មានកញ្ចប់សង្គ្រោះបឋមត្រៀមជួយអ្នកទេសចរ
ខេត្តសៀមរាប ៖ ចាប់ពីពេលនេះតទៅ ភ្នាក់ងារទេសចរណ៍ ដែលឈរជើងតាមទីតាំងប្រាសាទផ្សេងៗ មានកញ្ចប់សង្គ្រោះបឋម ជាប់តាមខ្លួនជាប្រចាំហើយ ។
កញ្ចប់សង្គ្រោះបឋមនេះ នឹងប្រើប្រាស់សម្រាប់ជួយ ដល់ភ្ញៀវទេសចរ ដែលមានជំងឺតិចតួច ឬប៉ះទង្គិចផ្សេងៗ ក្នុងដំណើរទស្សនារបស់ខ្លួន ។ កញ្ចប់នេះមានសម្ភារ សំខាន់ៗមួយចំនួនដូចជា ប្រេងខ្យល់ ប្រេងកូឡា ថ្នាំបេតាឌីន កុំប្រេស បង់បិទដំបៅ បង់រុំរបួស ស្រោមដៃ និងកន្ត្រៃជាដើម ។
តាមការបញ្ជាក់ពីលោកសុខ សង្វារ អគ្គនាយករង ទទួលបន្ទុកនាយកដ្ឋានអភិវឌ្ឍន៍និងគ្រប់គ្រង ទេសចរណ៍អង្គរ នៃអាជ្ញាធរជាតិអប្សរាថា ការបំពាក់កាបូបសង្គ្រោះ បឋមតាមខ្លួនដល់ ភ្នាក់ងារទេសចរណ៍ គ្រប់រូបដែលឈរជើង តាមប្រាសាទក្នុងតំបន់អង្គរ គឺដើម្បីឱ្យភ្នាក់ងារទាំងអស់ អាចជួយសង្គ្រោះភ្ញៀវ បានទាន់ពេលវេលា ពេលភ្ញៀវទេសចរមាន បញ្ហាសុខភាពដូចជា ខ្យល់គរ វិលមុខ ឈឺ ក្បាល ថ្លោះ គ្រេចដៃជើង ឬរងរបួសស្រាល ដោយប្រការណាមួយ ខណៈកំពុងទស្សនា ។
ភ្ញៀវទេសចរជាច្រើន បានសម្តែងភាពសប្បាយរីករាយ នៅពេលដែលពួកគាត់មានបញ្ហា ហើយត្រូវបានភ្នាក់ងារទេសចរ នៃអាជ្ញាធរជាតិអប្សរា ជួយពួកគាត់បានទាន់ពេលវេលា ។ នេះជាសេវាកម្មមួយថ្មីបន្ថែមទៀត ដែលអាជ្ញាធរជាតិអប្សរាតែងយកចិត្តទុកដាក់ ចំពោះភ្ញៀវទេសចរ ដែលមកទស្សនា រមណីយដ្ឋានអង្គរ ។
កាលពីពេល ថ្មីៗកន្លងទៅនេះ អាជ្ញាធរជាតិអប្សរាក៏បានសហការជាមួយគ្រូពេទ្យស្ម័គ្រចិត្តមកពី សហរដ្ឋអាមេរិក បណ្តុះបណ្តាលវិធីសង្គ្រោះបឋមដល់ភ្នាក់ងារទេសចរ នគរបាលការពារ បេតិកភណ្ឌ និងនគរបាលទេសចរណ៍ ដែលជាស្ថាប័នពាក់ព័ន្ធបំផុតជាមួយនឹងដំណើរទស្សនារបស់ភ្ញៀវ ។
ភ្នាក់ងារទេសចរណ៍ ដែលឈរជើង ជាប្រចាំនៅតាមប្រាសាទនានា ក្នុងតំបន់រមណីយដ្ឋានអង្គរ សព្វថ្ងៃមានចំនួន ៤១៣នាក់ ។ ភ្នាក់ងារទាំងអស់មានភារកិច្ចសំខាន់ក្នុងការសម្របសម្រួល លំហូរភ្ញៀវទេសចរនៅក្នុងប្រាសាទ ការពារប្រាសាទពីការប៉ះពាររបស់ភ្ញៀវជាប្រចាំ ជំរុញឲ្យភ្ញៀវទេសចរគោរព តាមក្រមប្រតិបត្តិអង្គរ ការជួយសម្រួលភ្ញៀវ ក្នុងករណីបាត់បង់សម្ភារ ជាពិសេសគឺជួយ សង្គ្រោះភ្ញៀវដែលជួបនឹងគ្រោះថ្នាក់ផ្សេងៗ ៕
ប្រភព ៖ កោះសន្តិភាព
កំណត់ហេតុខ្មែរឡូត៖
គួររំលឹកព័ត៌មានចាស់ដែរថា ក្រុមអ្នកជំនាញជាតិ និងអន្តរជាតិ សហការគ្នា លើការជួសជុលប្រាសាទអង្គរវត្ត ដោយសារចាស់ទ្រុឌទ្រោម ។ ប្រាសាទបុរាណខ្មែរ នៅសៀមរាបអង្គរ៩១ប្រាសាទ ត្រូវបានចាត់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ក្នុងចំណោមនោះ ប្រាសាទអង្គរវត្ត ដែលបានសាងសង់ឡើង ក្នុងរាជ្យព្រះបាទសូរ្យវរ្ម័នទី២ នាដើមសតវត្សទី១២ កំពុងទទួលបាននូវ ការចាប់អារម្មណ៍ជាងគេ ពីសំណាក់អ្នកទេសចរអន្តរជាតិ ដែលបានមកទស្សនាតាមរយ:ការឲ្យតម្លៃលើស្នាដៃសិល្បៈ ស្ថាបត្យកម្ម និងចម្លាក់នានា ប្រកបដោយភាពរស់រវើក ស្រស់ស្អាត និងផ្ចិតផ្ចង់។ ដោយមានសភាពចាស់ទ្រុឌទ្រោម ក្រុមអ្នកជំនាញជាតិ និងអន្តរជាតិ បានសហការគ្នាលើការជួសជុល ឲ្យកាន់តែប្រសើរឡើង និងមានសភាពដូចដើម។
ផ្អែកលើប្រវត្តិ នៃកិច្ចការអភិរក្សប្រាសាទអង្គរវត្ត បានបង្ហាញថា អំឡុងសតវត្សទី១៦ ដល់ទី១៨ គឺក្នុងពេលរាជធានី ត្រូវបានផ្លាស់ចេញពីអង្គរ ហើយព្រះបាទចន្ទរាជា បុត្រ និងចៅ របស់ព្រះអង្គ បានធ្វើការជួសជុល និងបំពេញបង្រ្គប់ លើរចនាសម្ព័ន្ធខ្លះៗ ដែលមិនទាន់បានបញ្ចប់នាព្រះរាជាមុនៗ។ ក្នុងសម័យក្រោយៗមកទៀត ប្រាសាទអង្គរវត្ត ត្រូវបានស្ថាប័នអន្តរជាតិមួយចំនួន ពោលពីសំណាក់សាលាបារាំងចុងបូព៌ា (EFEO) បានសង្រ្គោះ និងជួសជុលលើរចនាសម្ព័ន្ធគ្រោះថ្នាក់ ឬ ទ្រុឌទ្រោមមួយផ្នែកធំរបស់ប្រាសាទ។
កិត្តិនាមលើតម្លៃ នៃប្រាសាទអង្គរវត្ត មិនត្រឹមតែទាក់ទាញភ្ញៀវទេសចរមកទស្សនាប៉ុណ្ណោះទេ តែក៏បានទាក់ទាញស្ថាប័នអន្តរជាតិមួយចំនួន ចូលរួមចំណែក ក្នុងកិច្ចការអភិរក្ស ជួសជុល តាមរយ:ការផ្តល់ជំនួយផ្នែកបច្ចេកទេស។
លោក សយ សុភារិន្ទ មន្ត្រីបច្ចេកទេសអភិរក្សថ្ម ដែលកំពុងធ្វើការជួសជុលចម្រឹងបង្អួចប្រាសាទអង្គរវត្ត បានបញ្ជាក់ថា បច្ចុប្បន្នការដ្ឋានជាតិ និងអន្តរជាតិដែលកំពុងដំណើរការអភិរក្ស និងជួសជុលថ្ម នៅប្រាសាទអង្គរវត្តមានចំនួន៤ស្ថាប័ន រួមមាន៖
ទី១-គម្រោងរបស់អាជ្ញាធរជាតិអប្សរា ដែលកំពុងជួសជុលពង្រឹងចម្រឹងបង្អួច និងច្រាំងកសិន្ធុខាងលិចផ្នែក ខាងជើងបា្រសាទអង្គរវត្តប្រវែង ៤០ម៉ែត្រ ដែលគ្រប់គ្រងលើផ្នែកបច្ចេកទេស ផ្ទាល់ពីអ្នកជំនាញខ្មែរសុទ្ធសាធ នៃអាជ្ញាធរជាតិអប្សរា
ទី២-គម្រោងរបស់ប្រទេសអ៊ីតាលី រួមសហការជាមួយអាជ្ញាធរជាតិអប្សរា (APSARA-I.Ge.S) ដែលទើប បញ្ចប់លើកិច្ចការជួសជុលបង្កាន់ដៃនាគ នៅក្ការបែនខាងលិច និងច្រាំងកសិន្ធុខាងលិច ប្រាសាទអង្គរវត្តក្នុង ដំណាក់កាលទី២ប្រវែង៤០ម៉ែត្រកាលពីចុងខែ ធ្នូ ឆ្នាំ២០១៥កន្លងទៅ
ទី៣-គម្រោងជួសជុលក្បាច់ចម្លាក់ និងចម្លាក់ទេពអប្សរារបស់ប្រទេសអាឡឺម៉ង់ សហការជាមួយអាជ្ញាធរជាតិអប្សរា (APSARA-GACP) ហើយបច្ចុប្បន្នគម្រោងនេះ កំពុងជួសជុលបន្ទាន់លើស្ថានភាព ខូចខាតរបស់ក្បាច់ ចម្លាក់លើផ្តែរ ហោជាង ចម្លាក់លើជញ្ជាំងនៅរួតខាងលើកំពូលនៃប៉មជ្រុងពាយ័ព្យរបស់តរោងទងទី២ ប្រាសាទអង្គរវត្ត
ទី៤-គម្រោងរបស់អាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាល័យសូហ្វីយ៉ា នៃប្រទេសជប៉ុន (APSARA-SOPHIA) កំពុងរៀបចំ និងសិក្សាលើផែនការលម្អិតដើម្បីជួសជុលស្ពានហាលខាងលិចនៃ ប្រាសាទអង្គរវត្តក្នុងដំណាក់ទី២ ដែលទើបតែបើកពិធីសម្ពោធ ការដ្ឋានកាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ ២០១៦កន្លងទៅ។ ដោយឡែកនៅឆ្នាំ២០០៨ គម្រោងមូលនិធិប្រាសាទពិភពលោក (WMF) របស់សហរដ្ឋអាមេរិក បានជួសជុលដំបូលរោងទងកូរសមុទ្រទឹកដោះក្នុងបំណង គឺការពារជម្រាបទឹកដែលហូរស្រក់ពីដំបូលមកលើជញ្ជាំង ដែលនាំឲ្យមានការខូចខាត និងពុកផុយដល់ផ្ទៃរឿង ចម្លាក់លើជញ្ជាំង ហើយបានបញ្ចប់កិច្ចការជួសជុលនេះ នៅ ឆ្នាំ២០១២៕
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!