ក្រុមហ៊ុន HUAWEI គាំទ្រ កម្មវិធី ជ្រើសរើសអ្នកនិយាយ ភាសាចិនឆ្នើមប្រចាំឆ្នាំ២០១៦

 
 

ភ្នំពេញ៖ ក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា និងស្ថានទូតចិនប្រចាំកម្ពុជា បានរួមគ្នារៀបចំ កម្មវិធីជ្រើសរើស "អ្នកនិយាយភាសាចិនឆ្នើម ក្នុងវិស័យទេសចរណ៍ប្រចាំឆ្នាំ២០១៦” ដើម្បីលើកកម្ពស់ ឩស្សាហកម្មទេសចរណ៍កម្ពុជា ក្នុងការត្រៀមខ្លួនទទួលស្វាគមន៏ភ្ញៀវទេសចរណ៍ចិន គឺ “China Ready”។

កម្មវិធី "អ្នកនិយាយភាសាចិនឆ្នើមក្នុង វិស័យទេសចរណ៍ប្រចាំឆ្នាំ២០១៦” វគ្គផ្ដាច់ព្រ័ត្រ ត្រូវបានធើ្វឡើង នៅស្ទូឌីយ៉ូស្ថានីយទូរទស្សន៍ជាតិកម្ពុជា នារសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦ ក្រោមការឧបត្ថម្ភធំ របស់ក្រុមហ៊ុន HUAWEI TECHNOLOGIES (Cambodia) Co. Ltd។

បេក្ខភាព សិស្ស និស្សិត មគ្គុទ្ទេសក៏ទេសចរណ៍ អ្នកបម្រើការងារក្នុងអង្គភាព ឫមូលដ្ឋានអាជីវកម្ម ទេសចរណ៍មានសញ្ជាតិខ្មែរ ដែលមានអភ័យឯកសិទ្ធិបន្តទៅវគ្គផ្តាច់ព្រ័ត្រនេះ មានចំនួន ១០ នាក់ និងបំរុង ៦។ កម្មវិធីប្រកួតអ្នកនិយាយភាសាចិនឆ្នើម ឆ្នាំ ២០១៦ ត្រូវបានធ្វើឡើងពីរតំបន់ខុសគ្នា គឺ នៅរាជធានីភ្នំពេញ ២៤ កក្កដា ២០១៦ និង ខេត្តសៀមរាប ៣១ កក្កដា ២០១៦។

ក្រោមការប្រកួតយ៉ាងស្វិតស្វាញអស់រយៈពេលច្រើនម៉ោង ក្រោមប្រធានបទ “China Ready” បេក្ខជនជើងខ្លាំង ក្នុងកម្មវិធី “អ្នកនិយាយភាសាចិនឆ្នើមក្នុងវិស័យទេសចរណ៍កម្ពុជា២០១៦” ត្រូវបានរកឃើញជាស្ថាពរ ក្រោមគណៈវិនិច្ឆ័យ ដែលរួមមានមន្ត្រីតំណាងពីក្រសួងទេសចរណ៍ ស្ថានទូតប្រជាមានិតចិនប្រចាំកម្ពុជា នាយកដ្ឋានអប់រំបណ្តុះបណ្តាលនៃក្រសួង អប់រំយុវជន និងកីឡា និង អ្នកតំណាងរបស់ក្រុមហ៊ុន Huawei។

លោក WENG KE FENG អគ្គនាយករងក្រុមហ៊ុន Huawei Technologies (CAMBODIA) CO.,LTD បានឲ្យដឹងថា នេះជាលើកទីបីហើយដែល យើង មានមោទនភាព ដែលមានចូលរួមជាផ្នែកដ៏សំខាន់ក្នុងគាំទ្រ និងជួយលើក ស្ទួយវិស័យ ទេសចរណ៍ចិន នៅកម្ពុជា តាមរយៈកម្មវិធីនេះ ស្របតាមយុទ្ធសាស្រ្តថ្មីរបស់ក្រសួងទេសចរណ៍ “China Ready”។

លោក WENG KE FENG បន្ថែមថា “យើងសង្ឃឹមថា នឹងមានប្រជាជនខ្មែរកាន់តែច្រើនឡើងៗ ចេះនិយាយភាសាចិន ដែលជាមធ្យោបាយរឹតចំណង មិត្តភាពរវាងកម្ពុជាចិន”។

ម្ចាស់ជ័យលាភីលេខ១ នៃកម្មវិធីប្រឡងជ្រើសរើស អ្នកនិយាយភាសាចិនឆ្នើម ទទួលបាននូវ ទូរស័ព្ទ Huawei P9 Plus មួយគ្រឿង ទូរទឹកកកមួយគ្រឿង ម៉ាស៊ីនត្រជាក់មួយគ្រឿង និងម៉ាស៊ីនបោកខោអាវមួយគ្រឿង សរុបជាទឹកប្រាក់ចំនួន 2,570ដុល្លារអាមេរិក។ ជ័យលាភីលេខ២ ទទួលបាន Huawei P9 Plus មួយគ្រឿង ទូរទស្សន៍LED 50អ៊ីង ១គ្រឿង និង 21st Century audio-visual library សរុបជាទឹកប្រាក់ចំនួន1,769ដុល្លារអាមេរិក។ ជ័យលាភីលេខ៣ ទទួលបានទទួលបានទូរស័ព្ទ Huawei P9 Plus មួយគ្រឿង និង ទូរទស្សន៍LED 50អ៊ីង ១គ្រឿង សរុបជាទឹកប្រាក់ចំនួន1,369ដុល្លារអាមេរិក។ ដោយឡែក អ្នកជាប់លេខ៤និង៥ ទទួលបាន កុំព្យូទ័រយួរដៃម្នាក់១គ្រឿង ចំណែកអ្នកជាប់លេខ៦ដល់១០ ទទួលបានទូរស័ព្ទ Huawei P9 Liteម្នាក់១គ្រឿង។ បន្ថែមពីនេះ អ្នកចូលរួមប្រកួតទាំង១០រូប ក៏ទទួលបាននូវវិញ្ញាបនប័ត្រ អ្នកនិយាយភាសាចិនឆ្នើម ក្នុងវិស័យទេសចរណ៍ មួយសន្លឹកម្នាក់ផងដែរ។

កញ្ញា សេង ម៉ារីណា ជ័យលាភីលេខ១ ក្នុងកម្មវិធី បានបង្ហាញចំណាប់អារម្មណ៏ថា៖« ខ្ញុំសប្បាយ រីករាយនិងរំភើបចិត្តខ្លាំងណាស់ ដែលបានឈ្នះជាជ័យលាភីលេខ១ក្នុងការប្រឡងប្រជែងនេះ។ ខ្ញុំនឹងប្រើប្រាស់ ជំនាញរបស់ខ្ញុំ ដើម្បីធ្វើការប្រាស្រ័យទាក់ទងជាមួយភ្ញៀវ ទេសចរជនជាតិចិនឲ្យ កាន់តែប្រសើរឡើង ជាពិសេសជំរុញផ្សព្វផ្សាយ ពីតំបន់ទេសចរណ៍របស់កម្ពុជាយើង។»

លោកឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានឲ្យដឹងថា ចំនួនភ្ញៀវទេសចរណ៍ចិនមកកម្ពុជាក្នុងឆ្នាំ ២០១៥ មានចំនួនប្រមាណ ៧០ ម៉ឺននាក់ ដែលគិតជាភាគរយគឺស្មើនឹង ១៥%។ ចិនគឺមានទីផ្សារដ៏ធំជាងគេ លើពិភពលោកនៅក្នុងឆ្នាំ ២០២០ ត្រូវបានរំពឹងទុកថាមានចំនួនភ្ញៀវទេសចរណ៍ ប្រមាណជាង ២០០លាននាក់នៅលើពិភពលោកដោយ៧០% គឺតំបន់អាស៊ី អាស្រ័យហេតុនេះ កម្ពុជាយើងត្រូវត្រៀមខ្លួនជាស្រេចក្នុងការ ទទួលនូវភ្ញៀវទេសចរណ៍ចិន ទំាងភាពរួសរាយរាក់ទាក់ ការប្រាស្រ័យទាក់ទង សេវាកម្ម និងបដិសណ្ឋារកិច្ច។ យើងបានធ្វើការខិតខំ ផ្សព្វផ្សាយឲ្យទូលំទូលាយទំាង ប្រព័ន្ធផ្សព្វផ្សាយបែបបុរាណ និងទំនើប។

លោក ឯកឧត្តមបណ្ឌិត ថោង ខុន បានបន្ថែមថា៖ “សព្វថ្ងៃនេះបានបង្កើត គេហទំព័រទេសចរណ៍ ជាភាសាចិនរួចស្រេច។ បន្ទាប់មកទៀត យើងនឹងបង្កើត Mobile Application ដែលមានជាភាសាចិន និងអង់គ្លេស ជាពិសេសទូរស័ព្ទស្មាតហ្វូនម៉ាក Huawei គឺកាន់តែងាយស្រួលថែមទៀត”។ 

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម