ពិធី​ដង្ហែ​សព​លោក​ហង្ស ផ​ល្លី​មធុ​រ៉ា​ ទៅ​បូជា យ៉ាង​សោះ​កក្រោះ​បំផុត

 
 

រាជធានី​ភ្នំពេញ ៖ ពិធី​ដង្ហែ​សព​អតីត​តារាភាពយន្ត​លោក​ហង្ស ផ​ល្លី​មធុ​រ៉ា កាលពី​ព្រឹក​ថ្ងៃ​ទី​៣ សីហា ២០១៦ នៅ​វត្ត​ទួល​នាង ខណ្ឌឫស្សីកែវ មិន​មាន​សិល្បករ​សិល្ប​ការិនី​ច្រើន​ទេ​ចូលរួម ។

លោក​ហង្ស ផ​ល្លី​មធុ​រ៉ា បាន​ទទួលមរណភាព​ក្នុង​វ័យ​៥២​ឆ្នាំ កាលពី​ព្រឹក​ថ្ងៃ​ទី​១ ខែសីហា ឆ្នាំ​២០១៦ ដោយ​ជំងឺ​ដុះ​សាច់​ក្នុង​ខួរក្បាល ។ ជីវិត​តួអង្គ «​ស្តេច​អាប៉ោង​» ក្នុង​រឿង «​ជើងមេឃ​ដាច់​ស្រយាល​» រូប​នេះ ហាក់​កម្សត់ ជាង​តារា​ប្រុស​ស្រី​រួម​ជំនាន់ ។ អ្វី​ដែល​មហាជន​សង្វេគ គឺ​មុន​ពេល​ស្លាប់​លោក​ហង្ស ផ​ល្លី​មធុ​រា​៉ មិន​មានទ្រព្យ​សម្បត្តិ​ច្រើន​ទេ គឺ​រស់នៅ​ក្នុងផ្ទះ​ជួល​ ក្រោយ​ពី​ចាញ់ក្តី​អតីត​ភរិយា​នៅ​តុលាការ​។

ក្នុង​ពិធី​ដង្ហែ​សព គេ​ឃើញ​តែ​តារា​សម្តែង និង​ផលិតករ​មួយ​ចំនួន​តូច​ ប៉ុណ្ណោះ​ចូលរួម មាន​ដូច​ជា លោក​សុះ ម៉ាច ប្រធាន​សមាគម​សិល្បករ​ខ្មែរ អ្នកស្រី​ថុ​ង ស៊ីវ​ទៀង នាយិកា​ផលិតកម្ម​ ចក្កវាឡ​ពេជ្រ​ភាពយន្ត តារាភាពយន្ត​អ្នកស្រី​ចាន់ តារា​ទី តារាចម្រៀង​លោក​មាស សា​រិ​ទ្ធ លោក​ឱ​ក បូ​នី និង​អ្នកស្រី​កាឡុង កា​ណា​រ៉ូ ជាដើម ។

អ្នកស្រី​ហ៊ឹ​ម ស្រី​លាភ ភរិយា​របស់​លោក ហង្ស ផ​ល្លី​មធុ​រ៉ា ឱ្យ​ដឹង​ថា ស្វាមី​អ្នកស្រី​បាន​ស្លាប់​បាត់បង់​ជីវិត​ ព្រោះតែ​ជំងឺ​ដុះ​សាច់​ក្នុង​ខួរក្បាល ហើយ​ធ្វើទុក្ខ​ខ្លាំង​ក្នុង​រយៈពេល​បី​ខែ​ចុង​ក្រោយ​នេះ ។ អ្នកស្រី​បាន​បញ្ជូន​ស្វាមី​ ទៅ​សង្គ្រោះ​បន្ទាន់​ នៅ​មន្ទីរពេទ្យ​រុ​ស្សី​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក ។

ក្រោយ​ពី​ចាញ់ក្តី​ អតីត​ភរិយា​នោះ លោក​ហង្ស ផ​ល្លី​មធុ​រា​៉ មិន​មាន​អ្វី​សេសសល់​ជា​ដុំ​កំភួន​ទេ បើ​តាម​អ្នកស្រី​ជា​ភរិយា​ថា រស់នៅ​ដោយ​ការ​ជួល​ផ្ទះ​គេ​ប៉ុណ្ណោះ ។ អ្វី​ដែល​កាន់តែ​សង្វេគ​នោះ ទើបតែ​មានកូន​ស្រី​ម្នាក់​ វ័យ​៣​ខែ​ប៉ុណ្ណោះ ហើយ​សូ​ម្បី​តែ​មុខមាត់​កូន​ក៏​លោក មធុ​រ៉ា​មិន​ស្គាល់​ច្បាស់​ផង ព្រោះតែ​មុន​ពេល​កូនស្រី​កើត​ គឺ​លោក​ចាប់ផ្តើម​ធ្វើទុក្ខ​ទៅ​ហើយ ។

ក្នុង​ពិធី​បុណ្យសព​ មិនឃើញ​វត្តមាន​សិល្បករ​ ច្រើន​ចូលរួម​ទេ គឺ​មាន​តែ​សិល្បករ​មួយ​ចំនួន​តូច​ប៉ុណ្ណោះ ប៉ុន្តែ​សិល្បករ​មួយ​ចំនួន​ បាន​ផ្ញើ​ប្រាក់​ចូល​បុណ្យ ៕ 

ប្រភព ៖ កោះសន្តិភាព

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកដែរថា តារាប្រុសសិល្បៈជើងចាស់ខ្មែរ លោក ហង្សផល្លីមធុរ៉ា បានលាចាកលោក កាលពីម៉ោង ៦ព្រឹកមិញនេះ ត្រូវនៅថ្ងៃទី ០១ សីហា ឆ្នាំ២០១៦ កន្លងទៅថ្មីៗនេះ ដោយសារតែជំងឺដុះសាច់​ក្នុងខួរក្បាល នៅឯមន្ទីរពេទ្យរុស្សី។

នេះបើតាមបណ្ដាញទំនាក់ទំនងសង្គមអ្នកសិល្បៈ ដូចជា អ្នកនាង ស៊ុុន ណារីម៉ូនីកា និងអ្នកនាង ចាន់ តារាទី បានបង្ហោះជាសារ និងរូបភាពដ៏គួរឲ្យសង្វេគ ពីលោក ហង្សផល្លីមធុរ៉ា ដែលគាត់បានទទួលមរណភាពក្នុងវ័យ ៥២ឆ្នាំ។ នៅក្នុងសារក៏បានឲ្យដឹងទៀតថា នាពេលនេះ ក្រុមគ្រួសាររបស់គាត់ បានខ្វះខាតថវិកាសម្រាប់ធ្វើបុណ្យ ដែលអ្នកនាងសំណូមពរ ឲ្យបងប្អូនទាំងអស់គ្នាជួយដល់រូបគាត់ផងដែរ។

គួរបញ្ជាក់ថា លោក ហង្សផល្លីមធុរ៉ា ធ្លាប់បានរៀបការជាមួយ នារីអនិកជនអាមេរិកម្នាក់ និងបានក្លាយជាថៅកែរោងចក្រកិនស្រូវ នៅឯខេត្ដបាត់ដំបង តែបែរជាធ្លាក់ខ្លួនក្រ ក្រោយពីលែងលែះប្រពន្ធ ជាមួយនឹងបញ្ហាគ្រួសារ ដែលអ្វីកាន់តែខ្លោចចិត្ដទៀតនោះ គឺរូបគាត់គ្មានប្រាក់ព្យាបាលខ្លួន នៅពេលដែលធ្លាក់ខ្លួនឈឺ នេះបើតាមប្រភពព័ត៌មានក្នុងស្រុកបានចុះផ្សាយ៕


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម