លោក ម៉ម ប៊ុនហេង បន្តចុះពិនិត្យការប្រតិបត្តិការ របស់មន្ត្រី និងម៉ាស៊ីនស្កេនវិរ៉ុស Zika នៅ​អាកាសយានដ្ឋាន អន្តរជាតិសៀមរាប

 
 

(សៀមរាប)៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៦នេះ ជាមួយមន្ត្រីអមដំណើរ បាន​បន្ដចុះពិនិត្យ ​ប្រតិបត្តិការរបស់មន្ត្រី និងម៉ាស៊ីនស្កេនវីរុស Zika នៅ​អាកាសយានដ្ឋានអន្តរជាតិសៀមរាប បន្ទាប់ពីការ​ចុះពិនិត្យមើល ម៉ាស៊ីនស្កេនវីរុស នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្នុងគោលបំណង ដើម្បីបង្កើនការយកទុកដាក់ ក្នុងការត្រួតពិនិត្យការឆ្លង ចូលវីរុស Zika ពីប្រទេសផ្សេងៗ តាមរយៈអ្នកដំណើរតាមជើងយន្ដហោះពីបរទេស ចូលមកកាន់ប្រទេសកម្ពុជា។

លោករដ្ឋមន្ដ្រី បញ្ជាក់ថា «ការទប់ស្កាត់នឹងការពារ ជម្ងឺហ្ស៊ីកា (Zika) គឺវាដូចនឹងការពារជម្ងឺគ្រុនឈាមដែរ ដោយការការពារកុំឲ្យមូលខាំ តាមរយៈការកំចាត់វត្ថុដក់ទឹក ដែលជាជំរក នៃការកកើតសត្វមូល»។ ​លោក បានជំរុញឲ្យថ្នាក់ដឹកនាំ អាជ្ញាធមូលដ្ឋាន អង្គភាព ស្ថាប័នពាក់ព័ន្ធ ដៃគូរនានា និងប្រជាសហគមន៍ យកចិត្តទុកដាក់ ក្នុងការចូលរួមកំចាត់ជំរកដង្កូវទឹក ដែលនាំឲ្យមានមូសបង្កនូវជម្ងឺ ហើយនៅពេលមានជម្ងឺ ដែលមានរោគសញ្ញា ដូចរៀបរាប់ខាងលើ សូម​ទៅមណ្ឌសុខភាព ឬមន្ទីរពេទ្យបង្អែកដែលនៅជិតបំផុត ដើម្បីពិគ្រោះយោបល់ និងបានពិនិត្យសុខភាពជាបន្ទាន់ ផងដែរ។

ជាថ្មីម្ដងទៀត​ លោករដ្ឋមន្ត្រី ម៉ម ប៊ុនហេង បានប្រកាសលេខទូរស័ព្ទបន្ទាន់ ឬ Hotline «115» សម្រាប់សួរនាំអំពីជំងឺឆ្លងនិងបញ្ហា សុខាភិបាលផ្សេងៗ សម្រាប់២៤ម៉ោងលើ ២៤ម៉ោង ដើម្បីបង្កើនការយកទុកដាក់ក្នុងការត្រួតពិនិត្យ ការឆ្លងចូលវិរ៉ុស Zika មកកម្ពុជា៕

ប្រភព ៖ Fresh News

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក គួររំលឹកព័ត៌មានពាក់ព័ន្ធ កាលពីលើកមុនផងដែរថា ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសព័ត៌មានភ្លាមៗ ឆ្លើយតបនឹងការរីករាលដាល វីរុស Zika នៅតំបន់អាស៊ី ។ គួររំលឹកផងដែរថា ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មានភ្លាមៗ ឆ្លើយតបនឹងការរីករាលដាល វីរុស Zika នៅតំបន់អាស៊ី ដូចជា ប្រទេសសឹង្ហបុរីមានករណីនេះ​ កើនដល់ចំនួន១៥១, ប្រទេសឡាវ២ករណី, ប្រទេសវៀតណាម២ករណី, ថៃ៩៧ករណី និងម៉ាឡេស៊ី១ករណី។

ក្រសួងសុខាភិបាល បានអះអាងថា នៅកម្ពុជាចាប់ពីឆ្នាំ២០០៧ រហូតដល់ ២០១០ រកឃើញជំងឺ Zika មានចំនួន៧ករណី សុទ្ធតែជាសះស្បើយ និងពុំរកឃើញមានករណីកុមារមានក្បាលតូច ប៉ុន្តែរហូតដល់បច្ចុប្បន្ននេះវីរុស Zika ពុំរកឃើញករណីនេះទៀតទេ។

ឆ្លើយតបនឹងការរីករាលដាល វីរុស Zika នៅតំបន់អាស៊ីនេះ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានលើកឡើងថា «ការទប់ស្កាត់នឹងការពារ ជំងឺហ្ស៊ីកា (Zika) គឺវាដូចនឹងការពារជំងឺគ្រុនឈាមដែរ ដោយការការពារកុំឲ្យមូលខាំ តាមរយៈការកំចាត់វត្ថុដក់ទឹក ដែលជាជំរកនៃការកកើតសត្វមូល។ ខ្ញុំសូមជំរុញឲ្យថ្នាក់ដឹកនាំមូលដ្ឋា​​ន ប្រជាជននៅក្នុងសហគមន៍​ ក្នុងការកំចាត់ជំរកដង្កូវទឹក ដែលនាំឲ្យមានមូសបង្កជំងឺ ស្លៀកពាក់ខោជើងវែង និងអាវដៃវែង និងសម្រាកក្នុងមុង។ ពេលមានជំងឺដែលមានរោគសញ្ញាដូចរៀបរាប់ខាងលើ សូមអញ្ជើញទៅមណ្ឌសុខភាព ឬមន្ទីរពេទ្យបង្អែកដែលនៅជិតបំផុត»។

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម