ស្វែងយល់ពីខ្មែររស់នៅអាមេរិកតាមរយៈការងារប្លែកៗនឹកស្មានមិនដល់!
ខណៈពេលរាជធានីភ្នំពេញកំពុងទទួលរងការប្លោងគ្រាប់កាំភ្លើងធំមកពីគ្រប់ទិសទី សាស្ត្រាចារ្យនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញមួយរូបបានសម្រេចចិត្តបញ្ជូនកូនស្រីរបស់ខ្លួន ដែលទើបមានអាយុ២ឆ្នាំឈ្មោះ អេមី លី ស៊ែនហ្វត ទៅកាន់សហរដ្ឋអាមេរិកជាមួយនឹងភរិយាបន្ទាប់ជាជនជាតិអាម៉េរិកាំងរបស់ខ្លួន។
សាស្ត្រាចារ្យរូបនេះសុខចិត្តផ្ញើសំបុត្រទៅកាន់កូនស្រីរបស់ខ្លួនជាបន្តបន្ទាប់ រៀបរាប់អំពីអ្វីដែលបានកើតឡើងមុនពេលរាជធានីភ្នំពេញត្រូវធ្លាក់ក្រោមកងទ័ពរបស់ខ្មែរក្រហម។ ក្រោយពីទីក្រុងនេះត្រូវធ្លាក់ចូកក្រោមការគ្រប់គ្រង់របស់ខ្មែរក្រហមទាំងស្រុង លិខិតក៏លែងឃើញមានផ្ញើរហូត។ មកដល់ពេលនេះ គ្មាននរណាដឹងថា សាស្រ្តចារ្យរូបនោះទៅទីណាទេ។
ពិព័រណ៍នៅ (រូបថត៖ Traversing Expanses exhibition, SA SA BASSAC. Photo supplied by SA SA BASSAC)
អតីតទារិកាវ័យពីរខួបរូបនោះ បច្ចុប្បន្នក្លាយជាសិល្បការិនីមួយរូប។ នាងបានយកលិខិតរបស់ឪពុកខ្លួនមកកាត់ ហើយបោះពុម្ពទៅលើឥដ្ឋការ៉ូតូចៗ ឬបិទលើជញ្ជាំង។ នេះបើតាមការរៀបរាប់របស់អ្នករៀបចំពិព័រណ៍សិល្បៈ លោក វុធ លីណូ។ លោកបានទៅនាំយកការងាររបស់អ្នកសិល្បៈ អេមី ជាមួយនឹងការងាររបស់អ្នកសិល្បៈពីររូបផ្សេងទៀតមកតាំងបង្ហាញឲ្យ សាធារណជនបានទស្សនានៅវិចិត្រសាល ស-សបាសាក់ ក្រោមចំណងជើងរួមថា “ដំណើរកាត់វិសាលភាព” ពីថ្ងៃទី១៨ ខែកក្កដា ដល់ថ្ងៃ៦ ខែកញ្ញា។ ពិព័រណ៍សិល្បៈនេះឧបត្ថម្ភដោយស្ថានទូតអាមេរិក ប្រចាំក្នុងរាជធានីភ្នំពេញ។
លោក លីណូ ឲ្យដឹងថា៖ “ឪពុករបស់ អេមី គាត់បានសរសេរសំបុត្រជាច្រើនផ្ញើទៅ អេមី រៀបរាប់អ្វីដែលបានកើតឡើងនៅចំពោះគាត់ក្នុងស្រុកខ្មែរ ដូចជាមានធ្លាក់គ្រាប់ក្បែរផ្ទះគាត់ ឬបញ្ហាអ្វីផ្សេងទៀតកើតឡើងចំពោះបងប្អូនគាត់។ វាជាប្រវត្តិរបស់ អេមី ផង និងជាប្រវត្តិរបស់ឪពុកគាត់ផង”។
ការងារសិល្បៈរបស់ អេមី លី ស៊ែនហ្វត (រូបថត៖ Amy Lee Sanford, Fragments,
SA SA BASSAC. Photo supplied by SA SA BASSAC)
ចំណែកសិល្បករមួយរួបទៀតឈ្មោះ ភីត ពិន បានកើតនៅជំរំជនភៀសខ្លួនខៅអ៊ីដាង ក្នុងប្រទេសថៃ រួចក៏បន្តទៅរស់នៅសហរដ្ឋអាមេរិកជាមួយនឹងឪពុកម្ដាយរបស់គាត់។ ភីត ពិន បានទៅជួបប្រជាជនខ្មែរអាម៉េរិកាំង ដោយសម្ភាសន៍ពួកគាត់ ថតរូបពួកគាត់ ឬរកឯកសារចាស់ៗដូចជា រូបថតនៅជំរំ អត្តសញ្ញាណប័ណ្ណ ឬសំបុត្រយន្តហោះមកធ្វើជាការងារសិល្បៈរបស់ខ្លួន។
អ្នករៀបចំពិព័រណ៍សិល្បៈដដែលបន្ថែមថា៖ “គាត់បារម្ភខ្លាចថានឹងបាត់លែងចងចាំប្រវត្តិដ៏សំខាន់របស់ប្រជាជនខ្មែរ ជាពិសេសប្រវត្តិខ្មែរនៅជំរំជាយដែនបន្តទៅរស់នៅអាមេរិក ដែលខ្មែរអាម៉េរិកាំងជំនាន់ក្រោយលែងបានយល់។ គោលបំណងរបស់គាត់មិនមែនត្រឹមតែបង្ហាញការងារដល់សាធារណជនប៉ុណ្ណោះទេ តែចង់ឲ្យឪពុកម្ដាយ ដែលធ្លាប់តែលាក់កូនមិនឲ្យដឹងដឹងពីប្រវត្តិខ្លួន បានពិភាក្សាគ្នា ពេលដែលគាត់ទាញយករូបថតចាស់ៗ ឬឯកសារចាស់ៗនោះមកបង្ហាញ”។
ការងារសិល្បៈរបស់ ភីត ពិន (រូបថត៖ Pete Pin, Untitled, Cambodian Diaspora- Memory,
SA SA BASSAC. Photo supplied by SA SA BASSAC)
ចំពោះសិល្បករ សឿន សំ វិញបានកើតនៅក្នុងជំរំជនភៀសខ្លួនសាកែវII ក្នុងប្រទេសថៃ និងបានទៅរស់នៅប្រទេសអូស្ត្រាលី ប៉ុន្តែក្រោយមក គាត់ក៏បានទៅបន្តការសិក្សានៅសហរដ្ឋអាមេរិក រួចក៏បានសញ្ជាតអាមេរិកតែម្ដង។
ការងារសិល្បៈរបស់គាត់ត្រូវបានអ្នករៀបចំពិព័រណ៍ឲ្យដឹងថា ទាក់ទងនឹងអត្តសញ្ញាណ ព្រមទាំងវប្បធម៌របស់ខ្មែរ។ លីណូ បញ្ជាក់ថា៖ “សឿន សំ បានសួរសំនួរខ្លួនឯងថា តើមានន័យយ៉ាងម៉េចជាខ្មែរហ្នឹង? តើមានន័យយ៉ាងម៉េចជាជាតិសាសន៍មួយ ដែលមានការផ្លាស់ប្ដូរទីលំនៅឥតឈប់ឈរបែបនេះ?”។
អ្នកសិល្បៈរូបនោះបានផ្ដិតរូបថតលើកំណាត់ស្ដែងបំផុត ដែលគេមិនត្រឹមតែអាចមើលឃើញរូបនៅលើផ្ទាំងសំពត់សនោះទេ ថែមទាំងអាចមើលឃើញផ្នែកខាងក្រោយរបស់វាទៀតផង។ គោលបំណងរបស់សិល្បកររូបនេះ គឺចង់បង្ហាញថា មានរូបផ្សេងៗដែលគេអាចមើលឃើញ ឬអ្វីៗមិនទៀង តែងប្រែប្រួល។
ការងារសិល្បៈរបស់ សឿន សំ (រូបថត៖ Seoun Som, Devoid of Presence,
SA SA BASSAC. Photo supplied by SA SA BASSAC)
អ្នករៀបចំ លោក លីណូ យកស្នាដៃអ្នកសិល្បៈទាំងបីមកដាក់តាំងបង្ហាញឲ្យប្រជាជនខ្មែរនៅទីនេះបានសិក្សាស្វែងយល់អំពីការរស់នៅរបស់ប្រជាជនខ្មែរក្នុងជំរំជនភៀសខ្លួន ការចាកចេញទៅរស់នៅសហរដ្ឋអាមេរិក និងការសម្របខ្លួនក្នុងទឹកដីថ្មីនៃប្រទេសសហរដ្ឋអាមេរិក។
លីណូ បញ្ជាក់បន្ថែម៖ “ចំពោះខ្ញុំគិតថា ការស្វែងយល់អំពីបងប្អូនខ្មែរនៅអាម៉េរិកាំងគឺមានសារៈសំខាន់ ប៉ុន្តែត្រង់សំខាន់យ៉ាងម៉េច ខ្ញុំមិននិយាយទេ ខ្ញុំចង់ឲ្យប្រជាជនខ្មែរនៅទីនេះស្វែងយល់ដោយខ្លួនឯងទៅ”។
នៅថ្ងៃសុក្រទី១ ខែសីហា វេលាម៉ោង៦ល្ងាចតទៅ ពិព័រណ៍ “ដំណើរកាត់វិសាលភាព” នឹងមានវត្តមាននៅមជ្ឈមណ្ឌលសោតទស្សន៍បុប្ផាណាដែរ ស្រពពេលនឹងការចាក់បញ្ចាំង ភាពយន្ត “រដូវយាត្រាចរ” បង្កើតឡើងដោយ អ្នកគ្រូ Sophiline Cheam Shapiro ប្រធានអង្គការសិល្បៈខ្មែរ ដែលនិយាយអំពីខ្មែរទៅរស់នៅអាម៉េរិកាំងដែរ។
ប្រភព: sabay
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!