឺសាកលលោកទាំងមូល៕ 

ប្រភព៖ The Richest | Wikipedia

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម