ជយោ! កម្ពុជាបំបែកប្រវត្តិសាស្រ្ត យកឈ្នះសិង្ហបុរី ២-១ នៅពីមុខទស្ស និកជន ជាង៥ម៉ឺននាក់

 
 

(ភ្នំពេញ)៖ ក្រុមបាល់ទាត់គោព្រៃជម្រើសជាតិកម្ពុជា បានបំបែកប្រវត្តិសាស្រ្ត យកឈ្នះក្រុមភ្ញៀវសិង្ហបុរី ដោយលទ្ធផល២-១ ក្នុងជំនួបមិត្តភាពអន្តរជាតិនារាត្រីថ្ងៃព្រហស្បតិ៍ ទី២៨ ខែកក្កដា ឆ្នាំ២០១៦ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ដែលទើបបញ្ចប់នៅមុននេះបន្តិច នៅពីមុខអ្នកទស្សនាផ្ទាល់ប្រមាណជាង ៥ម៉ឺននាក់។

ក្នុងជំនួបដ៏ស្វិតស្វាញនេះដែរ កម្ពុជា បានបើកការនាំមុខសិង្ហបុរី ១គ្រាប់មុនពីការទាត់បាល់ពិន័យហ្វ្រីឃីក (Free-ick) បានសម្រេចដោយ កីឡាករខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា នៅនាទីទី១៩ មុនពេល៤នាទីក្រោយមក សិង្ហបុរី តាមបានស្មើ វិញដោយកីឡាករពាក់អាវលេខ២ Amri។ 

តែយ៉ាងណាក៏ដោយ សំឡេងគាំទ្រទ្រហឹងអឹងកងពេញស្តាត បានធ្វើឲ្យក្រុមកីឡាករកម្ពុជា កាន់តែមានសន្ទុះខ្លាំងឡើងនិងខិតខំ វាយបករហូតរកបានគ្រាប់ទី២ នៅនាទីទីចុងម៉ោងនៃវគ្គទី១ (៤៥+១) ស៊ុតដោយកីឡាករ ទិត្យ ឌីណា បើទោះបីជាវគ្គទី២ ពុំមានការ បំប៉ោងសំណាញ់ទីគ្នាទៀតក៏ដោយ គ្រាដែលកម្ពុជានៅសល់សមាជិក ១០នាក់ចាប់ពី នាទីទី៧៥មក ដោយកីឡាករ ហុង ផេង កាត់ក្រហម (កាតលឿង ២ដង)។

សូមបញ្ជាក់ផងដែរថា ក្រុមគោព្រៃកម្ពុជា អាចបំបែកប្រវត្តិសាស្រ្តបានហើយក្នុងរយៈពេល ១៣ឆ្នាំមកនេះ ដោយបាន លេងឈ្នះសិង្ហបុរី គិតចាប់តាំងពីឆ្នាំ២០០៤ លេងមិនដែលឈ្នះសោះ សូម្បីតែស្មើក៏គ្មានដែរ៕ 

ប្រភព ៖ freshnews

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក ពាក់ព័ន្ធកីឡាបាល់ទាត់នេះដែរ កាលពីលើកមុន ក្រុមបាល់ទាត់ឈុតតូចជម្រើសជាតិអាយុក្រោម ១៦ឆ្នាំកម្ពុជា បានឈ្នះកៅអីមួយឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងនាមជាក្រុមបញ្ចប់ទៅដោយចំណាត់ថ្នាក់លេខ២ ចេញពីពូល B ជាប្រវត្តិសាស្រ្ត បន្ទាប់ពីយកឈ្នះ U-16 ទីម័រខាងកើត ៣-០ ដែលទើបបញ្ចប់។

U-16 កម្ពុជា បានបើកការនាំមុខ U-16 ទីម័រខាងកើត ត្រឹមចាប់ផ្តើមលេងបាន៥នាទីក្នុងវគ្គទី១ ដោយបាល់ពិន័យប៉េណាល់ទី១១ម៉ែត្រ ស៊ុតបានសម្រេចដោយកីឡាករប្រធានក្រុម យ៉ាវ សាហ្វី ដោយសារតែកីឡាករខ្សែការពារទីម័រ ធ្វើឲ្យមានកំហុសនៅក្នុងប្រអប់គ្រោះថ្នាក់។

កម្ពុជា មិនធ្វើឲ្យអ្នកគាំទ្រជាង១ម៉ឺននាក់នៅពហុកីឡដ្ឋានជាតិអស់សង្ឃឹមឡើយ តាមរយះរកបាន២គ្រាប់ទៀតដោយកីឡាករ ម៉ៅ ពិសិដ្ឋ នៅនាទីទី៥៥ និងនាទីទី៥៩ ក្នុងវគ្គទី២ ដែលជាជ័យជំនះទី៣ ក្នុងព្រឹត្តិការណ៍ពានរង្វាន់យុវជនអាស៊ាន AFF U-16 Youth Championship 2016 នៅកម្ពុជា។

កម្ពុជា ត្រូវជួប U-16 វៀតណាម ដែលបញ្ចប់ទៅដោយចំណាត់ថ្នាក់លេខ១ ក្នុងពូល A និង U-16 អូស្រ្តាលី ត្រូវជួបក្រុមការពារតំណែងជើងឯក U-16 ថៃ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦ មុនពេលវគ្គផ្តាច់ព្រ័ត្រ និងទាត់យកចំណាត់ថ្នាក់លេខ៣ ធ្វើឡើងនៅថ្ងៃទី២៣ កក្កដា។

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម