មន្ត្រីកាំកុងត្រូល​ខេត្តប៉ៃលិន​ប្រមូល​បាន​ប្រហិត​ ជិត​៣០០​គីឡូក្រាម រួមទាំង​មុខទំនិញ​​មួយចំនួន​ធំ​ដុត​កម្ទេចចោល​​

 
 

(ប៉ៃលិន)៖ លោកសាន វិជ្ជាសារ៉ាវុធ ប្រធានសខាកាំកុងត្រូលខេត្តប៉ៃលិនបានប្រាប់ភ្នាក់ងារ Fresh News ថា បច្ចុប្បន្ននេះនៅតាមមូលដ្ឋាន តាមទីផ្សារ នានាជុំវិញខេត្តប៉ៃលិន ជាពិសេសប្រជាពលរដ្ឋខ្វះការយល់ដឹង និងមិនទាន់ទទួលការ ចំណេះដឹងបញ្ហាសុខភាព ដូច្នេះហើយមន្រ្តីជំនាញបន្ត ចុះអប់រំ ណែនាំដល់ពួកគាត់។

លោកបានបន្តថា ផលិតផលម្ហូបអាហារ ខូចគុណភាពទាំងនេះ បែងចែកជា៣ប្រភេទ ១. ទំនិញមានលក្ខណៈ វេចខ្ចប់ ជាកំប៉ុង ច្រកដប កញ្ចប់ ហួសរយៈពេលប្រើប្រាស់កាលបរិច្ឆេទ។ ទី២ ទំនិញមានលក្ខណៈរាយ គ្មានអនាម័យ ស្អុយរលួយ ខូចគុណភាព និងទំនិញផ្សំសារធាតុគីមី (ទឹកខ្មេះ) មឹកត្រាំ គ្រឿងសមុទ្រ។និង ទី៣ គោលដៅសិប្បកម្ម ឧស្សាហកម្ម ដែលមិនមានជាកម្មវត្ថុលាយផ្សំ ជាមួយម្ហូបអាហារសម្រាប់មនុស្ស។

ជាក់ស្តែង នាព្រឹកថ្ងៃទី២០ ខែកក្កដា នេះមន្ត្រីសាខាកាំកុងត្រូល សហការណ៍ជាមួយមន្ត្រីពាណិជ្ជកម្មខេត្ត បន្តយុទ្ធនាការ ផ្សព្វផ្សាយ អប់រំ និងធ្វើការដកហូតមុខទំនិញបានមួយចំនួនធំ។

លោកសាន វិជ្ជាសារ៉ាវុធ បានបញ្ជាក់ថា យុទ្ធនាការព្រឹកនេះសមត្ថកិច្ចជំនាញយើង ប្រមូលបានប្រហិតជិត៣០០គីឡូក្រាម គ្មានគុណភាព គ្មានអនាម័យ ការរក្សាទុកគ្មានស្តង់ដា មានក្លិនស្អុយតែម្តង ដែរអាចបង្កប៉ះពាល់សុខភាព ប្រជាពលរដ្ឋយ៉ាងធ្ងន់ធ្ងរ រីឯម្ចាស់បានធ្វើកិច្ចសន្យា បញ្ឈប់ការលួចនាំយក

មកដាក់តាំងលក់បែបនេះទៀត ជាពិសេសនោះប្រសិនជាមន្ត្រីជំនាញប្រទះឃើញបែបនេះទៀត យើងនិងចាត់ការទៅតាមច្បាប់ និងប្រឈមបញ្ជូនសំណុំរឿងទៅកាន់តុលាការតែម្តង។

ទំនិញដកហូតបាន រួមមានទឹកខ្មេះទន្សាយ(ទឹកអាស៊ីត) ចំនួន១៧ដប ទឹកក្រូចដបធំ៤ដប ម្សៅស៊ុបរ៉តឌី ចំនួន៥០ កញ្ចប់ ទឹកក្រូចដបតូច ចំនួន៥៧ដប និងប្រហិតជិត៣០០គីឡូក្រាម ។

សូមបញ្ជាក់ថា ចំពោះប្រហិតជិត៣០០គីឡូក្រាមដកហូតបាននៅក្នុងផ្សារប៉ាហ៊ី មន្ត្រីសាខាកាំកុងត្រូលខេត្តប៉ៃលិន បានប្រមូលយកទៅដុតកម្ទេចចោល នៅល្ងាចថ្ងៃទី២០ ខែកក្កដានេះតែម្តង ៕ 

ប្រភព ៖ freshnews

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ បានចុះត្រួតពិនិត្យ និងបង្ក្រាបរោងសិប្បកម្មផលិត សាច់ប្រហិតមួយ ដែលបានដឹកជញ្ជូន និងរក្សាទុកសាច់ត្រីខុសលក្ខណៈបច្ចេកទេស និងគ្មានអនាម័យត្រឹមត្រូវ ដោយបានដកហូតបានសាច់ប្រហិត ចំនួន៣៣បាវ ទម្ងន់ជិត២ពាន់គីឡូក្រាម និងគ្រឿងទេសជាច្រើនសន្ធឹកសន្ធាប់ទៀត។

មន្រ្តីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចបានឱ្យដឹងថា «ដោយមានការបញ្ជាផ្ទាល់ពីឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន និងមានការសម្របសម្រួលពីលោក លី សុផាណា ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ បានដឹកនាំកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច, កម្លាំងនគរបាលប៉ុស្តិ៍កាកាប នៃខណ្ឌពោធិ៍សែនជ័យ និងអាជ្ញាធរមូលដ្ឋាន បានសហការគ្នាចុះត្រួតពិនិត្យរោងសិប្បកម្មខាងលើ និងបានដកហូតប្រហិតត្រីដែលចម្អិនរួច ចំនួន៣៣បាវ គិតជាទម្ងន់១,៧៤៩គីឡូក្រាម និងគ្រឿងទេសមួយចំនួន រួមមាន ម្ស៉ៅមី និងម្ស៉ៅឆាចំនួន២០២បាវ, ខ្លឹមសចំនួន៧៣បាវ, ប៊ីចេងចំនួន៩បាវ, ម្ស៉ៅស្វិតចំនួន៥៨បាវ, ម្ស៉ៅរ៉តឌីចំនួន២៣បាវ, ម្រិចចំនួន៩បាវ និងម្ស៉ៅរសជាតិចំនួន៤កញ្ចប់»។

សមត្ថកិច្ចបានបន្តថា ម្ចាស់រោងសិប្បកម្មនេះ មានឈ្មោះ ឆលី អាន អាយុ២៦ឆ្នាំ ជាម្ចាស់សិប្បកម្មផលិតសាច់ត្រី ស្ថិតនៅផ្ទះគ្មានលេខ ផ្លូវលំ (ជិតផ្លូវ២០០៤) ភូមិត្រពាំងល្វា សង្កាត់កាកាប់ ខណ្ឌពោធិ៍សែនជ័យ។ បច្ចុប្បន្នវត្ថុតាងទាំងអស់ ត្រូវបានសមត្ថកិច្ចរឹបអូសយកទៅរក្សាទុក ដើម្បីចាត់វិធានការបន្តតាមច្បាប់៕ 

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម