គ្រូនិងសិស្សសាលា «ចាថងណាង» ខេត្តព្រៃវែង ដង្ហោយរកសប្បុរសជួយ ខណៈអគារចាស់ប្រេះទ្រុឌទ្រោម រៀនលែងចង់កើត

 
 

(ព្រៃវែង)៖ សាលាបឋមសិក្សា «ចាថងណាង» មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងភូមិពោធិ៍ ឃុំជៃកំពក ស្រុកព្រះស្តេច ខេត្តព្រៃវែង មានអគារមួយខ្នង ចាស់ទ្រុឌទ្រោម ប្រេះរបេះថ្មជាអន្លើរៗ បង្កជាការព្រួយបារម្មណ៍ ខ្លាចបាក់ស្រុតគ្រោះថ្នាក់ដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ដែលចូលទៅរៀនសូត្រក្នុងអាគារនោះ។

លោក កែវ សុវណ្ណា នាយកសាលាបឋមសិក្សា «ចាថងណាង» បានឲ្យដឹងថា អគារសិក្សាមានចំនួន២ខ្ទង ចែកចេញជា៦បន្ទប់ បានសាងសង់ឡើងអស់ជាច្រើនឆ្នាំមកហើយ អគារមួយដែលមាន២បន្ទប់នោះ មានសភាពចាស់ បាក់បែកប្រេះ ដំបូលលិច ហើយជ្រុះរបេះថ្មជាអន្លើៗ ដោយសារសាលាពុំមានថ្នាក់រៀនផ្សេង ទើបសិស្ស និងគ្រូនៅតែត្រដរចូលរៀន ក្នុងសាលាបាក់បែកទាំងក្តីព្រួយបារម្មណ៍។ 

លោកបន្តទៀតថា សិស្សានុសិស្សចេះតែមានការកើនឡើងរាល់ឆ្នាំ សម្រាប់ឆ្នាំសិក្សា២០១៥-២០១៦ សិស្សសរុបមានចំនួន២៧៤នាក់ ស្រី១៣៥នាក់ ហើយមានបុគ្គលិកអប់រំចំនួន៩នាក់ ស្រី៤នាក់ ធ្វើការបង្រៀនរាល់ថ្ងៃ។

មាតាបិតាសិស្សបានឲ្យដឹងថា នៅក្នុងមូលដ្ឋានរបស់ពួកគាត់ មានតែសាលាបឋមសិក្សានេះមួយទេ ដែលបានផ្ដល់ឱ្យកូនចៅរបស់ពួកគាត់ បានចូលរៀនសូត្រ ជាថ្នាលបណ្តុះវិជ្ជាបង្កើនូវធនធានមនុស្ស។ សាលាដទៃមានទីតាំងនៅឆ្ងាយណាស់ ក្មេងៗជួបការលំបាកធ្វើដំណើរទៅរៀនសូត្រ។ មកដល់ពេលនេះ សាលាខាងលើមានតែអគារមួយខ្នង ថែមទាំងទទួលរងភាពទ្រុឌទ្រោម បង្កឲ្យមានការព្រួយបារម្មណ៍ខ្លាចគ្រោះថ្នាក់ដល់កូនចៅពួកគាត់។

បញ្ហាកង្វល់របស់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងមាតាបិតាសិស្ស បានធ្វើឱ្យពួកគាត់ខំដង្ហោយហៅ និងសំណូមពរដល់ស្ថាប័នពាក់ព័ន្ធ សប្បុរសជន ជួយជួសជុលអគាររបស់សាលារៀនខាងលើ ក៏ដូចជា ជួយកសាងអគារថ្មីថែមទៀត ដើម្បីផ្តល់ភាពកក់ក្តៅដល់សិស្ស លោកគ្រូ អ្នកគ្រូ ដែលចូលរៀនក្នុងសាលាមួយនេះ៕ 

ប្រភព ៖ freshnews

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន មានរឿងគួរឲ្យអានិតអាសូរមួយ ដែលសិស្សមួយចំនួន ត្រូវឈររៀន ពេញមួយថ្ងៃ ដោយសារតែ ខ្វះកៅអ៊ី អង្គុយ។

យោងតាម សេចក្តីរាយការណ៍ ពីគេហទំព័រ Oriental Daily បានឲ្យដឹងថា សិស្សមួយភាគធំ ដែលរៀន នៅសាលាមួយ ក្នុងខេត្ត Shangdong ត្រូវឈររៀនពេញមួយថ្ងៃ ដោយសារតែខ្វះជំនួយឧបត្ថម្ភ លើសំភារៈកៅអីុ ។ ចំពោះសិស្សដែលរៀនថ្នាក់ទី៤ ចំនួន ៣៥នាក់ ត្រូវសម្រេច ចិត្តឈរកត់មេរៀន បន្ទាប់ពី កៅអីុ របស់ពួកគេ ត្រូវយកឲ្យ សិស្សថ្នាក់ទី១ អង្គុយវិញ។

យ៉ាងណាមិញ ក៏មានគ្រូម្នាក់ នៅក្នុងសាលា បានថតសកម្មភាពដ៏លំបាកនេះ ជាវីដេអូ ដើម្បីបង្ហោះ តាមអនឡាញ ក្នុងគោលបំនង សង្ឃឹមថា នឹងអាចរកជំនួយ សម្រាប់ថ្នាក់រៀននេះបាន ដូច្នេះក្មេងៗ ទាំងនោះ នឹងមិនអង្គុយចោងហោង ធ្វើកិច្ចការផ្ទះទៀតទេ។ តើប្រិយមិត្ត យល់យ៉ាង ណាដែរ ចំពោះរឿងនេះ?

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម