មិត្តភាព​ជ្រាល​ជ្រៅ…លោក ហាក់ ធៀមុនី ទៅ​ចូល​រួម​បុណ្យ​សព​ឪពុក​មិត្តភ័ក្ដិ​ដល់​បាងកក

 
 

តារា​សម្ដែង និង​ជា​ពិធីករ​ទូរទស្សន៍ លោក ហាក់ ធៀមុនី បាន​ចាក​ចេញ​ពី​រាជធានី​ភ្នំពេញ​ព្រឹក​មិញ​នេះ​ហើយ ដោយ​សំដៅ​ទៅ​ក្រុង​បាង​កក ជា​ទី​ដែល​លោក​ត្រូវ​បង្ហាញ​វត្តមាន​ជួយ​រំលែក​ទុក្ខ​មិត្ត​ល្អ​មួយ​រូប ដែល​ទើប​ត្រូវ​លោក​ឪពុក​ស្លាប់​ចោល។

លោក ហាក់ ធៀមុនី នឹង​ត្រូវ​ឲ្យ​ទាន់​ពិធី​បុណ្យ​ដែល​នឹង​ប្រារព្ធ​នៅ​ថ្ងៃ​នេះ​តែ​ម្ដង ដែល​ប្រារព្ធ​ធ្វើ​ឡើង​នៅ​វត្ត​ព្រះស្រីមហាធាតុក្នុងក្រុងបាងកក ដោយ​លោក​បាន​ជ្រើស​យក​ការ​ធ្វើ​ដំណើរ​ដោយ​ជើង​យន្តហោះ។ “និយាយ​ពី​ចំណាយ គឺ​អស់​ច្រើន​ហើយ​បង ប៉ុន្តែ​ជា​មិត្តភ័ក្ដិ បើ​គិត​តែ​លើ​ចំណុច​នេះ​មិន​កើត​ទេ យើង​មិន​មាន​អ្វី​ផ្ដល់​ជូន​ទេ គឺ​មាន​តែ​ទឹក​ចិត្ត​ហ្នឹងហើយ…ហើយ​នេះ​ជា​វប្បធម៌​របស់​ខ្មែរ​យើង​ដូច​នឹង​ពាក្យ​ថា “ជួយ​គ្នា​ក្នុង​គ្រា​មាន​អាសន្ន” នេះ​ឯង ” លោក ហាក់ ធៀមុនី បញ្ជាក់​មុន​ចាក​ចេញ។

ក្នុង​ដំណើរ​ប្រញាប់ប្រញាល់​លោក មុនី មិន​បាន​ប្រាប់​ថា​លោក​ឪពុក​របស់​មិត្ត​ល្អ​របស់​លោក​នោះ ឈ្មោះ​អ្វី ស្លាប់​នៅ​ពេល​ណា និង​ដោយ​សារ​អ្វី​ឡើយ។ តែ​លោក​ប្រាប់​ថា​មិត្ត​ល្អ​របស់​លោក​ឈ្មោះ ThodsaphonPhlayngam ដែល​ពួក​លោក​បាន​ស្គាល់​គ្នា​យូរ​ហើយ។

តារា​សម្ដែង និង​ជា​ពិធីករ​ទូរទស្សន៍ ដែល​ទើប​ប្រកាស​មិន​ទទួល​ថត​ស្ប៉ត​ពាណិជ្ជកម្ម​ផ្តល់​ផល​ប៉ះពាល់​ដល់​សុខ​ភាព​ថ្មី​នេះ ប្រាប់​ថា លោក​ឲ្យ​តម្លៃ​ខ្លាំង​លើ​មិត្តភាព និង​ការ​រាប់​អានព្រោះ​ថា​ទាំង​នេះ​វា​សំខាន់​ណាស់​ក្នុង​ដំណើរ​ជីវិត​ដ៏​វែង​ឆ្ងាយ​របស់​មនុស្ស​ម្នាក់ៗ។
“ការ​រាប់​អាន​នាំ​ឲ្យ​មនុស្ស​ទទួល​ឱកាស​ផ្សេង​ៗ​ក្នុង​ជីវិត​ការងារ ដូច​ខ្ញុំ​ជាដើម បាន​លោក​ជំទាវ ចន្ធី លោក​ស្រី ថុង ស៊ីវទៀង លោក ស៊ុន សណ្ដោស លោក​ស្រី តាន់ សុវណ្ណឌី និង​ចុង​ក្រោយ​នេះ ​លោក កៅ សីហា បាន​ផ្ដល់​ឱកាស​ការងារ​មួយ​ចំនួន ក៏​ដោយ​សារ​ការ​រាប់​អាន​នេះ​ហើយ អីចឹង​ហើយ​ខ្ញុំ​សូម​អរគុណ​ជ្រាល​ជ្រៅ​ដល់​ពួក​គាត់”។ លោក ហាក់ ធៀមុនី ថ្លែង។


លោក មុនី ប្រាប់​ទៀត​ថា គិត​ដល់​ចំណុច​នេះ ទើប​លោក​ខ្ញុំ​សុខ​ចិត្ត​ធ្វើ​ដំណើរ​ទៅ​ចូល​បុណ្យ​សព​ឪពុក​មិត្តភ័ក្ដិ​ដល់​ប្រទេស​ថៃ បើ​ទោះ​ជាក់​ស្ដែង​លោក​កំពុង​មមាញឹក​ក្នុង​ការងារ​ក៏​ដោយ។

លោក ហាក់ ធៀ​មុនី ជា​តារា​សម្ដែង​មក​ពី​ខេត្ត​កំពង់ចាម។ លោក ត្រូវ​បាន​គេ​ស្គាល់​ក្រោយ​បាន​សម្ដែង​រឿង “សំឡាញ់”  ក្រោយ​មក​មាន​រឿង ”ទួល​កម្ម​ប្រចាំ​ស្នេហ៍” និង​រឿង “ជ្រលង​ភ្នំ​ស្នេហ៍” ជា​ដើម។ ក្រៅ​ពី​លោក ក៏​មាន​វត្តមាន​លើ​ស្ប៉ត​ពាណិជ្ជកម្ម​មួយ​ចំនួន​ដែរ ដូច​ជា​ស្ប៉ត​ទឹក​សុទ្ធ​វីតាល់ E-nat400 និង​ទឹក​សណ្ដែក​ហូម​សយ​ និង​ស្រា​ផែន​ដី​ជា​ដើម​។


តារា​សម្ដែង​រៀន​ចប់​ថ្នាក់​អនុបណ្ឌិត​ផ្នែក​គ្រប់​គ្រង​ពាណិជ្ជកម្ម​លោក ហាក់ ធៀមុនី ទើប​ប្រកាស​ឈប់​ទទួល​ថត​ស្ប៉ត​ពាណិជ្ជកម្ម​ផលិតផល​ផ្ដល់​ប៉ះពាល់​សុខភាព​ថ្មី​ៗ​នេះ។ “ខ្ញុំ​ជា​បុគ្គល​ដែល​បញ្ចេញ​ការ​សម្ដែង​ផ្សព្វផ្សាយ​ទៅ​គ្រប់​ទី​កន្លែង។ ដូច្នេះ​ខ្ញុំ មិន​ចង់​ផ្ដល់​ផល​ប៉ះពាល់​ណា​មួយ​ដល់​សាធារណជន​ទេ”៕

ប្រភព​: sabay


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម