បើករថយន្ត​ចុះ​ទូកដ​លឿន ជ្រុល​ធ្លាក់​ទឹកទន្លេ​ស្លាប់​ម្នាក់

 
 

ខេត្តកណ្ដាល ៖ រថយន្ត​មួយ​គ្រឿង​បើក​ចុះទូក​ដរ​លឿន​ជ្រុល បណ្ដាល​ឱ្យ​ធ្លាក់​ក្នុង​ទឹក​ទន្លេបាសាក់ ស្លាប់​មនុស្ស​ម្នាក់ និង​ម្នាក់​ទៀត ត្រូវ​បាន​គេ​ជួយ​សង្គ្រោះ​ទាន់​។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៣​រសៀល ថ្ងៃ​ទី​១៨ ខែកក្កដា នៅ​កំពង់ចម្លង​តា​លន់ ចុង​កោះ​ត្រើយ​ខាងកើត ស្ថិត​ក្នុងភូមិ​ព្រែក​តា​ប្រាក់ ឃុំ​តា​លន់ ស្រុក​ស្អាង​។

មន្ត្រី​នគរបាល​ស្រុក​ស្អាង​បាន​ប្រាប់​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​បាន​ស្លាប់ ក្នុង​ហេតុការណ៍​នេះ ជា​ជន​ពិការ​ជើង ខ្វិន​ពី​កំណើត ឈ្មោះ ធុន វី​រៈ ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជិះ​ក្នុង​រថយន្ត ម៉ាក​តូ​យ៉ូ​តា តា​កូ​ម៉ា ពីរ​បាំង ពាក់​ស្លាក​លេខ​ភ្នំពេញ 2M-6152 បើកបរ​ដោយ​បងស្រី​ជន​រង​គ្រោះ មាន​ទីលំនៅ​រាជធានី​ភ្នំពេញ​។ 

បើ​តាម​សាក្សី​បានឱ្យ​ដឹង​ថា រថយន្ត​ខាងលើ​នោះ​ដឹក​ក្រុម​គ្រួសារ មាន​គ្នា​៦​នាក់​ត្រឡប់ មក​ពី​បុណ្យ ប្រាំពី​ថ្ងៃ​សព​បងប្អូន នៅ​ភូមិ​កើតហេតុ​។ នៅ​ពេល​កើតហេតុ​នោះ រថយន្ត​ខាងលើ បើក​មក​ដល់​កំ​ព់ង​ដ ក៏​បាន​ឈប់​ឱ្យ អ្នក​រួម​ដំណើរ ជាមួយ​នោះ​ចុះ​ពីលើ​រថយន្ត គឺ​នៅ​សល់​តែ​ជន​រង​គ្រោះ ដែល​ពិការ​ជើង​មិន​អាច​ចុះ​ដើរ​បាន ជាមួយ​តៃកុង​។

ពេល​បើក​ចុះ​ទូកដ ដែល​មានឈ្មោះ​ហៃ ជា​អ្នក​បើក​ទូកដ​នោះ​បាន​ដាក់​ក្ដា និង​ដាក់​កំណល់​ត្រឹមត្រូវ ហើយ​រថយន្ត​នោះ​បើក​ចុះ​ពី​ច្រាំង​មក​លើ​ទូកដ តែ​លឿន​ពេក ក៏​ទៅ​បុក​កំណល់​ខ្លាំង​ជ្រុល​ធ្លាក់​ទឹកទន្លេ​លិច​រថយន្ត​ចូល​ក្នុង​ទឹក​ជ្រៅ​តែ​ម្ដង​។ ពេល​នោះ​អ្នក​បើក​ទូកដ និង​អ្នក​ឃើញ​ហេតុការណ៍ បាន​មុជទឹក​ជួយ​សង្គ្រោះ ទាញ​ជន​រង​គ្រោះ​ចេញពី​រថយន្ត ប៉ុន្តែ​ជា​អកុសល​ជួយ​សង្គ្រោះ​បាន​តែ អ្នកបើកបរ​រថយន្ត​ម្នាក់ ចំណែក​ម្នាក់​ដែល​ខ្វិន​ជើង​នោះ បាន​ស្លាប់​បាត់​ទៅ​ហើយ​៕ 

ប្រភព ៖ កោះសន្តិភាព

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកដែរថា ដោយឡែកករណីមួយវិញទៀត ជនរងគ្រោះ២នាក់ជាម្តាយ និងកូនប្រុសអាយុ២ឆ្នាំ ជាជនជាតិវៀតណាម បាននិងកំពុងបាត់ខ្លួន ក្រោយទូកដឹកទំនិញ (ដឹកដែក) ចំណុះ៣០០តោន បានលិចចូលទន្លេ ស្ថិតនៅចំណុចកំពង់ផែដែកយូ លឹមភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ នៅវេលាម៉ោង ៣ទាបភ្លឺ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦ កន្លងទៅ។ ហេតុការណ៍នេះ ជនរងគ្រោះ៦នាក់ បានរួចពីសេចក្តីស្លាប់ ដោយសារហែលគេចទាន់។

សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះចំនួន០៨នាក់ ក្នុងនោះប្រុស៧នាក់ ស្រីម្នាក់ ហើយបាត់ខ្លួន២ ជាម្តាយ និងកូន។ស្រី្តជាម្តាយឈ្មោះ ចាំង មុីថាន់ អាយុ២៨ឆ្នាំជនជាតិវៀតណាម មានទីលំនៅប្រទេសវៀតណាម និងកូនប្រុស ឈ្មោះផាម ជីធិន អាយុ០២ឆ្នាំដែលសមត្ថកិច្ចសង្ស័យថា ស្លាប់បាត់ទៅហើយ។

សមត្ថកិច្ច បានបញ្ជាក់ថា នៅថ្ងៃខែឆ្នាំខាងលើ​ វេលាម៉ោង១៩៖៣០នាទី ទូកដឹកដែក០១គ្រឿង ចំណុះ៣០០តោន មកពីប្រទេសវៀតណាម បានចូលចតចំណុចកើតហេតុខាងលើ លុះដល់វេលាម៉ោងកើតហេតុស្រាប់តែទឹកនាចទៅវិញ បណ្តាលឲ្យទូកផ្អៀង លិចទៅក្នុងទឹកទន្លេ បាត់ខ្លួនមនុស្សចំនួន២នាក់តែម្តង។

នៅពេលនេះ កម្លាំងសមត្ថកិច្ច និងអាជ្ញាធរជាច្រើននាក់ កំពុងជួយអន្តរាគមន៍តាម ស្វែងរកជនរងគ្រោះទាំង២នាក់៕

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម