នៅទីបំផុត ចោរដែលចូលភ្ជង់ប្លន់យកទូរស័ព្ទ៦គ្រឿង ពីហាងលក់ទូរស័ព្ទ «លឹម ហាវ» បានបាញ់សម្លាប់ខ្លួនឯង ពេលកម្លាំងអាវុធហត្ថឡោមព័ទ្ធចាប់ (Video inside)

 
 

(ភ្នំពេញ)៖ ជនសង្ស័យដែលចូលទៅភ្ជង់ប្លន់យកទូរស័ព្ទសេរីទំនើបចំនួន៦គ្រឿង ពីហាងលក់ទូរស័ព្ទដៃ «លឹម ហាវ» នៅក្បែរផ្សារនាគមាស សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក នៅរសៀលថ្ងៃម្សិលមិញនោះ បានបាញ់សម្លាប់ខ្លួនឯង ហើយនាព្រឹកព្រលឹមថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦នេះ នៅគីឡូទី១១ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ។

ជនសង្ស័យរូបនេះ បានបាញ់សម្លាប់ខ្លួនឯងកើតឡើង ខណ:ដែលកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងអាវុធហត្ថខណ្ឌឫស្សីកែវ កំពុងធ្វើការឡោមព័ទ្ធ តាំងពីម៉ោង១១យប់រហូតដល់ព្រឹកនេះ។ ចោរដែលបាញ់សម្លាប់ខ្លួនឯងនេះប្រើប្រាស់កាំភ្លើងរឡូ។

មន្រ្តីអាវុធហត្ថដែលចូលរួមប្រតិបត្តិការនេះ បានបញ្ជាក់ថា «នៅពេលដែលកម្លាំង ត្រៀមចូលទៅចាប់នោះ ស្រាប់តែឮសំឡេងផោង ហើយពេលទៅមើលឃើញ ជនសង្ស័យរូបនេះ ស្លាប់បាត់ទៅហើយ ដោយសារបាញ់សម្លាប់ខ្លួនឯង»។

បើតាមមន្រ្តីអាវុធហត្ថ ជនសង្ស័យរូបនេះ គឺជាមុខសញ្ញាប្លន់ទូរស័ព្ទកាលពីពេលកន្លងទៅផងដែរ។ 



ប្រភព ៖ freshnews

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថាមានជនសង្ស័យម្នាក់ បានធ្វើសកម្មភាព ទៅភ្ជង់ប្លន់យកទូរស័ព្ទ ចំនួន៧គ្រឿងពីអ្នកលក់ទូរស័ព្ទមួយកន្លែង ស្ថិតនៅក្បែរផ្សារនាគមាស សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦។

មន្រ្តីនគរបាលមូលដ្ឋានបានឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យម្នាក់ បានជិះម៉ូតូមួយគ្រឿង ប្រដាប់ដោយកាបូបស្ពាយមួយ បានទៅឈប់នៅមុខតូប លក់ទូរស័ព្ទ។

ហើយ បានដើរចូលទៅ ហើយបានទាញកាំភ្លើងខ្លីមួយដើមទៅភ្ជង់ជនរងគ្រោះ រួចប្រមូលទូរស័ព្ទចំនួន៧គ្រឿង ប្រុងរត់គេចខ្លួន ប៉ុន្តែពេលរៀបឡើងម៉ូតូនោះស្រាប់តែ កម្លាំងនគរបាលល្បាតនៅក្បែរនោះលឺសំឡេងជនរងគ្រោះស្រែក ក៏ចុះទៅជួយអន្តរាគមន៍ ធ្វើឲ្យជនសង្ស័យភ័យរត់ចោលម៉ូតូ ហើយកាន់កំាភ្លើងជាប់ដៃចូល ទៅក្នុងផ្សារនាគមាសបាត់ទៅ ដោយទុកម៉ូតូនៅកន្លែង កើតហេតុ ។

មន្រ្តីនគរបាលបានបន្តថា ក្រោយកើតហេតុ កម្លាំងនគរបាលបានធ្វើការឡោមព័ទ្ធ តាមចាប់ជនសង្ស័យរូបនេះ នៅក្នុងផ្សារនាគមាស ៕

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម