ប្រភពក្រៅផ្លូវការ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ បោកគ្រាប់បែកយប់មិញបានម្នាក់ (មានវីដេអូ)
រាជធានីភ្នំពេញ ៖ ស្នូរផ្ទុះគ្រាប់បែកលាន់កក្រើក និងហុយផ្សែងទ្រលោមបង្កឲ្យមានការភ្ញាក់ផ្អើលពេញក្រុងភ្នំពេញកាលពីវេលាម៉ោង៧ និង៤៥នាទីយប់ ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៦ នៅទុលមុខផ្ទះអត់លេខ យីហោ អេស៊ី គំនូរ ផ្សាយពាណិជ្ជកម្ម ត្រង់ចំណុចផ្លូវលេខ១៦៣កែងផ្លូវលេខ៣៤៨ ស្ថិតក្នុងភូមិ២ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុរថយន្តរងគ្រោះម៉ាកឡិចស៊ីស RX 330 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2U-7352 បានធ្វើដំណើរតាមផ្លូវលេខ១៦៣ ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានបុរស២នាក់ជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម មិនចាំស្លាកលេខ ទិសដៅស្របគ្នាបើកយ៉ាងលឿនស្លេវវ៉ាពីមុខរថយន្ត រួចហើយក៏លាន់ស្នូរផ្ទុះគ្រាប់បែក និងហុយផ្សែងទ្រលោមមើលអ្វីលែងឃើញ បណ្ដាលឲ្យរថយន្តឡិចស៊ីស RX330 ហូរប្រេងម៉ាស៊ីន បែកកញ្ចក់ចំហៀងខាងឆ្វេង និងកញ្ចក់មុខ បានបើកទៅមុខប្រមាណ៥០ម៉ែត្រទើបឈប់ ភ្លាមៗនោះឃើញមានមនុស្សប្រុសស្រី ចំនួន៤នាក់ដួលរដូករណែលពាសពេញផ្លូវ និងមានឈាមហូរគ្រប់ៗគ្នា ព្រមទាំងឃើញរថយន្ត២គ្រឿងទៀត ម៉ាក HILUX VIGO ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AI-6775 និង១គ្រឿងទៀតម៉ាក TOYOTA TACOMA ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2Y-7136 ដែលម្ចាស់ចតទុកនៅមុខផ្ទះរងកាខូចខាតបែកកញ្ចក់ និងស្នាមសុះដោយសារតែជះអំបែងគ្រាប់បែកផងដែរ ។
ដោយឡែកយោងតាមកាមេរ៉ាសុវត្ថិភាពនៅកន្លែងកើតហេតុឃើញថា មុនពេលកើតហេតុរថយន្តឡិចស៊ីសបើកបរពីត្បូងទៅជើង ចំណែកក្រុមភេរវកម្មមានគ្នា៣នាក់ជិះម៉ូតូ២គ្រឿងបញ្ច្រាសទិសគ្នាជាមួយរថយន្ត ខណៈពេលម៉ូតូក្រុមភេរវកម្មជិះចេញទៅផុតបានបន្តិចរថយន្តឡិចស៊ីសបើកមកដល់គ្រាប់បែកបានផ្ទុះនៅជាប់នឹងរថយន្តហុយទ្រលោមតែម្តង តែមិនបណ្តាលឲ្យអ្នកជិះក្នុងរថយន្តរងរបួសទេ គ្រាន់តែខូចខាតរថយន្ត និងបណ្តាលឲ្យអ្នកជិះម៉ូតូតាមផ្លូវរងរបួសដួលរណូករណែលដោយសារអំបែងគ្រាប់បែក គឺរបួសធ្ងន់ស្ត្រីម្នាក់ដែលជិះម៉ូតូឱបឆ្កែ និង៣នាក់ទៀតរងរបួសស្រាល ព្រមទាំងខូចខាតរថយន្តទាំងអស់៣គ្រឿង និងថ្នល់ខូងអស់មួយដុំផងដែរ ។
បន្ទាប់ពីកើតហេតុភ្លាមៗ ជនរងគ្រោះដែលរងរបួសទាំង៤នាក់ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត២នាក់ នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតម្នាក់ជាជនជាតិឥណ្ឌា និងបុរសម្នាក់ទៀតទៅព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈ ។
ប្រភពពីជនរងគ្រោះឈ្មោះ សេង ជា ភេទប្រុស អាយុ៥៨ឆ្នាំ មុខរបរមន្ត្រីរាជការនៅនាយកដ្ឋានបុគ្គលិក នៃក្រសួងមហាផ្ទៃ បានបង្ហើបឲ្យដឹងនៅមន្ទីរពេទ្យព្រះកុសុមៈថា មុនពេលកើតហេតុរូបគាត់កំពុងជិះម៉ូតូម៉ាកZoomer X ទើបតែមកពីហាត់ប្រាណនៅស្តាតអូឡាំពិក គោលបំណងជិះម៉ូតូទៅហូបបបរសនៅម្ដុំពេទ្យចិន ខណៈពេលកំពុងតែធ្វើដំណើរតាមផ្លូវលុះមកដល់ចំណុចកើតហេតុពេលគាត់ជិះបានផុតពីកន្លែងកើតហេតុប្រមាណជា២០ម៉ែត្រ ស្រាប់តែលាន់ឮសូរសំឡេងផ្ទុះគ្រាប់បែកនៅខាងក្រោយខ្នងគាត់ តែគាត់មិនបានឈប់ម៉ូតឡើយ គឺគាត់បានបន្តដំណើរទៅមុខទៀត ពេលជិះម៉ូតូទៅមុខទៀតស្រាប់តែមានអារម្មណ៍ថា ស្ពឹកស្មាគាត់ក៏យកដៃទៅស្ទាបឃើញមានប្រឡាក់ឈាម ទើបដឹងថាខ្លួនឯងត្រូវកម្ទេចគ្រាប់បែកដែលផ្ទុះនោះ ។ ភ្លាមៗនោះគាត់បានទូរស័ព្ទហៅមិត្តភក្កិមកដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យព្រះកុសមៈ ដើម្បីលាងមុខរបួសហើយបានត្រឡប់ទៅផ្ទះវិញភ្លាមៗ ។
ចំណែកជនរងគ្រោះ២នាក់ ស្ត្រីម្នាក់ និងបុរសជនជាតិវៀតណាមម្នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត មិនទាន់ចេញពីមន្ទីរពេទ្យនៅឡើយទេ ។
ដោយឡែកជនរងគ្រោះជាជនជាតិឥណ្ឌាសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតត្រូវបានស្ថានទូតមិនអនុញ្ញាតឲ្យចូលទៅសួរនាំទេ គ្រាន់តែអ្នកបកប្រែប្រាប់ថា ជនរងគ្រោះក៏អត់ដឹងរឿងអីទេ ជាអ្នកធ្វើដំណើរតាមផ្លូវជួបហេតុការណ៍ខាងលើនេះតែប៉ុណ្ណោះ ។
បន្ទាប់ពីកើតហេតុភ្លាមៗ សមត្ថកិច្ចចម្រុះក្នុងរាជធានីភ្នំពេញបានចុះមកដល់កន្លែងកើតហេតុព្រោងព្រាត មានទាំងលោកស្នងការរាជធានីភ្នំពេញ ជួន សុវណ្ណ កម្លាំងអាវុធហត្ថ និងព្រះរាជអាជ្ញា បានចុះទៅពិនិត្យនៅកន្លែងកើតហេតុរាប់ម៉ោង ជាលទ្ធផលសមត្ថកិច្ចមិនទាន់បង្ហើបប្រាប់ថា ករណីខាងលើជាករណីឃាតកម្ម ឬជាការធ្វើឲ្យចលាចលនៅក្នុងសង្គមនៅឡើយទេ កំពុងតែធ្វើការតាមដានបន្តទៀត ។
នៅកន្លែងកើតហេតុសមត្ថកិច្ចជំនាញបានរកឃើញមានស្លាបព្រាគន្លឹះគ្រាប់បែក ព្រមទាំងអំបែងគ្រាប់បែក តែមិនទាន់សន្និដ្ឋានថា ជាគ្រាប់បែកប្រភេទអ្វីនៅឡើយទេ ។
បើតាមការសន្និដ្ឋានក្រៅផ្លូវការបានឲ្យដឹងថា ជាគ្រាប់បែកផ្លែទាប បន្ទាប់ពីកើតហេតុភ្លាមៗស្ថានភាពនៅក្នុងក្រុងភ្នំពេញហាក់មានភាពស្ងាត់ជ្រងំមិនសូវមានអ្នកធ្វើដំណើរ និងអ្នកដើរលេងពេលយប់ដូចសព្វមួយដងទេ ។ នៅយប់កើតហេតុនោះផងដែរ ប្រភពព័ត៌មានបានឲ្យដឹងថា កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យដែលជាក្រុមភេរវកម្មបានម្នាក់នៅក្នុងខណ្ឌដូនពេញ ប៉ុន្តែសមត្ថកិច្ចមិនបានប្រាប់ឲ្យដឹងទេ ។
ក្រោយពេលកើតហេតុ រថយន្ត៣គ្រឿងរកម្ចាស់មិនទាន់ឃើញ ត្រូវសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌចំការមន ដើម្បីស្វែងរកម្ចាស់មកដាក់ពាក្យបណ្តឹង និងយកលិខិតស្នាមមកបញ្ជាក់ទើបប្រគល់រថយន្តឲ្យវិញ ៕
ប្រភព ៖ កោះសន្តិភាព
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!