ហេតុផលដែលបញ្ជាក់ថា អ្នកដែលយំច្រើន ជាមនុស្សដែលរឹងមាំបំផុត

 
 

បើយោងតាម អ្នកវិទ្យាសាស្រ្តផ្នែកប្រព័ន្ធប្រសាទ និងជាអ្នកស្រាវជ្រាវទឹកភ្នែកម្នាក់ឈ្មោះ បណ្ឌិត William H. Frey II បាននិយាយថា ការយំ មិនត្រឹមតែជាការឆ្លើយតប ទៅនឹងទុក្ខព្រួយ ឬភាពមិនសប្បាយចិត្តប៉ុណ្ណោះទេ វាជាវិធីដ៏ល្អបំផុត ដើម្បីកាត់បន្ថយនូវអារម្មណ៍តានតឹងផងដែរ។ ការស្រាវជ្រាវមួយបង្ហាញថា ស្រ្តី ៨៥% និងបុរស ៧៣% បាត់ខឹង និងបាត់ទុក្ខកង្វល់បានច្រើន បន្ទាប់ពីយំរួច។ ទោះបីជា អ្នកដែលឧស្សាហ៍ស្រក់ទឹកភ្នែក ត្រូវបានគេចាត់ទុកថា ជាមនុស្សដែលមានភាពទន់ខ្សោយ អារម្មណ៍មិននឹងនរ និងមានបញ្ហាផ្លូវចិត្តក៏ពិតមែន ប៉ុន្តែជាក់ស្តែង វាជារឿងដែលផ្ទុយពីការពិតទៅវិញទេ។

ខាងក្រោមនេះ ជាហេតុផលជាក់ស្តែងដែល បង្ហាញថា អ្នកដែលចូលចិត្តសម្រក់ទឹកភ្នែក ជាមនុស្សដែលមានភាពរឹងមាំ ៖ 

១. ពួកគេមានសុខភាពល្អ

ការលាក់ទុកនូវអារម្មណ៍ស្មុគ្រស្មាញ មិនមែនជារឿងល្អសម្រាប់សុខភាពនោះទេ។ នៅពេលដែលអ្នកស្ថិតនៅក្នុងភាពតានតឹង វាជារឿងធម្មតាទេ ដែលអ្នកត្រូវបញ្ចេញវាចេញមកក្រៅឲ្យមានអារម្មណ៍ធូរស្បើយ។ ជាការពិតណាស់ ភាពតានតឹងដែលលាក់ទុកក្នុងចិត្ត អាចធ្វើឲ្យមានបញ្ហាសុខភាពដូចជា គាំងបេះដូង និងសម្ពាធឈាមខ្ពស់ជាដើម។ ជាងនេះទៅទៀត ការយំ ក៏អាចជួយបន្ថយ កម្រិតកូឡេស្តេរ៉ូល និងសារធាតុគីមីដែលធ្វើឲ្យអ្នកមានអារម្មណ៍រសាប់រសល់បានទៀតផង។ ហេតុនេះ ដើម្បីភាពរឹងមាំទាំងសុខភាពផ្លូវកាយ និងផ្លូវចិត្ត អ្នកមិនចាំបាច់ខ្លាច ការសម្រក់ទឹកភ្នែកទៀតទេ។

២. ពួកគេមានអារម្មណ៍ល្អជាងមុន

វាជាការយល់ខុស ដ៏ទូទៅមួយ ដែលជាញឹកញាប់ គេតែងចាត់ទុកមនុស្សដែលមានភ្នែកទន់ ជាមនុស្ស ដែលមានភាពសោកសៅបំផុត។ តែផ្ទុយមកវិញ ការយំ ជួយឲ្យមានអារម្មណ៍ល្អប្រសើរឡើងទៅវិញទេ។ ការសិក្សាស្រាវជ្រាវមួយ បានបង្ហាញថា ៨៨.៨% នៃអ្នកចូលរួម ប្រែជាមានអារម្មណ៍ល្អប្រសើរឡើងវិញ បន្ទាប់ពីបានសម្រក់ទឹកភ្នែករួច។ យើងទាំងអស់គ្នា សុទ្ធតែមានបញ្ហាណាមួយដែលត្រូវយំ ក្នុងជីវិត ដោយមិនអាចចៀសវាងបាន ប៉ុន្តែប្រសិនបើអ្នកយំហើយ បោះបង់ចោលការឈឺចាប់ទាំងអស់ រួចសម្លឹងមើលទៅថ្ងៃថ្មី ទើបជាភាពរឹងមាំពិតប្រាកដ។

៣. ពួកគេមិនគេចវេសពីអារម្មណ៍សោកសៅ

មនុស្សដែលមានភ្នែកទន់ ឆាប់យំ ជាមនុស្សដែលចេះទទួលស្គាល់អារម្មណ៍មិនល្អរបស់ខ្លួន។ ពួកគេទទួលយក អារម្មណ៍ទាំងនោះមកតាមដំណើរ ដែលមានន័យថា ពួកគេមិនគេចវេសពីអារម្មណ៍ ដែលកំពុងតែប្រឈមមុខនោះទេ។ ការដែលអ្នកយំ មិនមែនមានន័យថា អ្នកមិនអាចដោះស្រាយបញ្ហាដែលអ្នកកំពុងប្រឈមទេ វាមានន័យថាអ្នកកាន់តែមានភាពរឹងមាំ ដើម្បីដោះស្រាយបញ្ហាដទៃផ្សេងៗទៀត ព្រោះតែអ្នកមិនដែលគេចវេសចេញទេ។ អ្នកនឹងនៅបង្ហាញជំហររឹងមាំ មិនថាជាបញ្ហាអ្វីឡើយ។ 

៤. ពួកគេក្លាហាន និងមិនខ្វល់ពីអ្វីដែលអ្នកដទៃគិត

ពេលខ្លះយើង មិនអាចបង្ហាញអារម្មណ៍ចេញមកក្រៅបានដោយសារ វារំខានដល់ការងារ ឬប៉ះពាល់ដល់ផលិតភាពការងារ និងហេតុផលផ្សេងៗទៀត ដែលបណ្តាលមកពីការយំ។ តាមការពិត អ្នកត្រូវតែជម្នះហេតុផលទាំងនោះ រួចបង្ហាញចេញនូវអារម្មណ៍ពិតរបស់អ្នក ដើម្បីបង្ហាញថាអ្នកមិនមែនជាមនុស្សយន្ត មិនចេះឈឺចាប់នោះទេ។ មួយវិញទៀត ប្រសិនបើមនុស្សស្រីយំ គេថានាងជាមនុស្ស មិនមានភាពនឹងនរ មានគំនិតអវិជ្ជមាន និងគ្រាន់តែត្រូវការយកចិត្តទុកដាក់។ សម្រាប់ពេលដែលមនុស្សប្រុសយំវិញ គេថាគាត់ជាប្រុសអន់ ឬមិនមែនជាប្រុសពិតឡើយ។ ហេតុនេះ ម្នាក់ៗត្រូវចេះបង្ហាញពីអារម្មណ៍របស់ខ្លួនឯង ដោយមិនចាំបាច់គិតពីអ្នកដទៃ គិតយ៉ាងម៉េចមកលើអ្នកទេ។

៥. ពួកគេជួយដល់អ្នកដទៃ

ការដែលអ្នកយំ មិនត្រឹមតែរំដោះខ្លួនអ្នក ឲ្យហ៊ានបង្ហាញនូវអារម្មណ៍ពិតប៉ុណ្ណោះទេ អ្នកក៏បានជួយឲ្យអ្នកដទៃ ឲ្យបញ្ចេញអារម្មណ៍របស់ពួកគេដូចគ្នា។ នេះក៏ព្រោះតែ មនុស្សជាច្រើនតែងតែ កប់ទុកនូវអារម្មណ៍របស់ពួកគេ និងខ្លាចមិនមិនចង់បញ្ចេញវាចេញមកក្រៅ ព្រោះខ្លាចវាជារឿងមិនសមរម្យ ប៉ះពាល់អារម្មណ៍គេ។ តែផ្ទុយទៅវិញ ប្រសិនបើអ្នកជាគំរូ ដល់អ្នកដទៃឲ្យក្លាហានហ៊ានបញ្ចេញនូវអារម្មណ៍របស់ខ្លូន អ្នកគឺដូចជាជួយដល់សង្គម និងអ្នកនៅជុំវិញអ្នកយ៉ាងដូច្នោះដែរ។

៦. ពួកគេមានភាពស្មោះត្រង់

ទឹកភ្នែក គឺជាភាសា បញ្ជាក់ពីភាពពិតប្រាកដ ឥតក្លែងបន្លំ។ សាកគិតទៅមើលថា ខណៈពេលដែលដំណក់ទឹកភ្នែករមៀលចុះ លើផ្ទៃមុខនរណាម្នាក់នោះ វាបង្ហាញយ៉ាងច្បាស់ពីអារម្មណ៍របស់មនុស្សម្នាក់នោះ។ ការយំមិនមែនត្រឹមតែ បង្ហាញពីភាពក្លាហានក្នុងការបញ្ចេញអារម្មណ៍ប៉ុណ្ណោះទេ វាជាការឆ្លុះបញ្ចាំងពីភាពស្មោះត្រង់ ចេញពីបេះដូងរបស់អ្នកទៀតផង។

៧. ពួកគេចាត់ទុកជាបទពិសោធន៍ជីវិត

ជីវិត តែងតែមានពេលឡើង ពេលចុះ។ គ្មានអ្នកណាម្នាក់ដែលមិនធ្លាប់ឆ្លងកាត់ បទពិសោធន៍សប្បាយៗ ក៏ដូចជាកើតទុក្ខនោះទេ។ មនុស្សយើងម្នាក់ៗ អាចឧស្សាហ៍យំញឹកញាប់ ដោយមិនថាជារឿងកើតទុក្ខ ឬរឿងសប្បាយឡើយ។ មនុស្សដែលឆ្លងកាត់រឿងបែបនេះញឹកញាប់ ប្រាកដជាអាច បង្កើនគុណភាពជីវិត ជាមួយនឹងបទពិសោធន៍អស់ទាំងនោះ ឲ្យកាន់តែរឹងមាំផងដែរ៕ 

ប្រភព៖ Lifehack | Goody Feed | Power of Positivity

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម