ឃាត់ខ្លួន​ជនអន្តោប្រវេសន៍​៤៣​នាក់ ក្នុង​ការដ្ឋាន​សំណង់​មួយ​កន្លែង

 
 

រាជធានី​ភ្នំពេញ ៖ កាលពី​ម៉ោង​៣​និង​២០​នាទី​រសៀល ថ្ងៃ​ទី​២៩ ខែសីហា ឆ្នាំ​២០១៦​នេះ កម្លាំង​នរ​គ​បាល​អន្តោប្រវេសន៍ នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ដឹកនាំ​ដោយ​លោក អ៊ុ​ក ហៃ​សីឡា និង​មានការ​ចូលរួម​សម្របសម្រួល​ ដោយ​លោក សៀង សុខ ព្រះរាជអាជ្ញា​រង​អម​ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចុះ​ត្រួតពិនិត្យ​កម្មករ​អន្តោប្រវេសន៍​ ដែល​ចូល​មក​ធ្វើ​ការងារ​ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា នូវ​ការដ្ឋាន​សំណង់​មួយ​កន្លែង ដែល​ជា​គម្រោង​សណ្ឋាគារ ដឺ​ហ្វឺ​ស ហូ​តែ​ល អ៊ី​ន​វេស​មែន អ៊ី​ន ភ្នំពេញ ( The First Hotel Investment In Phnom Penh ) នៅ​តាម​ផ្លូវ​២១១ សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ ដែល​អតីត ជាទី​តាំង​មន្ទីរ​សាធារណៈ​ការណ៍ ធ្វើ​ស្លាក​លេខ​យានយន្ត​។

ក្នុង​ប្រតិបត្តិ​នេះ កម្លាំង​ចុះ​មក​ឡោម​ព័ទ្ធ និង​ត្រួតពិនិត្យ​កម្មករ​ជា​ជនជាតិ​ចិនចំនួន​សរុប​៤៣​នាក់ ស្រី​៣​នាក់ មាន​លិខិតឆ្លងដែន​ចំនួន​៤០​ក្បាល និង​មាន​សៀវភៅ​ការងារ​ចំនួន ៣៧​ក្បាល អ្នក​មិន​មាន​លិខិតឆ្លងដែន​ចំនួន ៣​នាក់ និង​មិន​មាន​សៀវភៅ​ការងារ​ចំនួន ៣​នាក់ ក្នុង​មាន​ស្រី​១​នាក់​។

យោង​តាម​អ្នកបកប្រែ​ ជនជាតិ​ចិន និង​មើល​ការ​ខុស​ត្រូវ​បាន​ប្រាប់​ថា កម្មករ​ជនជាតិ​ចិន​សរុប​ទាំងអស់​មាន​ចំនួន ៥០​នាក់ ក្នុង​នោះ​ស្រី​មាន​ចំនួន ៥​នាក់ និង​កម្មករ​ជនជាតិ​ខ្មែរ​យើង​មួយ​ចំនួន​ទៀត​។

ប្រភព​ដដែល​បាន​បន្ត​ថា សំណង់​កំពុង​សាងសង់​នេះ​ ជា​គម្រោង​សណ្ឋាគារ​ទី​១​ក្នុង​រាជធានី​ភ្នំពេញ ដូច្នេះ​ហើយ​កម្មករ​របស់​ក្រុមហ៊ុន​ គឺ​មាន​លិខិតឆ្លងដែន និង​ច្បាប់​ការងារ​ត្រឹមត្រូវ ហើយ​ក៏​សូម​បញ្ជាក់​ផង​ដែរ​ថា ខាង​ក្រុមហ៊ុន​វិនិយោគ​ទៅ​លើ​ផ្នែក​សណ្ឋាគារ​តែ​ប៉ុណ្ណោះ​។ ជនជាតិ​ចិន​ដែល​គ្មាន​ លិខិតឆ្លងដែន និង​សៀវភៅ​ការងារ ត្រូវ​នាំ​ទៅ​អគ្គនាយកដ្ឋាន​ នរ​គ​បាល​អន្តោប្រវេសន៍ ដើម្បី​ផ្អាក​ពិន័យ​ទៅ​តាម​នីតិវិធី​ ៕

ប្រភព ៖ កោះសន្តិភាព

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកដែរថា ទាក់ទងនឹងករណីខាងលើនេះដែរ កាលពីកន្លងទៅនេេះ កម្លាំងនគរបាលនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ កន្លងទៅ បានបន្តប្រតិបត្តិការចុះទៅចាប់ខ្លួន​ ជនជាតិវៀតណាមចំនួន១០នាក់ បន្ថែមទៀតពីបទរស់នៅ និងធ្វើការខុសច្បាប់នៅខណ្ឌដូនពេញ

លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋាន បានឲ្យដឹងថា «នៅវេលាម៉ោង២៖៣០នាទីរសៀលថ្ងៃនេះ ក្រុមប្រតិបត្តិការចំរុះ បានឃាត់ខ្លួនជនបរទេសជាជនជាតិវៀតណាម បានចំនួន១០នាក់ ស្រីទាំងអស់ ក្នុងករណីចុះត្រួតពិនិត្យទីតាំងផ្ទះជួល ដែលជនបរទេសលួចស្នាក់នៅ រកស៊ី លក់កាហ្វេ ម៉ាស្សា កោសជប់ នៅសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ»។

សម្រាប់ជនជាតិវៀតណាមទាំងនេះ ត្រូវបានបញ្ជូនភ្លាមៗ ទៅកាន់នាយកដ្ឋានដើម្បីបន្តសួរនាំ និងធ្វើការបណ្តេញចេញពីប្រទេសកម្ពុជា ដើម្បីរស់នៅ និងធ្វើការខុសច្បាប់មែននោះ។ សូមបញ្ជាក់ថា ក្រោមបទបញ្ជាពីនាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ កម្លាំងនគរបាល បាននិងកំពុងបន្តប្រតិបត្តិការចុះត្រួតពិនិត្យជនបរទេស ដែលលួចរស់នៅ និងធ្វើការខុសច្បាប់៕

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម