វិស័យសុខាភិបាល និងសង្គមកិច្ច ក្នុងរាជព្រះបាទជ័យវរ្ម័នទី៧
តាមរយៈការស្រាវជ្រាវអំពីប្រវត្តិសាស្រ្តអង្គរកន្លងមក បានបង្ហាញពីវិស័យសង្គមកិច្ចនិងសុខាភិបាលមានការអភិវឌ្ឍខ្លាំង ជាពិសេសក្នុងរាជរបស់ព្រះបាទជ័យវរ្ម័នទី៧ ដែលចក្រភពខ្មែរមានការរីកចម្រើនបំផុត បើប្រៀបនឹងនគរ ផ្សេងៗនៅក្នុង តំបន់ ។ មរតកបុរាណ ដែលបានបន្សល់ទុករហូតដល់សព្វថ្ងៃនេះ នាំឲ្យយើងដឹងថា គឺក្នុងរាជព្រះបាទជ័យវរ្ម័នទី៧ មានការ កសាងប្រាង្គ ប្រាសាទធំៗជាច្រើន ស្ទើរតែពាសពេញផ្ទៃប្រទេស ព្រមទាំងកសាងបណ្តាញ គមនាគមន៍ ដែលភ្ជាប់ ពី រាជធានីទៅខេត្តខណ្ឌនានា និងនគរជិតខាងផង។ នៅតាមបណ្តោយផ្លូវដែលបានកសាងនាសម័យនោះ តាមរយៈ ការស្រាវជ្រាវថ្មីៗឃើញថា មានសាងសង់ស្ពានថ្មសម្រាប់ធ្វើដំណើរឆ្លងកាត់ សាលាសំណាក់ជាច្រើន ហូរហែ តាម បណ្តោយ ផ្លូវ ដែលជាកន្លែងឈប់សម្រាកសម្រាប់អ្នកធ្វើដំណើរទូទៅបានលម្ហែកាយ មុននឹងបន្តដំណើរឆ្ពោះ ទៅមុខ ទៀត។
មិនតែប៉ុណ្ណោះ ព្រះបាទជ័យវរ្ម័នទី៧ បានដាក់ចេញនូវនយោបាយដឹកនាំប្រទេស ដោយបានយកចិត្ត ទុកដាក់ យ៉ាង ខ្លាំងចំពោះប្រជារាស្រ្តរបស់ព្រះអង្គ។ ក្នុងន័យនេះហើយទើបព្រះអង្គ បញ្ជាឲ្យមានការសាងសង់ មន្ទីរពេទ្យជាច្រើន ពេញព្រះនគរ ដើម្បីជាទីតាំងព្យាបាលជំងឺជូនប្រជានុរាស្រ្ត និងជាកន្លែងបំពេញកិច្ចការមនុស្សធម៌ផ្សេងៗ។
តើការកសាងមន្ទីរពេទ្យ និងការចាត់ចែងគ្រប់គ្រងក្នុងរាជព្រះបាទជ័យវរ្ម័នទី៧ មានដំណើរការយ៉ាងដូចម្តេចខ្លះ? លោកអ៊ឹម សុខរិទ្ធី អ្នកស្រាវជ្រាវ និងជាអនុប្រធានមជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវ និងតម្កល់ឯកសារអង្គរនៃអាជ្ញាធរ ជាតិអប្សរា ដែលលោកបានបំពេញកិច្ច ការស្រាវជ្រាវជាច្រើនក្នុងរយៈកាលកន្លងមកបានពន្យល់ថា៖ នៅឆ្នាំ ១៩០២ អ្នកស្រាវជ្រាវជនជាតិបារាំង លោក Georges Maspero (ហ្សក់ ម៉ាស្ពេរ៉ូ) បានប្រទះឃើញសិលាចារឹក មួយនៅស្រុកសាយហ្វុងជាប់មាត់ទន្លេមេគង្គនៃរដ្ឋធានីវៀងច័ន្ទប្រទេសលាវ ដែលសរសេរជាភាសាសំស្រ្កឹត ហើយបាន បកប្រែជាភាសាបារាំងដោយលោក Louis Finot (ល្វី ហ្វីណូ) នៅឆ្នាំ១៩០៣។
សិលាចារឹកនោះ គឺជាប្រភេទសិលាស្តម្ភ ចារឹក ចារអក្សរលើមុខទាំងបួននៃថ្មគោល ដែលក្រោយមកគេប្រទះឃើញដូចគ្នាច្រើនទ្បើងជាបន្តបន្ទាប់។ តាមការសិក្សារបស់អ្នកប្រាជ្ញបារាំងលោក Georges Coedes (ហ្សក សឺដេស) សិលាស្តម្ភចារឹកប្រភេទនេះ ចារទុកជា ទម្រង់នៃ «ធម្មនុញ្ញនៃការបង្កើតមន្ទីរពេទ្យ» នាសម័យបុរាណក្នុងរាជការព្រះបាទជ័យវរ្ម័នទី៧។ បើយោងតាមសិលា ស្តម្ភចារឹកនៅប្រាសាទតាព្រហ្ម រាជការព្រះបាទជ័យវរ្ម័នទី៧ មានស្ថាបនា «អរោគ្យសាលា» ដែលប្រែថាមន្ទីរពេទ្យ មានចំនួន១០២ តាំងនៅពេញផ្ទៃនៃចក្រភពខ្មែរ។
ក្នុងចំណោមនោះ មានមន្ទីរពេទ្យចំនួន៦ស្ថិតក្នុងរាជធានីអង្គរ ដែលមាន៤ស្ថិតតាមផ្លូវចូលក្រុងអង្គរធំ៖ ប្រាសាទព្រហ្មកិលនៅខាងត្បូង ប្រាសាទទន្លេស្ងួតនៅខាងជើង ប្រាសាទ ទ្រមូងនៅខាងលិច និងប្រាសាទលក្ខណ៍នាងនៅខាងកើត។ រីឯមន្ទីរពេទ្យ២ទៀត គឺប្រាសាទប្រីនៅខាង ជើងប្រាសាទ ព្រះខ័ន និងប្រាសាទព្រៃប្រាសាទ នៅខាងលិចក្រុងអង្គរធំ។ មន្ទីរពេទ្យសាងទ្បើងជា ប្រភេទសំណង់ស្រាល អំពីឈើប្រក់ក្បឿង។
រីឯប្រាសាទដែលនិយាយខាងលើ ហើយដែល នៅគង់ វង្ស ដល់សព្វថ្ងៃ ជាប្រាសាទដែលសាងទ្បើងនៅក្នុងបរិវេណនៃមន្ទីរពេទ្យ មាននាទីជាហោសម្រាប់ បន់ស្រន់ របស់ មន្ទីរពេទ្យ។ សំណង់ហោបន់ស្រន់មានទម្រង់ដូចគ្នាទាំងអស់ ហើយក្នុងហោបន់ស្រន់នីមួយៗ មានតម្តល់ ព្រះ បដិមានៃ ព្រះពុទ្ធសាសនាមហាយានចំនួនបីព្រះអង្គ ដែលមានព្រះនាមថា៖ ភៃសជ្ជគុរុ វៃរោចន និងចន្រ្ទ។ ព្រះភៃ សជ្ជគុរុ ជាព្រះពុទ្ធស្តេចថ្នាំ។ រីឯព្រះវៃរោចននិងព្រះចន្រ្ទ ជាព្រះពោធិ៍សត្វ ដែលមាននាទីកំចាត់ រាល់ជំងឺរាតត្បាត ទាំងទ្បាយ។ ទន្ទឹមនឹងនេះ ហោបន់ស្រន់នីមួយៗតែងតែមានអាចារ្យពីរនាក់ ដែលមានតួនាទីផ្សេងៗគ្នា។
មួយរូបជាអ្នករៀបចំគ្រឿង រណ្តាប់សម្រាប់កិច្ចពិធីបូជាដល់ព្រះ ដែលបានតម្កល់នៅមន្ទីរពេទ្យផ្ទាល់ ហើយអាចារ្យម្នាក់ទៀតមាន តួនាទីជាអ្នក ធ្វើរោគ វិនិច្ឆ័យ ប្រសិនបើគ្រូពេទ្យដែលប្រចាំការនៅមន្ទីរពេទ្យ ពិនិត្យមិនឃើញរោគអ្វីពិតប្រាកដទេ គេត្រូវបញ្ជូនមក អាចារ្យដើម្បីស្វែងរកប្រភេទជំងឺតាមរយៈជំនឿជាបន្ថែមទៀត។
តាមរយៈ សិលា ចារឹក ដែលចារអំពី«ធម្មនុញ្ញនៃមន្ទីរពេទ្យ» គឺគ្រប់មន្ទីរពេទ្យទូទាំងព្រះនគរ មានគោលការណ៍គ្រប់គ្រងក្រោមទម្រង់តែមួយដូចគ្នាទាំងអស់។ នៅក្នុងមន្ទីរពេទ្យមួយមាន៖
- នាយកគ្រប់គ្រងមួយរូប ដែលតែងតាំងដោយព្រះរាជក្រឹត្យបញ្ជូនមកពីរាជធានី
- គ្រូពេទ្យ ឋានៈជាវេជ្ជបណ្ឌិតចំនួន២រូប
- គិលានុប្បដ្ឋាយិកាចំនួន៨រូប
- ជំនួយការគ្រូពេទ្យ៦រូប
- និងឆ្មាំចំនួន១៤រូប។
តាមរយៈធម្មនុញ្ញនៃមន្ទីរពេទ្យ ក៏បានបញ្ជាក់ទៀតថា មន្ទីរពេទ្យទទួលព្យាបាល មនុស្សគ្រប់វណ្ណៈដោយមិន តម្រូវឲ្យបង់ ថ្លៃអ្វី ទាំងអស់ ដោយរាជការជាអ្នកទទួលខុសត្រូវទាំងស្រុងចំពោះការព្យាបាល ថ្នាំសង្កូវ និងការទំនុកបម្រុងម្ហូប អាហារជាដើម។ អ្នកជំងឺច្រើនប្រភេទបានមកព្យាបាលនៅមន្ទីរពេទ្យទាំងនោះ។ ចំណែកឱសថសម្រាប់ព្យាបាលគឺ ផ្តល់ដោយព្រះឃ្លាំងនៅរាជធានី ដែលបើកជូនគ្រប់មន្ទីរពេទ្យរៀងរាល់៤ខែម្តង។ ក្នុងចំណោមឱសថទាំងនោះ មានមួយ ចំនួនផលិតក្នុងស្រុក និងមួយចំនួនទៀតនាំចូលពីបរទេសដូចជា ប្រទេសចិន និងឥណ្ឌាជាដើម ហើយឱសថខ្លះ មានដាំនៅក្នុងបរិវេណនៃមន្ទីរពេទ្យផ្ទាល់ផងដែរ។
ប្រភព ៖ ដើមអម្ពិល
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!