មាន់កសិកម្ម៤០០ក្បាល សង្ស័យលោតឆ័ត្រឆ្លងដែនអត់ប៉ាស្ព័រ
ខេត្តបាត់ដំបង ៖ សត្វមាន់កសិកម្មយ៉ាងតិច៤០០ក្បាល ត្រូវគេសង្ស័យថា ឈ្មួញលួចនាំចូលពីប្រទេសថៃ ដោយគ្មានច្បាប់ ដែលបន្លំដឹកតាមរទេះបម្រុងវាយលុកចូលទីផ្សារនានាក្នុងក្រុងបាត់ដំបង តែត្រូវមន្ត្រីពេទ្យសត្វ សហការណ៍ជាមួយកម្លាំងនគរបាលក្រុងបាត់ដំបង ស្ទាក់ចាប់បាននៅម៉ោងជិត៤ទាបភ្លឺ ថ្ងៃទី២៨ខែសីហានេះ នៅចំណុចខាងមុខប៉ុស្ដិ៍នគរបាលសង្កាត់អូរចា ក្រុងបាត់ដំបង។
លោក ប៉ាង ហៀង អធិការក្រុងបាត់ដំបង បានឲ្យដឹងថា មន្ត្រីពេទ្យសត្វ បានស្នើសុំកម្លាំងរបស់លោកជួយសហការណ៍ស្ទាក់ចាប់រ៉ឺម៉កដឹកមាន់កសិកម្ម ដែលសង្ស័យថា មានភាពមិនក្រតី ទើបកម្លាំងលោកចេញស្ទាក់ចាប់បានភ្លាមៗ នៅខាងមុខប៉ុស្ដិ៍អូរចាតែម្ដង។
លោកបានបញ្ជាក់ថា ក្រោយបង្ក្រាបបានលោក ក៏បានប្រគល់រ៉ឺម៉កដឹកសត្វមាន់សំពីងសំពោងនោះ ឲ្យទៅមន្ត្រីពេទ្យសត្វចាត់វិធានការបន្ត ដែលមានទាំងក្រុមកម្មករដឹកជញ្ជូនមាន់ប៉ុន្មាននាក់ផង តែលោកមិនដឹងថា មាន់នោះដឹកពីខាងណាមកនោះទេ។ ភ្លាមៗនោះ គេនូវមិនទាន់ស្គាល់អត្តសញ្ញាណក្រុមកម្មករដឹកមាន់ទាំងនោះនៅឡើយទេ តែពួកគេនិយាយថា សត្វមាន់ចំនួន៤០ទ្រុងនោះដឹកពីស្រុកថ្មគោល បម្រុងយកទៅឲ្យម៉ូយនៅក្បែរក្បាលស្ពានវត្តគរ ក្នុងភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង។ ប៉ុន្តែក្រុមកម្មករនេះបានបដិសេធមិនព្រមប្រាប់ឈ្មោះថៅកែរបស់ខ្លួនទេ បើទោះជាមន្ត្រីពេទ្យសត្វជជីកសួរដេញដោលយ៉ាងណាក្ដី។
ពួកគេបែរជាប្រាប់ថា ពួកគេជាអ្នករកស៊ីហ៊ុនគ្នាផ្ទាល់ ក្នុងមុខជំនួញនេះ។ ពាក់ព័ន្ធនឹងការដឹកជញ្ជូនមាន់កសិកម្មខាងលើនេះ បើតាមមន្ត្រីពេទ្យសត្វបានប្រាប់ថា ក្រុមនេះបានឆ្លើយកុហក តែធាតុពិតពួកគេមានថៅកែត្រឹមត្រូវ ជាអ្នកបញ្ជាឲ្យដឹកមាន់ដែលគ្មានច្បាប់ទម្លាប់នេះ ចូលទីផ្សារក្នុងក្រុងបាត់ដំបង។
មន្ត្រីរូបនោះបានឲ្យដឹងថា មាន់កសិកម្មនោះត្រូវឈ្មួញទុច្ចរិតលួចនាំចូលពីប្រទេសថៃ តាមច្រករបៀងនានា ដោយខុសច្បាប់ក្នុងពេលយប់ លុះដឹកដល់ស្រុកថ្មគោល ទើបពួកគេបំបែករូបភាព ដឹកជញ្ជូនតាមរ៉ឺម៉កយកទៅដាក់ឲ្យម៉ូយនៅតាមទីផ្សារនានា ក្នុងក្រុងបាត់ដំបង។
មន្ត្រីពេទ្យសត្វបានបញ្ជាក់ថា ក្រុមជនទុច្ចរិតរត់ពន្ធសត្វមាន់បំពានច្បាប់ខាងលើនេះ ធ្លាប់ត្រូវមន្ត្រីពេទ្យសត្វបង្ក្រាបម្ដងហើយ នាពេលកន្លងមកនេះ តែកាលនោះមានភ្នាក់ងារទូរទស្សន៍ដ៏ល្បីខាងខូចម្នាក់(សុំលាក់ឈ្មោះ) បានចេញមុខកាងបទល្មើសនេះ ថែមទាំងបានអន្តរាគមន៍សុំឲ្យការិយាល័យបសុពេទ្យលើកលែងទៀតផង។
មន្ត្រីរូបនេះបានបន្ថែមថា ដោយសារមានការយោគយល់ ភ្នាក់ងារទូរទស្សនន៍ដែលល្បីខាងកាងបទល្មើសម្នាក់នោះ ទើបមន្ត្រីការិយាល័យបសុពេទ្យ សុំគោលការណ៍ថ្នាក់លើ គ្រាន់តែធ្វើការអប់រំ និងធ្វើកិច្ចសន្យា ឲ្យក្រុមនេះបញ្ឍប់សកម្មភាពរកស៊ីមុខរបរល្មើសច្បាប់។
ប៉ុន្តែក្រុមនេះមិនត្រឹម តែមិនគោរពច្បាប់ ឬគោរពកិច្ចសន្យានោះទេ ថែមទាំងបង្កើនសកម្មភាពល្មើសច្បាប់ របស់ខ្លួនទ្វេដង ផ្គើននឹងមន្ត្រីជំនាញទៀត។ ប៉ុន្តែការចាប់លើកនេះគេនូវមិនទាន់ឃើញភ្នាក់ងារទូរទស្សន៍ដ៏ល្បីខាងខូចនោះ ចេញមុខអន្តរាគមន៍ដូចមុនៗនោះទេ ខណៈមន្ត្រីជំនាញកំពុងចាត់ការលើករណីនេះ។
គួររំលឹកថា ពាក់ព័ន្ធនឹងការនាំមាន់កសិកម្មចូលពីប្រទេសថៃនេះដែរ បើតាមការពិនិត្យជាក់ស្ដែង គេសង្កេតឃើញបច្ចុប្បន្ននេះ ក្រុមឈ្មួញ៣នាក់បាន និងកំពុងសម្រុកយ៉ាងខ្លាំង ក្នុងការនាំចូលសត្វមាន់ ពីប្រទេសថៃ តាមច្រករបៀង«ភ្នំព្រះពុទ្ធ»ហៅច្រក«បឹងឆ្នាំង» ស្ថិតក្នុងស្រុកកំរៀង។
ឈ្មួញដែលមានសិទ្ធនាំចូលសត្វមាន់ពីប្រទេសថៃ សព្វថ្ងៃតាមច្រករបៀង«ភ្នំព្រះពុទ្ធ»នេះ គឺមានថៅកែធំៗចំនួន៣នាក់ ក្នុងនោះមានទាំងក្រុមគ្រួសារលោកអភិបាលរងខេត្តបាត់ដំបង មួយរូបផង ដែលកំពុងសកម្មបំផុត។ បើតាមប្រភពព័ត៌មានបានឲ្យដឹងថា ការនាំចូលសត្វមាន់ជាទូទៅត្រូវធ្វើឡើងពេលយប់ជ្រៅ ខណៈពលរដ្ឋដេកលក់ស្ងាត់អស់។ ហើយការនាំចូលសត្វមាន់នេះ ត្រូវគេសង្ស័យថា ជាងពាក់កណ្ដាល នៃសត្វមាន់ដែលនាំចូល គឺមិនស្របច្បាប់ បើទោះជាក្រុមឈ្មួញទាំងនោះ មានច្បាប់ពីក្រសួងសាមីត្រឹមត្រូវក្ដី។ ប៉ុន្តែជុំវិញការនាំចូលមាន់មិនស្របច្បាប់ ឬ លើសច្បាប់កំណត់នេះ ឈ្មួញមាន់ម្នាក់ទទូលស្គាល់ថា«ពិតជាមានមែន»។
ថៅកែមាន់រូបនេះ បានលើកហេតុផលដូច្នេះថា នៅសម័យនេះការប្រកបមុខរបអ្វីក៏ដោយ បើស្មោះត្រង់ និងច្បាប់ពេក មិនអាចសល់លុយចិញ្ចឹមប្រពន្ធកូនទេ ព្រោះត្រូវបង់ច្រើនស្ថាប័នពេក តែបង់ស្របច្បាប់ តិចជាងបង់ក្រៅច្បាប់។ លោកថៅកែដែលសុំមិនប្រាប់ឈ្មោះរូបនេះបញ្ជាក់ថា សព្វថ្ងៃមានជាង២០ស្ថាប័ន ដែលត្រូវបង់លុយក្រៅប្រព័ន្ធច្បាប់ រាប់ទាំងស្ថាប័នសារព័ត៌មានមួយចំនួនផង។
ដូច្នេះអ្នករកស៊ីនាំចូលទំនិញ ពីប្រទេសថៃ ទាំងអស់គ្មានឈ្មួញណាម្នាក់ ដែលមានភាពស្មោះត្រង់ និងច្បាស់ពេកទេ ដាច់ខាតត្រូវតែបំពានច្បាប់ខ្លះហើយ បើមិនចឹងទេប្រពន្ធកូនប្រាកដជា ដាច់អង្ករច្រកឆ្នាំងជាមិនខាន៕
ប្រភព ៖ កោះសន្តិភាព
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!