កុមារជិត២០០នាក់នៅភ្នំក្រវាញប្រឈមនឹងភាពមិនចេះអក្សរ
វិស័យអប់រំ គឺជាវិស័យអាទិភាពមួយក្នុងចំណោមវិស័យអាទិភាពផ្សេងទៀត ដែលរាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់ ប៉ុន្តែបច្ចុប្បន្នវិស័យនេះនៅតែជាបញ្ហាក្នុងការផ្ដល់សេវាអប់រំដល់កុមារតូចៗដែលរស់នៅតាមជនបទដាច់ស្រយាល។
កុមារជិត ២០០នាក់ ដែលគ្រប់អាយុចូលរៀននៅចំណុចគន្នម និងខ្សាំង នៃភូមិវាលវង់ ឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ កំពុងតែប្រឈមនឹងបញ្ហាអនក្ខរភាព ឬភាពមិនចេះអក្សរ ដោយសារតែពួកគេមិនទទួលបានការអប់រំ។
ការធ្វើដំណើរក្នុងចម្ងាយផ្លូវប្រមាណជា ២០គីឡូម៉ែត្រ ពីទីរួមស្រុកភ្នំក្រវាញ ឆ្ពោះទៅកាន់លំនៅឋានរបស់អ្នកភូមិទាំងពីតំបន់នេះ គឺមានសភាពស្ងាត់ជ្រងំ និងយូរៗម្ដងមានឮសូរសំឡេងសត្វយំ នៅតាមដើមឈើអមសងខាងផ្លូវ។ នៅពេលចូលដល់ភូមិភ្លាមសំឡេង សត្វយំ បានជំនួសមកវិញដោយសំឡេងក្មេងតូចៗប្រឡែងគ្នាសើចយ៉ាងសប្បាយ ខណៈដែលឪពុកម្ដាយកំពុងអង្គុយពិភាក្សាគ្នាអំពីការរុះរើលំនៅឋានចេញពីតំបន់ប្រឈមនឹងការលិចទឹក និងបញ្ហាជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់។
អ្នកភូមិដែលភាគច្រើនមានកូនចន្លោះពី ៥ ទៅ ៨នាក់ ទើបរុះរើផ្ទះសម្បែងចេញចំណុចខ្សាំង និងគន្នម មកតាំងទីលំនៅថ្មីនៅចំណុចអូរសោម ដែលអាជ្ញាធរកំពុងរៀបចំភូមិឋានសម្រាប់ពលរដ្ឋចំនួន ១៨៥គ្រួសារ ដើម្បីជម្លៀសចេញពីផ្ទៃបាតអាងនៃទំនប់ប្រព័ន្ធធារាសាស្ត្រនៅតំបន់នោះ។
ប្រជាពលរដ្ឋបានត្អូញត្អែរស្រដៀងគ្នាថា បញ្ហាកូនចៅមិនបានរៀនសូត្រក៏ជាទុក្ខកង្វល់មួយដែរសម្រាប់អ្នកភូមិក្នុងកាលៈទេសៈលំបាកបែបនេះ។
មេក្រុមប្រជាពលរដ្ឋរស់នៅចំណុចខ្សាំង និងគន្នម លោក ឈឹម សុផាត មានប្រសាសន៍ថា កន្លងទៅអ្នកភូមិធ្លាប់រៀបចំក្រុមសាមគ្គី ដើម្បីចាត់ចែងឲ្យមានកម្មវិធីបង្រៀនក្មេងៗក្នុងភូមិ ដោយជ្រើសរើសគ្រូបង្រៀនពីក្នុងភូមិផ្ទាល់។ ប៉ុន្តែដំណើរការនៃការសិក្សានេះបានរយៈពេលជិត ២ខែ ក៏រលាយបាត់ទៅវិញ ដោយសារគ្រូបង្រៀនមិនសូវមានជំនាញ និងចំណេះដឹងច្បាស់លាស់ ម្យ៉ាងពួកគេជួបប្រទះនឹងបញ្ហាជីវភាពផង។
លោក ឈឹម សុផាត៖ «ក្រៅពីរៀនសូត្រនៅផ្ទះលេងនាយអាចមានអីស្រុកព្រៃ ជួនកាលដែលគេមានបងប្អូនទៅគេផ្ញើនៅភូមិវាលវង់ ចេញពីនេះទៅចម្ងាយដីប្រហែលជា ១៥គីឡូម៉ែត្រ។ ជួនកាលគេផ្ញើនៅម្ដាយមីង ឬយាយអ៊ីចឹងទៅណាចង់ឲ្យកូនរៀន ហើយដល់យើងនៅនេះអត់មានអីផ្ញើអត់ទៅអ្នកខ្លះដល់កូនពីរកូនបីមិនដែលបានរៀន»។
យ៉ាងណាលោក ឈឹម សុផាត ក៏សម្ដែងក្ដីសង្ឃឹមថា អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធនឹងបង្កើនការយកចិត្តទុក្ខដាក់ចំពោះប្រជាពលរដ្ឋ និងការរៀនសូត្ររបស់ក្មេងតូចៗក្នុងភូមិ បន្ទាប់ពីរៀបចំភូមិឋានសម្រាប់ពួកគាត់រស់នៅរួចរាល់។
លោករំលឹកថា អ្នកភូមិភាគច្រើនបានរស់នៅចំណុចទាំងពីរតាំងពីដូនតារាប់ជំនាន់មកហើយ និងខ្លះបានចូលមករស់នៅក្នុងអំឡុងឆ្នាំ១៩៨៦ ប៉ុន្តែបច្ចុប្បន្នអាជ្ញាធរតម្រូវឲ្យពួកគាត់មករស់នៅម្ដុំត្រង់ចំណុចអូរសោម ដើម្បីគេចចេញពីគ្រោះទឹកជំនន់ និងងាយស្រួលគ្រប់គ្រង បន្ទាប់ពីកសាងទំនប់ជិតរួច៖ «អានេះគម្រោងរបស់រដ្ឋាភិបាលហ្នឹងទុកដីចំនួន ៤ហិកតារ ធ្វើមណ្ឌលសុខភាព សាលារៀន និងទីវត្តអារាមយើងអាសាលាឆទាន។ គាត់លំបាកទី១ គឺថ្នាំពេទ្យ ហើយនឹងជីវភាពរស់នៅដូចជាស្បៀងអាហារដែលគាត់មក អ៊ីចឹងវាអាក់ខានវាមានបានធ្វើណា ឡើយតែភ័យបារម្ភ។ ពួកគាត់រកអីភាគច្រើន? រកចម្រុះជ័រទឹក ជ័រខ្លះក៏ទៅចាំង អាកូនគ្រញូង កូនក្រឡឹងបន្តិចបន្តួចមកតែប៉ុណ្ណឹងវាអស់ឈើធំទៀតហើយរាល់ថ្ងៃ»។
ក្នុងវ័យ ១៧ឆ្នាំ កញ្ញា ទៀង សុទីន ឋិតក្នុងចំណោមក្មេងក្នុងភូមិដែលមានអាយុស្របាលនាងជាច្រើនទៀត។ នាងកំពុងលក់ចាប់ហួយនៅក្រោមសំយាបផ្ទះដែលទើបរុះរើចេញពីចំណុចខ្សាំង មកតាំងទីលំនៅថ្មីត្រង់ចំណុចអូរសោម បានថ្លែងទាំងអឹមអៀមថា នាងធ្លាប់រស់នៅជាមួយបងប្អូននៅឯទីរួមស្រុកភ្នំក្រវាញ និងរៀនបានថ្នាក់ទី១ ក៏ឈប់ទៅ។ សព្វថ្ងៃកញ្ញាមានបងប្អូនចំនួន ៤នាក់ ប៉ុន្តែពួកគេក៏មិនទទួលបានការរៀនសូត្រដូចជាកញ្ញាដែរ។
កញ្ញា ទៀង សុទីន៖ «មុនដំបូងបានរៀនដែរ ប៉ុន្តែម៉ែខ្ញុំយកមកវិញ។ … រៀននៅក្រវាញ ថ្នាក់ទី១ (សំណួរ៖ ចង់រៀនទៀតទេ?) ចាស!... ខ្ញុំធំហើយរៀនអត់កើតផង។ សព្វថ្ងៃធ្វើការស្រែចម្ការដែរហ្នឹង»។
ទាក់ទងបញ្ហានេះ ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តពោធិ៍សាត់ លោក សួង សុភី មានប្រសាសន៍ថា រហូតមកដល់បច្ចុប្បន្ននៅទូទាំងខេត្តសាលាមត្ដេយ្យរហូតដល់ថ្នាក់វិទ្យាល័យមានចំនួន ៤០០កន្លែង ហើយចំនួននេះបានឆ្លើយតបទៅនឹងការសិក្សារបស់សិស្សប្រហែល ៨០ភាគរយ។
ចំណែកនៅតំបន់ដែលខ្វះសាលារៀនភាគច្រើន គឺជាតំបន់ដែលប្រជាពលរដ្ឋមានការជម្លៀសចុះឡើងពីកន្លែងមួយទៅកន្លែងមួយទៀត ប៉ុន្តែការសាងសង់សាលាបន្ថែមតាមរយៈដៃគូផ្ដល់ជំនួយផ្សេងៗ ក៏កំពុងតែខិតខំធ្វើណាស់ដែរ៖ «គាត់ចេះតែវែកព្រៃបន្ដទៅទៀត ហើយយើងក៏ព្យាយាមធ្វើសាលាបន្តៗឲ្យគាត់សុំគេសុំឯង។ ហ្នឹងហើយនិយាយថា ឲ្យវាឆ្លើយតបវាឆ្លើយហើយ ប៉ុន្តែចំនួនដែលខ្វះវានៅតែខ្វះ។ នៅស្រុកភ្នំក្រវាញ វាខ្វះដែលប្រជាពលរដ្ឋគាត់ឡើងទំនប់»។
បន្ថែមលើនេះអភិបាលរងខេត្តពោធិ៍សាត់ លោក ខួយ រីដា មានប្រសាសន៍យ៉ាងខ្លីថា ចំពោះពេលវេលានៃការសាងសង់សាលារៀន មណ្ឌលសុខភាព និងវត្តអារាមសម្រាប់ប្រជាពលរដ្ឋនៅតំបន់នោះ គឺមិនអាចកំណត់ពេលបានឡើយ ដោយសារតែការងារខ្លះត្រូវធ្វើសំណើដល់ថ្នាក់ជាតិ ប៉ុន្តែខាងអាជ្ញាធរកំពុងតែខ្នះខ្នែងពន្លឿនលើកិច្ចការនេះហើយ។
អ្នកស្រាវជ្រាវផ្នែកការអភិវឌ្ឍសង្គម លោក កែម ឡី មានប្រសាសន៍ថា បច្ចុប្បន្នសាលារៀននៅកម្ពុជា មានចំនួនសមស្រប ប៉ុន្តែអ្វីដែលជាបញ្ហា គឺគុណភាពអប់រំ និងបញ្ហាមួយទៀតគឺក្មេងនៅកម្រិតមត្ដេយ្យសិក្សាបានចូលរៀនបានតិចតួច។
លោកថា ដើម្បីពង្រឹងគុណភាពអប់រំ គ្រូត្រូវតែមានការបណ្ដុះបណ្ដាលបន្ត និងប្រាក់បៀវត្សរ៍គ្រូបង្រៀនសមរម្យជាដើម៖ «ក្មេងមត្ដេយ្យចូលរៀនបានតិចណាស់អាយុ ២ ទៅ ៣ឆ្នាំ ហ្នឹងចូលរៀនបានត្រឹមតែ ១៥ភាគរយទេ នៃក្មេងសរុប ហើយបើក្មេងអាយុក្មេង ៥ឆ្នាំហ្នឹងចូលរៀនបានប្រហែល២៥ ទៅ ៣០ភាគរយ ចំណែក ៧០ភាគរយ ហ្នឹងអត់បានចូលរៀនទេ»។
របាយការណ៍សង្ខេបកម្រាស់ ៤៦ទំព័ររបស់ក្រសួងអប់រំយុវជននិងកីឡា ស្ដីពីលទ្ធផលការងារអប់រំក្នុងឆ្នាំសិក្សា២០១២-២០១៣ និងទិសដៅឆ្នាំសិក្សា២០១៣-២០១៤ បង្ហាញថា ការងារអប់រំសម្រាប់កុមារតូចមានការកើនឡើង ដោយមានមត្តេយ្យសាលាកើនចំនួន ៣៣៧កន្លែង ក្នុងនោះមត្ដេយ្យសិក្សារដ្ឋកើនចំនួន ៣៧១កន្លែង មត្ដេយ្យសិក្សាឯកជនកើនចំនួន ៥៥កន្លែង និងមត្ដេយ្យសិក្សាសហគមន៍ថយចំនួន ៨៩កន្លែង។
របាយការណ៍ដដែលក៏បង្ហាញពីបញ្ហាប្រឈមមួយចំនួនទាក់ទងនឹងការអប់រំកម្រិតមត្ដេយ្យសិក្សា ដូចជា ការខ្វះគ្រូមត្ដេយសិក្សារដ្ឋ និងសម្ភារៈរូបវន្ត សមត្ថភាពគ្រូមត្ដេយ្យ និងគ្រូបឋមសិក្សាដែលបង្រៀនថ្នាក់មត្ដេយសិក្សានៅមានកម្រិតជាដើម។ ចំណែកនៅកម្រិតបឋមសិក្សា ក៏មានបញ្ហាប្រឈមមួយចំនួនដែរ ដូចជា ការខ្វះគ្រូបង្រៀន និងបណ្ណារក្សនៅតាមតំបន់ដាច់ស្រយាលដែលជួបការលំបាក និងបញ្ហាចំណាកស្រុកដែលជះឥទ្ធិពលដល់ការបោះបង់ការសិក្សារបស់ក្មេងជាដើម៕ ប្រភព rfa.org
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!