ម៉េចចឹង? ពលរដ្ឋថាសមត្ថកិច្ចបើកភ្លើងខៀវឲ្យឈ្មួញ សមត្ថកិច្ចថាទុកឲ្យពលរដ្ឋរស់
ខេត្តកំពង់ធំ ៖ ប្រជាពលរដ្ឋនាំគ្នានិយាយរិះគន់ថា បទល្មើសនៅរដូវបិទនេសាទបានកើតឡើងយ៉ាងអនាធិបតេយ្យ នៅក្នុងភូមិសាស្ត្រឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដោយសារតែមន្ត្រីជលផល អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធបើកភ្លើងខៀវឲ្យពួកឈ្មួញប្រមូលលុយ ចែកគ្នាចាយយ៉ាងសប្បាយចិត្ត ។
ពលរដ្ឋនាំគ្នានិយាយត្អូញត្អែរថា នៅរដូវបិទនេសាទនេះ មានឧបករណ៍នេសាទខុសច្បាប់ដែលធ្វើឲ្យហិនហោចដល់មច្ឆជាតិដូចជា របាំងណរ៉ាវសាច់ក្រហម របាំងស្បៃមុង រ៉ូយ៉ាល់ ឡុក និង លូ ជាច្រើនកន្លែងបានដាក់ស្ទាក់ ចាប់ត្រីនៅក្នុងទឹកក្បែរៗព្រៃ និងលាតសន្ធឹងតាំងពី មាត់ព្រៃរហូតដល់ទៅ លំហផ្ទៃបឹងទន្លេសាប ក្នុងឃុំផាត់សណ្តាយ ដែលក្នុងមួយខ្សែៗមានប្រវែងពី ២០០ម៉ែត្រ-៣០០ម៉ែត្រទៅរាប់ពាន់ម៉ែត្រក៏មាននោះ កម្រឃើញមន្ត្រីជំនាញចុះទៅបង្ក្រាបណាស់ ចំណែកពួកគាត់ដែលដាក់ឧបករណ៍នេសាទខ្លីៗ ជាលក្ខណៈគ្រួសារវិញ បន្តិចគេទៅកាប់បំផ្លាញចោលអស់ ។
ពាក់ព័ន្ធបទល្មើសខាងលើនេះ លោក ព្រុំ សុឃឿន នាយសង្កាត់រដ្ឋបាលជលផលផាត់សណ្តាយ មិនអាចសុំការបំភ្លឺ តាមទូរស័ព្ទបានទេនៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៦នេះ ព្រោះទូរស័ព្ទលោកខលចូល ជាច្រើនដងតែគ្មានអ្នកទទួល ។ ចំណែកលោក ស៊ិន សុភី ហៅ ប្រុស នាយរងសង្កាត់វិញនោះ ក៏ពុំអាចសុំការបំភ្លឺបានដែរ ។
លោក អ៊ុន បត្ត អភិបាលស្រុកកំពង់ស្វាយ បានប្រាប់ថា បន្ទាប់ពីទទួលព័ត៌មាននេះ ថ្ងៃស្អែកលោកនឹងចុះទៅធ្វើការត្រួតពិនិត្យ និងពង្រឹងឡើងវិញចំពោះបញ្ហានេះ ។
លោក ប៉ែន វណ្ណារិទ្ធ នាយខណ្ឌរដ្ឋបាលជលផលកំពង់ធំ បានប្រាប់«កោះសន្តិភាព»នៅថ្ងៃដដែលនេះថា លោកទទួលស្គាល់ថា ពិតជាមានបទល្មើសនេសាទខ្លះៗមែន ដោយសារតែកន្លងមក លោកបានដឹកនាំកម្លាំងចុះបង្ក្រាប យ៉ាងក្តៅគគុករហូតមានប្រជាពលរដ្ឋរាប់រយគ្រួសារ នាំគ្នាសំណូមពរថា ឆ្នាំនេះកាលពីដើមឆ្នាំមានគ្រោះធម្មជាតិរាំងស្ងួត ធ្វើឲ្យពួកគាត់សឹងតែរកអ្វី ទទួលទានពុំបាន មានខ្លះនាំគ្នាទៅចងការប្រាក់គេទៀតផង លុះដល់មានទឹកបន្តិចចន្តួច គាត់នាំគ្នានេសាទត្រូវបានកម្លាំងចុះបង្ក្រាបញឹកញ៉ាប់យ៉ាងនេះ តើឲ្យពួកគាត់សង្ឃឹមអ្វី?។
គាត់គ្មានចេះអ្វី ក្រៅពីរបរនេសាទនេះទេ តើពួកគាត់សុំតែមួយរស់ផងបានទេ? ដោយសារតែបញ្ហានេះ ហើយលោកបានពិភាក្សា ជាមួយលោកអភិបាលខេត្ត ហើយធ្វើជារបាយការណ៍ជូនទៅក្រសួង ។
លោកនាយខណ្ឌបន្តថា បើប្រជាពលរដ្ឋនាំគ្នាសំណូមពរយ៉ាងដូច្នេះហើយ លោកមានតែឈរនៅខាងប្រជាពលរដ្ឋ ដោយមិនអាចសម្លាប់ពួកគាត់បានទេ ដែលជាហេតុធ្វើឲ្យសារព័ត៌មានខ្លះ វាយប្រហារចំពោះរូបលោកថា បានឃុបឃិតគ្នាបណ្តោយឲ្យមានបទល្មើស ។
លោក ប៉ែន វណ្ណារិទ្ធ បញ្ជាក់ថា បើពលរដ្ឋដាក់ឧបករណ៍ក្រឡាធំៗបន្តិចនោះត្រឹមប្រវែង១០០ម៉ែត្រ ទៅ២០០ម៉ែត្រ ដើម្បីរស់ គឺលោកទុកឲ្យពួកគាត់រស់ចុះ ហើយលោកក៏ពុំដែលបានទទួលប្រាក់ សូម្បីតែ១រៀលពីពួកគាត់ដែរ ។
ចំណែកឧបករណ៍ របាំងស្បៃម៉ុងគឺហាមដាច់ខាត សូម្បី២-៣ម៉ែត្រក៏បង្ក្រាបកាប់កម្ទេច ឬក៏សារយកមកដុត កម្ទេចចោលដែរ រីឯរឿងថា មានដាក់ឧបករណ៍នេសាទខុសច្បាប់រាប់ពាន់ម៉ែត្រនោះ លោកនឹងដឹកនាំកម្លាំងចម្រុះ ចុះទៅបង្ក្រាបក្នុងពេលឆាប់ៗនេះ ៕
ប្រភព ៖ កោះសន្តិភាព
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!