ហ៊ី​យ៉ា​ន់​ដាយ​បុក​ម៉ូតូ​ពីក្រោយ​ពេញទំហឹង ស្លាប់​ម្នាក់

 
 

ខេត្តកណ្តាល ៖ បុរស​ម្នាក់​បាន​ស្លាប់ នៅ​និង​កន្លែង​កើតហេតុ​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រវាង​រថយន្ត​បុក​ជាមួយ​ម៉ូតូ កាលពី​វេលា​ម៉ោង​០៦​និង​១០​នាទី ថ្ងៃ​ទី​០៨​ខែកក្កដា លើ​កំណាត់​ផ្លូវជាតិ​លេខ​១​ត្រង់​ចំណុច​ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​៣៨-៣៩ ស្ថិត​ក្នុងភូមិ​ព្រែក​តាកែវ​២ ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។

ជន​រង​គ្រោះ​ឈ្មោះ សៅ​ឌី រតនៈ ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជិះម៉ូតូ​ម៉ាក​សេ​១២៥​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កណ្តាល​1N-7531​មាន​ទីលំនៅ​ភូមិ​ព្រែក​ថ្មី ឃុំ​រកា​ខ្ពស់​ស្រុក​ស្អាង ខេត្តកណ្តាល​។ ចំណែក​រថយន្ត​បង្ក ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ពណ៌​ស​គ្មាន​ស្លាក​លេខ​។ ក្រោយ​ពី​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ឲ្យ​មាន​មនុស្ស​ស្លាប់ រួច​អ្នកបើកបរ​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល ដោយ​បន្សល់​ទុក​តែ​រថយន្ត​នៅ​នឹង​កន្លែង​កើតហេតុ​។

ប្រភព​ព័ត៌មាន​បាន​និយាយ​ថា​មុន​ពេល​កើតហេតុ គេ​ឃើញ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ម្នាក់ឯង​ក្នុង​ទិស​ដៅ​ពី​អ្នក​លឿង​ទៅ​ភ្នំពេញ លុះ​មក​ដល់​ចំណុច​ខាងលើ​ក៏​ត្រូវ​រថយន្ត​បង្ក​បើកបរ​ស្រប​ទិស​គ្នា​បុក​ប៉ះ​ចំហៀង​ម៉ូតូ​ផ្នែក​ខាងក្រោយ បណ្តាល​ឲ្យ​អ្នកបើកបរ​ខ្ទាត​ចេញពី​ម៉ូតូ​ដួល​ទៅ​លើ​ថ្នល់​ត្រូវ​កង់​រថយន្ត​កិន​ចំ​ក្បាល​បែកចេញ​ខួរ​ស្លាប់​តែ​ម្តង​។

ក្រោយ​កើតហេតុ​សមត្ថកិច្ច​នគរបាល​ជំនាញ​ចុះ​សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​ពិនិត្យ និង​ធ្វើការ​វាស់វែង​ប្រមូល​យក​មធ្យោបាយ​ទាំង​២​ទៅ​រក្សា​ទុក​បណ្តោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​ចាត់ការ​បន្ត​តាម​ច្បាប់​ចរាចរណ៍​ផ្លូវ​គោ​គ​៕

ប្រភព ៖ BBC

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកដែរ ហេតុការណ៍​ថ្នាក់ចរាចរណ៍មួយ បន្ទាប់​ពី​ជិះ​ម៉ូតូ​​ទាក់​ដៃចង្កូត​គ្នា ​បណ្តាល​ឱ្យ​ដួល​រង​របួសធ្ងន់​ម្នាក់ ពេលនោះ​​ ​​មាន​អ្នក​​​ចូល​ទៅ​ជួយ​​សង្គ្រោះ​បឋម តែក៏បន្លំ​លួច​យក​ទូរស័ព្ទ​អាយ​ហ្វូ​ន​មួយ​​គ្រឿង​បាត់ដែរ ចំណែក​អ្នក​មិន​រង​របួស​ បាន​ជិះ​ម៉ូតូ​គេច​ខ្លួន​បាត់​​ ដែល​ហេតុការណ៍​នេះ​កើតឡើង​​ កាលពី​វេលា​ម៉ោង​១០​ និង​២០​នាទី​យប់​ថ្ងៃ​ទី​៧ ​កក្កដា កន្លងទៅ តាម​បណ្តោយ​ផ្លូវ​​២៧១ ​ស្ថិត​​ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ​។​

​ប្រភព​ពី​សន្តិសុខ​យាម​​​មុខ​ខារ៉ាអូខេម្នាក់​ឱ្យ​ដឹងថា ​មុន​ពេល​កើតហេតុ ​គេ​ឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​ធំ​ម៉ាក ​XR ពណ៌​ក្រហម ពាក់​ស្លាក​លេខ​ភ្នំពេញ​1FX-2321 ក្នុងទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ​។ លុះ​​មក​ដល់​ចំណុច​កើតហេតុ ​ស្រាប់តែ​មាន​ម៉ូតូ​មួយ​គ្រឿង​ទៀត​ មិន​ចាំ​ម៉ាក​ ​បើក​យ៉ាង​លឿន​​ហើយ​វ៉ា​ម៉ូតូ​រង​គ្រោះ​ ធ្វើ​ឱ្យ​​ទាក់​ដៃចង្កូត​ម៉ូតូ​​ ​បណ្តាល​ឱ្យ​​ដួល​បោក​ទៅ​ទ្រូងផ្លូវ​រង​របួសធ្ងន់ ។ ចំណែក​​ម៉ូតូ​បង្ក​បាន​បើក​​​គេច​ខ្លួន​បាត់។ ភ្លាម​ៗ​នោះ​ដែរ​ មាន​បុរស​ម្នាក់​ធ្វើ​ជា​ជួយ​សង្គ្រោះ​ ប៉ុន្តែ​បន្លំ​លូក​យក​ទូរស័ព្ទ​ដៃ​របស់​ជន​រង​គ្រោះ​​ម៉ាក​iPhone6 ​យក​ទៅ​បាត់​។

ក្រោយ​ពេល​កើតហេតុ​ រថយន្ត​សង្គ្រោះ​បាន​មក​ដល់​ដឹក​​យក​ជន​រង​គ្រោះ​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ព្រះ​កុ​សុ​មៈ​ ចំណែក​ឯ​ម៉ូតូ​វិញ​ ត្រូវ​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​អោយ​នៅ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ទឹកថ្លា​ ។

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម