គាស់​ផ្ទះ​ទាំង​ថ្ងៃ​ភ្លាត់ស្នៀត ត្រូវ​សមត្ថកិច្ច​វាយ​ខ្នោះ

 
 

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ជា​មុខសញ្ញា​ គាស់​ផ្ទះ​យ៉ាង​សកម្ម​ម្នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​និរោធ សហ​ការណ៍​ជាមួយ​នគរបាល​ខណ្ឌ​ច្បារ​អំពៅ ធ្វើការ​ឃាត់ខ្លួន​បាន​ភ្លាម​ៗ​ ក្រោយ​ពី​ជនសង្ស័យ​ បាន​ធ្វើ​សកម្មភាព​គាស់​កញ្ចក់​បង្អួច​ផ្ទះ​ ប្រជាពលរដ្ឋ​យក​ទ្រព្យសម្បត្តិ​ មាន​តម្លៃ​មួយ​ចំនួន រួម​ទាំង​អាវុធ​ខ្លី​មួយ​ដើម ហើយ​ព្យាយាម​រត់គេច​ខ្លួន នៅ​ចំណុច​ផ្ទះ​លេខ​៥៩C ផ្លូវ​បេតុង ភូមិ​តា​ង៉ូ​វ​ក្រោម សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ កាលពី​វេលា​ម៉ោង​ ១១​និង​០០​នាទី​ព្រឹក​ថ្ងៃ​ទី​១១ ខែសីហា ឆ្នាំ​២០១៦​។

ជនសង្ស័យ​មានឈ្មោះ យូ ចិ​ត្រា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ភូមិ​ស្វាយ​តា​អុក សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារ​អំពៅ​។ លោក​អនុសេនីយ៍ឯក ម៉ៅ សឿ​ត អធិការរង​នគរបាល​ខណ្ឌ​ច្បារ​អំពៅ ទទួល​ជំនាញ​ព្រហ្មទណ្ឌ ប្រាប់​ឲ្យ​ដឹង​ថា ម្ចាស់ផ្ទះ​ជា​ជន​រង​គ្រោះ​មានឈ្មោះ ហាន់ សាលី​ម ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មន្ត្រី​រដ្ឋសភា​ជាតិ ស្នាក់​នៅផ្ទះ​កើតហេតុ​។

នៅ​វេលា​ម៉ោង​៨​ព្រឹក ថ្ងៃ​កើតហេតុ ជន​រង​គ្រោះ​បាន​ចេញ​ទៅ​ធ្វើការ​បាត់​ដូច​សព្វ​ដងដោយ​ចាក់សោ​ទ្វារ និង​បង្អួច​ផ្ទះ​ត្រឹមត្រូវ ពុំដែល​មានការ​ធ្វេសប្រហែស​ឡើយ លុះ​មក​ដល់​វេលា​កើតហេតុ ក៏​លេចមុខ​ជនសង្ស័យ​មក​ធ្វើ​សកម្មភាព​គាស់​យក​ទ្រព្យសម្បត្តិ​គាត់​តែ​ម្តង ទើប​បង្ក​ការ​ភ្ញាក់ផ្អើល​ឡើង​។

តាម​ចម្លើយ​សារភាព​ របស់​ជនសង្ស័យ​ឲ្យ​ដឹង​ថា រូបគេ​ធ្វើ​សកម្មភាព​ គាស់​កញ្ចក់​បង្អួច​តែ​ម្នាក់ឯង​ប៉ុណ្ណោះ ពុំ​មាន​គ្នីគ្នា​ឡើយ ដោយពេល​នោះ​គេ​ជិះ​ម៉ូតូ​មួយ​គ្រឿង​សង់​កូរ៉េ​កញ្ចាស់ គ្មាន​ស្លាក​លេខ ក្នុង​ខ្លួន​មាន​ជាប់​ម៉ា​ឡេ​តម​ក​ជាមួយ ឃើញ​បង្អួច​ផ្ទះ​របស់​ជន​រង​គ្រោះ​ងាយស្រួល​គាស់ ខណៈ​ម្ចាស់ផ្ទះ​មិន​នៅ​ផង​នោះ ទើប​រូបគេ​ឈប់​ម៉ូតូ​អែប​ក្បែរ​មាត់​បង្អួច រួច​ទាញ​ម៉ា​ឡេ​ត​ចេញ ពី​ក្រោម​កែបម៉ូតូ ធ្វើ​សកម្មភាព​គាស់​កញ្ចក់​បង្អួច បាន​សម្រេច​ចូល​ទៅ​ក្នុងផ្ទះ​ យក​ទ្រព្យសម្បត្តិ​ មាន​តម្លៃ​មួយ​ចំនួន រួម​ទាំង​អាវុធ​ខ្លី​មួយ​ដើម​ចេញ​មក​ បាន​ដោយ​សុវត្ថិភាព ហើយ​ជិះ​រត់គេច​មិន​បាន​ ១​គីឡូ​ដី​ផង ក៏​ត្រូវ​ប្រជាពលរដ្ឋ​ រាយការណ៍​ប្រាប់​សមត្ថកិច្ច​ ចុះ​អន្តរាគមន៍​ស្ទាក់​ ឃាត់ខ្លួន​បាន​ភ្លាម​ៗ​ផង​ដែរ​។

សូម​បញ្ជាក់​ថា សម្ភារ​ដែល​ជនសង្ស័យ​ គាស់​យក​បាន​សម្រេច​រួម​មាន អាវុធ​ខ្លី​១​ដើម ម៉ាក​ប៉ា​រ៉ា​បូ​លី​ម​លេខ​៩០០១១៥៥១ បង់​កាំភ្លើង​១​មាន​គ្រាប់​១១​គ្រាប់ កាបូបដៃ​៥ ខ្សែ​ក​កាឡៃ​មាន​ដាំ​ត្បូង​៣​ខ្សែ នាឡិកាដៃ​៤​គ្រឿង កាមេរ៉ា​ថតរូប​១​គ្រឿង ម៉ាក​Sony​ពណ៌​ទឹកប្រាក់ និង​ខ្សែ​កាស​ទូរស័ព្ទ​១​ផង​ដែរ​។

យ៉ាងណាមិញ បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុ​តាង ត្រូវ​ប​ញ្ចូ​ន​ទៅ​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារ​អំពៅ រង់ចាំ​កសាង​សំណុំរឿង​ប​ញ្ចូ​ន​ ទៅ​តុលាការ​ចាត់ការ​ ទៅ​តាម​នីតិវិធី​នៅ​ពេល​ក្រោយ​៕ 

ប្រភព ៖ កោះសន្តិភាព

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកដែរថា ករណីមួយវិញទៀត កម្លាំងនគរបាលខណ្ឌច្បារអំពៅ​ បានធ្វើការស្ទាក់តាមចាប់​ ជនសង្ស័យដែលធ្វើសកម្មភាព​ គាស់​សោរ ទ្វារផ្ទះលួចម៉ូតូ​ នៅចំណុចផ្ទះជួល ភូមិចុងព្រែក សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ នៅម៉ោង​ ១៥និង៣០នាទី​ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦ កន្លងទៅ ។

លោក ម៉ៅ សឿត អធិការងខណ្ឌច្បារអំពៅ​ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ថា លី ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះកើតហេតុ ។ ចំណែកជនសង្ស័យឃាត់ខ្លួនឈ្មោះ​ ជា ធឿន ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ។

លោកអធិការរង បន្តថា មុនពេលកើតហេតុ ជនរងគ្រោះបានចាក់សោរផ្ទះជួលកើតហេតុខាងលើពីខាងក្រៅ រួចចេញទៅផ្សារ ពេលជនរងគ្រោះត្រឡប់មកវិញ ក៏ស្រាប់តែបាត់ម៉ូតូម៉ាក ហុងដាវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១FV-១២១៧ ដែលទុក នៅក្នុងផ្ទះកើតហេតុ ពេលនោះជនរងគ្រោះនិងសមត្ថកិច្ចយើង បានឆែក​កាម៉េរ៉េសុវត្ថភាពឃើញជនសង្ស័យឈ្មោះថា ធឿន និងបក្ខពួកឈ្មោះថា ថេន ជិះម៉ូតូម៉ាកស្កុបពី ពណ៌ស ពាក់ស្លាកលេខ កំពង់ស្ពឺ ១F៧៤៩៥ មក ធ្វើសកម្មភាពលួចម៉ូតូជនរងគ្រោះ ។

លុះដល់ម៉ោង​១៨និង០០​នាទីថ្ងៃដដែល សមត្ថកិច្ចនគរបាលខណ្ឌច្បារអំពៅ សហការជាមួយកងរាជអាវុធហត្ថក្រុងតាខ្មៅ ឃាត់ខ្លួន​បានជនសង្ស័យម្នាក់ឈ្មោះ ថា ធឿន និងម៉ូតូជិះធ្វើ សកម្មភាពនៅភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ប្រគល់ឲសមត្ថកិច្ចខណ្ឌច្បារអំពៅ ចាត់ការបន្ត ។

ចំណែកជនសង្ស័យម្នាក់ទៀតឈ្មោះ​ ថា ថេន​ បានជិះមូ៉តូជនរងគ្រោះគេចខ្លួនបាត់។ ​បច្ចុប្បន្នជនសង្ស័យឈ្មោះថា ធឿន ឃាត់ខ្លួន បណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌ ច្បារអំពៅ ដើម្បីចាត់ការតាមនីតិវិធី ៕

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម