យុវជនកូនភ្លោះដែលធ្វើការជាមួយលោក កែម ឡី រត់ភៀសខ្លួន
រាជធានីភ្នំពេញ ៖ យុវជនកូនភ្លោះដែលគេស្គាល់ថាជាអ្នករួមការងារជាមួយលោកបណ្ឌិត កែម ឡី ឈ្មោះ ជុំ ហួត និង ជុំ ហួរ បានសរសេរនៅលើបណ្តាញទំនាក់ទំនងសង្គម (Facebook) ដែលមានអាក់ខោន Chum Hout Chum Hour ដោយបញ្ជាក់ថា«មានតែខោអាវមួយកំផ្លេពាក់ជាប់នឹងខ្លួន ត្រូវបង្ខំចិត្តចាកចេញទៅទាំងអារម្មណ៍ក្ដុកក្ដួលក្រៃលែង។ លាហើយកម្ពុជាអើយ។» ។
មួយថ្ងៃមុនពេលសរសេរបង្ហោះសារខាងលើនៅព្រឹកថ្ងៃទី១៤ កក្កដា ២០១៦ ពោលគឺកាលពីថ្ងៃទី១៣ កក្កដា យុវជនកូនភ្លោះដែលកោរសក់សងគុណលោក កែម ឡី បានសរសេរដែរថា «ពេលនេះពួកខ្ញុំអត់មានសុវត្ថិភាពទេ ហើយកំពុងតែនៅកន្លែងមួយ។ We not safe now and stay somewhere.»។
យ៉ាងណាក៍ដោយ បើតាមរូបភាពយុវជនទាំងពីរកំពុងអង្គុយនៅក្នុងយន្តហោះមិនបានបញ្ជាក់ពីប្រទេសដែលអ្នកទាំងពីរត្រូវលាក់ខ្លួននោះទេ ។
ជុំវិញការភៀសខ្លួនទៅក្រៅប្រទេសរបស់យុវជនទាំងពីរនេះ គេមិនដឹងថាពាក់ព័ន្ឋនឹងរឿងអ្វីនោះទេ រីឯមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលនៅមិនទាន់ឃើញមានការអត្ថាធិប្បាណាមួយនៅឡើយដែរ គិតត្រឹមវេលាម៉ោង២និង០៥នាទីរសៀលថ្ងៃទី១៤កក្កដានេះ។
នៅលើបណ្តាញទំនាក់ទំនងសង្គមយុវជនបងប្អូនភ្លោះនេះបានសរសេរក្រោយពេលលោក កែម ឡី ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ដោយបញ្ជាក់ថា«នេះជាការឈឺចាប់បំផុត និងការសងគុណចំពោះការបាត់បង់ជីវិតរបស់លោកពូបណ្ឌិតកែម ឡី ពួកខ្ញុំនឹងខិតខំបន្តវេនពីលោកពូកបណ្ឌិតកែម ឡី ដើម្បីបំពេញគោលបំណងគាត់»៕
ប្រភព ៖ កោះសន្តិភាព
កំណត់ហេតុខ្មែរឡូត៖
គួររំលឹកព័ត៌មានចាស់ ទាក់ទងនិងការបាញ់សម្លាប់ លោក កែម ឡី នេះដែរ ខាងក្រសួងមហាផ្ទៃបានប្រកាស ថា នឹងបន្ដស្រាវជ្រាវស៊ើបអង្កេត ឲ្យបានល្អិតល្អន់ថែមទៀត ទៅលើឃាតកម្ម បាញ់សម្លាប់ លោកបណ្ឌិត កែម ឡី អ្នកវិភាគបញ្ហាសង្គម និងនយោបាយ នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ បានឲ្យដឹង ថា នៅព្រឹកថ្ងៃទី១០ កក្កដា នៅក្នុងទីតាំង Star Mart នៃស្ថានីយ៍ប្រេងឥន្ធនៈ Caltex បូកគោ ស្ថិតនៅលើកាច់ជ្រុង មហាវិថីព្រះមុនីវង្ស និងមហាវិថីម៉ៅសេងទុង ក្នុងភូមិសាស្រ្ដ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បានកើតមានករណី បាញ់ប្រហារមួយ ដែលបានបណ្ដាលឲ្យ លោកបណ្ឌិត កែម ឡី អាយុ៤៦ឆ្នាំ មានមុខរបរ ជាប្រធានអង្គការ អភិវឌ្ឍន៍សង្គម មានទីលំនៅផ្ទះលេខ ០៨EO ផ្លូវលេខ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ បានទទួលមរណភាព នៅក្នុងព្រឹត្ដិការណ៍នោះ។ សេចក្ដីប្រកាសព័ត៌មាន បានឲ្យដឹងបន្ដ ថា បន្ទាប់ពីព្រឹត្ដិការណ៍ បាញ់ប្រហារ ជនល្មើសបានរត់គេចខ្លួន ហើយត្រូវបាន ប្រជាពលរដ្ឋ ស្រែកឆោឡោ រហូតកម្លាំងសមត្ថកិច្ច ដេញពីក្រោយ ហើយចាប់ខ្លួនបាន នៅលើដងវិថីសុធារស ក្បែរវត្ដស្វាយពពែ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ខចំការមន រាជធានីភ្នំពេញ ដែលមានជាប់ខ្លួន នូវអាវុធខ្លីមួយដើម ម៉ាកGlock។
បន្ទាប់ពីការចាប់ខ្លួន ជនដៃដល់ បានសារភាពថា រូបគេមានឈ្មោះ ជួប សម្លាប់ អាយុ៣៨ឆ្នាំ មានទីកន្លែងកំណើត នៅស្រុកស្វាយចេក ខេត្ដបន្ទាយមានជ័យ ហើយបានទៅរស់នៅ ប្រកបរបប ធ្វើជាកម្មករចំការដំណាំ នៅខេត្ដស្រះកែវ ប្រទេសថៃ។ ជាមួយនឹងការរៀបរាប់ នូវហេតុការណ៍នេះ ក្រសួងមហាផ្ទៃ ក៏បានចូលរួមរំលែកទុក្ខ ដ៏ក្រៀមក្រំនេះ ជាមួយក្រុមគ្រួសារនៃសព និងសូមថ្កោលទោស យ៉ាងដាច់អហង្កា ចំពោះទង្វើមនុស្សឃាត ដ៏សាហាវឃោរឃៅនេះ ព្រមទាំងបន្ដចាត់វិធានការ ស្រាវជ្រាវស៊ើបអង្កេត ឲ្យបានល្អិតល្អន់ថែមទៀត តាមនីតិវិធី ដើម្បីបញ្ជូនជនល្មើស និងអ្នកផ្សំគំនិត ទៅតុលាការ ធ្វើការផ្ដន្ទាទោស ទៅតាមផ្លូវច្បាប់ ជាធរមាន។
ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ក៏អំពាវនាវដល់សាធារណជន ជាតិ-អន្ដរជាតិ និងបណ្ដាញផ្សព្វផ្សាយ ទាំងអស់ មេត្ដាទុកលទ្ធភាព ឲ្យកម្លាំងមានសមត្ថកិច្ច បន្ដកិច្ចការរបស់ខ្លួន តាមជំនាញ ជៀសវាង ផ្សព្វផ្សាយព័ត៌មាន មិនច្បាស់លាស់ ដែលអាចនាំឲ្យមតិសាធារណៈ មានការយល់ច្រឡំ៕
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!