ក្រុមតន្ត្រី «Krom» របស់ខ្មែរ ត្រូវបាន ជ្រើសរើសជាបេក្ខភាព សម្រាប់ទៅដណ្តើមពានរង្វាន់ Grammy នៅអាមេរិក
ពានរង្វាន់ Grammy (ដើមឡើយ ត្រូវបានគេហៅថា ពានរង្វាន់ Gramophone) គឺជាពានរង្វាន់កិត្តិយសដ៏អស្ចារ្យ ផ្តល់ដោយ National Academy of Recording Arts and Sciences (NARAS) របស់សហរដ្ឋអាមេរិក ដើម្បីទទួលស្គាល់សមិទ្ធិផល តន្រ្តីណាដែលមានភាពលេចធ្លោ ក្នុងវិស័យតន្រ្តី ជាភាសាអង់គ្លេសភាគច្រើន។ ពិធីប្រគល់រង្វាន់ ត្រូវបាន ប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ជាមួយនឹងការសម្តែង លក្ខណៈពិសេស និងប្លែកពីរាល់ដងរបស់ សិល្បករ។
ពិធីប្រគល់ពានរង្វាន់ Grammy លើកដំបូងត្រូវបាន ប្រារព្ធឡើងនៅថ្ងៃទី ៤ ខែឧសភា ឆ្នាំ ១៩៥៩ ក្នុងសណ្ឋាគារ Beverly Hilton នៅឯ Beverly Hills រដ្ឋ California។ ចំណែក កម្មវិធីប្រគល់ពានរង្វាន់លើកចុងក្រោយបំផុតគឺ នៅថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០១៦ ជាលើកទី ៥៨ នៅមជ្ឈមណ្ឌល Staples ក្នុងទីក្រុង Los Angeles។
ហេតុនេះ ពានរង្វាន់ Grammy គឺជាពានរង្វាន់ដែល ផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ ក្នុងវិស័យតន្រ្តីណាស់ ប៉ុន្តែអ្វីដែលពិសេសនោះគឺ ក្រុមតន្រ្តីរបស់ប្រទេសកម្ពុជា ត្រូវបានជ្រើសរើស ជាបេក្ខជន សម្រាប់កម្មវិធី Grammy នៅឆ្នាំក្រោយ នៅសហរដ្ឋអាមេរិក។
ជាក់ស្តែងមាន ក្រុមតន្រ្តី តិចតួចណាស់ ក្នុងតំបន់អាស៊ី ដែលធ្លាប់បានជ្រើសរើសទៅដណ្តើមពានរង្វាន់ Grammy។ ជាពិសេស នេះគឺជាលើកទីមួយរបស់កម្ពុជា ព្រោះកម្ពុជា មិនដែលធ្លាប់បានជាប់ឈ្មោះ ទៅដណ្តើមពានរង្វាន់ Grammy ឡើយ។
ក្រុមតន្រ្តី “Krom” ក្នុងទីក្រុងភ្នំពេញ ដែលបង្កើតបទចម្រៀងជា ភាសាខ្មែរ និងភាសាអង់គ្លេស ត្រូវបានដាក់ជាបេក្ខភាព នៅឆ្នាំក្រោយ ក្នុងទម្រង់ពីរគឺ “អាល់ប៊ុមចម្រៀងល្អបំផុត” និង “ចម្រៀងប្រចាំឆ្នាំ”។
“Krom” គឺជាក្រុមតន្រ្តី ដែលបង្កើតឡើងនៅឆ្នាំ ២០១០ ដោយមានសមាជិកជាជនជាតិខ្មែរ ដូចជា បងប្អូនស្រី ចំរើន សុភ័ក្រ ចំរើន សុភា និងលោក ជេម ម៉ៅ សុខលាភ (James "Mao" Sokleap) និងសមាជិកជាជនជាតិអូស្រ្តាលី ឈ្មោះ Christopher Minko និង Jimmy B។ ក្នុងនោះក៏មាន Gabriel Mancini ជាអ្នកទទួលខុសត្រូវខាងផ្នែក កាំមេរ៉ាវីដេអូ។
គួរបញ្ជាក់ផងដែរថា Christopher Minko ជាអ្នកនិពន្ធបទចម្រៀង និពន្ធបទភ្លេង ជាអ្នកលេងហ្គីតា និងជាអ្នកច្រៀងផងដែរ។ រីឯ ចំរើនសុភ័ក្រ និងចំរើនសុភា គឺជាអ្នកទទួលខុសត្រូវខាងច្រៀង។ សម្រាប់ Jimmy B ជាអ្នកលេងហ្គីតា និងឧបករណ៍តន្រ្តីផ្សេងទៀត និងលោក ជេម ម៉ៅ សុខលាភ ជាអ្នកជំនាញខាងបាស និង Keyboards។ ពួកគេ រួមបញ្ចូលគ្នាបង្កើត រចនាបទតន្រ្តីប្រភេទថ្មី ដែលត្រូវបានហៅថា “Mekong Delta Blues” ដោយខ្លួនឯង ខុសពីប្រភេទតន្រ្តីធម្មតា។ បទចម្រៀង របស់ “Krom” មានអត្ថន័យមិនដូចជាចម្រៀងដែលអ្នកធ្លាប់ស្តាប់រាល់ថ្ងៃទេ ភាគច្រើននិយាយអំពី ពេស្យាកម្ម ទាសភាព និងការជួញដូរមនុស្ស។
អ្នករស់នៅភ្នំពេញ ភាគតិចណាស់ ដែលបានឃើញក្រុមតន្រ្តី Krom ដោយផ្ទាល់ ព្រោះតែពួកគេ មិនសូវធ្វើការប្រគំតន្រ្តីឡើយ ប៉ុន្តែពួកគេបានទៅសម្តែងនៅទីក្រុង បាងកក ប្រទេសថៃ ប្រហែល ៤ ទៅ ៥ ដង ប្រកបដោយភាពជោគជ័យ។
មកទល់នឹងពេលនេះ Krom បានចេញផ្សាយចម្រៀង បានបីអាល់ប៊ុម និងបានចុះហត្ថលេខាចូលរួមជាមួយ Music/Radio Promotions ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ក្រុមហ៊ុនដ៏ល្បីល្បាញ Musik and Film។ លោក Stephen Wrench ដែលជាអ្នកកាន់កាប់ ក្រុមហ៊ុន Musik and Film បានជួយឲ្យអាល់ប៊ុមចម្រៀងចុងក្រោយរបស់ Krom បានចូលជាបេក្ខជន ក្នុងកម្មវិធី Grammy Awards។
លោកបានបង្ហាញ នូវជំនឿទុកចិត្តរបស់លោក ទៅលើ Krom ទាំងអស់។ នៅពេលដែល គេបានធ្វើការសាកសួរ លោកថាតើ Krom អាចឈ្នះលើ អាល់ប៊ុមចម្រៀងល្អបំផុតប្រចាំឆ្នាំ ឬបទចម្រៀងប្រចាំនោះ លោក Wrench បានឆ្លើយទាំង មិនមានភាពស្ទាក់ស្ទើរថា “ប្រាកដជា អាល់ប៊ុមល្អបំផុតប្រចាំឆ្នាំ ជាមិនខាន”។
លោក ក៏បានបន្តថា បទចម្រៀងរបស់ Krom គឺខុសប្លែក មិនដូចជាចម្រៀងក្នុងសង្គមសព្វថ្ងៃនោះទេ ៖ “រាល់បទចម្រៀងទាំងអស់គឺ ជាស្នាដៃនិពន្ធថ្មី ពាក្យពេចន៍ពោរពេញទៅដោយអត្ថន័យ និងបង្កប់ទៅដោយអារម្មណ៍មួយប្លែក”។
លោក Wrench ក៏បានបន្តទៀតថា “កម្មវិធី Grammys គឺជាកម្មវិធីដ៏មានកិត្តិយស សម្រាប់ឲ្យពិភពលោកទទួលស្គាល់។ សង្ឃឹមថា យើងនឹងអាចធ្វើការ ប្រគំតន្រ្តីជុំវិញពិភពលោក (world tours) បានប្រកបដោយជោគជ័យ បន្ទាប់ពីចួលរួមរួច។ យើងបានខិតខំរើបចំ ដំណើរការលើ ការប្រគំតន្រ្តីយូរណាស់មកហើយ ហេតុនេះយើងសង្ឃឹមថា នឹងអាចចេញជាលទ្ធផល ប្រកបទៅដោយផ្លែផ្កា ឲ្យបានឆាប់ៗនេះ។ ផលប្រយោជន៍ ដែលក្រុមតន្រ្តី Krom ទទួលបានធំបំផុតពី កម្មវិធី Grammys គឺការទទួលស្គាល់ ពីពិភពលោក”។
គួរបញ្ជាក់ផងដែរថា កម្មវិធីការប្រគល់ពានរង្វាន់ Grammy ប្រចាំឆ្នាំ លើកទី ៥៩ នឹងប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌល Staples ក្នុងទីក្រុង Los Angeles នៅថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំក្រោយ ដែលជាការប្រគល់ពានរង្វាន់សម្រាប់ឆ្នាំ ២០១៦៕
តោះទៅទស្សនា វីដេអូចម្រៀងមួយបទ របស់ Krom ខាងក្រោមនេះ ទាំងអស់គ្នា ៖
ប្រភព៖ KHMER TIMES | Wikipedia
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!