រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច សុំទោសលោក អូស្មាន ហាស្សាន់ រឿងបរិហារកេរ្តិ៍ ថាបានគូសប្លង់ ឲ្យសាលារាជធានី ធ្វើផ្លូវកាត់វិហារឥស្លាម

 
 

ភ្នំពេញ៖ រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក អះម៉ាត់ យ៉ះយ៉ា បានសុំទោសលោក អូស្មាន ហាស្សាន់ រដ្ឋមន្ត្រីប្រតិភូ អមសម្តេចនាយករដ្ឋមន្ត្រី ជាសាធារណៈ នៅសៀលថ្ងៃទី២ ខែសីហា ក្នុងសវនាការសាលាដំបូងរាជធានីភ្នំពេញ ដែលកន្លងមកបានបរិហារកេរ្តិ៍ថា ជាអ្នកគូសប្លង់ឲ្យសាលារាជធានីភ្នំពេញ ធ្វើផ្លូវកាត់វិហារឥស្លាម។ 

ក្នុងសវនាការជំនុំជម្រះជាសាធារណៈ ក្នុងសំណុំរឿងបរិហារកេរ្តិ៍ ដែលមានលោក អូស្មាន ហាស្សាន់ ជាដើមបណ្តឹងនេះ លោក អះម៉ាត់ យ៉ះយ៉ា បានសុំទោសចំពោះអ្វីដែលបានលើកឡើងកន្លងមក ថាលោក អូស្មាន ហាស្សាន់ ជាអ្នកគូសប្លង់ឱ្យសាលារាជធានីភ្នំពេញ សង់ផ្លូវកាត់វិហារឥស្លាមនៅបឹងកក់ក្នុងផលប្រយោជន៍អ្វីមួយ។

ចំពោះការការសុំទោសរបស់លោក អះម៉ាត់ យ៉ះយ៉ា នេះ គេពុំទាន់ដឹងថា គោលជំហររបស់ លោក អូស្មាន ហាស្សាន់ គិតយ៉ាងណានៅឡើយទេ ខណៈពុំមានវត្តមាននៅក្នុងសវនាកា ដោយអញ្ជើញជាតំណាងសម្តេចតេជោ ក្នុងពិធីបើកវេទិការសេដ្ឋកិច្ចឥស្លាមពិភពលោកលើកទី១២ នៅសាលសន្និសីទអន្តរជាតិ ក្រុងចាកាតា ប្រទេសឥណ្ឌូណេស៊ី ស្តីពីការប្តេជ្ញាធ្វើសហវិមជ្ឈការសេដ្ឋកិច្ចប្រទេសតំបន់អាស៊ីនិងពិភពលោកឆ្ពោះទៅកាន់ការប្រកួតប្រជែងនៅពេលអនាគត។ លោក អះម៉ាត់ យ៉ះយ៉ា ថ្លែងក្នុងពេលសវនាការថា “ខ្ញុំសុំទោសបើសិនសម្តីរបស់ខ្ញុំកន្លងមក ប៉ះពាល់ដល់កិត្តិយសលោក អូស្មាន ហាស្សាន់”។

លោកក៏បានស្នើឲ្យដើមបណ្ដឹងឈប់ប្ដឹង ត្រឹមហ្នឹងទៅ ដើម្បីកុំឲ្យខ្មាសគេ ព្រោះលោកជាពូនិងក្មួយនឹងគ្នាផង។ ទោះបីយ៉ាងណា ក្រោយការសួរដេញដោល លោកចៅក្រម ឡុង កេសភីរម្យ សម្រេចលើកពេលប្រកាសសាលក្រមទៅថ្ងៃទី១៥ ខែសីហា ខាងមុខនេះវិញ ៕

ប្រភព ៖ ដើមអម្ពិល

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម