ក្លិប​មីតណាយ បាត់​ម៉ូតូ​ភ្ញៀវ​ហើយ​មិន​ទទួល​ខុស​ត្រូវ

 
 

រាជធានី​ភ្នំពេញ ៖ ម៉ូតូ​ស៊េរី​ទំនើប​១​គ្រឿង ដែល​បុរស​ម្នាក់​ជិះ​ទៅ​ផឹកស៊ី នៅ​ក្នុង​ក្លិប​ឌី​ស្កូ​មី​ត ណាយ ហើយ​បាន​ដាក់​ផ្ញើ​ក្រុម​សន្តិសុខ​ក្លិប​ខាងលើ ដោយ​មាន​ទាំង​សំបុត្រ​ផ្ញើ​យ៉ាង​ត្រឹមត្រូវ​ផង​នោះ ត្រូវ​បាន​ក្រុម​ចោរលួច​យក​ទៅ​បាត់ ហើយ​ពេល​ម្ចាស់​ចេញពី​ក្លិប​មក​វិញ ទាំង​សន្តិសុខ​រួម​និង​ម្ចាស់​ក្លិប​ផង សុទ្ធតែ​ឆ្លើយ​ថា មិនដឹង និង​មិន​ចេញ​សង​ទៀត ។

ទើប​ម្ចាស់​ម៉ូតូ​ធ្វើ​ដំណើរ​ទៅ​កាន់​ប៉ុស្ដិ៍​នគរបាល​ចោម​ចៅ ដើម្បី​ដាក់​ពាក្យ​បណ្ដឹងសុំ​ឲ្យ​នគរបាល​ជួយ​អន្តរាគមន៍ កាលពី​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃ​ទី​៧ សីហា ២០១៦​។

បុរស​ម្ចាស់​ម៉ូតូ​ខាងលើ​នោះ ឈ្មោះ ឃុ​ត ចំរើន អាយុ​២៦​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ និង​មានស្រុក​កំណើត​ភូមិ​តា​មុំ ឃុំ​តា​ភេ​ម ស្រុក​ត្រាំកក់ ខេត្តតាកែវ និង​មាន​ប្រពន្ធ​ឈ្មោះ ម៉ា​ប់ សេង​ហ៊ាន់ អាយុ​២២​ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ​ប្លេ​ត​ធី ស្រុក​កំណើត​នៅ​ក្នុងភូមិ​ទ្រាន ឃុំ​ទ្រាន ស្រុក​កំពង់សៀម ខេត្តកំពង់ចាម​។ បាត់​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ស៊េរី​ឆ្នាំ​២០១៦ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1FW-1192​។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ បុរស​ម្នាក់​នោះ​បាន​នាំ​ប្រពន្ធ និង​មិត្តភក្ដិ​របស់​ខ្លួន​២​នាក់​ទៀត ចូល​ទៅ​ផឹកស៊ី និង​រាំ​លេង​នៅ​ក្នុង​ក្លិប​ឌី​ស្កូ​មី​ត​ណាយ ដែល​មាន​ទីតាំង​ស្ថិត​នៅ​តាម​ផ្លូវ​វេ​ង​ស្រេង ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

ដោយពេល​ទៅ​ដល់​បាន​ផ្ញើ​ម៉ូតូ​នៅ​កន្លែង​ទទួលបញ្ញើ​នៅ​ក្នុង​ក្លិប​នោះ ដោយ​មាន​សន្តិសុខ​មើល​ការ​ខុស​ត្រូវ ហើយ​ក្រុម​សន្តិសុខ​នោះ បាន​ឲ្យ​សំបុត្រ​ផ្ញើ​ម៉ូតូ និង​ទុក​លុយ​ថ្លៃ​ផ្ញើ​ចំនួន​១.៥០០​រៀល​ថែម​ទៀត​ផង 

បន្ទាប់​ពី​ដាក់​ផ្ញើ​រួចរាល់ ក៏​បាន​នាំ​គ្នា​ចូល​ទៅ​ផឹកស៊ី​នៅ​ខាងក្នុង រហូត​ដល់​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃ​ដដែល ទើប​នាំ​គ្នា​ចាក​ចេញពី​ក្លិប ក្នុង​បំណង​ត្រឡប់​ទៅ​ផ្ទះ​វិញ ប៉ុន្តែ​ពេល​ទៅ​ដល់ ស្រាប់តែ​បាត់​មិនឃើញ​ម៉ូតូ ក៏​បាន​សួរនាំ​សន្តិសុខ ហើយ​ត្រូវ​បាន​សន្តិសុខ​ប្រាប់​ថា ឲ្យ​រង់ចាំ​ដល់​ពេល​អស់​ភ្ញៀវ​សិន ខណៈនោះ​ជន​រង​គ្រោះ​បាន​រង់ចាំ​តាម​បញ្ជា​របស់​ក្រុម​សន្តិសុខ​ទាំង​នោះ រហូត​ដល់​ជិត​ភ្លឺ​នៅ​តែ​មិនឃើញ​ម៉ូតូ​របស់​ខ្លួន​ទៀត ទើប​នៅ​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃ​ទី​៧ សីហា ជន​រង​គ្រោះ​បាន​ដាក់​ពាក្យ​ប្ដឹង​ឲ្យ​នគរបាល​ប៉ុស្ដិ៍​ចោម​ចៅ​ជួយ​អន្តរាគមន៍​តែ​ម្ដង​៕ 

ប្រភព ៖ កោះសន្តិភាព

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកដែរថា ដោយឡែកករណីមួយវិញទៀត កាលពីវេលា​ម៉ោង​ ៥​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​៣០ ខែឧសភា​ ឆ្នាំ ២០១៦ កន្លងទៅ នៅ​ស្ថា​នី​ចាក់​ប្រេង​តេ​លា តាម​បណ្ដោយ​ផ្លូវ​ឧកញ៉ា ម៉ុង ឬ​ទ្ធី ស្ថិត​ក្នុងភូមិ​បាយាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ មាន​ចោរលួច​កាច់​សោក​ម៉ូតូ​បាន​សម្រេច ហើយ​គេចខ្លួន​ដោយ​សុវត្ថិភាព ។

តាម​ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា រូប​នាង​ឈ្មោះ ទាវ រ៉ា​វី អាយុ​២០​ឆ្នាំ ស្នាក់​នៅ​ភូមិ​ច្រេះ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ដែល​មានស្រុក​កំណើត​នៅ​ខេត្តក្រចេះ ។

នារី​រង​គ្រោះ​បាន​ឲ្យ​ដឹង​ទៀត​ថា ម៉ូតូ​ដែល​នាង​ជិះ​មក​សម្ភាស​ការងារ ហើយ​ត្រូវ​ចោរលួច​យក​ទៅ​បាត់​នោះ តាម​ពិតជា​ម៉ូតូ​ខ្ចី​គេ​ទេ ដែល​ម្ចាស់​ម៉ូតូ​នៅ​បន្ទប់​ជួល​ជាប់​គ្នា ហើយ​គេ​ឲ្យ​មក​ជួយ​យក​កូន​គេ​ចេញពី​រៀន ។

ម៉ូតូ​នោះ​ជា​កម្មសិទ្ធិ ឈ្មោះ លឿម លាក ដែល​មាន​អាសយដ្ឋាន​នៅ​ភូមិ​គោក​ត្របែក ឃុំ​គោក​ដូង ស្រុក​អង្គរជុំ ខេត្តសៀមរាប ជា​ម៉ូតូ​ហុងដា​វ៉េវ សេ​១០០ ពណ៌​ខ្មៅ ពាក្យ​ស្លាក​លេខ សៀមរាប 1R-1476 ។

នារី​រង​គ្រោះ​បាន​បន្ថែម​ទៀត​ថា មុន​ពេល​កើតហេតុ រូប​នាង​ត្រូវ​បាន​ម្ចាស់​ម៉ូតូ​ដែល​ស្នាក់​នៅ​បន្ទប់​ជាប់​គ្នា ពឹងពាក់​ឲ្យ​ទៅ​ជួយ​យក​កូន​គាត់​នៅ​សាលារៀន តែ​នាង​ឆ្លើយ​ថា ជាប់រវល់​ប្រញាប់​ទៅ​សម្ភាស​ការងារ ហើយ​ម្ចាស់​ម៉ូតូ​ក៏​ប្រាប់​ថា ឲ្យ​យក​ម៉ូតូ​គាត់​ទៅ​អ​ញ្ចឹ​ង ។

ក្រោយ​ពី​ជូន​កូន​ម្ចាស់​ម៉ូតូ​ដាក់​ផ្ទះ​ហើយ នាង​ប្រញាប់​ទៅ​កន្លែង​សម្ភាស​ការងារ ដូច​អាសយដ្ឋាន​ខាងលើ ក្រោយ​ពី​រូបគេ​បាន​ចូល​ក្នុង​បន្ទប់​សម្ភាស​ប្រមាណ​ជា​២០​នាទី ពេល​ចេញ​មក​វិញ​ស្រាប់តែ​បាត់​ម៉ូតូ​តែ​ម្ដង ធ្វើ​ឲ្យ​នាង​ស្រឡាំងកាំង និង​តក់ស្លុត​ជា​ខ្លាំង​ព្រោះ​ជា​ម៉ូតូ​គេ​ផង ។

ឃើញ​ហេតុការណ៍​បែប​នោះ សន្តិសុខ​ដែល​នៅ​ចាក់​សាំង​ជិត​នោះ​បាន​ប្រាប់​ថា ឃើញ​មនុស្ស​ប្រុស​ម្នាក់​ជិះ​ចេញ​ទៅ​បាត់​ហើយ ។ ភ្លាម​ៗ​នោះ​ដែរ​នារី​រង​គ្រោះ បាន​ជិះ​ម៉ូតូឌុប ទៅ​ដាក់​ពាក្យបណ្ដឹង​នោ​ប៉ុស្ដិ៍​រដ្ឋបាល សង្កាត់​ភ្នំពេញ​ថ្មី​ដែរ តែ​ខាង​សមត្ថកិច្ច​ប្រាប់​ថា គេ​កំពុង​ជាប់រវល់ ចាំ​ព្រឹកស្អែក​ចាំ​មក​ម្ដងទៀត ។ នារី​រង​គ្រោះ​ក៏​ជិះ​ម៉ូតូឌុប​តម្រង់​មក​ផ្ទះ​វិញ ទាំង​ក្តី​អស់សង្ឃឹម​បំផុត ៕

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម