ជិះ​ម៉ូតូ​ទៅ​មើល​កូន​ត្រូវ​គេ​វាយ ឪពុក​ម្ដាយ​ជួប​គ្រោះថ្នាក់​ចរាចរ​ទៀត

 
 

រាជធានី​ភ្នំពេញ ៖ ពិតជា​រឿង​ចៃដន្យ និង​គួរ​ឲ្យ​អាណិត​ខ្លាំង​ណាស់ ដែល​គ្រួសារ​មួយ​ជួប​ទុក្ខ​លើ​ទុក្ខ ដោយ​កូនប្រុស​ម្នាក់​ ទៅ​រៀន​នៅ​អនុ​វិទ្យាល័យ​ជម្ពូ​វន្ដ ប៉ុន្តែ​ក្រោយ​ពេល​ចេញពី​រៀន បាន​ជិះ​ម៉ូតូ​១​គ្រឿង​ ទៅ​យក​ប្អូន​ម្នាក់​ទៀត ដែល​កំពុង​រៀន​នៅ​សាលា​បឋម​សិក្សា​ជម្ពូ​វន្ដ ដើម្បី​ត្រឡប់​ទៅ​ផ្ទះ​វិញ​។

នៅ​ក្នុង​ខណៈ​ដែល​កំពុង​អង្គុយ​ នៅ​លើ​ម៉ូតូ​រង់ចាំ​ប្អូន​ នៅ​ក្នុង​ទីធ្លា​សាលា​ស្រាប់តែ​មាន ជន​ស្ទាវ​២​នាក់​ជិះ​ម៉ូតូ​ ១​គ្រឿង​ទៅ​ដល់ ក៏​ធ្វើ​សកម្មភាព​វាយ​នឹង​ខ្សែក្រវាត់ ចំ​ក្បាល​បណ្ដាល​ឲ្យ​បែកក្បាល​ហូរ​ឈាម បន្ទាប់​មក​ជន​ដៃដល់​បាន​ រត់គេច​ខ្លួន​បាត់​ស្រមោល​។​

ចំណែក​ក្មេង​ប្រុស​រង​គ្រោះ ​បាន​ទូរស័ព្ទ​ប្រាប់​ ឪពុក​ម្ដាយ​ដែល​នៅផ្ទះ ពេល​នោះ​ឪពុក​ម្ដាយ​មានការ​ព្រួយបារម្ភ​ ពី​កូន​ខ្លាំង​ណាស់ ក៏​បាន​ប្រញាប់ប្រញាល់ ជិះ​ម៉ូតូ​១​គ្រឿង​ឌុ​ប​គ្នា​ចាក​ចេញពីផ្ទះ ដើម្បី​ទៅ​មើល​កូនប្រុស ដល់​ពាក់កណ្ដាល​ផ្លូវ​ ក៏​បាន​ជួប​ឧប្បត្តិហេតុ​គ្រោះ​ចរាចរ​បណ្ដាល​ឲ្យ​ ឪពុក​បាក់ជើង​ផង​បែកក្បាល​ផង និង​ម្ដាយ​ក៏​បាន​រង​របួសធ្ងន់​ដែរ​។

ហេតុការណ៍​នោះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៥​និង​២០​នាទី​ល្ងាច​ថ្ងៃ​ទី​៤ ខែសីហា ឆ្នាំ​២០១៦ នៅ​ក្នុង​បរិវេណ​សាលា​បឋម​សិក្សា​ជម្ពូ​វ័ន ស្ថិត​ក្នុងភូមិ​ជម្ពូ​វ័ន សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

ក្រុម​ក្មេង​ស្ទាវ​ដៃដល់​មាន​គ្នា​ ៣​នាក់​ជិះ​ម៉ូតូ​ម៉ាក​គ្លី​ក​ពណ៌​ក្រហម​ មិន​ចាំ​ស្លាក​លេខ​មួយ​គ្រឿង​គេចខ្លួន​បាត់​ ដោយ​សុវត្ថិភាព​។ ចំណែក​ក្មេង​ប្រុស​រង​គ្រោះ​ឈ្មោះ លី ហេង អាយុ​១៥​ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​៩​អនុ​វិទ្យាល័យ​ជម្ពូ​វន្ដ មាន​ទីលំនៅ​ក្នុង​បុរី​សន្តិភាព​២ ភូមិ​ដំណាក់​ត្រ​យឹ​ង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ដោយឡែក​ឪពុក​ឈ្មោះ សេង សា​រិ​ទ្ធ អាយុ​៤២ មុខរបរ​លក់​ចាប់ហួយ​នៅផ្ទះ រង​របួស​បាក់ជើង និង​បែកក្បាល ឯ​ម្ដាយ​ឈ្មោះ ឡាយ ច​ន្នី អាយុ​៣៧​ឆ្នាំ មុខរបរ​លក់​ចាបហួយ​ស្នាក់​នៅ​ជាមួយ​គ្នា​នៅ​បុរី​សន្តិភាព​២​។

តាម​ប្រភព​ព័ត៌មាន​ បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ក្រោយ​ពេល​ចេញពី​រៀន​ក្មេង​ប្រុស​រង​គ្រោះ​ មិន​បាន​ទៅ​ផ្ទះ​នោះ​ទេ បាន​ជិះ​ម៉ូតូ​ម៉ាក​គូប​ជ្រុង​១​គ្រឿង​ចេញពី​អនុ​វិទ្យាល័យ​ជម្ពូ​វន្ដ ទៅ​ទទួល​ប្អូន​នៅ​សាលា​បឋម​សិក្សា​ជម្ពូ​វន្ដ ដើម្បី​ត្រឡប់​ទៅ​ផ្ទះ​។ លុះ​ពេល​ទៅ​ដល់​ក្នុង​សាលា បាន​អង្គុយ​នៅ​លើ​ម៉ូតូ​រង់ចាំ​ ប្អូន​ចេញពី​រៀន ខណៈនោះ​ស្រាប់តែ​ក្រុម​ក្មេង​ស្ទាវ​អន្ធពាល​ ៣​នាក់​ជិះ​ម៉ាក​គ្លី​ក​ពណ៌​ក្រហម​ មិន​ចាំ​ស្លាក​លេខ ១​គ្រឿង​ទៅ​ដល់​ធ្វើ​សកម្មភាព​ វាយ​នឹង​ខ្សែក្រវាត់​ក្បាល​ដែក បណ្ដាល​ឲ្យ​បែកក្បាល​យ៉ាងដំណំ​។

បន្ទាប់​មក​ បាន​នាំ​គ្នា​ជិះ​ម៉ូតូ​គេចខ្លួន​ បាត់​ស្រមោល ហើយ​ខណៈនោះ​មាន​មនុស្ស​ចាស់​ៗ​ស្ថិត​នៅ​ទីនោះ​ដែ រ​ប៉ុន្តែ​ម្នាក់​ៗ​ដូច​ទីងមោង​គ្មាន​ចិត្ត​គ្មាន​ថ្លើម​ទេ មិន​បាន​ជួយ​ឃាត់ ឬ​ជួយ​ចាប់​ជន​ដៃដល់​ឡើយ​ គឺ​នាំ​គ្នា​ឈរ​ទល់ភ្នែក​មើល​តែ​ម្ដង​។ ប្រភព​ដដែល​បាន​បន្ត​ថា ក្រោយ​ពេល​ត្រូវ​គេ​ព្រួត​វាយ​បែកក្បាល ក្មេង​ប្រុស​រង​គ្រោះ​បាន​ទូរស័ព្ទ​ប្រាប់​ឪពុក​ម្ដាយ​នៅផ្ទះ បាន​ធ្វើ​ឲ្យ​ពួក​គាត់​មានការ​ព្រួយបារម្ភ និង​បាន​នាំ​គ្នា​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៥ ពណ៌​ខ្មៅ​ចេញពីផ្ទះ​ទៅ​មើល​កូន​។

ដោយ​ធ្វើ​ដំណើរ​ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ក្នុង​ល្បឿន​លឿន​គួរសម​ដែរ តាម​ផ្លូវជាតិ​លេខ​៣​លុះ​ពេល​ដល់​ ចំណុច​ភូមិ​ព្រៃ​កំបុត សង្កាត់​ចោម​ចៅ គឺ​ត្រឹម​ពាក់កណ្ដាល​ផ្លូវ​ប៉ុណ្ណោះ ក៏​ត្រូវ​បាន​រថយន្ត​១​គ្រឿង​ បើកបរ​បញ្ច្រាសទិស​គ្នា​ បុក​ពេញទំហឹង​បណ្ដាល​ឲ្យ​ដួល​រង​របួស​តែ​ម្ដង រីឯ​រថយន្ត​បង្ក​បាន​ បើក​ចូល​ទៅ​ក្នុង​រោងចក្រ​បាត់​ស្រមោល​។

ក្រោយ​ពេល​កើតហេតុ កម្លាំង​នគរបាល​ប៉ុស្ដិ៍​ចោម​ចៅ​ ចុះ​ទៅ​កាន់​កន្លែង​កើតហេតុ ទាំង​កន្លែង​ដែល​ក្មេង​ប្រុស​ រង​គ្រោះ​ត្រូវ​គេ​វាយ និង​កន្លែង​ដែល​ឪពុក​ម្ដាយ​របស់​គេ​ត្រូវ​ជួប​គ្រោះថ្នាក់​ចរាចរ បន្ទាប់​មក​បាន​បញ្ជូន​ពួក​គេ​ទៅ​សង្គ្រោះ និង​ទទួល​ពាក្យបណ្ដឹង​ក្មេង​ប្រុស​រង​គ្រោះ​ ដើម្បី​ស្រាវជ្រាវ​រក​ជន​ដៃដល់ និង​រថយន្ត​បង្ក​ផង​ដែរ​៕ 

ប្រភព ៖ កោះសន្តិភាព

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម