កំពូលខ្សែភាពយន្តគំនូរជីវចល ទាំង១០ ដែលអាចនឹងធ្វើឲ្យអ្នក សម្រក់ទឹកភ្នែក ដោយមិនដឹងខ្ឡួន (មានវីដេអូ)

 
 

ខ្សែភាពយន្ត បែបគំនូរជីវចល ប្រាកដជា ទាញអ្នកទៅរកអនុស្សាវរីយ៍ពីកុមារភាព ដ៏រីករាយ ដែលធ្វើឲ្យ អ្នកមិនអាចបំភ្លេចបាន។ មិនថាហេតុផលអ្វីទេ ភាពយន្តគំនូរជីវចល គឺមានភាពអស្ចារ្យ មិនគួរឲ្យជឿ ដែលបានធ្វើឲ្យអ្នក ជក់ចិត្ត និងរំជួលអារម្មណ៍ទៅតាមសាច់រឿង។ សារភាពមកថា អ្នកប្រាកដជា ធ្លាប់បានសម្រក់ទឹកភ្នែក ដូចជាមនុស្សឆ្កួត ដោយសារឈុតកំសត់ណាមួយ ជាក់ជាមិនខាន។

ខាងក្រោមនេះ ជាកំពូល ខ្សែភាពយន្តតុក្កតា ដែលធានាថា នឹងធ្វើឲ្យអ្នកកំសត់ខ្លួន និងហូរទឹកភ្នែកតាម ដោយមិនដឹងខ្លួន ៖ 

១. The Lion King

The Lion King គឺជាខ្សែភាពយន្តគំនូរជីវចល របស់សហរដ្ឋអាមេរិក ដែលបានចាក់បញ្ចាំង នៅថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ១៩៩៤ ដោយ Walt Disney Feature Animation និង Walt Disney Pictures។ ភាពយន្តនេះ និយាយអំពី Simba ដែលជាកូន របស់ស្តេចសិង្ហ Mufasa ដែលក្រោយមក Mufasa ត្រូវបានសម្លាប់ដោយ ពូបង្កើតរបស់ Simba ឈ្មោះ Scar។ Simba ត្រូវបានធ្លាក់ចូលក្នុងល្បិចរបស់ Scar ដែលបានទម្លាក់កំហុសថាជាអ្នកធ្វើឲ្យឪពុកស្លាប់ បន្ទាប់មក Simba បានរត់គេច និងនិរទេសខ្លួនចេញពីទឹកដី ជាមួយភាពអាម៉ាស់ និងភាពអស់សង្ឃឹម។ ក្រោយមកទៀត Simba បានត្រលប់មកដណ្តើមទឹកដី និងអំណាចពី Scar វិញ ដោយសារការណែនាំពី Nala ដែលជាមិត្តភក្តិ តាំងពីក្មេង និង Rafiki ដែលជាគ្រូសីល៍។ 

តោះទៅទស្សនាវីដេអូ trailer ទាំងអស់គ្នា ៖



២. Bambi

Bambi ជាភាពយន្តតុក្កតា ដែលចេញផ្សាយតាំងពី ខែសីហា ឆ្នាំ ១៩៤២ មកម៉្លេះ។ ភាពយន្តនេះ ដឹកនាំដោយលោក David Hand និងផលិតដោយក្រុមហ៊ុន Walt Disney ដោយផ្អែកតាមសៀវភៅ “Bambi, A Life in the Woods” ដោយអ្នកនិពន្ធ ជនជាតិអូស្រ្តាលីឈ្មោះ Felix Salten។ ក្នុងនោះ តួអង្គសំខាន់ៗគឺ Bambi ដែលជាសត្វក្តាន់កន្ទុយស ម្តាយឪពុករបស់ Bambi (ជាម្ចាស់នៃព្រៃព្រឹក្សា) និងមិត្តភក្តិដែលមានដូចជា Thumper (ទន្សាយច្រមុះផ្កាឈូក) Flower (កំប្រុកព្រៃ) និងមិត្តភក្តិតាំងពីកុមារភាព និងជាដៃគូអនាគតឈ្មោះ Faline ។ ឈុតដែលកំសត់បំផុតនោះគឺនៅត្រង់ម្តាយ របស់ Bambi ត្រូវបានបាញ់សម្លាប់ដោយកាំភ្លើង របស់ព្រានប្រម៉ាញ់។ នាងបានប្រាប់ Bambi ឲ្យរត់ឲ្យលឿន កុំងាកក្រោយឲ្យសោះ រហូតដល់ទីសុវត្ថិភាពមួយ Bambi ងាករកម្តាយមិនឃើញសោះឡើយ។

តោះទៅទស្សនាវីដេអូ trailer ទាំងអស់គ្នា ៖



៣. Up

Up គឺជារឿងផ្សងព្រេង បែបកំប្លែង 3D របស់អាមេរិក ក្នុងឆ្នាំ ២០០៩ ផលិតដោយ Pixar Animation Studios និងចេញផ្សាយដោយ Walt Disney Pictures។ អ្នកដឹកនាំ លោក Pete Docter បានបង្ហាញតួអង្គ បុរសពោះម៉ាយម្នាក់ឈ្មោះ Carl Fredricksen និងអ្នករុករកព្រៃវ័យក្មេងឈ្មោះ Russell។ Carl ដែលជាបុរសវ័យ ៧៨ ឆ្នាំ បានចងប៉េងប៉ោងរាប់ពាន់ ជាមួយនឹងផ្ទះរបស់គាត់ ដើម្បីចេញដំណើរទៅបំពេញក្តីសុបិន្ត នៅឯព្រៃក្នុងទ្វីបអាមេរិកខាងត្បូង និងបំពេញការសន្យារបស់គាត់ជាមួយប្រពន្ធ ដែលបាត់បង់ជីវិតទៅហើយ ឈ្មោះ Ellie។ រឿងនេះចាក់ដោតបេះដូង របស់អ្នកទស្សនា យ៉ាងខ្លាំងព្រោះសាច់រឿងបង្កប់ទៅដោយ អារម្មណ៍ឈឺចាប់ ពីការបាត់បង់មនុស្ស ដែលស្រលាញ់ខ្លាំងបំផុត រហូតដល់គេចចេញពីជីវិតរស់នៅធម្មតា ទៅរស់នៅឆ្ងាយដាច់តែឯង។ 

តោះទៅទស្សនាវីដេអូ trailer ទាំងអស់គ្នា ៖



៤. Toy Story 3

Toy Story 3 ជាភាពយន្តអាមេរិកបែប 3D និងជាភាគទីបីនៃ Toy Story។ រឿងនេះបានដាក់បញ្ចាំងក្នុងរោងភាពយន្ត នៅខែ មិថុនា ឆ្នាំ ២០១០ ដែលរឿងតុក្កតានេះ ផ្តោតទៅលើ ប្រដាប់ប្រដាប់ក្មេងលេង មានឈ្មោះដូចជា Woody Buzz Lightyear និងមិត្តភក្តិដទៃផ្សេងទៀតដែលកំពុងបារម្ភពីអនាគត ខណៈពេលដែលម្ចាស់របស់ពួកគេ Andy ត្រូវចូលរៀនមហាវិទ្យាល័យ។ បេះដូងរបស់អ្នកនឹងក្តុកក្តួលជាមិនខានទេ នៅពេលដែល Andy ធំឡើងរួច លែងចង់លេងរបស់របរ ទាំងអស់នោះទៀត។ 

តោះទៅទស្សនាវីដេអូ trailer ទាំងអស់គ្នា ៖



៥. Dumbo

Dumbo គឺជាភាពយន្តតុក្កតា ផលិតដោយ Walt Disney Productions តាំងពីឆ្នាំ ១៩៤១ មក។ នេះជា ភាពយន្តដ៏កំសត់ ដែលគេបានពង្រាត់ម្តាយ ចេញពីកូន។ ក្នុងនោះ Jumbo Jr. ជាកូនដំរី និងត្រូវបានគេហៅឈ្មោះមួយទៀតថា “Dumbo”។ Dumbo ត្រូវបានចំអកថា មានត្រចៀកធំសម្បើម តែជាក់ស្តែង Dumbo អាចហើរបានដោយប្រើត្រចៀក ជាស្លាប។ Dumbo ក៏មានមិត្តភក្តិដ៏ល្អជា សត្វកណ្តុរ ឈ្មោះ Timothy ផងដែរ។ 

តោះទៅទស្សនាវីដេអូ trailer ទាំងអស់គ្នា ៖



៦. Finding Nemo

Finding Nemo គឺជាខ្សែភាពយន្តគំនូរជីវចល ផលិតដោយ Pixar Animation Studios និងចេញដោយ Walt Disney Pictures។ រឿងនេះសរសេរ និងដឹកនាំដោយ Andrew Stanton និង Lee Unkrich ដោយនិយាយអំពីត្រីសមុទ្រម៉្យាង ហៅថា Clownfish ការពារកូនហួសហេតុ ឈ្មោះ Marlin និងត្រី Regal tang មួយប្រភេទទៀត ឈ្មោះ Dory ធ្វើដំណើរស្វែងរក Nemo ជាកូនដែលត្រូវបានគេចាប់ទៅបាត់ រហូតដល់ទីក្រុង Sydney។ នៅតាមផ្លូវ Marlin បានហ៊ានប្រថុយនឹងគ្រោះថ្នាក់ទាំងឡាយ រីឯ Nemo ក៏រៀនថែទាំខ្លួន នៅពេលគ្មានឪពុកដូចគ្នា។ 

តោះទៅទស្សនាវីដេអូ trailer ទាំងអស់គ្នា ៖



៧. Monsters, Inc.

Monsters, Inc. ជាភាពយន្តតុក្កតា របស់អាមេរិកនៅឆ្នាំ ២០០១ និងជារឿងទីមួយ ដែលដឹកនាំដោយលោក Pete Docter។ រឿងនេះ បង្ហាញពីសត្វចម្លែក ២ ក្បាលធ្វើការនៅក្នុងក្រុមហ៊ុន Monster, Inc. ឈ្មោះ James P. "Sulley" Sullivan និងមិត្តជិតស្និទ្ធ ភ្នែកមួយរបស់គេ ឈ្មោះ Mike Wazowski ។ បុគ្គលិករបស់ Monsters, Inc. អាចបង្កើនថាមពលបានដោយ ធ្វើការបន្លាចក្មេងៗ តែពួកគេបែរជាខ្លាចក្មេងស្រីម្នាក់ទៅវិញ ដែលនាងបានចូលមកភព របស់សត្វចម្លែក និងជាភារកិច្ចរបស់ Mike និង Sulley ដែលត្រូវបញ្ជូននាងត្រលប់ទៅផ្ទះវិញ។ 

តោះទៅទស្សនាវីដេអូ trailer ទាំងអស់គ្នា ៖



៨. Big Hero 6

Big Hero 6 ជាខ្សែភាពយន្តវីរបុរស បែប 3D របស់អាមេរិកក្នុងឆ្នាំ ២០១៤ ដែលរឿងនេះផ្អែកតាមសៀវភៅកំប្លែង Marvel Comics ដែលតួអង្គក្នុងភាពយន្ត ត្រូវបានដាក់ឈ្មោះតាមសៀវភៅនោះទាំងស្រុង។ ភាពយន្តនេះនិយាយពី ជីវិតអ្នកបង្កើតមនុស្សយន្តវ័យក្មេងម្នាក់ឈ្មោះ Hiro Hamada ដែលបង្កើតមនុស្សមួយក្រុម ដើម្បីទៅកម្ចាត់បុរសពាក់ម៉ាស់មុខម្នាក់ ដែលលួចគំនិតបង្កើតថ្មីរបស់ Hiro បន្ទាប់ពីការស្លាប់របស់បងប្រុស។ 

តោះទៅទស្សនាវីដេអូ trailer ទាំងអស់គ្នា ៖



៩. The Fox and the Hound

The Fox and the Hound គឺជាខ្សែភាពយន្តដែលនិយាយពីចំណងមិត្តភាព ផលិតនៅឆ្នាំ ១៩៨១ ដោយ Walt Disney Productions និងផ្អែកតាមប្រលោមលោករបស់ Daniel P. Mannix ។ ភាពយន្តនេះ និយាយពី សត្វកញ្ជ្រោងក្រហម ឈ្មោះ Tod និងឆ្កែត្រចៀកវែង ឈ្មោះ Copper ដែលជាមិត្តភក្តិនឹងគ្នា។ ពួកគេព្យាយាម តស៊ូ រក្សាការពារចំណងមិត្តភាពរបស់ពួកគេ បើទោះបីជា សភាវគតិ និងសម្ពាធពីសង្គម តម្រូវឲ្យពួកគេក្លាយជាសត្រូវ នឹងគ្នាក៏ដោយ។ 

តោះទៅទស្សនាវីដេអូ trailer ទាំងអស់គ្នា ៖



១០. Inside Out

Inside Out គឺជាខ្សែភាពយន្តផ្សងព្រេង បែប 3D របស់អាមេរិច ដឹកនាំដោយលោក Pete Docter និង Ronnie del Carmen។ ភាពយន្តតុក្កតានេះ និយាយអំពី អារម្មណ៍ផ្សេងៗ ដែលមានក្នុងគំនិតរបស់ក្មេងស្រីម្នាក់ ឈ្មោះ Riley Andersen។ ក្នុងនោះមានអារម្មណ៍ ៥ ប្រភេទគឺ អារម្មណ៍រីករាយ អារម្មណ៍កើតទុក្ខ អារម្មណ៍ខឹង អារម្មណ៍ខ្លាច និងអារម្មណ៍ខ្ពើម ដែលជួយនាងឲ្យសម្របជីវិតរស់នៅក្នុង San Francisco បន្ទាប់ពីចាកចេញពីផ្ទះចាស់នៅឯ Minnesota ។

តោះទៅទស្សនាវីដេអូ trailer ទាំងអស់គ្នា ៖ 



ប្រភព៖ Lifehack | Ranker | Wikipedia

ខ្មែរឡូត



 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម