ប្រឡង​បាក់​ឌុ​ប​កាន់តែ​ខិត​ជិត​មក​ដល់​អាជ្ញាធរ​ដាក់​ផែនការ​រឹត​បន្តឹង

 
 

រាជធានី​ភ្នំពេញ ៖ ប្រសិនបើ​យើង​ ធ្វើការ​រាប់​ថយក្រោយ​នោះ ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ (​បាក់​ឌុ​ប​) ឆ្នាំ​សិក្សា​ ២០១៥-២០១៦ គឺ​នៅ​សល់​តែ​១៧​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ដោយ​គិត​ចាប់ពី​ថ្ងៃ​ទី​៥ សីហា​នេះ​ទៅ ។

ដូច្នេះ​ដើម្បី​រឹត​បន្តឹង និង​ជម្រុះ​យកគុណ​ភាព សាលា​រាជធានី​ភ្នំពេញ កាលពី​ល្ងាច​ថ្ងៃ​ទី​៣ សីហា ដោយ​មានការ​ចូលរួម​ពី​តំណាង​ អាជ្ញាធរ​រាជធានី​ភ្នំពេញ ក្រសួង​អប់រំ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ និង​មន្ត្រី​ពាក់​ព​ន្ធ័​ជា​ច្រើន​ទៀត បាន​ប្រជុំ​ពិភាក្សា ផ្លាស់​ប្ដូរ​បទ​ពិសោធន៍ និង​ដាក់​ផែនការ​ ត្រៀម​ទប់ស្កាត់​នូវ​ បាតុភាព​ផ្សេង​ៗ ក្នុង​បំណង​ឲ្យ​ដំណើរការ​នៃ​ការ​ប្រឡង​នេះ​ បាន​ល្អ​ប្រសើរ​ជាង​បណ្តា​ឆ្នាំ​មុន​ៗ ។

លោក ឃួ​ង ស្រេង អភិបាលរង​រាជធានី​ភ្នំពេញ បាន​មាន​ប្រសាសន៍​ថា កិច្ចប្រជុំ​ពិភាក្សា​នេះ ធ្វើ​ឡើង​ក្នុង​គោលបំណង​ ផ្លាស់​ប្ដូរ​បទ​ពិសោធន៍​គ្នា​ ជុំវិញ​ការ​ប្រលង​មធ្យមសិក្សា​ទុតិយភូមិ ដើម្បី​ពង្រឹង និង​បំពេញបន្ថែម​នូវ​ចំណុច​ខ្វះខាត ដែល​ធ្លាប់​កើត​មាន​កន្លង​មក ព្រមទាំង​មាន​វិធានការ​ទប់ស្កាត់​ នូវ​បាតុភាព​កើតឡើង​ផ្សេង​ៗ ដែល​បាន​បំផុសបំផុល​ ទាក់ទង​នឹង​ការ​រត់ការ​ ដើម្បី​ជាប់​បាក់​ឌុ​ប ការ​បែកធ្លាយ​វិញ្ញាសា ការ​ថតចម្លង​វិញ្ញាសា តាម​ទីតាំង​ប្រលង​នានា ការ​ចេញ​វិញ្ញាសា​ធូររលុង​ជាដើម ព្រោះ​ជិត​បោះ​ឆ្នោត និង​ការ​ប្រលង​មាន​តែ​មួយ​ថ្ងៃ​ជាដើម​។

លោក​បន្ត​ថា ជា​រៀង​រាល់​មុន​ឆ្នាំ​ប្រឡង​ សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ តែងតែ​អញ្ជើញ​អាជ្ញាធរ​ដែនដី កម្លាំង​សមត្ថកិច្ច មន្ទីរ ក្រសួង​អប់រំ និង​ផ្នែក​ពាក់ព័ន្ធ ដើម្បី​សហការ​គ្នា ដោះស្រាយ​បញ្ហា​ប្រឈម​មួយ​ចំនួន និង​បញ្ហា​ដែល​អនុវត្ត​ឆ្នាំ​ កន្លង​មក​ជា​បទ​ពិសោធន៍ និង​នៅ​ចំណុច​សេសសល់​មិនល្អ ត្រូវ​បង្កើន​ការ​យកចិត្ត ទុកដាក់​បន្ថែម ដោយ​ផ្តោត​លើក​កំណែទម្រង់​ស៊ីជម្រៅ​លើ​វិស័យ​អប់រំ លើ​បញ្ហា​ធនធានមនុស្ស​នេះ ។

លោក ឃួ​ង ស្រេង បាន​បញ្ជាក់​ថា ដោយ​មានការ​ព្រួយបារម្ភ​លើ​បញ្ហា​ប្រឡង​នេះ ទើប​អាជ្ញាធរ និង​ផ្នែក​ពាក់ព័ន្ធ​រួម​គ្នា​ ប្រឹងប្រែង​ប្រជុំ​ពិភាក្សា​គ្នា​ ដុសខាត់​បញ្ហា​នេះ​ធ្វើ​យ៉ាង​ណា​ឲ្យ​ការ​ប្រឡង​បាក់​ឌុ​ប​ នៅ​ឆ្នាំ​ ២០១៦​នេះ ទទួល​បាន​ជោគជ័យ និង​កាន់តែ​ល្អ​ប្រសើរ​ឡើង ព្រោះ​តាម​បទ​ពិសោធន៍​រយៈពេល​ ពីរ​ឆ្នាំ​កន្លង​មក ការ​ធ្វើ​កំណែទម្រង់​លើ​បញ្ហា​ប្រឡង​ ទទួល​បាន​តម្លាភាព និង​យុ​ត្ត​ធម៌​ច្រើន ។

សូម​បញ្ជាក់​ថា ការ​ប្រឡង​បាក់​ឌុ​ប ឆ្នាំ​២០១៦​នេះ ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២២ សីហា មាន​រយៈពេល​៣​ថ្ងៃ សម្រាប់​រាជធានី​ភ្នំពេញ មាន​បេក្ខជន​ប្រឡង​ចំនួន​១៧.៦១៩​នាក់ មាន​២៣​មណ្ឌល ស្ថិត​ក្នុង​ខណ្ឌដូនពេញ ចំការមន ទួល​គោក ៧​មក​រា សែន​សុខ ច្បារ​អំពៅ ពោធិ៍​សែន​ជ័យ និង​ខណ្ឌឫស្សីកែវ ។

រហូត​មក​ដល់​ពេល​នេះ ក្រុមការងារ​រៀបចំ​ ការ​ប្រឡង​បាន​ចុះ​ ទៅ​ត្រួតពិនិត្យ​តាម​មណ្ឌល​ប្រលង រួម​ទាំង​ការងារ​បរិស្ថាន បន្ទប់ទឹក អគ្គិសនី តុ​អង្គុយ និង​របង​សាលា​ជាដើម ។

ជាមួយ​គ្នា​នេះ​ដែរ រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏​បាន​ដាក់​ផែនការ គ្រប់​អាជ្ញាធរ​ពាក់ព័ន្ធ ពិសេស​អាជ្ញាធរ​ខណ្ឌ និង​កងកម្លាំង​ពាក់ព័ន្ធ​ ឲ្យ​យកចិត្តទុកដាក់​ ក្នុង​ការ​រក្សា​សន្តិសុខ សណ្ដាប់ធ្នាប់ និង​ចរាចរណ៍​ផង​ដែរ ដើម្បី​ទប់ស្កាត់​រាល់​បទល្មើស​ផ្សេង​ៗ​នៅ​គ្រប់​មណ្ឌល​ប្រលង​ផង​ដែរ ៕ 

ប្រភព ៖ កោះសន្តិភាព

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម