ក្មេងៗ២នាក់លេងទឹករណ្ដៅ លង់ស្លាប់គួរឲ្យអាសូរ
ខេត្តត្បូងឃ្មុំ ៖ ក្មេងៗមួយក្រុមមានគ្នា៣នាក់ បានទៅងូតទឹករណ្តៅ ដែលមានជម្រៅ២,៥០ម៉ែត្រ និងទទឹង៤ម៉ែត្រសម្រាប់ជីកដាក់លូ លេងយ៉ាងសប្បាយ តែគួរឲ្យសង្វេគ ដោយ២នាក់បានលង់ស្លាប់ និងម្នាក់ទៀតមិនបានចុះទៅងូតនោះទេ ។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១២និង១០នាទីថ្ងៃត្រង់ ទី២២ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅភូមិស្រឡប់ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ពិតជាសង្វេគដោយត្រូវបានឪពុកម្តាយ ស្រែកយំទួញសោកអាណិតកូនជាពន់ពេក។
លោកវរសេនីយ៏ត្រី ឡុង សារិន អធិការរងនគរបាលស្រុកត្បូងឃ្មុំ ប្រាប់ឲ្យដឹងថា ដំបូងក្មេង៣នាក់ក្នុងនោះមាន ១-ឈ្មោះ ហាន លីហួន អាយុ៨ឆ្នាំ ២-ឈ្មោះ ចិត ចេម អាយុ១២ឆ្នាំ ៣-ឈ្មោះ ឈាង ពន្លក អាយុ១២ឆ្នាំ ទាំងអស់គ្នារស់នៅភូមិឃុំកើតហេតុខាងលើ បានចេញពីផ្ទះដោយមិនឲ្យ ឪពុកម្តាយដឹងនោះទេ ដើម្បីមកងូតទឹកលេងសប្បាយ ។
លោកវរសេនីយ៍ត្រី ឡុង សារិន អធិការរងនគរបាលស្រុកត្បូងឃ្មុំ ប្រាប់បន្តថា ចំពោះទីតាំងដែលក្មេងនាំគ្នា លេងស្ថិតនៅទីតាំង ដែលត្រូវសាងសង់សាលាខេត្តត្បូងឃ្មុំថ្មី ក្នុងពេលដែលមកដល់កន្លែងទឹកក្មេងប្រុសទី១ និងទី២ បាននាំគ្នាលោតចុះទៅលេងនឹកស្មានតែទឹករាក់ តាមពិតជ្រៅ ក្រោយពីលោតមិនបានឃើញ ផុសមកវិញទាល់តែសោះ ទើបក្មេងប្រុសទី៣ដឹងថា ប្រាកដជាលង់ទឹកហើយ ក៏ប្រញាប់រត់មកផ្ទះវិញប្រាប់ចាស់ៗនៅក្នុងភូមិ ឲ្យនាំគ្នាទៅជួយសង្គ្រោះ។
តែអ្វីៗបានហួសពេលទៅហើយ ដោយចម្ងាយផ្លូវទៅវិញទៅមកជាង៣០០ម៉ែត្រ គឺក្មេងប្រុសទាំង២នាក់នោះបានស្លាប់បាត់នៅក្នុងរណ្តៅទឹកជម្រៅជាង២ម៉ែត្រ។
ក្រោយពីស្រង់បានជាបន្តបន្ទាប់មក ឪពុកម្តាយបាននាំគ្នាស្រែកទ្រហោយំទួញសោកអាណិតដល់កូនជាខ្លាំង ហើយបាននាំគ្នាសែងយកមកផ្ទះ និងត្រូវបានកម្លាំងនគរបាលប៉ុស្ដិ៍ ទៅពិនិត្យសពក្មេងទាំង ២នាក់គឺពិតជាបានស្លាប់ ដោយលង់ទឹកពិតប្រាកដមែន។
លោកវរសេនីយ៏ត្រី ឡុង សារិន អធិការរងនគរបាលស្រុកត្បូងឃ្មុំ បញ្ជាក់ថា នាពេលកន្លងមកក្មេងទាំង៣នាក់ខាងលើ មិនដែលនាំគ្នាមកងូតទឹក លេងនៅត្រង់ចំណុចកន្លែងដាក់ប្រព័ន្ធលូនេះទេ តែមកដល់វេលាថ្ងៃត្រង់ទី២២ ខែសីហានេះ ទើបនាំគ្នាមកងូតទឹកលេងក៏ជា ហេតុបណ្តាលឲ្យលង់ស្លាប់២នាក់តែម្តង៕
ប្រភព ៖ កោះសន្តិភាព
កំណត់ហេតុខ្មែរឡូត៖
គួររំលឹកដែរថា ដោយឡែកករណីស្រដៀងគ្នានេះដែរ យ៉ាងហោចណាស់ មានក្មេងប្រុសស្រីចំនួន ០៥នាក់ បានលង់ទឹកជម្រៅ ៤ម៉ែត្រកន្លះ ធ្វើឲ្យមានការភ្ញាក់ផ្អើល និងតក់ស្លុតដល់ បងប្អូនប្រជាពលរដ្ឋ និងឪពុកម្ដាយក្មេងរងគ្រោះ ក្នុងនោះបណ្ដាលឲ្យក្មេងចំនួន ០៣នាក់ បានស្លាប់នៅហ្នឹងកន្លែងកើតហេតុ ខណ:ក្មេង ០២នាក់ទៀត ត្រូវបានជួយសង្គ្រោះភ្លាមៗផងដែរ។
ករណីនេះកើតឡើងនៅវេលាម៉ោង១៦ និង៣០នាទីល្ងាច ត្រូវនិងថ្ងៃអាទិត្យទី២១ ខែសីហា ឆ្នាំ២០១៦ កន្លងទៅ នៅត្រង់ចំណុចប្រឡាយ ទំនប់ចាល់ ស្ថិតក្នុងទឹកដីភូមិប្រដាក់ ឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប ។
លោកវរសេនីយ៍ត្រី ទេព ពុំសែន អធិការនគរបាលស្រុកពួក ដែលបានចុះទៅដល់កន្លែង កើតហេតុបានឲ្យដឹងថា ជនរងគ្រោះទាំង០៥នាក់ខាងលើនេះមានឈ្មោះ៖ ទី១-ឈ្មោះ កែវពេជ្រ ចរណៃ ភេទស្រី អាយុ១៦ឆ្នាំ មុខរបរជាសិស្ស (ជួយសង្គ្រោះបាន)។ ទី២-ឈ្មោះ កែវពេជ្រ រង្សី ភេទស្រី អាយុ១៤ឆ្នាំ មុខរបរសិស្ស (ស្លាប់)។ ទី៣-ឈ្មោះ កែវពេជ្រ រក្សា ភេទស្រី អាយុ០៨ឆ្នាំ មុខរបរសិស្ស (ស្លាប់)។ ទី៤-ឈ្មោះ កែវពេជ្រ សុវណ្ណបញ្ញា ភេទប្រុស អាយុ០៥ឆ្នាំ( រស់នៅក្នុងបន្ទុក) និង ទី៥-ឈ្មោះ វី វិច្ឆិការ ភេទស្រី អាយុ០៧ឆ្នាំ មុខរបរសិស្ស (ជួយសង្គ្រោះបាន)។
លោកអធិការបានបន្តថា ជនរងគ្រោះទាំង០៥នាក់នេះ មាន០៤នាក់ជាបងប្អូនបង្កើត ដែលមានឪពុក ឈ្មោះ កែវ ផល្លី អាយុ ៤៦ឆ្នាំ មុខរបរ ប្រធាន មណ្ឌលសុខភាព សសរស្ដម្ភ ម្ដាយឈ្មោះ រ័ត្ន រ៉ាដា អាយុ ៤៤ឆ្នាំ មុខរបរ លក់ថ្នាំពេទ្យ ហើយត្រូវបានឈ្មោះ កែវពេជ្រ ចរណៃ ជាបងស្រីបង្កើតជិះម៉ូតូដឹកប្អូនៗទៅលេងទឹកនៅកន្លែងកើតហេតុ និងម្នាក់ទៀតទៅជាមួយ ឪពុកម្ដាយរបស់គេត្រូវបាន ជួយសង្គ្រោះ។
ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចនគរបាលបានចុះទៅដល់ទីតាំងខាងលើ ហើយបានជួយស្រង់ ក្មេងរងគ្រោះ និងជួយដឹកសពយកមកលំនៅដ្ឋាន របស់ពួកគេស្ថិតនៅភូមិសសរស្តម្ភ ឃុំសសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប ដើម្បីឲ្យក្រុមគ្រួសាររៀបចំធ្វើបុណ្យ ទៅតាមទំនៀមទំលាប់ប្រពៃណីសាសនា។ ក្រោយកើតហេតុភ្លាមៗ គេសង្កេតឃើញវត្តមានអភិបាលរងខេត្ត លោក គឹម ឆៃហៀង និងសមត្ថកិច្ច ចុះទៅជួយអន្តរាគមន៍ផងដែរ៕
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!