(UPDATE) សមត្ថកិច្ចបង្ហាញមុខ មេក្លោងគ្រឿងញៀនជនជាតិថៃ ជាមួយថ្នាំញៀនជាង១៤គីឡូក្រាម

 
 

(ភ្នំពេញ)៖ នៅវេលាម៉ោង៥៖៣០នាទី ល្ងាចថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៦នេះ នគរបាលមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបង្ហាញមុខមេក្លោងជួញដូរគ្រឿងញៀនជនជាតិថៃម្នាក់ ដែលត្រូវបានចាប់ខ្លួនជាមួយថ្នាំជាង ១៤គីឡូក្រាម មុនបញ្ជូនទៅកាន់តុលាការដើម្បីចាត់ការបន្តទៀត។

ការបង្ហាញមុខមេក្លោង ជួញដូរគ្រឿងញៀនខាងលើនេះ បានធ្វើឡើងក្រោមវត្តមានលោកឧត្តមសេនីយ៍ទោ សាន្ត សុទ្ធី នាយរងមន្ទីរប្រឆាំងគ្រឿងញៀន និងមន្រ្តីនគរបាលមួយចំនួនទៀត។ 

សូមបញ្ជាក់ថា មេក្លោងជួញដូរគ្រឿងញៀនជនជាតិថៃដ៏ធំរូបនេះ ត្រូវបាន កម្លាំងនគរបាលចាប់ខ្លួន នៅល្ងាចថ្ងៃទី១ ខែសីហា ឆ្នាំ២០១៦ចំណុចផ្លូវលំ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយធ្វើការរឹបអូសគ្រឿងញៀនយ៉ាងច្រើនច្រើនលើសលប់ស្ទើរតែមិនធ្លាប់មាននាពេលកន្លងទៅ។

ក្រោយការចាប់ខ្លួនរួចមក នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០១៦ កម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន បាននាំខ្លួនមេក្លោងរូបនេះ ទៅឆែកឆេរដល់ផ្ទះស្នាក់នៅ ផ្ទះលេខ៣ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ដោយហូតបានថ្នាំញៀន បន្ថែមទៀត។ លោកឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ បានឲ្យដឹងថា ជនល្មើស ឈ្មោះ ឆៃ យ៉ាភុងភិសៃផាន់ ជនជាតិថៃ ភេទប្រុស អាយុ៥២ឆ្នាំ។

នៅក្នុងសន្និសីទកាសែតខាងលើនេះ កម្លាំងនគរបាលក៏បាននាំខ្លួនទណ្ឌិតម្នាក់ទៀត ដែលជាបក្ខពួករបស់មេក្លោងមកចង្អុលបង្ហាញបន្ថែមផងដែរ៕ 

ប្រភព ៖ freshnews

កំណត់ហេតុខ្មែរឡួត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរ​​  មានមេក្លោងដ៏ធំជួញដូរគ្រឿងជនជាតិថៃម្នាក់ ដកហូតបានថ្នាំញៀនដ៏ច្រើនចំនួនជិត២០គីឡូក្រាម ត្រូវកម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន បានបើកប្រតិបត្តិការបង្ក្រាប។

ឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ បានឲ្យដឹងទៀតថា ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងកាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៦ នាចំណុចផ្លូវលំ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ឃាត់ជនល្មើសម្នាក់ ឈ្មោះ ឆៃ យ៉ាភុងភិសៃផាន់ ជនជាតិថៃ ភេទប្រុស អាយុ៥២ឆ្នាំ រឹបអូសបានថ្នាំញៀនប្រភេទ ម៉េតំហ្វេតាមីន ទឹកកកទម្ងន់៣គីឡូក្រាម។

លោកបានបន្តទៀតថា កាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៦ កម្លាំងជំនាញមន្ទីរ (ក៥) បានបន្ដទៅឆែកឆេរលំនៅដ្ឋាន របស់ជនសង្ស័យខាងលើ ដែលបានជួលផ្ទះលេខ៣ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រកឃើញម្សៅសង្ស័យហេរ៉ូអ៉ីន២ដុំ ប្រហែល ៦៦០ក្រាម, ម្សៅក្រាមសង្ស័យ ICE ៩ដុំ ប្រហែល ៦គីឡូក្រាម, ថ្នាំគ្រាប់ wy ៩ដុំ ប្រហែល៥២០០០គ្រាប់ និងរថយន្ដ ០២គ្រឿង។ សរុបគ្រឿងញៀនដែលរឹបអូស បានទាំង៣ប្រភេទមាន ទម្ងន់ប្រមាណជិត២០គីឡូក្រាម៕ 

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម