ចង់ដឹងទេថា ហេតុអ្វីសំបុត្រការប្រគំតន្រ្តីរបស់ តារាល្បីៗ លក់អស់ក្នុងមួយពព្រិចភ្នែក?

 
 

ការប្រគំតន្រ្តី របស់តារាល្បីៗ នៅជុំវិញពិភពលោក ភាគច្រើនត្រូវទិញតាមរយៈអនឡាញ (អ៊ិនធឺណេត) លើគេហទំព័រផ្លូវការណាមួយ។ ហេតុនេះ មានមនុស្សរាប់មិនអស់ មានបទពិសោធន៍ជួបបញ្ហា ដែលខំអង្គុយចាំទិញសំបុត្រនោះ តែលទ្ធផលបែរជា “ត្រូវបានលក់អស់” ក្នុងរយៈពេលតែប៉ុន្មាននាទីទៅវិញ។ ខំអង្គុយចាំរាប់ម៉ោង តែចុងក្រោយបានតែបាតដៃទទេរ! ហេតុអ្វី!?

ដូច្នេះ ពួកគេគ្មានជម្រើសផ្សេង ក្រៅពីចូលទៅទិញសំបុត្រ តាមរយៈគេហទំព័រដូចជា StubHub ឬក៏ Craigslist ដែលជាកន្លែងទិញលក់សំបុត្រ ដែលបានលក់អស់នោះវិញ តែជាធម្មតា វាមានតម្លៃខ្ពស់ជាងតម្លៃដើមជានិច្ច។ ពេលខ្លះតម្លៃរបស់វាឡើងខ្ពស់កប់ពពក តែក៏នៅមានអ្នកចំណាយលុយទិញដែរ។ 

ការបន្លំលក់សំបុត្របែបនេះ បានក្លាយជាបញ្ហាដ៏គួរឲ្យកត់សម្គាល់ ព្រោះវាបានធ្វើឲ្យកៅអីសល់ មិនមានមនុស្សមក អាចដល់ទៅពាក់កណ្តាលឯណោះ នៅពេលការប្រគំតន្រ្តីចាប់ផ្តើម។ ជាក់ស្តែងសូម្បីតែតារាចម្រៀងមានប្រជាប្រិយភាពលំដាប់ពិភពលោកដូចជា Beyoncé និង Rihanna ក៏រងផលប៉ះពាល់ពីការបន្លំលក់សំបុត្របែបនេះដែរ។ ការប្រគំតន្ត្រីទេសចរណ៍ជុំវិញពិភពលោករបស់អ្នកទាំងពីរ នៅ Wembley Stadium ឆ្នាំនេះ បានលក់សំបុត្រអស់គ្មានសល់ ប៉ុន្តែក្នុងចំណោមកៅអីទាំង ៩០,០០០ នោះមានមនុស្សមកអង្គុយតែពាក់កណ្តាលប៉ុណ្ណោះ។

Adam Tudhope ដែលជាអ្នកគ្រប់គ្រងនៅ Mumford & Sons បានប្រាប់កាសែត The Daily Mirror ថា“យើងពិតជាបានជាព្យាយាម លក់សំបុត្រក្នុងតម្លៃដើមឲ្យទៅអ្នកគាំទ្រ តាមដែលអាចធ្វើបានណាស់។ យើងបានប្រកាសថា “លក់អស់” ប៉ុន្តែកៅអីនៅតែសល់ពាក់កណ្តាល ដោយសារតែមានអ្នកបន្លំទិញសំបុត្រ រួចយកទៅលក់ ត នៅក្នុងផ្សារបន្ទាប់ ដែលមានតម្លៃខ្ពស់កប់ពពក។”

# ស្គាល់អ្វីជា “ទីផ្សារបន្ទាប់” ដែរទេ? (Secondary market)

“ទីផ្សារបន្ទាប់” ជាពាក្យបញ្ជាក់ពីប្រតិបត្តិការលក់សំបុត្រ ដែលលក់អស់ ឡើងវិញដូចជា eBay Gumtree និង StubHub នៅអាមេរិកដែលអនុញ្ញាតឲ្យពួកជួញដូរលួចលាក់ (scalpers) ដាក់លក់សំបុត្រ ដែលបានទិញរួច ក្នុងគេហទំព័រទាំងនោះ និងខុសពីតម្លៃដើម។

សំបុត្រប្រគំតន្រ្តីរបស់តារាល្បីៗ មានតម្លៃណាស់ សម្រាប់ឲ្យពួកឈ្មួញ អាចរកប្រាក់ចំនេញបាន។សូម្បីតែម្តាយឪពុក និងសិស្សសាកលវិទ្យាល័យខ្លះ ក៏រកលុយបន្ថែមតាមរបៀបនេះដែរ។ សព្វថ្ងៃនេះ ក៏មានសិល្បករមួយចំនួន កិបទុកសំបុត្ររបស់ខ្លួន យកទៅដាក់លក់វិញក្នុងអ៊ិនធឺណេត ក្នុងតម្លៃឡើងកប់ពពកមាន ដូចជា Katy Perry ជាដើម។ តម្លៃសំបុត្ររបស់នាងឡើងពី ១០០ ដុល្លារទៅ ២០០ ដុល្លារ ត្រឹមរយៈពេលតែពីរម៉ោងប៉ុណ្ណោះ។ ហេតុនេះ គ្មានហេតុផលណា ដែលថានាងមិនគួរលក់សំបុត្រខ្លួនឯង ដើម្បីបានលុយបន្ថែមនោះទេ។ 

# ចុះតើគេបានសំបុត្រមកពីណា មកលក់បានច្រើនម៉្លេះ?

ជាក់ស្តែង យើងប្រាកដជាមិនដឹងថា មានពួកឈ្មួញជួញដូរទិញលក់លួចលាក់ ដែលសុទ្ធតែមានជំនាញមិនគួរឲ្យជឿ ខាងសរសេរកម្មវិធីកុំព្យូទ័រ ដោយប្រើប្រាស់ “មនុស្សមិនពិត ឬ bots” (Fake account)។ នៅក្នុងឆ្នាំ ២០០៧ មានមនុស្សជំនាញមួយក្រុម ដែលអាចទាញយក សំបុត្រប្រគំតន្រ្តីបានចំនួនដល់ទៅ ៧០០,០០០ សន្លឹក តាមរយៈកម្មវិធីកុំព្យូទ័ររបស់ពួកគេ។ កម្មវិធីកុំព្យូទ័រនោះ អាចដំណើរក្នុងពេលតែមួយ ដែលអាចសម្រុកយកសំបុត្របានយ៉ាងច្រើនលើសលប់។ ពួកគេមាន គេហទំព័ររាប់រយ ទៅរាប់ពាន់ ហេតុនេះមនុស្សធម្មតា គ្មានឱកាសទិញសំបុត្រប្រគំតន្រ្តីបានទេ។

# តែក៏មានហេតុផលផ្សេងៗទៀតគឺ...

តាមពិតទៅ សំបុត្រដែលគេដាក់លក់ មានតែប៉ុន្មានភាគរយនៃចំនួនសំបុត្រសរុបប៉ុណ្ណោះ។ កម្មវិធីនៅឯ Nashville របស់ Justin Bieber កាលពីខែកុម្ភៈ សំបុត្រដែលអាចទិញបានទូទៅមានតែ ៧% រីឯការប្រគំតន្ត្រី នៅអាមេរិករបស់ Taylor Swift មានតែ ១៥ ភាគរយនៃសំបុត្រសរុប ដែលបានដាក់លក់។ ចំនួនសំបុត្រដែលសេសសល់ ត្រូវបានធនាគារទាក់ទង (ដើម្បីថ្លៃសេវា និងកេរិ៍្តឈ្មោះ) ឬអាចដាក់លក់មុនទៅឲ្យអ្នកក្នុងក្លឹបគាំទ្រ និងអ្នកឧបត្ថម្ភផ្សេងៗទៀតជាច្រើន។

 # ធ្វើយ៉ាងណាទើបអាច មានឱកាសទិញសំបុត្រទាំងនោះបាន?

• អ្នកអាចបង្កើនទំនាក់ទំនង ជាមួយអ្នកផ្សព្វផ្សាយ ដើម្បីឲ្យអ្នកដឹងពីពេលត្រុវចុះឈ្មោះចូលក្លឹបអ្នកគាំទ្រ សម្រាប់ការដាក់លក់មុន

• ស្វែងរកធនាគារណា ដែលអាចប្រើប្រាស់ Visa Card (ប័ណ្ណឥណទាន) ទៅទិញសមបុត្រទាំងនោះបានមុន

• តាមដានការផ្សព្វផ្សាយ របស់អ្នកឧបត្ថម្ភផ្សេងៗ នៅក្នុងបណ្តាញសង្គម ដើម្បីឈ្នះសំបុត្រ តាមរយៈការផ្តល់ជូនពិសេសផ្សេងៗ

• ប្រសិនបើអ្នកចូលទិញក្នុងផ្សារបន្ទាប់ ត្រូវរង់ចាំទាល់តែគៀកពេល ព្រោះអ្នកលក់អាចបញ្ចុះតម្លៃ រហូតដល់ទាបជាងថ្លៃដើមក៏មាន

• បញ្ញាទិញតាមទូរស័ព្ទ មានលទ្ធភាពច្រើនជាងតាមកុំព្យូទ័រ ព្រោះ Fake account មិនមានឥទ្ធិពលលើប្រព័ន្ធកម្មវិធីរបស់ទូរស័ព្ទទេ៕ 

ប្រភព៖ Yahoo! | news.com.au

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម