សិល្បករល្បីៗ បង្ហាញវត្តមានក្នុង សន្និសីទសម្ពោធ ភាពយន្តភាគខ្មែររបស់ភីអិនអិន

 
 

ភ្នំពេញ៖ ស្ថានីយ៍ទូរទស្សន៍ភីអិនអិន បានរៀបចំសន្និសីទសារព័ត៌មានពិសេសមួយស្តីពី ការបើកសម្ពោធខ្សែភាពយន្តភាគខ្មែរ នៅថ្ងៃពុធ ទី១០ ខែសីហា ឆ្នាំ២០១៦ នៅឯសណ្ឋាគារភ្នំពេញ ដោយមានការចូលរួមពី សំណាក់តារាសម្តែងល្បីៗរបស់កម្ពុជាជាច្រើនរូប។

សិល្បករ-សិល្បការនី ដែលមានវត្តមាននៅក្នុងសន្និសីទកាលពីម្សិលមិញនេះ គឺជាតួសម្តែង នៅក្នុងរឿងភាគចំនួនប្រាំមួយរបស់ភីអិនអិន ដែលនឹងចាប់ផ្តើមចាក់បញ្ចាំងជាលើកដំបូងបំផុតនៅលើកញ្ចក់ ទូរទស្សន៍នៅដើមខែកញ្ញាខាងមុខនេះ។

វត្តមានតារាសម្តែងល្បីឈ្មោះ រួមមាន កញ្ញា ម៉ាក សែនសូនីតា លោក អេតវីន លោក ចាបចៀន អ្នកនាងគ្រត (រឿងម្ទេសហឹរប៉ះអំបិលប្រៃ) លោក លឹម ជាឡាយ កញ្ញា គៀត សុវណ្ណាឡាង និងកញ្ញា សាឡាត់ ស្រីឡាង (រឿងលង់ស្នេហ៍ក្រមុំបាយឆា) លោក ហេង នរៈកក្កដា លោក សន កាយ៉ាឌី កញ្ញា ឡាយ សម្ផស្ស និងកញ្ញា ចេស៊ីកា (រឿងសង្គ្រាមបេះដូង) លោក អ៊ិន សុទ្ធា កញ្ញា មឿន ផាណែត (រឿងភក្តីស្នេហ៍ទ្វេភព) លោក ឈិន សក្កដា អ្នកនាង ស្វែង សុជាតា (រឿងកែវភ្នែក) លោក អ៊ូន ឧស្សាហ៍ កញ្ញា នី មុនីនាថ (រឿងបំភ្លេចមិនបាន) ព្រមទាំងវត្តមាន តារាសម្តែងល្បីៗមួយចំនួនទៀតផងដែរ។

ខ្សែភាពយន្តល្អឯកទាំងប្រាំមួយនេះ សុទ្ធសឹងតែស្ថិតក្រោមការផលិត និងដឹកនាំ ដោយផលិតកម្មល្បីៗក្នុងស្រុក ដែលមហាជនបានទទួលស្គាល់ ពីស្នាដៃផលិតរឿងកន្លងមករបស់ពួកគាត់ ជាអាទិ៍រួមមាន ផលិតកម្មខ្មែរមេគង្គ (KMF) ផលិតកម្មអិលឌី ភិចឆ័រ (LD Picture) ផលិតកម្មអែតម្ញូហ្សិក (Admusic Production) ផលិតកម្មអេហ្វ ស៊ី អាយ (FCI Production) និងផលិតកម្មមហាហង្ស (Mohahang Production)។ លោក Glen Felgate នាយកគ្រប់គ្រងស្ថានីយទូរទស្សន៍ PNN បាននិយាយថា៖ «យើងបានចំណាយពេលវេលា និងកិច្ចខិតខំប្រឹងប្រែងយ៉ាងច្រើន ក្នុងការជ្រើសរើសភាពយន្តខ្មែរដែលល្អបំផុតសម្រាប់អ្នកទស្សនា។ យើងមានទំនុកចិត្តថា ទូរទស្សនិកជនរបស់ភីអិនអិននឹងពេញចិត្តសាច់រឿងទាំងនោះ គុណភាពនៃការផលិត និងការសម្តែងរបស់តួអង្គនីមួយៗនៅក្នុងរឿង។ យើងរំពឹងផងដែរថា តាមរយៈខ្សែភាពយន្តភាគខ្មែរនេះ ភីអិនអិននឹងទទួលបានការគាំទ្រ ពីទូរទស្សនិកជនកាន់ តែច្រើនបន្ថែមទៀត»។

ស្ថានីយ៍ទូរទស្សន៍ភីអិនអិន បានបេ្តជ្ញាចិត្តក្នុងការផលិតខ្សែភាពយន្តភាគ ក្នុងស្រុកឲ្យបានច្រើនជាងមួយរយម៉ោង ក្នុងឆ្នាំ២០១៦នេះ ដើម្បីចាក់ផ្សាយជូនទូរទស្សនិកជន ហើយគិតជាមធ្យម ភីអិនអិន ត្រូវចំណាយប្រមាណ ៨០០០ដុល្លារ ក្នុងរយៈពេលមួយម៉ោងនៃខ្សែភាពយន្តភាគ។

ភាពយន្តភាគទាំងនោះដែលនឹងបង្ហាញនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន គឺជាផ្នែកមួយក្នុងការបង្ហាញ ពីវប្បធម៌ប្រពៃណី ក៏ដូចជាជីវិតក្នុងសម័យបច្ចុប្បន្ន។

ស្ថានីយទូរទស្សន៍ភីអិនអិន បានចំណាយទុនសរុបប្រមាណ ២០លានដុល្លារអាមេរិក ដើម្បីបង្កើតស្ទូឌីយ៉ូ និងបំពាក់បរិក្ខាទំនើបៗ។ ស្ថានីយទូរទស្សន៍ថ្មី និងទំនើបបំផុតមួយនេះ បានចាប់ផ្តើមផ្សាយជា ផ្លូវការចាប់តាំងពីខែកក្កដា ឆ្នាំ២០១៥ មកម៉្លេះ៕  





ខ្មែរឡូត



 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម